សាលារាជធានីភ្នំពេញអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្ម
បន្ទាប់ពីកិច្ចប្រជុំជាង៣ម៉ោង នៅរសៀលថ្ងៃទី៣ខែកញ្ញា អាជ្ញាធររាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឲ្យបក្សប្រឆាំងធ្វើ បាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៧កញ្ញាខាងមុខនេះហើយ។ ការសម្រេចនេះធ្វើឡើងក្រោមលក្ខខណ្ឌមួយចំនួន ក្រោមកិច្ចព្រមព្រៀង រវាងភាគីទាំងសងខាង ទាំងខាងអាជ្ញាធររាជធានីភ្នំពេញ និងខាងគណបក្សសង្គ្រោះជាតិដែលជាម្ចាស់សំណើ។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់វិទ្យុបារាំងអន្ដរជាតិ កាលពីយប់ថ្ងៃទី៣ខែ កញ្ញាថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ រវាងភាគីពាក់ព័ន្ធនានា ក្នុងនោះរួមមានតំណាងគណបក្សសង្គ្រោះជាតិជាម្ចាស់សំណើ តំណាងសាលារាជធានីភ្នំពេញ និងលោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ផងដែរ។ លោកឡុង ឌីម៉ង់ ឲ្យដឹងបន្តថា តំណាងគណបក្សសង្គ្រោះជាតិ គឺលោក ហូរ វ៉ាន់ បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃការធ្វើបាតុកម្ម។ ជាបាតុកម្មអហិង្សាដែលគណបក្សសង្គ្រោះជាតិអះអាងថា ធ្វើឡើងដើម្បីទាមទារឲ្យបង្កើតគណៈកម្មការពិសេសឯករាជ្យ ដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌នៃលទ្ធផលបោះឆ្នោត។ ជាចុងក្រោយ អង្គប្រជុំបានឯកភាពគ្នាថា មហាបាតុកម្មនឹងចាប់ផ្ដើមនៅម៉ោង៧ព្រឹក ហើយបញ្ចប់ទៅវិញយ៉ាងយូរនៅម៉ោង១២ថ្ងៃត្រង់ និងគ្មានការដង្ហែក្បួនចល័ត ក្រោយការធ្វើបាតុកម្មឡើយ។ … អ៊ឹម រចនា
http://www.khmer.rfi.fr/Phnom-penh-municipality-agrees-on-cnrp-demonstration