គ.ខ.ប.ខេត្តកំពង់ឆ្នាំងជំរុញឲ្យពលរដ្ឋបាត់ឈ្មោះទៅចុះឈ្មោះបោះឆ្នោត
ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត (គ.ខ.ប) ខេត្តកំពង់ឆ្នាំង ជំរុញឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ នាំយកប្រជាពលរដ្ឋដែលខ្លួនអះអាងថា បានបាត់ឈ្មោះពីក្នុងបញ្ជីអ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ជាង ១ពាន់នាក់ នៅទូទាំងខេត្តកំពង់ឆ្នាំង ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣។
ការថ្លែងបែបនេះទៅកាន់មន្ត្រីគណបក្សប្រឆាំង គឺធ្វើឡើងនៅក្នុងវគ្គបណ្ដុះបណ្ដាលមួយនៅទីស្នាក់ការ គ.ខ.ប ខេត្តកំពង់ឆ្នាំង ស្ដីអំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ដែលមានអ្នកចូលរួមជាតំណាងគណបក្សនយោបាយ មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ និងកម្លាំងសមត្ថកិច្ចសរុបប្រមាណជា ៥០នាក់។
ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង អ្នកស្រី នួន ចាន់នី មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះនឹងអាចជួយឲ្យសិក្ខាកាម ជាពិសេសមន្ត្រីក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដែលជាអ្នកអនុវត្តន៍ការងារផ្ទាល់ បានយល់កាន់តែច្បាស់អំពីតួនាទី និងនីតិវិធីនៃការពិនិត្យ និងចុះឈ្មោះអ្នកបោះឆ្នោតនៅតាមមូលដ្ឋាន។ អ្នកស្រីបន្តថា មន្ត្រីគណបក្សប្រឆាំងតែងតែលើកឡើងពីភាពមិនប្រក្រតីផ្សេងៗ ក៏ប៉ុន្តែ នីតិវិធីនៃការចុះឈ្មោះត្រូវបានមន្ត្រីរៀបចំការបោះឆ្នោតអនុវត្ត បានច្បាស់លាស់៖ «កាលសន្និបាតហ្នឹង គាត់លើកឡើងថា បាត់ឈ្មោះ ១ពាន់ ៦០នាក់ ក៏ប៉ុន្តែ ខ្ញុំអត់ដឹងបាត់របៀបម៉េច នេះគាត់ថាខ្លួនគាត់ទេ អីចឹងបានជាពេលបង្រៀននេះ ខ្ញុំសំណូមពរសុំឲ្យ និងអញ្ជើញអ្នក ១ពាន់ ៦០នាក់ហ្នឹង មកចុះឈ្មោះឡើងវិញទៅ»។
ឆ្លើយតបនឹងការលើកឡើងនេះ មន្ត្រីក្រុមប្រឹក្សាខេត្ត និងជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចិន្ដ្រា បញ្ជាក់ថា ប្រជាពលរដ្ឋដែលបាត់ឈ្មោះពីក្នុងបញ្ជីអ្នកបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ ទាំង ១ពាន់ ៦០នាក់ មកពីស្រុកចំនួន៧ នៃខេត្តកំពង់ឆ្នាំង គឺសុទ្ធតែមានឈ្មោះ និងធ្លាប់បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១២ កន្លងទៅ៖ «ខាងក្រុមការងារខ្ញុំមានឈ្មោះមាន ស្នាមមេដៃដែលគាត់ផ្ដិតជូនយើង ថាគាត់បានបាត់ឈ្មោះពីបញ្ជីបោះឆ្នោតនៅឆ្នាំ២០១៣ ហ្នឹងបាទ»។…