ពលរដ្ឋនៅកំពង់ឆ្នាំងបារម្ភថាការបោះឆ្នោតធ្វើឡើងដោយមិនសម្ងាត់
ប្រជាពលរដ្ឋកម្ពុជា បានឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ច្រើនអាណត្តិមកហើយ ក៏ប៉ុន្តែអ្នកបោះឆ្នោតនៅតែមានភាពស្រពិចស្រពិលអំពីនីតិវិធីនៃការ បោះឆ្នោតនៅឡើយ។ ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ កក្កដា បញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ពេលបច្ចុប្បន្ន គឺធ្វើឡើងដោយមិនសម្ងាត់ ត្រឹមត្រូវ និងយុត្តិធម៌។ សង្គមស៊ីវិលបញ្ជាក់ថា ប្រការដែលម្ចាស់ឆ្នោតយល់ឃើញបែបនេះ គឺផ្អែកទៅលើអ្វីដែលពួកគាត់បានមើលឃើញជាក់ស្ដែង គួបផ្សំនឹងកង្វះខាតព័ត៌មានទាក់ទងនឹងការបោះឆ្នោតនៅតាមមូលដ្ឋាន ឲ្យបានទូលំទូលាយ ដូចការបោះឆ្នោតជាតិអាណត្តិទី១ ក្នុងឆ្នាំ១៩៩៣។ ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង បញ្ជាក់ស្រដៀងគ្នាថា ពួកគាត់នៅតែស្រពិចស្រពិលអំពីរបៀបនៃការបោះឆ្នោត និងមានការព្រួយបារម្ភចំពោះភាពសម្ងាត់ក្នុងការគូសសន្លឹកឆ្នោត របស់ពួកគាត់ នៅថ្ងៃទី២៨ កក្កដា ខាងមុខ។ ក្ដីបារម្ភនេះ ក៏ព្រោះតែមានមេភូមិ អនុភូមិ ឬចៅសង្កាត់ តាមដានដឹងថា គ្រួសារណាមាននិន្នាការ និងបោះឆ្នោតគាំទ្រគណបក្សណាមួយនោះ។ ប្រជាពលរដ្ឋម្នាក់ឈ្មោះ អុន ចាន់វាសនា រស់នៅឃុំតាំងក្រសាំង ស្រុកទឹកផុស មានប្រសាសន៍ថា បើទោះបីជាអាជ្ញាធរអះអាងថា មិនបានគំរាមកំហែង ឬចូលទៅក្នុងការិយាល័យបោះឆ្នោតដើម្បីតាមដានប្រជាពលរដ្ឋ ក៏ប៉ុន្តែសកម្មភាពតាមដាន និងការប្រើពាក្យសម្ដីមួយចំនួនរបស់អាជ្ញាធរបានធ្វើឲ្យការសម្រេច ចិត្តរបស់ប្រជាពលរដ្ឋភ័យខ្លាចរួចទៅហើយ៖ «បើតាមភូមិខ្លះគេ ដឹង គេអាចដឹង ព្រោះមេភូមិគាត់ប្រកាន់គណបក្សតែម្ដង អ៊ីចឹងគឺគាត់អាចដឹងថា ចំនួនមនុស្សនៅក្នុងផ្ទះនេះគឺអាចបោះឆ្នោតឲ្យគណបក្សនេះអ៊ីចឹង»។…
វិទ្យុអាស៊ីសេរី
http://www.rfa.org/khmer/news/politics/kgchhnang-villagers-fear-of-not-free-election-07212013231616.html