បទ​វិភាគ៖ តើ​ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​ត្រូវ​ការ​យុត្តិធម៌?

អ្នក​ទន់​ខ្សោយ​គ្មាន​អំណាច​និង​គ្មាន​ទ្រព្យ​សម្បត្តិ ច្រើន​តែ​ស្រែក​ទាមទារ​រក​យុត្តិធម៌។ ប៉ុន្តែ​ពាក្យ “យុត្តិធម៌” នេះ គេ​មិន​សូវ​ឃើញ​អ្នក​មាន​អំណាច ឬ​អ្នក​មាន​ធនធាន​ហូរហៀរ​ស្រែក​ទាមទារ​នោះ​ទេ ជាង​នេះ​ទៅ​ទៀត ពួកគេ​មួយ​ចំនួន​ថែម​ទាំង​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ទៅ​លើ​ជន​ស្លូត​ ត្រង់។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​ពួក​គេ​អស់​អំណាច ពួកគេ​ក៏​ចេះ​ស្រែក​ទាមទារ​រក​យុត្តិធម៌​ដែរ។ តើ​យុត្តិធម៌​នៅ​ឯ​ណា ហើយ​ថា តើ​យុត្តិធម៌​ជា​អ្វី​បាន​ជា​មនុស្ស​ត្រូវ​ការ​ខ្លាំង​ម្ល៉េះ? មាន​ករណី​ច្រើន​ណាស់​ដែល​ក្រុម​អ្នក​មាន​អំណាច និង​ក្រុម​មេដឹកនាំ​លើ​ពិភពលោក បាន​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ និង​អំពើ​អយុត្តិធម៌​ទៅ​លើ​ពលរដ្ឋ​ស្លូត​ត្រង់​ទៅ​លើ​ក្រុម​ដែល​មាន​ទស្សនៈ​ ផ្ទុយ​ពី​ខ្លួន ទៅ​លើ​ក្រុម​ដែល​ហ៊ាន​តវ៉ា ហើយ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​កាត់​ទោស​វិញ​ម្ដង។ ជាក់ស្ដែង​ដូចជា​លោក សាដាម ហ៊ូសេន (Saddam Hussein) អតីត​ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ាក់ (Iraq) កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ត្រូវ​បាន​តុលាការ​នៃ​ប្រទេស​នេះ​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម ​ប្រឆាំង​មនុស្ស​ជាតិ។ ពេល​នោះ​លោក សាដាម ហ៊ូសេន និយាយ​ថា ការ​កាត់​ទោស​របស់​លោក​ជា​ការ​កាត់​ទោស​ដោយ​អយុត្តិធម៌ ហើយ​បាន​ប្ដឹង​សាលាឧទ្ធរណ៍​លើ​ករណី​នេះ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ។ ចំណែក​មេដឹកនាំ​ផ្ដាច់ការ​របស់​ប្រទេស​លីប៊ី (Libya) ដ៏​ល្បីល្បាញ​ដែល​គេ​ស្គាល់​ថា ជា​ស្ដេច​លើ​ស្ដេច​នៃ​តំបន់​អាហ្វ្រិក លោក ម៊ូម៉ា ហ្កាដាហ្វី (Muammar Gaddafi) បាន​និយាយ​ពាក្យ​ចុង​ក្រោយ​មុន​ពេល​គេ​បាញ់​សម្លាប់​ក្នុង​ឆ្នាំ​២០១១ ថា សូម​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ផង ហើយ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អី​ខុស? លោក ហ្កាដាហ្វី ឡើង​ក្ដោបក្ដាប់​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៦៩។ លោក​បាន​សម្លាប់​ជីវិត​មនុស្ស​ដែល​ហ៊ាន​រិះគន់​និង​ប្រឆាំង​នឹង​លោក​តាម​រយៈ ​ការ​ព្យួរ​ក​នៅ​ទី​សាធារណៈ ឬ​បាញ់​ចោល​តែម្តង។ ក្នុង​របប​ដឹកនាំ​របស់​លោក លោក​បាន​សម្លាប់​អ្នក​ទោស​នយោបាយ​ចំនួន ១.២០០​នាក់។…

តាំង សារ៉ាដា
http://www.rfa.org/khmer/news/analysis/why-do-we-need-justice-10082013004000.html