សង្គមស៊ីវិលថ្កោលទោសចំពោះករណីប៉ូលិសប្រើអាវុធបាញ់បង្ក្រាបបាតុករ
អង្គការសង្គមសិទ្ធិមនុស្សនានា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសដល់អាជ្ញាធរ រដ្ឋាភិបាល ដែលប្រើប្រាស់អាវុធបាញ់បង្ក្រាបទៅលើបាតុករ និងប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១៥ កញ្ញា។ សង្គមស៊ីវិលចាត់ទុកទង្វើនេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវក្នុងករណីនេះ។
ទន្ទឹមនឹងនេះ ព្រះមហាក្សត្រ នៅថ្ងៃទី១៦ កញ្ញា សម្ដែងការសោកស្ដាយចំពោះការប្រើអំពើហិង្សា និងឈានដល់ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរគ្នាឯងនេះ ដោយព្រះអង្គអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់អំពើ ហិង្សានេះ។
សាក្សីនៅកន្លែងកើតហេតុ និងអ្នករងរបួសដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចចេញបង្ក្រាប កាលពីយប់ថ្ងៃទី១៥ កញ្ញា នោះ បានចោទប្រកាន់ថា ក្រុមសមត្ថកិច្ចហាក់បីដូចជាមានបំណងចង់សម្លាប់ប្រជាពលរដ្ឋរបស់ ខ្លួនក្នុងនាមជាអ្នកការពារសន្តិសុខនោះ។
សាក្សី និងអ្នកជាប់នៅក្នុងហ្វូងមនុស្សស្ទះចរាចរណ៍កកកុញ កាលពីល្ងាចថ្ងៃទី១៥ នោះ បានលើកឡើងថា ក្រុមសមត្ថកិច្ចបានប្រើប្រាស់គ្រាប់បែកផ្សែងពុល និងដេញបាញ់ប្រជាពលរដ្ឋដែលរត់ចេញតាមដងផ្លូវ។
សាក្សីជាច្រើនដែលជាប់នៅក្នុងព្រឹត្តិការណ៍បង្ក្រាបដែរនោះ បានឲ្យដឹងថា មូលហេតុតែមួយគត់ដែលនាំឲ្យមានផ្ទុះអំពើហិង្សាទៅវិញទៅមកនោះ គឺក្រុមកងរាជអាវុធហត្ថបានយកបន្លាលួសបាំងបិទផ្លូវ ដែលមិនអាចឲ្យធ្វើដំណើរ ឬក្រុមបាតុករចាកចេញពីតំបន់ស្ពានអាកាសក្បាលថ្នល់ និងស្ពានភ្លោះព្រះមុនីវង្ស។ ក្រោយមក នៅពេលប្រជាពលរដ្ឋកញ្ជ្រោលចង់ចេញពីទីដែលបិទមិនឲ្យធ្វើដំណើរចេញ ខាងក្រៅស្ពាន ឬធ្វើដំណើរឆ្លងស្ពានបាន ទីបំផុតសមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែងពុល ពេលនោះប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមមនុស្សស្ទះកកកុញនោះ រកដុំថ្មីគប់តបតទៅសមត្ថកិច្ចវិញ។ ភ្លាមៗនោះ សមត្ថកិច្ចបានប្រើប្រាស់អាវុធបាញ់បង្ក្រាបប្រជាពលរដ្ឋ ហើយបានធ្វើឲ្យស្លាប់បុរសម្នាក់ និងរបួសជាច្រើននាក់ទៀត។…
ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/Civil-society-condemns-police-use-weapons-fire-suppression-protesters-09162013072119.html