បុគ្គលិក​ឯកជន​មួយ​ចំនួន​ត្រូវ​បាន​គេ​រឹត​បន្តឹង​មិន​ឲ្យ​ចូលរួម​បោះឆ្នោត

បុគ្គលិក​ដែល​បម្រើ​ការ​នៅ​តាម​វិស័យ​ឯកជន​មួយ​ចំនួន ដូច​ជា ក្រុមហ៊ុន សហគ្រាស និង​រោងចក្រ​ជាដើម បាន​បង្ហាញ​ពី​ការ​លំបាក ដោយ​អ្នក​គ្រប់គ្រង​បាន​រឹត​បន្តឹង​បុគ្គលិក​នៅ​ក្រោម​បង្គាប់ មិន​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត ឬ​មិន​បើក​ប្រាក់​ខែ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ជាដើម។ បុគ្គលិក​ដែល​បម្រើ​ការ​នៅ​តាម​ក្រុមហ៊ុន​ឯកជន ជាអាទិ៍ ក្រុមហ៊ុន​ដឹក​សំរាម ស៊ីនទ្រី រោងចក្រ​កាត់​ដេរ និង​វិស័យ​ឯកជន​មួយ​ចំនួន​ទៀត បាន​អះអាង​ថា ថ្នាក់​ដឹកនាំ​មក​ពី​វិស័យ​ទាំង​នេះ មិន​បាន​អនុញ្ញាត​ច្បាប់​ឲ្យ​បុគ្គលិក​បាន​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា ទេ។ សកម្មភាព​នេះ​បាន​អនុវត្ត​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​សរសេរ​ថា ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្តន៍​នៃ​ច្បាប់​ស្ដីពី​ការងារ ត្រូវ​អនុញ្ញាត​ច្បាប់​ជូន​និយោជិក កម្មករ កម្មការិនី ពី ១​ថ្ងៃ ទៅ ៣​ថ្ងៃ ដើម្បី​ឈប់​សម្រាក និង​បាន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ។ សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់ គ.ជ.ប ឲ្យ​ដឹង​ទៀត​ថា ត្រូវ​រក្សា​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់​ធ្វើ​ការ​ទៀងទាត់​ជូន​កម្មករ​និយោជិក​នៅ​ដូច​ដើម ដោយ​ពុំ​តម្រូវ​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នានា​នៅ​ពេល​ត្រឡប់​មក​វិញ​ឡើយ។ បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ក្រុមហ៊ុន​កាត់​ត​រូបភាព ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ជី.អេស.ឌី (GSD = Graphic Solution Digital) នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចម្ការមន ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា អ្នក​គ្រប់គ្រង​ទូទៅ​មិន​បាន​បើក​សិទ្ធិ​ឲ្យ​បាន​ទូលំទូលាយ​សម្រាប់​ បុគ្គលិក នៅ​ខេត្ត​ឆ្ងាយៗ​បាន​ចេញ​ទៅ​បោះឆ្នោត​ទេ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ដែល​មាន​សាខា​នៅ​ប្រទេស​ថៃ ហើយ​នាំ​ផលិត​ផល​សម្រេច​របស់​ខ្លួន​ពី​ប្រទេស​កម្ពុជា នាំ​ទៅ​សហភាព​អឺរ៉ុប ផង​នោះ នឹង​ពុំ​បាន​បើក​លុយ​ឲ្យ​បុគ្គលិក​ជាង ២០០​នាក់ ដើម្បី​អាច​មាន​លទ្ធភាព​បាន​ទៅ​បោះឆ្នោត​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ឡើយ។ បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ចាត់​ការ​ទូទៅ​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ក្រុមហ៊ុន ជី.អេស.ឌី អះអាង​ថា លោក​បាន​បើក​សិទ្ធិ​យ៉ាង​ទូលំទូលាយ​សម្រាប់​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ ក្រុមហ៊ុន​កាត់​ត​រូបភាព​មួយ​នេះ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​សន្តិសុខ​ឈ្មោះ ហ្គុបល សិកឃ្យូរិទ្ធី ស៊ូលូសិន (Global Security Solution) ត្រូវ​បាន​បុគ្គលិក​សន្តិសុខ​ទម្លាយ​ឲ្យ​ដឹង​ថា អ្នក​គ្រប់គ្រង​ទូទៅ​បាន​រារាំង​មិន​ឲ្យ​ពួក​គេ​បាន​ចេញ​ទៅ​បោះឆ្នោត​នៅ​ ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ​នេះ​ដែរ។ …

http://www.rfa.org/khmer/news/human-rights/some-people-is-banned-go-to-vote-07262013053359.html