បទវិភាគ៖ តើហេតុអ្វីបានជាពលរដ្ឋត្រូវការយុត្តិធម៌?
អ្នកទន់ខ្សោយគ្មានអំណាចនិងគ្មានទ្រព្យសម្បត្តិ ច្រើនតែស្រែកទាមទាររកយុត្តិធម៌។ ប៉ុន្តែពាក្យ “យុត្តិធម៌” នេះ គេមិនសូវឃើញអ្នកមានអំណាច ឬអ្នកមានធនធានហូរហៀរស្រែកទាមទារនោះទេ ជាងនេះទៅទៀត ពួកគេមួយចំនួនថែមទាំងប្រព្រឹត្តអំពើអយុត្តិធម៌ទៅលើជនស្លូត ត្រង់។ ផ្ទុយទៅវិញ ពេលដែលពួកគេអស់អំណាច ពួកគេក៏ចេះស្រែកទាមទាររកយុត្តិធម៌ដែរ។
តើយុត្តិធម៌នៅឯណា ហើយថា តើយុត្តិធម៌ជាអ្វីបានជាមនុស្សត្រូវការខ្លាំងម្ល៉េះ?
មានករណីច្រើនណាស់ដែលក្រុមអ្នកមានអំណាច និងក្រុមមេដឹកនាំលើពិភពលោក បានប្រព្រឹត្តអំពើអមនុស្សធម៌ និងអំពើអយុត្តិធម៌ទៅលើពលរដ្ឋស្លូតត្រង់ទៅលើក្រុមដែលមានទស្សនៈ ផ្ទុយពីខ្លួន ទៅលើក្រុមដែលហ៊ានតវ៉ា ហើយក្រោយមកត្រូវបានតុលាការកាត់ទោសវិញម្ដង។
ជាក់ស្ដែងដូចជាលោក សាដាម ហ៊ូសេន (Saddam Hussein) អតីតប្រធានាធិបតីប្រទេសអ៊ីរ៉ាក់ (Iraq) កាលពីខែវិច្ឆិកា ឆ្នាំ២០០៦ ត្រូវបានតុលាការនៃប្រទេសនេះកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។ ពេលនោះលោក សាដាម ហ៊ូសេន និយាយថា ការកាត់ទោសរបស់លោកជាការកាត់ទោសដោយអយុត្តិធម៌ ហើយបានប្ដឹងសាលាឧទ្ធរណ៍លើករណីនេះ ប៉ុន្តែត្រូវបានតុលាការបដិសេធ។
ចំណែកមេដឹកនាំផ្ដាច់ការរបស់ប្រទេសលីប៊ី (Libya) ដ៏ល្បីល្បាញដែលគេស្គាល់ថា ជាស្ដេចលើស្ដេចនៃតំបន់អាហ្វ្រិក លោក ម៊ូម៉ា ហ្កាដាហ្វី (Muammar Gaddafi) បាននិយាយពាក្យចុងក្រោយមុនពេលគេបាញ់សម្លាប់ក្នុងឆ្នាំ២០១១ ថា សូមទុកជីវិតឲ្យខ្ញុំផង ហើយថា តើខ្ញុំបានធ្វើអីខុស?
លោក ហ្កាដាហ្វី ឡើងក្ដោបក្ដាប់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ១៩៦៩។ លោកបានសម្លាប់ជីវិតមនុស្សដែលហ៊ានរិះគន់និងប្រឆាំងនឹងលោកតាមរយៈ ការព្យួរកនៅទីសាធារណៈ ឬបាញ់ចោលតែម្តង។ ក្នុងរបបដឹកនាំរបស់លោក លោកបានសម្លាប់អ្នកទោសនយោបាយចំនួន ១.២០០នាក់។…
តាំង សារ៉ាដា
http://www.rfa.org/khmer/news/analysis/why-do-we-need-justice-10082013004000.html