សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំពោះ​ករណី​ប៉ូលិស​ប្រើ​អាវុធ​បាញ់​បង្ក្រាប​បាតុករ

អង្គការ​សង្គម​សិទ្ធិ​មនុស្ស​នានា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ដល់​អាជ្ញាធរ រដ្ឋាភិបាល ដែល​ប្រើប្រាស់​អាវុធ​បាញ់​បង្ក្រាប​ទៅ​លើ​បាតុករ និង​ប្រជាពលរដ្ឋ កាល​ពី​យប់​ថ្ងៃ​ទី១៥ កញ្ញា។ សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ក្នុង​ករណី​នេះ។ ទន្ទឹម​នឹង​នេះ ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី១៦ កញ្ញា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា និង​ឈាន​ដល់​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង​នេះ ដោយ​ព្រះអង្គ​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ ហិង្សា​នេះ។ សាក្សី​នៅ​កន្លែង​កើត​ហេតុ និង​អ្នក​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​សមត្ថកិច្ច​ចេញ​បង្ក្រាប កាល​ពី​យប់​ថ្ងៃ​ទី១៥ កញ្ញា នោះ បាន​ចោទ​ប្រកាន់​ថា ក្រុម​សមត្ថកិច្ច​ហាក់​បី​ដូច​ជា​មាន​បំណង​ចង់​សម្លាប់​ប្រជាពលរដ្ឋ​របស់​ ខ្លួន​ក្នុង​នាម​ជា​អ្នក​ការពារ​សន្តិសុខ​នោះ។ សាក្សី និង​អ្នក​ជាប់​នៅ​ក្នុង​ហ្វូង​មនុស្ស​ស្ទះ​ចរាចរណ៍​កកកុញ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៥ នោះ បាន​លើក​ឡើង​ថា ក្រុម​សមត្ថកិច្ច​បាន​ប្រើប្រាស់​គ្រាប់​បែក​ផ្សែង​ពុល និង​ដេញ​បាញ់​ប្រជាពលរដ្ឋ​ដែល​រត់​ចេញ​តាម​ដង​ផ្លូវ។ សាក្សី​ជាច្រើន​ដែល​ជាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា មូលហេតុ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​មាន​ផ្ទុះ​អំពើ​ហិង្សា​ទៅ​វិញ​ទៅ​មក​នោះ គឺ​ក្រុម​កង​រាជ​អាវុធហត្ថ​បាន​យក​បន្លា​លួស​បាំង​បិទ​ផ្លូវ ដែល​មិន​អាច​ឲ្យ​ធ្វើ​ដំណើរ ឬ​ក្រុម​បាតុករ​ចាក​ចេញ​ពី​តំបន់​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ស្ពាន​ភ្លោះ​ព្រះមុនីវង្ស។ ក្រោយ​មក នៅ​ពេល​ប្រជាពលរដ្ឋ​កញ្ជ្រោល​ចង់​ចេញ​ពី​ទី​ដែល​បិទ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ ​ខាង​ក្រៅ​ស្ពាន ឬ​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​បាន ទី​បំផុត​សមត្ថកិច្ច​បាន​បាញ់​គ្រាប់​បែក​ផ្សែង​ពុល ពេល​នោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​មនុស្ស​ស្ទះ​កកកុញ​នោះ រក​ដុំ​ថ្មី​គប់​តប​ត​ទៅ​សមត្ថកិច្ច​វិញ។ ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​អាវុធ​បាញ់​បង្ក្រាប​ប្រជាពលរដ្ឋ ហើយ​បាន​ធ្វើ​ឲ្យ​ស្លាប់​បុរស​ម្នាក់ និង​របួស​ជាច្រើន​នាក់​ទៀត។…

ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/Civil-society-condemns-police-use-weapons-fire-suppression-protesters-09162013072119.html