គណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលអំពាវនាវឲ្យមានការស៊ើបអង្កេតពីឯករាជភាពរបស់ គ.ជ.ប.
គណបក្សសង្គ្រោះជាតិ និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) កាលពីម្សិលមិញ បានអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានម៉ត់ចត់លើឯករាជភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងការជាប់ពាក់ព័ន្ធរបស់គណៈកម្មាធិការនេះនៅក្នុងភាពមិនប្រក្រតីដែលគណបក្សប្រឆាំងនិយាយថា បានកើតមានឡើងអំឡុងពេលបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា។ កាលពីថ្ងៃអាទិត្យ ផែនការបង្កើតគណៈកម្មាធិការចម្រុះមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៅពេលបោះឆ្នោតនេះត្រូវបានបរាជ័យ បន្ទាប់ពីគណបក្សសង្គ្រោះជាតិដើរចេញពីតុចរចា ពីព្រោះគណបក្សប្រជាជនកម្ពុជាមិនព្រមអនុញ្ញាតឲ្យមានការចូលរួម ពីអង្គការសហប្រជាជាតិ។ គណបក្សប្រឆាំងនិយាយថា ការស៊ើបអង្កេតនេះតម្រូវឲ្យ មានការត្រួតពិនិត្យដោយឯករាជព្រោះថ្នាក់ដឹកនាំរបស់ គ.ជ.ប. សុទ្ធតែជាអតីតសមាជិករបស់គណបក្សកាន់អំណាច។ ទោះជាយ៉ាងណា គ.ជ.ប. និយាយថា ខ្លួនមានបំណងចូលរួមការស៊ើបអង្កេត ហើយនឹងធានាថា រដ្ឋសភាថ្មីកោះប្រជុំក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីការបោះឆ្នោត។ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានអះអាងពីជ័យជម្នះនៅក្នុងការបោះឆ្នោតនេះ។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា “ ត្រូវមានការពន្យល់ពីការជាប់ពាក់ព័ន្ធណាមួយជាមួយ គ.ជ.ប. ដើម្បីស្វែងយល់ពីមូលហេតុដែលពួកគេមិនមានតម្លាភាព និងមិនដោះស្រាយបញ្ហា ជំនួសឲ្យការកែលម្អប្រព័ន្ធនេះ”។…