ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បារម្ភ​ថា​ការ​បោះ​ឆ្នោត​ធ្វើ​ឡើងដោយ​​មិន​សម្ងាត់

ប្រជាពលរដ្ឋ​កម្ពុជា បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ច្រើន​អាណត្តិ​មក​ហើយ ក៏​ប៉ុន្តែ​អ្នក​បោះឆ្នោត​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​អំពី​នីតិវិធី​នៃ​ការ ​បោះ​ឆ្នោត​នៅ​ឡើយ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២១ កក្កដា បញ្ជាក់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ពេល​បច្ចុប្បន្ន គឺ​ធ្វើ​ឡើង​ដោយ​មិន​សម្ងាត់ ត្រឹមត្រូវ និង​យុត្តិធម៌។ សង្គម​ស៊ីវិល​បញ្ជាក់​ថា ប្រការ​ដែល​ម្ចាស់​ឆ្នោត​យល់​ឃើញ​បែប​នេះ គឺ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួកគាត់​បាន​មើល​ឃើញ​ជាក់​ស្ដែង គួប​ផ្សំ​នឹង​កង្វះ​ខាត​ព័ត៌មាន​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន​ ឲ្យ​បាន​ទូលំទូលាយ​ ដូច​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​១ ក្នុង​ឆ្នាំ​១៩៩៣។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ស្រដៀង​គ្នា​ថា ពួកគាត់​នៅ​តែ​ស្រពិចស្រពិល​អំពី​របៀប​នៃ​ការ​បោះឆ្នោត និង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​សម្ងាត់​ក្នុង​ការ​គូស​សន្លឹក​ឆ្នោត​ របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ។ ក្ដី​បារម្ភ​នេះ ក៏​ព្រោះ​តែ​មាន​មេភូមិ អនុ​ភូមិ ឬ​ចៅសង្កាត់ តាម​ដាន​ដឹង​ថា គ្រួសារ​ណា​មាន​និន្នាការ និង​បោះឆ្នោត​គាំទ្រ​គណបក្ស​ណា​មួយ​នោះ។ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អុន ចាន់វាសនា រស់​នៅ​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​អះអាង​ថា មិន​បាន​គំរាម​កំហែង ឬ​ចូល​ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ដើម្បី​តាមដាន​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​សកម្មភាព​តាមដាន និង​ការ​ប្រើ​ពាក្យ​សម្ដី​មួយ​ចំនួន​របស់​អាជ្ញាធរ​បាន​ធ្វើ​ឲ្យ​ការ​សម្រេច ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​រួច​ទៅ​ហើយ៖ «បើ​តាម​ភូមិ​ខ្លះ​គេ​ ដឹង គេ​អាច​ដឹង ព្រោះ​មេ​ភូមិ​គាត់​ប្រកាន់​គណបក្ស​តែ​ម្ដង អ៊ីចឹង​គឺ​គាត់​អាច​ដឹង​ថា ចំនួន​មនុស្ស​នៅ​ក្នុង​ផ្ទះ​នេះ​គឺ​អាច​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នេះ​អ៊ីចឹង»។…

វិទ្យុអាស៊ីសេរី
http://www.rfa.org/khmer/news/politics/kgchhnang-villagers-fear-of-not-free-election-07212013231616.html