លោក ជាម យៀប៖ តំណែងក្នុងរដ្ឋសភារង់ចាំវត្តមានបក្សប្រឆាំង
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា តំណែងគណៈកម្មការជំនាញក្នុងរដ្ឋសភានីតិកាលទី៥ មួយចំនួន កំពុងរង់ចាំសមាសភាពពីគណបក្សប្រឆាំង។ ប៉ុន្តែ មន្ត្រីបក្សប្រឆាំងថ្លែងថា នៅបន្តរក្សាជំហរធ្វើពហិការមិនចូលប្រជុំរដ្ឋសភាដូចពេលមុន ដរាបណាមិនមានកែទម្រង់ស្ថាប័នរដ្ឋសភានោះទេ។
លោក ជាម យៀប សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។ លោកមានប្រសាសន៍នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ត្រៀមបើកកិច្ចប្រជុំនៅថ្ងៃច័ន្ទ ទី៧ ខែតុលា មុននឹងបើកកិច្ចប្រជុំរដ្ឋពេញអង្គរដ្ឋសភា នៅថ្ងៃទី១០ ខែតុលា ដើម្បីជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង៩ នៃរដ្ឋសភាអាណត្តិទី៥។
លោកបន្តថា តំណែងក្នុងគណៈកម្មការជំនាញរដ្ឋសភានីតិកាលទី៥ បានបើកទ្វារស្វាគមន៍បេក្ខភាពតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការជ្រើសតាំងនេះ៖ «ខ្ញុំមានការសោកស្ដាយណាស់ គេលើកឡើងថា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានជ្រើសតាំងមកនេះ សុទ្ធតែសភា និងរាជរដ្ឋាភិបាលមិនគ្រប់ទឹក។ ខ្ញុំថា ទៅមិនគ្រប់ទឹកយើងទៅបង្គ្រប់ទឹកជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយទៅគ្រប់ទឹកទៅតាមច្បាប់។ អាអ្នកថាមិនគ្រប់ទឹកហ្នឹង គឺខ្លួនឯងទេ ដែលមិនគ្រប់ទឹក មិនព្រមអនុវត្តច្បាប់នោះ។ ការចរចា គឺគណបក្សប្រជាជនកម្ពុជា នៅបើកជើងមេឃ ដើម្បីចរចាគ្នា ហើយកុំនិយាយថា ឯកបក្ស ព្រោះមានគណបក្សចំនួន៨ បានចូលរួមក្នុងការបោះឆ្នោត ហើយក្នុងនោះ បក្សពីរបានជាប់ឆ្នោត តែបើបក្សមួយមិនព្រមចូល តើឲ្យខ្ញុំធ្វើម៉េចទៅ»។…