នគរបាលរារាំងពលរដ្ឋមិនឲ្យចូលរួមវេទិកាសម្តែងមតិ
បាត់ដំបងៈ យ៉ាងហោចណាស់ បុរសពីរនាក់ បានរងរបួស ហើយស្ត្រីអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ប្រើខែលរុញច្រានផងដែរ នៅក្នុងការប៉ះទង្គិចគ្នាមួយប្រាវ កាលពីព្រឹកម្សិលមិញ នៅពេលដែលកងកម្លាំងនគរបាល ប្រដាប់ដោយអាវុធ ដំបងឆក់ និងខែលប្រមាណពី ៥០ ទៅ ៦០ នាក់ បានទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋ ទៅចូលរួមវេទិកាសម្តែងមតិ ដែលរៀបចំឡើង ដោយអង្គការក្រៅរដ្ឋាភិបាល នៅផ្ទះប្រជាពលរដ្ឋម្នាក់ នៅក្នុងភូមិអង្គ សង្កាត់អូរចា។
សមត្ថកិច្ច បានអះអាងថា ការដាក់កម្លាំងទប់ស្កាត់ គឺដោយសារតែវេទិកា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលបង្កើតវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នេះ ពុំមានច្បាប់អនុញ្ញាត។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិល បាននិយាយថា ប្រសិនបើការរៀបចំវេទិកាសាធារណៈ ឬពិធីអ្វីមួយ នៅតាមទីសាធារណៈ ទើបត្រូវសុំច្បាប់ពីអាជ្ញាធរ ប៉ុន្តែបើពិធីនោះ ធ្វើនៅក្នុងផ្ទះឬនៅក្នុងដីកម្មសិទ្ធិរបស់ឯកជន មិនចាំបាច់ត្រូវសុំច្បាប់ទេ។
ការប្រតាយប្រតប់គ្នា រវាងប្រជាពលរដ្ឋ និងកម្លាំងនគរបាល ដែលប្រដាប់ដោយខែលនោះ ត្រូវបានគេដាក់បង្ហោះភ្លាមៗ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងវីដេអូឃ្លីបប្រមាណ ៣ នាទី គេឃើញយុវតីក្មេងម្នាក់ឈរនិយាយឆ្ការដៃ ស្តីបន្ទោសនគរបាលជាច្រើន ដែលប្រដាប់ដោយខែលថា ប្រើកម្លាំង «ផ្តាច់ការ» បំបិទសិទ្ធិប្រជាពលរដ្ឋមិនឲ្យចូលរួមបញ្ចេញមតិ។ តាមវីដេអូនោះ ក្រោយពីមានការប៉ះទង្កិចគ្នា និងរុញច្រានគ្នា ដើម្បីបានចូលរួមក្នុងវេទិកា គេឃើញ លោកស្រីមូរ សុខហួ បានចេញពីក្នុងវេទិកា ហើយមកស្នើឲ្យកម្លាំងនគរបាល បើកផ្លូវឲ្យប្រជាពលរដ្ឋបានចូល ប៉ុន្តែក៏មានការប៉ះទង្គិចគ្នាម្តងទៀត រុញទៅរុញមក រវាងប្រជាពលរដ្ឋ ដែលបានការពារអ្នកតំណាងរាស្ត្រស្ត្រីរូបនេះ កុំឲ្យនគរបាលប៉ះពារដល់គាត់។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សែត អាយុ ២៧ ឆ្នាំ ជាចៅសង្កាត់រងទី ២ នៃសង្កាត់អូរចា មកពីគណបក្សសម រង្ស៊ី ដែលជាសមាជិកគណបក្សសង្គ្រោះជាតិ បានចេញមុខក្នុងវីដេអូឃ្លីបនោះ ដោយស្រែកនៅចំពោះមុខកងកម្លាំងសមត្ថកិច្ច សូមបើកផ្លូវឲ្យប្រជាពលរដ្ឋ មកចូលរួមវេទិកា។…
http://www.postkhmer.com/index.php/national/1-national-news/102858-2013-08-23-03-25-19