គ.ខ.ប.​ខេត្ត​កំពង់ឆ្នាំង​ជំរុញ​ឲ្យ​ពលរដ្ឋ​បាត់​ឈ្មោះ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ប្រធាន​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ខ.ប) ខេត្ត​កំពង់ឆ្នាំង ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នាំ​យក​ប្រជាពលរដ្ឋ​ដែល​ខ្លួន​អះអាង​ថា បាន​បាត់​ឈ្មោះ​ពី​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៥ ជាង ១​ពាន់​នាក់ នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៣។ ការ​ថ្លែង​បែប​នេះ​ទៅ​កាន់​មន្ត្រី​គណបក្ស​ប្រឆាំង គឺ​ធ្វើ​ឡើង​នៅ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​នៅ​ទីស្នាក់ការ គ.ខ.ប ខេត្ត​កំពង់ឆ្នាំង ស្ដី​អំពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ដែល​មាន​អ្នក​ចូល​រួម​ជា​តំណាង​គណបក្ស​នយោបាយ មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​កម្លាំង​សមត្ថកិច្ច​សរុប​ប្រមាណ​ជា ៥០​នាក់។ ប្រធាន​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី នួន ចាន់នី មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះ​បណ្ដាល​នេះ​នឹង​អាច​ជួយ​ឲ្យ​សិក្ខាកាម ជា​ពិសេស​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ ឬ​សង្កាត់ ដែល​ជា​អ្នក​អនុវត្តន៍​ការងារ​ផ្ទាល់ បាន​យល់​កាន់​តែ​ច្បាស់​អំពី​តួនាទី និង​នីតិវិធី​នៃ​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន។ អ្នកស្រី​បន្ត​ថា មន្ត្រី​គណបក្ស​ប្រឆាំង​តែង​តែ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ ក៏ប៉ុន្តែ នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​ត្រូវ​បាន​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​អនុវត្ត ​បាន​ច្បាស់​លាស់៖ «កាល​សន្និបាត​ហ្នឹង គាត់​លើក​ឡើង​ថា បាត់​ឈ្មោះ ១​ពាន់ ៦០​នាក់ ក៏ប៉ុន្តែ ខ្ញុំ​អត់​ដឹង​បាត់​របៀប​ម៉េច នេះ​គាត់​ថា​ខ្លួន​គាត់​ទេ អីចឹង​បាន​ជា​ពេល​បង្រៀន​នេះ ខ្ញុំ​សំណូមពរ​សុំ​ឲ្យ និង​អញ្ជើញ​អ្នក ១​ពាន់ ៦០​នាក់​ហ្នឹង មក​ចុះ​ឈ្មោះ​ឡើង​វិញ​ទៅ»។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចិន្ដ្រា បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​បាត់​ឈ្មោះ​ពី​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ជ្រើស​តាំង​ តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ទាំង ១​ពាន់ ៦០​នាក់ មក​ពី​ស្រុក​ចំនួន​៧ នៃ​ខេត្ត​កំពង់ឆ្នាំង គឺ​សុទ្ធតែ​មាន​ឈ្មោះ និង​ធ្លាប់​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ៖ «ខាង​ក្រុម​ការងារ​ខ្ញុំ​មាន​ឈ្មោះ​មាន​ ស្នាម​មេដៃ​ដែល​គាត់​ផ្ដិត​ជូន​យើង ថា​គាត់​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ហ្នឹង​បាទ»។…

ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/pec-kampongchhnang-training-on-review-and-vote-register-09252013083928.html