លទ្ធផលបណ្ដោះអាសន្នរបស់គ.ជ.បបង្ហាញថាបក្សប្រជាជនឈ្នះ
លទ្ធផលបោះឆ្នោតបណ្ដោះអាសន្នដែលចេញដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ សីហា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សសង្គ្រោះជាតិ។ គណបក្សប្រជាជនកម្ពុជា បានសំឡេងគាំទ្រចំនួនជាង ៣លានសំឡេង (៣.២៣៥.៩៦៩) ឈ្នះដាច់គណបក្សសង្គ្រោះជាតិ ដែលមានសំឡេងគាំទ្រជាង ២លានសំឡេង (២.៩៤៦.១៧៦)។ នេះបើតាមការប្រកាសលទ្ធផលបណ្ដោះអាសន្នផ្លូវការរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. ដែលបានប្រកាសកាលពីព្រឹកថ្ងៃទី១២ ខែសីហា។ តួលេខប្រកាសដោយ គ.ជ.ប មានតែគណបក្ស ២ប៉ុណ្ណោះ ដែលបានចំនួនអាសនៈនៅក្នុងរដ្ឋសភា គឺទី១ គណបក្សប្រជាជនកម្ពុជា និងទី២ គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ គ.ជ.ប នៅមិនទាន់ប្រកាសបែងចែកចំនួនអាសនៈដែលត្រូវទទួលបាននៅឡើយទេ។ យ៉ាងណាលទ្ធផលប្រកាសដោយ គ.ជ.ប នោះត្រូវបាននាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា យកទៅគណនាតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដើម្បីរកចំនួនអាសនៈដែលគណបក្សទាំងពីរត្រូវទទួលបានក្នុងរដ្ឋសភា។ លោក ហង្ស ពុទ្ធា គណនាឃើញថា គណបក្សប្រជាជនកម្ពុជា បាន ៦៨អាសនៈ គណបក្សសង្គ្រោះជាតិ បាន ៥៥អាសនៈ។ លទ្ធផលនេះគឺដូចនឹងការប្រកាសរបស់លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលដែលប្រកាសភ្លាមៗក្រោយការបោះឆ្នោតតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ ពីជ័យជំនះរបស់គណបក្សប្រជាជនដែលឈ្នះគណបក្សប្រឆាំង ហើយថា លទ្ធផលនោះនឹងគ្មានការផ្លាស់ប្ដូរ។ លទ្ធផលបណ្ដោះអាសន្នផ្លូវការមានការលំអៀងតិចតួចប៉ុណ្ណោះជាមួយនឹង លទ្ធផលបឋមដែលចេញដោយ គ.ជ.ប កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ។ នៅក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងគាំទ្រកើនឡើងខុសពីតួលេខមុន រួមមានខេត្តតាកែវ កំពង់ចាម ក្រចេះ ព្រះវិហារ បាត់ដំបង មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ឆ្នាំង ឧត្តរមានជ័យ ពោធិ៍សាត់ និងរាជធានីភ្នំពេញ កើនឡើងចន្លោះពី ១សំឡេង ដល់ជាង ៣.១៤១សំឡេង។ តួលេខដែលកើនឡើងខ្ពស់ជាងគេ គឺនៅរាជធានីភ្នំពេញ ដែលមានចំនួន ៣.១៤១សំឡេង។ រីឯខេត្តចំនួន ៧ទៀត សំឡេងគាំទ្រគណបក្សប្រជាជនមានការថយចុះ ចន្លោះពី ២សំឡេង ទៅ ៣០០ សំឡេង ក្នុងនោះមានខេត្តសៀមរាប ខេត្តកែប ព្រៃវែង កណ្ដាល កំពត កំពង់ស្ពឺ បន្ទាយមានជ័យ។ ខេត្តចំនួន ៥ទៀត សំឡេងគាំទ្រនៅដដែល រួមមានខេត្តប៉ៃលិន ស្វាយរៀង ព្រះសីហនុ កោះកុង និងខេត្តកំពង់ធំ។…
http://www.rfa.org/khmer/news/politics/nec-temporary-result-08122013031139.html