រដ្ឋាភិបាលព្រមានបង្ក្រាបបាតុកម្មរបស់បក្សប្រឆាំង
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានធ្វើការព្រមាន កាលពីម្សិលមិញថា រដ្ឋាភិបាលនឹងមិនអត់ឱនឲ្យមេដឹកនាំគណបក្សប្រឆាំងឡើយ ក្នុងករណីដែលពួកគេដឹកនាំធ្វើមហាបាតុកម្មក្នុងបំណងផ្តួលរលំ រដ្ឋាភិបាល។
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងធ្វើមហាបាតុកម្មនៅទូទាំងប្រទេសប្រសិនបើគណបក្សប្រជាជន មិនព្រមសហការ ដើម្បីបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីធ្វើការស៊ើបអង្កេតទៅលើ ភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតបឋមដែលគណបក្សនេះនិយាយថា មានការលួចបន្លំជាទូទៅទេនោះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននាំមកនូវសមិទ្ធផលជាច្រើន រួមទាំងស្ថិរភាព និងសន្តិភាពជូនប្រជាជន។ លោកបានលើកឡើងថា លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែប្រកាសថា និងជំរុញប្រជាជនធ្វើមហាបាតុកម្មដើម្បីផ្លាស់ប្តូរនៅក្នុងឆ្នាំ ២០១៣ នេះឲ្យបានជាដាច់ខាត។ លោកខៀវ សុភ័គ បានបញ្ជាក់ថា រដ្ឋាភិបាល នឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ បំផ្លាញសមិទ្ធផលទាំងអស់នេះទេ។
លោកបានថ្លែងទៀតថា៖ «ក្នុងករណីគាត់របូតមាត់ដូចលើកមុនគាត់ត្រូវតែកាត់បន្ថយ។ គ្រាន់តែធ្វើបាតុកម្មធម្មតាមិនអីទេ តែកុំធ្វើបាតុកម្មផ្តួលរលំរដ្ឋាភិបាល។ គ្មានអ្នកណាចង់មានបាតុកម្មផ្តួលរលំរដ្ឋាភិបាលទេ ព្រោះវាប៉ះពាល់ដល់ការរស់នៅរបស់មនុស្សទាំងអស់ និងប៉ះពាល់ដល់សន្តិសុខជាតិ។ យើងមិនអនុញ្ញាតឲ្យជនណាម្នាក់បំផ្លាញសមិទ្ធផលរបស់ជាតិទេ»។ …
http://www.postkhmer.com/index.php/national/1-national-news/103059-2013-08-28-04-03-54