ព្រះមហាក្សត្រមិនទាន់ទទួលយកសំណើរបស់បក្សប្រឆាំង
ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារឆ្លើយតបចំពោះលិខិតរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែពុំទាន់បានទទួលយកសំណើរបស់គណបក្សនេះ ដែលស្នើសុំយាងព្រះអង្គឲ្យធ្វើព្រះរាជអន្តរាគមន៍ និងជាអាជ្ញាកណ្ដាលដោះស្រាយរឿងភាពមិនប្រក្រតីក្នុងការបោះឆ្នោត នោះទេ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយទៅទីក្រុងប៉េកាំង ប្រទេសចិន ថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃច័ន្ទ ទី២ ខែកញ្ញា។ នេះជាលិខិតលើកដំបូងដែលគណបក្សប្រឆាំងបានផ្ញើទៅព្រះមហាក្សត្រ នៅគ្រាដែលស្ថានភាពនយោបាយនៅកម្ពុជា កំពុងឡើងកម្ដៅនយោបាយខ្លាំង ក្រោយការបោះឆ្នោត។
ព្រះមហាក្សត្រមិនបានឆ្លើយតបចំពោះសំណើសុំរបស់គណបក្សប្រឆាំងដែល សុំយាងព្រះអង្គឲ្យធ្វើព្រះរាជអន្តរាគមន៍ និងជាអាជ្ញាកណ្ដាលដោះស្រាយរឿងភាពមិនប្រក្រតីក្នុងការបោះឆ្នោត នោះទេ។
ព្រះអង្គបានផ្ញើលិខិតមួយតបនឹងលិខិតស្នើសុំរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៣ ខែកញ្ញា ក្នុងន័យអរគុណដល់លោក សម រង្ស៊ី ដែលបានគោរព និងដង្ហែតាមព្រះរាជតម្រិះដែលមានចែងនៅក្នុងព្រះរាជសាររបស់ ព្រះអង្គ ចុះថ្ងៃទី៣០ ខែសីហា។ ប៉ុន្តែក្នុងលិខិតខ្លីរបស់ព្រះអង្គ មិនបានតបចំពោះសំណើសុំរបស់គណបក្សប្រឆាំងដែលចង់ឲ្យទ្រង់មកធ្វើ ព្រះរាជអន្តរាគមន៍រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។
ក្នុងលិខិតថ្វាយព្រះមហាក្សត្រកាលពីថ្ងៃទី២ ខែកញ្ញា។ លោក សម រង្ស៊ី បញ្ជាក់ជំហរថាគណបក្សសង្គ្រោះជាតិ បានរៀបចំគម្រោងធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការពិសេសឯករាជ្យមួយធ្វើការ ស៊ើបអង្កេត និងដោះស្រាយភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ដែលការបោះឆ្នោតនោះមិនស្របទៅនឹងគោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងដោយស្មើភាព។ ប៉ុន្តែបាតុកម្មនោះធ្វើឡើងក្នុងគោលបំណងរក្សាភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូរតាមព្រះរាជតម្រិះរបស់ព្រះអង្គ ដោយធ្វើក្នុងរូបភាពបួងសួង ស្មិងស្មាធិ៍ សុំសេចក្ដីសុខសន្តិភាព និងយុត្តិធម៌ជូនដល់ពលរដ្ឋ។…
ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/king-letters-to-samrainsy-09042013081450.html