គណបក្ស​សង្គ្រោះ​ជាតិ​​ និង​​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ពី​ឯករាជភាព​របស់​ គ.ជ.ប.

គណបក្ស​សង្គ្រោះ​ជាតិ និង​គណៈកម្មា​ធិការ​ដើម្បី​​​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល​) កាល​ពី​ម្សិល​មិញ​ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​​អង្កេត​ឲ្យ​បាន​ម៉ត់​ចត់​លើ​ឯករាជភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​​ ព្រម​ទាំង​ការ​ជាប់​ពាក់​ព័ន្ធ​របស់​គណៈកម្មា​ធិការ​នេះ​នៅ​ក្នុង​ភាព​មិន​ប្រក្រតី​ដែល​គណបក្ស​ប្រឆាំងនិយាយ​ថា ​បាន​​កើត​មាន​ឡើង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ថ្ងៃ​​ទី​២៨​ ខែ​កក្កដា​។ កាល​ពីថ្ងៃ​អាទិត្យ​ ផែន​ការ​បង្កើត​គណៈ​កម្មាធិការ​ចម្រុះមួយ​ដើម្បី​ស៊ើបអង្កេត​ភាព​មិ​នប្រក្រតីនៅ​ពេល​បោះ​ឆ្នោ​តនេះ​ត្រូវ​បាន​បរាជ័យ​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​​ដើរ​ចេញ​ពី​តុ​ចរចា ពីព្រោះ​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​ព្រម​អនុញ្ញាតឲ្យ​មាន​ការ​​ចូល​រួម ពី​អង្គការ​សហ​ប្រជាជាតិ​។ គណបក្ស​ប្រឆាំង​និយាយ​ថា ការស៊ើបអង្កេត​នេះ​តម្រូវ​ឲ្យ មាន​​ការ​ត្រួត​ពិនិត្យ​ដោយ​ឯករាជ​ព្រោះថ្នាក់​ដឹក​នាំ​របស់​ គ.ជ.ប.​ សុទ្ធ​តែ​ជា​អតី​ត​សមាជិក​របស់​​គណបក្ស​កាន់​អំណាច​។ ទោះជាយ៉ាងណា  គ.ជ.ប.​ និយាយ​ថា ខ្លួន​មាន​បំណង​ចូលរួម​ការ​ស៊ើបអង្កេត​ ហើយ​នឹង​ធានាថា រដ្ឋសភា​ថ្មី​កោះ​ប្រជុំ​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ បន្ទាប់​ពីការ​បោះឆ្នោត​។​ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះជាតិ​បាន​អះអាង​ពីជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​។ លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា “ ត្រូវ​មាន​ការ​ពន្យល់​ពី​ការ​ជាប់​ពាក់​ព័ន្ធណា​មួយ​ជាមួយ ​គ.ជ.ប.​ ដើម្បីស្វែង​យល់ពីមូល​ហេតុ​ដែល​ពួក​គេ​មិន​មាន​តម្លាភាព​ និង​មិន​ដោះស្រាយ​បញ្ហា​ ជំនួស​ឲ្យ​ការ​កែលម្អ​ប្រព័ន្ធនេះ​”។…

http://www.cambodiadailykhmer.com/latest/3897/