អង្គការក្រៅរដ្ឋាភិបាល៖ ភាពមិនប្រក្រតីអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត
នំពេញ — អង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការសង្កេតការណ៍បោះឆ្នោតកាលពី ថ្ងៃអាទិត្យនិយាយថា ភាពមិនប្រក្រតីដែលកើតឡើងនៅក្នុងថ្ងៃបោះឆ្នោត នោះអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។ នៅឯការិយាល័យបោះឆ្នោតមួយកន្លែងក្នុងខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ អ្នកបោះឆ្នោតមួយក្រុមបានរអ៊ូរទាំអំពី ឈ្មោះអ្នកបោះឆ្នោតស្ទួននៅក្នុងបញ្ជីបោះឆ្នោត និងទឹកខ្មៅដែលអាចលាងជ្រះ។ លោកម៉ក់ គាគឺជាអ្នកបោះឆ្នោតម្នាក់ក្នុងក្រុមនេះ។ លោកនិយាយ ថា ប្រពន្ធរបស់លោកមានឈ្មោះពីរនៅក្នុងបញ្ជីបោះឆ្នោត ហើយលោកខ្លួន ឯងផ្ទាល់ អាចលាងទឹកខ្មៅចេញពីម្រាមចង្អុលដៃស្តាំរបស់លោកបាន យ៉ាងស្រួល តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកបានបោះឆ្នោតរួចកាលពីថ្ងៃ អាទិត្យ។ លោកនិយាយថា៖ «តើការបោះឆ្នោតហ្នឹង យុត្តិធម៌ ត្រឹមត្រូវទេ បើលាងស្អាតអញ្ចឹង? កាលជំនាន់អ៊ុនតាក់ ខ្ញុំលាងអត់ជ្រះទេ ព្រោះទឹកថ្នាំគេវាឡើងក្រម៉ ក្រាស់ ហើយឥឡូវខ្ញុំលាងស្អាតចែស។ អញ្ចឹងហើយវាអត់មានប្រសិទ្ធិភាពស្អីផង»។ កាលពីថ្ងៃច័ន្ទ អង្គការក្រៅរដ្ឋាភិបាល មួយឈ្មោះតម្លាភាពកម្ពុជា បាននិយាយថា អ្នកសង្កេតការណ៍បោះឆ្នោតជាង៩០០នាក់ដែលខ្លួនបានដាក់ ពង្រាយនៅតាមការិយាល័យចំនួនជាង៤០០កន្លែងនៅទូទាំងប្រទេស បានរកឃើញថា ក្រៅពីបញ្ហាទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោត និង ឈ្មោះអ្នកឆ្នោតស្ទួននេះ មានអ្នកបោះឆ្នោតជាច្រើនដែលមានលិខិត បញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ តែមិនអាចរកឈ្មោះរបស់ខ្លួនឃើញនៅលើបញ្ជីបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោតចំនួន៦០ភាគរយនៃចំនួនការិយាល័យបោះឆ្នោតសរុបជាង ១ម៉ឺន៩ពាន់នៅទូទាំងប្រទេស។