ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​របស់​បោះឆ្នោត​នឹង​ត្រូវ​បន្ត ៣​ថ្ងៃ​ទៀត

ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​​បញ្ជី​ ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ២០១៣ ​បានចាប់ផ្តើម ​កាលពី​ថ្ងៃទី១ ខែតុលា។  គិត​មកទល់នឹង​ថ្ងៃទី១៧ តុលា, តួលេខ​បណ្តោះអាសន្ន​បាន​បង្ហាញថា ដំណើរការ​នេះ​បានទទួល​មនុស្ស​ចុះឈ្មោះ​ថ្មី ប្រមាណ​ ជាង១៦ម៉ឺន​នាក់។ ប៉ុន្តែ ​ដំណើរការធ្វើ​បច្ចុប្បន្នភាព និង​​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ ដែល​នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី២០តុលា​នេះ ត្រូវបាន គ ជ ប ប្រ​កាស​​ពន្យារ​ពេល​ បន្ថែម​បី​ថ្ងៃ​ទៀត ដោយសារតែ​ខេត្ត-ក្រុង​មួយចំនួន​បាន​ជួប​គ្រោះ​ទឹកជំនន់។ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែងថា យ៉ាង​ហោចណាស់​មាន​ឃុំ-សង្កាត់​ចំនួន២១១ នៅក្នុង​ខេត្ត-ក្រុង​ចំនួន១០ នឹងត្រូវ​បាន​ពន្យា​រ​ពេល​បន្ថែម៣ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទៅ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះក្នុង​បញ្ជី​​បោះឆ្នោត ដែល​ត្រូវ​ធ្វើ​ជារៀងរាល់ឆ្នាំ។ ដោយឡែក​តួលេខ​ជាក់លាក់​ក្នុង​រយៈពេល​ដំណើរការ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី១តុលា ដល់​ថ្ងៃទី២០តុលា នឹងត្រូវ​បានគ.ជ.ប​ធ្វើការ​បូកសរុប​នៅ​ថ្ងៃ​ចន្ទ​ទី២១ ស្រប​ពេលដែល​រយៈពេល​បន្ថែម​បី​ថ្ងៃ​សម្រាប់​ខេត្ត-ក្រុង​លិច​ទឹកជំនន់​ចំនួន ​១០ចាប់ផ្តើម​ដំណើរ​ការ​បន្ថែម​របស់ខ្លួន​នោះ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ទេព នីថា ដោយ​លោក​បាន​កត់សម្គាល់ថា បើទោះបី​ជាមាន​គ្រោះទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក៏​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត បាន​ដំណើរការ​ទៅបាន​យ៉ាង​ល្អ​ដែរ តាំង​ពីថ្ងៃ​ចាប់ផ្តើម​មក។…

គឹម យុទ្ធណា
http://www.khmer.rfi.fr/nec-delay-for-registration