ភាពមិនប្រក្រតីក្នុងការបោះឆ្នោតកើនឡើងធៀបនឹងអាណត្តិមុន
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា (ខុមហ្វ្រែល) ដែលជាអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យធំបំផុត នៅក្នុងប្រទេសកម្ពុជា បានរកឃើញភាពមិនប្រក្រតីច្រើនជាងការបោះឆ្នោត ឆ្នាំ២០០៨ប្រហែលបួនដង។ លោកស្រី គង់ រ៉ាវីន ជាប្រធានក្រុមអ្នកសង្កេតការណ៍របស់ខុមហ្វ្រែល បានឲ្យដឹងថា ក្រុមការងាររបស់ខុមហ្វ្រែល បានរកឃើញភាពមិនប្រក្រតីជាងមួយម៉ឺនករណីតាម ការិយាល័យបោះឆ្នោតនានាកាលពីខែមុន ធៀបនឹងចំនួន២.០១២ករណីក្នុងឆ្នាំ២០០៨ ទោះបីជាខ្លួនមានអ្នកសង្កេតការណ៍នៅនឹងកន្លែង ផ្ទាល់តិចជាងកាលពីប្រាំឆ្នាំមុនក៏ដោយ។ លោកស្រី រ៉ាវីន បានឲ្យដឹងថា “ [ភាពមិនប្រក្រតី] ធំបំផុតគឺរឿងអ្នកបោះឆ្នោតបាត់បង់សិទ្ធិរបស់ ខ្លួនក្នុងការបោះឆ្នោត។ អំឡុងថ្ងៃបោះឆ្នោត ពួកគេរកឈ្មោះក្នុងបញ្ជីមិនឃើញ ឬបើមិនដូច្នេះទេ ឈ្មោះរបស់ខ្លួនត្រូវអ្នកបោះឆ្នោតផ្សេងទៀតយក ទៅប្រើរួចទៅហើយ ឬបើមិនអ៊ឺចឹងទេ គឺខុសឈ្មោះ ដូច្នេះមិនអាចបោះឆ្នោតបាន”។ ក្រុមអ្នកសង្កេតការណ៍របស់ខុមហ្វ្រែល បានរកឃើញភាពមិនប្រក្រតីចំនួន១០.៣៩៨ករណីនៅ ទូទាំងប្រទេសក្នុងថ្ងៃបោះឆ្នោត។ ភាពមិនប្រក្រតីច្រើនបំផុតត្រូវបានរកឃើញនៅ មណ្ឌលធំបំផុតទាំងពីរ គឺមណ្ឌលកំពង់ចាមដែលមាន៣.១៣៨ករណី និងមណ្ឌលភ្នំពេញដែលមាន១.៨២២ករណី។ លោកស្រីបានបន្តថា “ខ្ញុំគិតថា [ភាពមិនប្រក្រតី] ១០.០០០ករណី គឺជាបញ្ហាដ៏ធំមួយ បើប្រៀបធៀបនឹងការបោះឆ្នោតអាណត្តិមុន ដែលមាន ភាពមិនប្រក្រតីត្រឹម២.០០០ ឬ៣.០០០ ករណី។ [លទ្ធផលទាំងនេះ] យើងទទួលបានពី៥០០០ការិយាល័យបោះឆ្នោតតែ ប៉ុណ្ណោះ” ដោយបញ្ជាក់ថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសកម្ពុជាមាន ចំនួន១៩.០០៩។ …