កឹម សុខា មិន​ចូល​ជួប​អភិបាល​រាជធានី​តែ​នៅ​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម

ភ្នំពេញៈ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​បដិសេធ​ជា​លើក​ទី ២ មិន​ទៅ​ជួប​តាម​ការ​អញ្ជើញ​របស់​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ​ឡើយ ប៉ុន្តែ​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​មហា​បាតុកម្ម​លើក ទី៣ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដើរ​ដង្ហែ​ក្បួន រយៈ​ពេល ៣ ថ្ងៃ​តាម​ការ​គ្រោង​ទុក​ដដែល ដើម្បី​ទាមទារ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត ចំពោះ​ភាព​មិន​ប្រក្រតី ក្នុង​ការ​បោះឆ្នោត ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ធ្វើ​ការ​តវ៉ា ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​បោះឆ្នោត​មក។ កាល​ពី​ថ្ងៃ សុក្រ តំណាង​គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​មេ​ក្រុម​ដឹក​នាំ​បាតុកម្ម បាន​ចូល​ទៅ​ជួប​ពិភាក្សា ពី​ការ​ធ្វើ​បាតុកម្ម ជាមួយ​មន្ត្រី​សាលា​រាជធានី ម្តង​រួច​មក​ហើយ ប៉ុន្តែ​ជំនួប​នោះ មិន​ទាន់​មាន​ការ​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ​ទេ ដោយ​សាលា​រាជធានី​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ការ​ជួប​ជុំ​តែ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នក​ចូល​រួម​ត្រឹម​មួយ​ម៉ឺន​នាក់ នឹង​មិន​អនុញ្ញាត​ឲ្យ​ដើរ​ដង្ហែ​ក្បួន​ឡើយ។ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ពី​ខេត្ត សៀមរាប កាល​ពី​ម្សិលមិញ​ថា លោក​ពុំ​មាន​ពេល​ទៅ​ជួប​លោក សុជាតិវង្ស នោះ​ទេ ដោយ​សារ​តែ​លោក ជាប់​រវល់​ចុះ​ជួប​ប្រជា​ពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់។ លោក​បាន​ថ្លែង​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​នៅ​ខេត្ត សៀមរាប ហើយ​ថ្ងៃ​ស្អែក ខ្ញុំ​រវល់​ទៅ​ខេត្ត តាកែវ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា យើង​នៅ​តែ​ធ្វើ​មហា​បាតុកម្ម តាម​ការ​គ្រោង​ទុក​ដដែល»។…

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/index.php/national/1-national-news/105355-2013-10-21-03-00-08