នគរបាល​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​រួម​វេទិកា​សម្តែង​មតិ

បាត់ដំបងៈ យ៉ាង​ហោច​ណាស់​ បុរស​ពីរ​នាក់​ បាន​រង​របួស ហើយ​ស្ត្រី​អ្នក​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ម្នាក់ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ប្រើ​ខែល​រុញ​ច្រាន​ផង​ដែរ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ ​កាល​ពី​​ព្រឹក​ម្សិលមិញ នៅ​ពេល​ដែល​កង​កម្លាំង​នគរបាល​ ប្រដាប់​ដោយ​អាវុធ ដំបង​ឆក់ និង​ខែល​ប្រមាណ​ពី​ ៥០ ​ទៅ ៦០ នាក់ ​បាន​ទប់​ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ចូល​រួម​វេទិកា​សម្តែង​មតិ ដែល​រៀបចំ​ឡើង ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ផ្ទះ​ប្រជា​ពលរដ្ឋ​ម្នាក់ នៅ​ក្នុង​ភូមិ​អង្គ សង្កាត់​អូរចា។ សមត្ថកិច្ច បាន​អះ​អាង​ថា ការ​ដាក់​កម្លាំង​ទប់​ស្កាត់ គឺ​ដោយ​សារ​តែ​វេទិកា ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ដែល​បង្កើត​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នេះ ពុំ​មានច្បាប់​អនុញ្ញាត។ ប៉ុន្តែ​មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល បាន​និយាយ​ថា ប្រសិន​បើ​ការ​រៀបចំ​វេទិកា​សាធារណៈ ឬ​ពិធី​អ្វី​មួយ នៅ​តាម​ទី​សាធារណៈ ទើប​ត្រូវ​សុំ​ច្បាប់​ពី​អាជ្ញាធរ ប៉ុន្តែ​​បើ​ពិធី​នោះ ធ្វើ​នៅ​ក្នុង​ផ្ទះឬ​នៅ​ក្នុង​ដី​កម្ម​សិទ្ធិ​របស់​ឯកជន មិន​ចាំបាច់​ត្រូវ​សុំ​ច្បាប់​ទេ​។ ការ​ប្រតាយប្រតប់​គ្នា រវាង​ប្រជាពលរដ្ឋ​ និង​កម្លាំង​នគរបាល​ ដែល​​ប្រដាប់​ដោយ​​ខែល​នោះ ​ត្រូវ​បាន​គេ​ដាក់​បង្ហោះ​ភ្លាម​ៗ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ នៅ​ក្នុង​​វីដេអូ​ឃ្លីប​ប្រមាណ​ ៣ នាទី គេ​ឃើញ​យុវតី​ក្មេង​ម្នាក់​ឈរ​និយាយ​ឆ្ការ​ដៃ ស្តី​បន្ទោស​នគរបាល​ជា​ច្រើន ដែល​ប្រដាប់​ដោយ​ខែល​ថា ប្រើ​កម្លាំង​ «ផ្តាច់​ការ» បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​រួម​បញ្ចេញ​មតិ​។ តាម​វីដេអូ​នោះ ក្រោយ​ពី​មានការ​ប៉ះ​ទង្កិច​គ្នា និង​រុញច្រាន​​គ្នា ដើម្បី​បាន​ចូល​រួម​ក្នុង​វេទិកា​ គេ​ឃើញ លោក​ស្រី​មូរ សុខហួ បាន​ចេញពី​ក្នុង​វេទិកា ហើយ​មក​ស្នើ​ឲ្យ​​កម្លាំង​នគរបាល​ បើក​ផ្លូវ​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ចូល ​ប៉ុន្តែ​ក៏​មាន​​ការ​ប៉ះ​ទង្គិច​គ្នា​ម្តង​ទៀត រុញ​ទៅ​រុញ​មក ​រវាង​ប្រជា​ពលរដ្ឋ​ ដែល​បាន​ការពារ​អ្នក​តំណាង​រាស្ត្រ​ស្ត្រី​រូប​នេះ កុំ​ឲ្យ​នគរបាល​ប៉ះពារ​ដល់​គាត់​។ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សែត អាយុ ​២៧ ​ឆ្នាំ ជាចៅសង្កាត់​រង​ទី ​២​ នៃ​​សង្កាត់​​អូរ​ចា មក​ពី​គណបក្ស​សម រង្ស៊ី ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ចេញ​មុខ​ក្នុង​វីដេអូ​ឃ្លីប​នោះ ដោយ​ស្រែក​​នៅ​ចំពោះ​មុខ​កង​កម្លាំង​សមត្ថកិច្ច សូម​​បើក​ផ្លូវ​ឲ្យ​ប្រជា​ពលរដ្ឋ មក​ចូលរួម​វេទិកា។…

http://www.postkhmer.com/index.php/national/1-national-news/102858-2013-08-23-03-25-19