លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គ.ជ.ប​បង្ហាញ​ថា​បក្ស​ប្រជាជន​ឈ្នះ

លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​១២ សីហា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​សំឡេង​គាំទ្រ​ចំនួន​ជាង ៣​លាន​សំឡេង (៣.២៣៥.៩៦៩) ឈ្នះ​ដាច់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សំឡេង​គាំទ្រ​ជាង ២​លាន​សំឡេង (២.៩៤៦.១៧៦)។ នេះ​បើ​តាម​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប. ដែល​បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា។ តួលេខ​ប្រកាស​ដោយ គ.ជ.ប មាន​តែ​គណបក្ស ២​ប៉ុណ្ណោះ ដែល​បាន​ចំនួន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា និង​ទី​២ គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ គ.ជ.ប នៅ​មិន​ទាន់​ប្រកាស​បែង​ចែក​ចំនួន​អាសនៈ​ដែល​ត្រូវ​ទទួល​បាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា​លទ្ធផល​ប្រកាស​ដោយ គ.ជ.ប នោះ​ត្រូវ​បាន​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក​ ហង្ស ពុទ្ធា យក​ទៅ​គណនា​តាម​រូបមន្ត​មធ្យម​ភាគ​ខ្ពស់​បំផុត ដើម្បី​រក​ចំនួន​អាសនៈ​ដែល​គណបក្ស​ទាំង​ពីរ​ត្រូវ​ទទួល​បាន​ក្នុង​រដ្ឋ​សភា។ លោក ហង្ស ពុទ្ធា គណនា​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន ៦៨​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥​អាសនៈ។ លទ្ធផល​នេះ​គឺ​ដូច​នឹង​ការប្រកាស​របស់​លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដែល​ប្រកាស​ភ្លាមៗ​ក្រោយ​ការ​បោះ​ឆ្នោត​តែ​ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ពី​ជ័យជំនះ​របស់​គណបក្ស​ប្រជាជន​ដែល​ឈ្នះ​គណបក្ស​ប្រឆាំង ហើយ​ថា លទ្ធផល​នោះ​នឹង​គ្មាន​ការ​ផ្លាស់​ប្ដូរ។ លទ្ធផល​បណ្ដោះ​អាសន្ន​ផ្លូវការ​មាន​ការ​លំអៀង​តិចតួច​ប៉ុណ្ណោះ​ជាមួយ​នឹង ​លទ្ធផល​បឋម​ដែល​ចេញ​ដោយ គ.ជ.ប កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ។ នៅ​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​គាំទ្រ​កើន​ឡើង​ខុស​ពី​តួលេខ​មុន រួម​មាន​ខេត្ត​តាកែវ កំពង់ចាម ក្រចេះ ព្រះវិហារ បាត់ដំបង មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ឆ្នាំង ឧត្តរមានជ័យ ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ កើន​ឡើង​ចន្លោះ​ពី ១សំឡេង ដល់​ជាង ៣.១៤១​សំឡេង។ តួលេខ​ដែល​កើន​ឡើង​ខ្ពស់​ជាង​គេ គឺ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ចំនួន ៣.១៤១​សំឡេង។ រីឯ​ខេត្ត​ចំនួន ៧​ទៀត សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​មាន​ការ​ថយ​ចុះ ចន្លោះ​ពី ២​សំឡេង ទៅ ៣០០ សំឡេង ក្នុង​នោះ​មាន​ខេត្ត​សៀមរាប ខេត្ត​កែប ព្រៃវែង កណ្ដាល កំពត កំពង់ស្ពឺ បន្ទាយមានជ័យ។ ខេត្ត​ចំនួន​ ៥​ទៀត សំឡេង​គាំទ្រ​នៅ​ដដែល រួម​មាន​ខេត្ត​ប៉ៃលិន ស្វាយរៀង ព្រះសីហនុ កោះកុង និង​ខេត្ត​កំពង់ធំ។…

http://www.rfa.org/khmer/news/politics/nec-temporary-result-08122013031139.html