បុគ្គលិកឯកជនមួយចំនួនត្រូវបានគេរឹតបន្តឹងមិនឲ្យចូលរួមបោះឆ្នោត
បុគ្គលិកដែលបម្រើការនៅតាមវិស័យឯកជនមួយចំនួន ដូចជា ក្រុមហ៊ុន សហគ្រាស និងរោងចក្រជាដើម បានបង្ហាញពីការលំបាក ដោយអ្នកគ្រប់គ្រងបានរឹតបន្តឹងបុគ្គលិកនៅក្រោមបង្គាប់ មិនឲ្យទៅចូលរួមបោះឆ្នោត ឬមិនបើកប្រាក់ខែឲ្យធ្វើដំណើរទៅបោះឆ្នោតជាដើម។ បុគ្គលិកដែលបម្រើការនៅតាមក្រុមហ៊ុនឯកជន ជាអាទិ៍ ក្រុមហ៊ុនដឹកសំរាម ស៊ីនទ្រី រោងចក្រកាត់ដេរ និងវិស័យឯកជនមួយចំនួនទៀត បានអះអាងថា ថ្នាក់ដឹកនាំមកពីវិស័យទាំងនេះ មិនបានអនុញ្ញាតច្បាប់ឲ្យបុគ្គលិកបានចេញទៅបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ទេ។ សកម្មភាពនេះបានអនុវត្តផ្ទុយពីសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលសរសេរថា ម្ចាស់ និងនាយករោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារ ត្រូវអនុញ្ញាតច្បាប់ជូននិយោជិក កម្មករ កម្មការិនី ពី ១ថ្ងៃ ទៅ ៣ថ្ងៃ ដើម្បីឈប់សម្រាក និងបានទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ខាងមុខ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាការឆ្លើយតបនឹងសំណើរបស់ គ.ជ.ប ឲ្យដឹងទៀតថា ត្រូវរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិកនៅដូចដើម ដោយពុំតម្រូវឲ្យបង្ហាញឯកសារពាក់ព័ន្ធនានានៅពេលត្រឡប់មកវិញឡើយ។ បុគ្គលិកដែលបម្រើការនៅក្រុមហ៊ុនកាត់តរូបភាព ឬហៅកាត់ជាភាសាអង់គ្លេសថា ជី.អេស.ឌី (GSD = Graphic Solution Digital) នៅសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និយាយថា អ្នកគ្រប់គ្រងទូទៅមិនបានបើកសិទ្ធិឲ្យបានទូលំទូលាយសម្រាប់ បុគ្គលិក នៅខេត្តឆ្ងាយៗបានចេញទៅបោះឆ្នោតទេ។ លើសពីនេះទៀត ក្រុមហ៊ុនដែលមានសាខានៅប្រទេសថៃ ហើយនាំផលិតផលសម្រេចរបស់ខ្លួនពីប្រទេសកម្ពុជា នាំទៅសហភាពអឺរ៉ុប ផងនោះ នឹងពុំបានបើកលុយឲ្យបុគ្គលិកជាង ២០០នាក់ ដើម្បីអាចមានលទ្ធភាពបានទៅបោះឆ្នោតដូចពលរដ្ឋដទៃទៀតឡើយ។ បដិសេធនឹងការចោទប្រកាន់នេះ ប្រធានចាត់ការទូទៅប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន ជី.អេស.ឌី អះអាងថា លោកបានបើកសិទ្ធិយ៉ាងទូលំទូលាយសម្រាប់បុគ្គលិកដែលបម្រើការនៅ ក្រុមហ៊ុនកាត់តរូបភាពមួយនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនសន្តិសុខឈ្មោះ ហ្គុបល សិកឃ្យូរិទ្ធី ស៊ូលូសិន (Global Security Solution) ត្រូវបានបុគ្គលិកសន្តិសុខទម្លាយឲ្យដឹងថា អ្នកគ្រប់គ្រងទូទៅបានរារាំងមិនឲ្យពួកគេបានចេញទៅបោះឆ្នោតនៅ ថ្ងៃទី២៨ កក្កដា ខាងមុខនេះដែរ។ …
http://www.rfa.org/khmer/news/human-rights/some-people-is-banned-go-to-vote-07262013053359.html