រដ្ឋាភិបាល​ព្រមាន​បង្ក្រាប​បាតុកម្ម​របស់​បក្ស​ប្រឆាំង

ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​​ធ្វើ​ការ​ព្រមាន​​ កាល​ពី​ម្សិល​មិញ​ថា រដ្ឋាភិ​បា​​ល​នឹង​មិន​អត់​ឱនឲ្យ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ឡើយ ក្នុង​ករណី​ដែល​ពួក​គេ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ក្នុង​បំណង​ផ្តួល​រលំ​ រដ្ឋាភិបាល​។ ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​កាល​​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេសប្រសិន​បើ​គណបក្ស​ប្រជាជន មិន​ព្រម​សហការ​ ដើម្បី​បង្កើត​គណៈ​កម្មការ​ឯក​រាជ្យ​មួយដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ទៅ​លើ​ ភាព​មិន​ប្រក្រ​តី​​នៃ​លទ្ធផល​បោះ​ឆ្នោត​បឋម​ដែល​គណ​បក្ស​នេះ​និយាយ​ថា មាន​ការ​លួចបន្លំ​ជា​ទូទៅ​ទេ​នោះ​។ លោក ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញថា រដ្ឋាភិ​បាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បាន​នាំ​មក​នូវ​សមិទ្ធផល​ជា​ច្រើន​ ​រួម​ទាំង​ស្ថិរភាព និង​សន្តិ​ភាព​ជូន​ប្រជា​ជន​។ លោក​បាន​លើក​ឡើង​ថា ​លោក សម រង្ស៊ី និង​លោក កឹម សុខា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​ប្រកាស​​ថា​ និង​ជំរុញ​ប្រជា​ជន​ធ្វើ​មហា​បាតុកម្មដើម្បី​ផ្លាស់ប្តូរ​នៅ​​ក្នុង​ឆ្នាំ ២០១៣ នេះ​ឲ្យ​បាន​ជា​ដាច់​ខាត​។ ​​លោក​ខៀវ សុភ័គ បាន​បញ្ជាក់​ថា រដ្ឋាភិបាល ​​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ បំផ្លាញ​សមិទ្ធផល​ទាំង​អស់​នេះ​ទេ។ លោក​បាន​ថ្លែង​ទៀត​ថា៖ «​ក្នុង​ករណី​គាត់​របូត​មាត់​ដូច​លើក​មុនគាត់​ត្រូវ​តែ​កាត់​​បន្ថយ​​។ គ្រា​ន់​តែ​ធ្វើ​បាតុកម្ម​ធម្មតា​មិន​អី​ទេ តែ​កុំ​ធ្វើ​បាតុកម្ម​ផ្តួល​រលំ​រដ្ឋាភិបា​ល។ គ្មាន​អ្នក​ណា​ចង់​​មាន​បាតុកម្ម​ផ្តួល​រលំ​រដ្ឋាភិបាល​ទេ​ ព្រោះ​វា​ប៉ះពាល់​ដល់​​ការ​រស់​នៅ​របស់​​មនុស្ស​ទាំង​អស់ និង​ប៉ះពាល់​ដល់​សន្តិ​សុខ​​ជាតិ​។ យើង​មិន​​អនុញ្ញាត​ឲ្យ​ជន​ណា​ម្នាក់​​បំផ្លាញ​សមិទ្ធផល​របស់​ជាតិ​ទេ​»។ …

http://www.postkhmer.com/index.php/national/1-national-news/103059-2013-08-28-04-03-54