ទូរទស្សន៍ផ្សាយតែចំណុចអវិជ្ជមានរបស់បក្សប្រឆាំង
ភ្នំពេញៈ យុវជន រាំច្រៀងលេងសប្បាយ តាមផ្លូវ «ដូចអ្នកញៀនថ្នាំ»។ «ក្មេងទំនើង» បង្កបញ្ហាអនាធិបតេយ្យ ក្រោមរបាំងធ្វើយុទ្ធនាការឃោសនាឲ្យគណបក្សប្រឆាំង បុរសម្នាក់ស្រែកថា បោះឆ្នោតឲ្យគណបក្សកាន់អំណាច ដូចជា បោះឆ្នោតឲ្យ«យួន»។ ទាំងនេះគឺជាឈុតខ្លីៗ និងការរិះគន់ ដែលគេផលិតរយៈពេល ១៤ នាទី ដោយច្បិចយកតែចំណុចអាក្រក់ អវិជ្ជមាន របស់ក្រុមយុវជន ដែលចូលរួមឃោសនាបោះឆ្នោត ឲ្យគណបក្សសង្គ្រោះជាតិ ចាក់ផ្សាយតាមទូរទស្សន៍ CNC ដែលជាទូរទស្សន៍គាំទ្ររដ្ឋាភិបាលកាលពីថ្ងៃអង្គារ ហើយត្រូវបានចាក់ផ្សាយតាមស្ថានីយទូរទស្សន៍គាំទ្រគណបក្សកាន់អំណាច ជាច្រើន ព្រមទាំងដាក់បង្ហោះនៅលើវេបសាយជាច្រើនទៀត កាលពីម្សិលមិញ។
ទូរទស្សន៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលគាំទ្រគណបក្សកាន់អំណាច មិនដែលឃើញចាក់ផ្សាយ ពីចំណុចវិជ្ជមាន របស់គណបក្សប្រឆាំងទេ សូម្បីតែការវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ដែលមានអ្នកគាំទ្រយ៉ាងច្រើន ដែលគេប៉ាន់ប្រមាណថា អាចលើសពី ១០ ម៉ឺននាក់ កកកុញចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់ទីលានប្រជាធិបតេយ្យ ដែលត្រូវបានបណ្តាញព័ត៌មានល្បីៗជាច្រើននៅលើពិភពលោកចាក់ផ្សាយផង ដែរ។
ឃ្លីប វីដេអូ ដែលត្រូវបានផលិត ដោយទូរទស្សន៍ CNC របស់លោក ឧកញ៉ា គិត ម៉េង នេះ គឺច្បិចយកតែចំណុចអវិជ្ជមាន របស់គណបក្សប្រឆាំងប៉ុណ្ណោះ មិនបាននិយាយពីចំណុចអវិជ្ជមាន របស់ក្បួនឃោសនាគណបក្សកាន់អំណាចឡើយ បើទោះបីជាមានសេចក្តីរាយការណ៍ជាច្រើន រួមទាំងការបង្ហោះវីដេអូឃ្លីបតាមបណ្តាញសង្គម ហ្វេសប៊ុក ដែលគេឃើញក្រុមយុវជនគណបក្សប្រជាជនគប់ដុំថ្ម ទៅលើក្រុមយុវជនគណបក្សសង្គ្រោះជាតិ ឬធ្វើសកម្មភាពបិទផ្លូវ មិនឲ្យគណបក្សសង្គ្រោះជាតិឆ្លងកាត់ ដូចជានៅសួនច្បារមុខវត្តបទុម ឬក៏តាមឆាឆៅ ក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិក៏ដោយ។…
http://www.postkhmer.com/index.php/national/1-national-news/101430-2013-07-26-03-39-49