កឹម សុខា មិនចូលជួបអភិបាលរាជធានីតែនៅប្រកាន់ជំហរធ្វើបាតុកម្ម
ភ្នំពេញៈ លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ បានបដិសេធជាលើកទី ២ មិនទៅជួបតាមការអញ្ជើញរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃនេះឡើយ ប៉ុន្តែនៅតែប្រកាន់ជំហរធ្វើមហាបាតុកម្មលើក ទី៣ នៅទីលានប្រជាធិបតេយ្យ និងការដើរដង្ហែក្បួន រយៈពេល ៣ ថ្ងៃតាមការគ្រោងទុកដដែល ដើម្បីទាមទារឲ្យធ្វើការស៊ើបអង្កេត ចំពោះភាពមិនប្រក្រតី ក្នុងការបោះឆ្នោត ដែលគណបក្សប្រឆាំងមួយនេះ បានធ្វើការតវ៉ា ចាប់តាំងពីក្រោយថ្ងៃបោះឆ្នោតមក។
កាលពីថ្ងៃ សុក្រ តំណាងគណបក្ស សង្គ្រោះជាតិ ដែលជាមេក្រុមដឹកនាំបាតុកម្ម បានចូលទៅជួបពិភាក្សា ពីការធ្វើបាតុកម្ម ជាមួយមន្ត្រីសាលារាជធានី ម្តងរួចមកហើយ ប៉ុន្តែជំនួបនោះ មិនទាន់មានការព្រមព្រៀងគ្នានៅឡើយទេ ដោយសាលារាជធានីតម្រូវឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការជួបជុំតែនៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមត្រឹមមួយម៉ឺននាក់ នឹងមិនអនុញ្ញាតឲ្យដើរដង្ហែក្បួនឡើយ។
លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ បានឲ្យដឹងពីខេត្ត សៀមរាប កាលពីម្សិលមិញថា លោកពុំមានពេលទៅជួបលោក សុជាតិវង្ស នោះទេ ដោយសារតែលោក ជាប់រវល់ចុះជួបប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់។ លោកបានថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំនៅខេត្ត សៀមរាប ហើយថ្ងៃស្អែក ខ្ញុំរវល់ទៅខេត្ត តាកែវ ប៉ុន្តែទោះជាយ៉ាងណា យើងនៅតែធ្វើមហាបាតុកម្ម តាមការគ្រោងទុកដដែល»។…
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/index.php/national/1-national-news/105355-2013-10-21-03-00-08