ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះរបស់បោះឆ្នោតនឹងត្រូវបន្ត ៣ថ្ងៃទៀត
ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជី ឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៣ បានចាប់ផ្តើម កាលពីថ្ងៃទី១ ខែតុលា។ គិតមកទល់នឹងថ្ងៃទី១៧ តុលា, តួលេខបណ្តោះអាសន្នបានបង្ហាញថា ដំណើរការនេះបានទទួលមនុស្សចុះឈ្មោះថ្មី ប្រមាណ ជាង១៦ម៉ឺននាក់។ ប៉ុន្តែ ដំណើរការធ្វើបច្ចុប្បន្នភាព និងពិនិត្យ និងចុះឈ្មោះបោះឆ្នោត ដែលនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី២០តុលានេះ ត្រូវបាន គ ជ ប ប្រកាសពន្យារពេល បន្ថែមបីថ្ងៃទៀត ដោយសារតែខេត្ត-ក្រុងមួយចំនួនបានជួបគ្រោះទឹកជំនន់។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា យ៉ាងហោចណាស់មានឃុំ-សង្កាត់ចំនួន២១១ នៅក្នុងខេត្ត-ក្រុងចំនួន១០ នឹងត្រូវបានពន្យារពេលបន្ថែម៣ថ្ងៃទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពទៅពិនិត្យឈ្មោះ និងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលត្រូវធ្វើជារៀងរាល់ឆ្នាំ។
ដោយឡែកតួលេខជាក់លាក់ក្នុងរយៈពេលដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១តុលា ដល់ថ្ងៃទី២០តុលា នឹងត្រូវបានគ.ជ.បធ្វើការបូកសរុបនៅថ្ងៃចន្ទទី២១ ស្របពេលដែលរយៈពេលបន្ថែមបីថ្ងៃសម្រាប់ខេត្ត-ក្រុងលិចទឹកជំនន់ចំនួន ១០ចាប់ផ្តើមដំណើរការបន្ថែមរបស់ខ្លួននោះ។ នេះបើតាមការឲ្យដឹងរបស់លោក ទេព នីថា ដោយលោកបានកត់សម្គាល់ថា បើទោះបីជាមានគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន ក៏ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះនៅតាមបណ្តាខេត្តផ្សេងទៀត បានដំណើរការទៅបានយ៉ាងល្អដែរ តាំងពីថ្ងៃចាប់ផ្តើមមក។…
គឹម យុទ្ធណា
http://www.khmer.rfi.fr/nec-delay-for-registration