សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បិទ​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​ (CAPFISH-Capture)

​នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បិទ​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​ ដែល​គាំទ្រ​ដោយ​ សហភាព​អឺរ៉ុប​ បន្សល់​ទុក​នូវ​កេរតំណែល​ និង​ផល​ជះ​យូរអង្វែង​ដល់​ការ​រីក​ចម្រើន​របស់​វិស័យ​ជលផល​នៅ​កម្ពុជា​។​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ (MAFF)​ ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ (EUD)​ និង​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (UNIDO)​ បាន​ប្រារព្ធ​ពិធី​ប្រកាស​ពី​ការ​បញ្ចប់​ដោយ​ជោគជ័យ​នៃ​គម្រោង​ អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​ (CAPFISH-Capture)​ ក្រោម​ប្រធានបទ​ “​បរិវត្ត​កម្ម​ជលផល​ ដើម្បី​កំណើន​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​”​។​ គម្រោង​នេះ​បាន​ជំរុញ​យ៉ាង​សំខាន់​ដល់​ផលិតកម្ម​ជលផល​ក្នុងស្រុក​ បង្កើន​ សុវត្ថិភាព​ និង​គុណភាព​ចំណីអាហារ​ និង​ពង្រីក​ លទ្ធភាព​ទទួល​បាន​ទីផ្សារ​ ។​

​សមិទ្ធផល​សំខាន់ៗ​ រួម​មាន​៖​ ការ​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​និមិត្តសញ្ញា​បញ្ជាក់​គុណភាព​កម្ពុជា​ (CQS)​ ដល់​សហគ្រាស​ចំនួន​ ២២​ និង​វិ​ញ្ញាប​ន​ប័ត្រ​ HACCP​ ដល់​សហគ្រាស​ចំនួន​ ៤​ ការ​ពង្រឹង​ផល​ជះ​ជា​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​សង្គម​ តាម​រយៈ​ការងារ​ និង​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​ និង​ការ​លើកកម្ពស់​បរិ​យា​បន្ន​សហគ្រិនភាព​ដោយ​សហគ្រាស​ដែល​ទទួល​បានការ​គាំទ្រ​ចំនួន​ ៤៦​ ក្នុង​ចំណោម​ ៦៤​ ត្រូវ​បាន​ដឹកនាំ​ដោយ​ស្ត្រី​ ។​ កិច្ច​សហប្រតិបត្តិការ​នេះ​បាន​ជួយ​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ផលិតផល​ជលផល​នាំ​ចូល​ និង​បាន​បង្កើន​ភាព​ប្រកួតប្រជែង​ទីផ្សារ​របស់​កម្ពុជា​ ដោយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ប្តេជ្ញា​ពង្រីក​សមិទ្ធផល​នៃ​គម្រោង​នេះ​ឱ្យ​បាន​ទូ​ទាំង​ប្រទេស​។​

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ

ទាញយក៖ pdf