លោក ជាម យៀប៖ តំណែង​ក្នុង​រដ្ឋសភា​រង់ចាំ​វត្តមាន​បក្ស​ប្រឆាំង

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា តំណែង​គណៈកម្មការ​ជំនាញ​ក្នុង​រដ្ឋសភា​នីតិកាល​ទី៥ មួយ​ចំនួន កំពុង​រង់ចាំ​សមាសភាព​ពី​គណបក្ស​ប្រឆាំង។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​ថ្លែង​ថា នៅ​បន្ត​រក្សា​ជំហរ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​រដ្ឋសភា​ដូច​ពេល​មុន ដរាប​ណា​មិន​មាន​កែ​ទម្រង់​ស្ថាប័ន​រដ្ឋសភា​នោះ​ទេ។ លោក ជាម យៀប សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី៥ ខែ​តុលា ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ត្រៀម​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ ទី៧ ខែ​តុលា មុន​នឹង​បើក​កិច្ច​ប្រជុំ​រដ្ឋ​ពេញ​អង្គ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ដើម្បី​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩ នៃ​រដ្ឋសភា​អាណត្តិ​ទី៥។ លោក​បន្ត​ថា តំណែង​ក្នុង​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីតិកាល​ទី៥ បាន​បើក​ទ្វារ​ស្វាគមន៍​បេក្ខភាព​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូល​រួម​ក្នុង​ការ​ជ្រើស​តាំង​នេះ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់ គេ​លើក​ឡើង​ថា រដ្ឋសភា និង​រាជ​រដ្ឋាភិបាល ដែល​បាន​ជ្រើស​តាំង​មក​នេះ សុទ្ធតែ​សភា និង​រាជ​រដ្ឋាភិបាល​មិន​គ្រប់​ទឹក។ ខ្ញុំ​ថា ទៅ​មិន​គ្រប់​ទឹក​យើង​ទៅ​បង្គ្រប់​ទឹក​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​ទៅ​គ្រប់​ទឹក​ទៅ​តាម​ច្បាប់។ អា​អ្នក​ថា​មិន​គ្រប់​ទឹក​ហ្នឹង គឺ​ខ្លួន​ឯង​ទេ ដែល​មិន​គ្រប់​ទឹក មិន​ព្រម​អនុវត្ត​ច្បាប់​នោះ។ ការ​ចរចា គឺ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​បើក​ជើង​មេឃ ដើម្បី​ចរចា​គ្នា ហើយ​កុំ​និយាយ​ថា ឯក​បក្ស ព្រោះ​មាន​គណបក្ស​ចំនួន​៨ បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ហើយ​ក្នុង​នោះ បក្ស​ពីរ​បាន​ជាប់​ឆ្នោត តែ​បើ​បក្ស​មួយ​មិន​ព្រម​ចូល តើ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ»។…

ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/Positions-in-the-National-Assembly-to-wait-for-the-presence-of-opposition-party-10052013064921.html