សេចក្តីប្រកាសព័ត៌មានស្តីពីការបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលគាំទ្រដោយ សហភាពអឺរ៉ុប បន្សល់ទុកនូវកេរតំណែល និងផលជះយូរអង្វែងដល់ការរីកចម្រើនរបស់វិស័យជលផលនៅកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា (EUD) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានប្រារព្ធពិធីប្រកាសពីការបញ្ចប់ដោយជោគជ័យនៃគម្រោង អភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមប្រធានបទ “បរិវត្តកម្មជលផល ដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាបន្ន”។ គម្រោងនេះបានជំរុញយ៉ាងសំខាន់ដល់ផលិតកម្មជលផលក្នុងស្រុក បង្កើន សុវត្ថិភាព និងគុណភាពចំណីអាហារ និងពង្រីក លទ្ធភាពទទួលបានទីផ្សារ ។
សមិទ្ធផលសំខាន់ៗ រួមមាន៖ ការផ្តល់វិញ្ញាបនប័ត្រនិមិត្តសញ្ញាបញ្ជាក់គុណភាពកម្ពុជា (CQS) ដល់សហគ្រាសចំនួន ២២ និងវិញ្ញាបនប័ត្រ HACCP ដល់សហគ្រាសចំនួន ៤ ការពង្រឹងផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គម តាមរយៈការងារ និងប្រាក់ចំណូលកាន់តែប្រសើរ និងការលើកកម្ពស់បរិយាបន្នសហគ្រិនភាពដោយសហគ្រាសដែលទទួលបានការគាំទ្រចំនួន ៤៦ ក្នុងចំណោម ៦៤ ត្រូវបានដឹកនាំដោយស្ត្រី ។ កិច្ចសហប្រតិបត្តិការនេះបានជួយកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើផលិតផលជលផលនាំចូល និងបានបង្កើនភាពប្រកួតប្រជែងទីផ្សាររបស់កម្ពុជា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាពង្រីកសមិទ្ធផលនៃគម្រោងនេះឱ្យបានទូទាំងប្រទេស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
