អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ​ភាព​មិន​ប្រក្រតី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត

នំពេញ — អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការ​សង្កេត​ការណ៍​បោះឆ្នោត​កាលពី​ ថ្ងៃ​អាទិត្យ​និយាយ​ថា ភាព​មិនប្រក្រតី​ដែល​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត ​នោះ​អាចប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត។​ នៅ​ឯ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ខណ្ឌ​ ឫស្សីកែវ រាជធានីភ្នំពេញ ​អ្នក​បោះ​ឆ្នោត​មួយ​ក្រុម​បាន​រអ៊ូ​រទាំ​អំពី​ ឈ្មោះ​អ្នក​បោះឆ្នោត​ស្ទួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ និង​ទឹក​ខ្មៅ​ដែល​អាច​លាង​ជ្រះ។​ លោក​ម៉ក់ គា​គឺ​ជា​អ្នក​បោះឆ្នោត​ម្នាក់​ក្នុង​ក្រុម​នេះ។ លោក​និយាយ​ ថា ប្រពន្ធ​របស់​លោក​មាន​ឈ្មោះ​ពីរ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​លោក​ខ្លួន​ ឯង​ផ្ទាល់​ អាច​លាង​ទឹក​ខ្មៅ​ចេញ​ពី​ម្រាម​ចង្អុល​ដៃ​ស្តាំ​របស់​លោក​បាន​ យ៉ាង​ស្រួល ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​បាន​បោះឆ្នោត​រួច​កាល​ពី​ថ្ងៃ​ អាទិត្យ។​ លោក​និយាយថា៖​ «តើ​ការ​បោះឆ្នោត​ហ្នឹង យុត្តិធម៌​ ត្រឹមត្រូវ​ទេ​ បើ​លាង​ស្អាត​អញ្ចឹង?​  កាល​ជំនាន់​អ៊ុនតាក់​ ខ្ញុំ​លាង​អត់​ជ្រះទេ ព្រោះ​ទឹកថ្នាំ​គេ​វា​ឡើង​ក្រម៉ ក្រាស់​ ហើយ​ឥឡូវ​ខ្ញុំ​លាង​ស្អាត​ចែស។ អញ្ចឹង​ហើយ​វា​អត់​មាន​ប្រសិទ្ធិ​ភាព​ស្អី​ផង»។​ កាល​ពី​ថ្ងៃ​ច័ន្ទ អង្គការ​ក្រៅ​រដ្ឋាភិបាល​ មួយ​ឈ្មោះ​តម្លាភាព​កម្ពុជា​ បាន​និយាយ​ថា អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ជាង​៩០០​នាក់​ដែល​ខ្លួន​បាន​ដាក់ ​ពង្រាយ​នៅ​តាម​ការិយាល័យចំនួន​ជាង​៤០០​កន្លែង​នៅ​ទូទាំង​ប្រទេស​ បាន​រក​ឃើញ​ថា ​ក្រៅ​ពី​បញ្ហា​ទឹក​ខ្មៅជ្រលក់​ដៃ​ក្នុង​ពេល​បោះឆ្នោត និង​ ឈ្មោះ​អ្នក​ឆ្នោត​ស្ទួន​នេះ មាន​អ្នក​បោះឆ្នោត​ជា​ច្រើន​ដែល​មាន​លិខិត​ បញ្ជាក់​អត្ត​សញ្ញាណ​ត្រឹមត្រូវ ​តែ​មិន​អាច​រក​ឈ្មោះ​របស់​ខ្លួន​ឃើញ​នៅ​លើ​បញ្ជី​បោះ​ឆ្នោត​នៅតាម​ ការិយាល័យ​បោះឆ្នោត​ចំនួន​៦០​ភាគ​រយ​នៃ​ចំនួន​ការិយាល័យ​បោះឆ្នោត​សរុប​ជាង​ ១ម៉ឺន​៩​ពាន់​នៅ​ទូទាំង​ប្រទេស។​

http://khmer.voanews.com/content/civil-society-says-irregularities-impact-election-result/1714097.html