ទូរទស្សន៍​ផ្សាយ​តែ​ចំណុច​អវិជ្ជមាន​របស់​បក្ស​ប្រឆាំង

ភ្នំពេញៈ យុវជន រាំ​ច្រៀង​លេង​សប្បាយ តាម​ផ្លូវ «ដូច​អ្នក​ញៀន​ថ្នាំ»។ «ក្មេង​ទំនើង» បង្ក​បញ្ហា​អនាធិបតេយ្យ ក្រោម​របាំង​ធ្វើ​យុទ្ធនាការ​ឃោសនា​ឲ្យ​គណបក្ស​ប្រឆាំង បុរស​ម្នាក់​ស្រែក​ថា បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច ដូចជា បោះឆ្នោត​ឲ្យ​«យួន»។ ទាំង​នេះ​គឺជា​ឈុត​ខ្លីៗ និង​ការ​រិះគន់ ដែល​គេ​ផលិត​រយៈ​ពេល ១៤ នាទី ដោយ​ច្បិច​យក​តែ​ចំណុច​អាក្រក់ អវិជ្ជមាន របស់​ក្រុម​យុវជន ដែល​ចូល​រួម​ឃោសនា​បោះឆ្នោត ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាក់​ផ្សាយ​តាម​ទូរទស្សន៍ CNC ដែល​ជា​ទូរទស្សន៍​គាំទ្រ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​អង្គារ ហើយ​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​គាំទ្រ​គណបក្ស​កាន់​អំណាច ជា​ច្រើន ព្រម​ទាំង​ដាក់​បង្ហោះ​នៅ​លើ​វេបសាយ​ជា​ច្រើន​ទៀត កាល​ពី​ម្សិលមិញ។ ទូរទស្សន៍​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច មិន​ដែល​ឃើញ​ចាក់​ផ្សាយ ពី​ចំណុច​វិជ្ជមាន របស់​គណបក្ស​ប្រឆាំង​ទេ សូម្បី​តែ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន ដែល​គេ​ប៉ាន់​ប្រមាណ​ថា អាច​លើស​ពី ១០ ម៉ឺន​នាក់ កកកុញ​ចាប់​តាំង​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ទីលាន​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ល្បីៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ចាក់​ផ្សាយ​ផង​ ដែរ។ ឃ្លីប វីដេអូ ដែល​ត្រូវ​បាន​ផលិត ដោយ​ទូរទស្សន៍ CNC របស់​លោក ឧកញ៉ា គិត ម៉េង នេះ គឺ​ច្បិច​យក​តែ​ចំណុច​អវិជ្ជមាន របស់​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ មិន​បាន​និយាយ​ពី​ចំណុច​អវិជ្ជមាន របស់​ក្បួន​ឃោសនា​គណបក្ស​កាន់​អំណាច​ឡើយ បើ​ទោះ​បី​ជា​មាន​សេចក្តី​រាយការណ៍​ជា​ច្រើន រួម​ទាំង​ការ​បង្ហោះ​វីដេអូ​ឃ្លីប​តាម​បណ្តាញ​សង្គម ហ្វេសប៊ុក ដែល​គេ​ឃើញ​ក្រុម​យុវជន​គណបក្ស​ប្រជាជន​គប់​ដុំ​ថ្ម ទៅ​លើ​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ធ្វើ​សកម្មភាព​បិទ​ផ្លូវ មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្លង​កាត់ ដូច​ជា​នៅ​សួនច្បារ​មុខ​វត្ត​បទុម ឬ​ក៏​តាម​ឆាឆៅ ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ។…

http://www.postkhmer.com/index.php/national/1-national-news/101430-2013-07-26-03-39-49