ព្រះមហាក្សត្រ​មិន​ទាន់​ទទួល​យក​សំណើ​របស់​បក្ស​ប្រឆាំង

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ពុំ​ទាន់​បាន​ទទួល​យក​សំណើ​របស់​គណបក្ស​នេះ ដែល​ស្នើ​សុំ​យាង​ព្រះអង្គ​ឲ្យ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ និង​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ នោះ​ទេ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា។ នេះ​ជា​លិខិត​លើក​ដំបូង​ដែល​គណបក្ស​ប្រឆាំង​បាន​ផ្ញើ​ទៅ​ព្រះមហាក្សត្រ នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​ឡើង​កម្ដៅ​នយោបាយ​ខ្លាំង ក្រោយ​ការ​បោះ​ឆ្នោត។ ព្រះមហាក្សត្រ​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង​ដែល ​សុំ​យាង​ព្រះអង្គ​ឲ្យ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ និង​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ នោះ​ទេ។ ព្រះអង្គ​បាន​ផ្ញើ​លិខិត​មួយ​តប​នឹង​លិខិត​ស្នើ​សុំ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្នុង​ន័យ​អរគុណ​ដល់​លោក សម រង្ស៊ី ដែល​បាន​គោរព និង​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះរាជសារ​របស់​ ព្រះអង្គ ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា។ ប៉ុន្តែ​ក្នុង​លិខិត​ខ្លី​របស់​ព្រះអង្គ មិន​បាន​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង​ដែល​ចង់​ឲ្យ​ទ្រង់​មក​ធ្វើ​ ព្រះរាជ​អន្តរាគមន៍​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ក្នុង​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា។ លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ថា​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​គម្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ពិសេស​ឯករាជ្យ​មួយ​ធ្វើ​ការ​ ស៊ើប​អង្កេត និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ តំណាងរាស្ត្រ ដែល​ការ​បោះ​ឆ្នោត​នោះ​មិន​ស្រប​ទៅ​នឹង​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ដោយ​ស្មើ​ភាព។ ប៉ុន្តែ​បាតុកម្ម​នោះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រក្សា​ភាព​ស្ងប់​ស្ងៀម និង​ភាព​ថ្លៃថ្នូរ​តាម​ព្រះ​រាជតម្រិះ​របស់​ព្រះអង្គ ដោយ​ធ្វើ​ក្នុង​រូបភាព​បួងសួង ស្មិងស្មាធិ៍ សុំ​សេចក្ដី​សុខ​សន្តិភាព និង​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋ។…

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/king-letters-to-samrainsy-09042013081450.html