សាលា​​រាជធានី​​ភ្នំពេញ​អនុញ្ញាត​​ឲ្យ​​គណបក្ស​​សង្គ្រោះជាតិ ធ្វើ​​មហា​បាតុកម្ម​

បន្ទាប់​ពីកិច្ច​ប្រជុំ​ជាង​៣​ម៉ោង នៅ​រសៀល​ថ្ងៃ​ទី​៣ខែ​កញ្ញា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំងធ្វើ​ បាតុកម្ម​អហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៧​កញ្ញា​ខាង​មុខ​នេះ​ហើយ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ក្រោម​​កិច្ច​ព្រម​ព្រៀង ​រវាង​ភាគី​ទាំង​សង​ខាង ទាំង​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខាង​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ម្ចាស់​សំណើ។

លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ កាល​ពី​យប់​ថ្ងៃ​ទី​៣​ខែ​ កញ្ញា​ថា ការ​សម្រេច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រជុំ​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់ រវាង​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​នោះ​រួម​មាន​តំណាង​​គណបក្ស​សង្គ្រោះជាតិ​​ជា​ម្ចាស់​សំណើ តំណាង​សាលា​រាជធានី​ភ្នំពេញ និង​លោក​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ផង​ដែរ។ លោក​ឡុង ឌីម៉ង់ ឲ្យ​ដឹង​បន្ត​ថា តំណាង​គណបក្ស​សង្គ្រោះជាតិ គឺ​លោក ហូរ វ៉ាន់ បាន​ជម្រាប​ជូន​អង្គ​ប្រជុំ​ពី​គោល​បំណង​នៃ​ការ​ធ្វើ​បាតុកម្ម។ ជា​បាតុកម្ម​អហិង្សា​ដែល​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈ​កម្មការ​ពិសេស​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​រក​ការ​ពិត និង​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត។ ជា​ចុង​ក្រោយ អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​ថា ​មហាបាតុកម្ម​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​ព្រឹក ហើយ​បញ្ចប់​ទៅ​វិញ​យ៉ាង​យូរ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់ និង​គ្មាន​ការ​ដង្ហែ​​ក្បួន​ចល័ត ​ក្រោយ​ការ​ធ្វើ​បាតុកម្ម​ឡើយ។ ​…

អ៊ឹម រចនា
http://www.khmer.rfi.fr/Phnom-penh-municipality-agrees-on-cnrp-demonstration