សង្គមស៊ីវិល៖ បរិយាកាសឃោសនាបោះឆ្នោតមានភាពអាប់អួ
អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បានរកឃើញថា បរិយាកាសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ មានបរិយាកាសអាប់អួគួរឲ្យព្រួយបារម្ភ។ ប៉ុន្តែ ការអះអាងនេះ ត្រូវបានថ្នាក់ដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតច្រានចោល និងវាយតម្លៃថា សភាពការណ៍ឃោសនាបោះឆ្នោតមានដំណើរការល្អ និងគ្មានឃាតកម្មទៅលើសកម្មជនបក្សនយោបាយណាមួយទេ។ អង្គការឃ្លាំមើលការបោះឆ្នោត មានឈ្មោះថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ ដ្រាក (DHRAC) កាលពីថ្ងៃទី២៣ ខែកក្កដា បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញថា យុទ្ធនាការឃោសនារយៈពេល ២៦ថ្ងៃកន្លងទៅនេះ មានបរិយាកាសគួរឲ្យព្រួយបារម្ភបំផុត ចំពោះការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។ របាយការណ៍អង្គការ ដ្រាក បញ្ជាក់ថា បរិយាកាសអាប់អួទាំងនោះមានដូចជា គណបក្សប្រកួតប្រជែង និងអ្នកគាំទ្រនយោបាយបក្សកាន់អំណាច បានប្រព្រឹត្តផ្ទុយពីក្រមសីលធម៌នៃការឃោសនាបោះឆ្នោតធ្ងន់ធ្ងរ ដូចជាបានធ្វើសកម្មភាពរារាំងអ្នកបោះឆ្នោតមិនឲ្យចូលរួមនយោបាយ គំរាមម្ចាស់ឆ្នោតមិនឲ្យចូលរួមជាសមាជិកគណបក្សសង្គ្រោះជាតិ ឬគំរាមមិនឲ្យដង្ហែក្បួនឃោសនាគាំទ្រសកម្មភាពរបស់គណបក្សប្រឆាំង ជាដើម។ អង្គការ ដ្រាក ឲ្យដឹងថា គណបក្សដែលងាយរងគ្រោះខ្លាំងជាងគេចំពោះទង្វើ និងបញ្ហាផ្សេងៗក្នុងពេលឃោសនាបោះឆ្នោត គឺគណបក្សប្រឆាំង និងគណបក្សតូចៗដទៃទៀត។ ហើយថា គណបក្សនយោបាយដែលប្រើគ្រប់សកម្មភាព និងគ្រប់មធ្យោបាយដើម្បីយកឈ្នះការបោះឆ្នោតសភានីតិកាលទី៥ ខាងមុខ គឺគណបក្សប្រជាជនកម្ពុជា។ លោក គាន ពន្លក នាយកប្រតិបត្តិរងអង្គការ ដ្រាក បានឲ្យដឹងនៅថ្ងៃពុធ ទី២៤ ខែកក្កដា ថា អង្គការ ដ្រាក បានពង្រាយភ្នាក់ងារសង្កេតការណ៍ជាង ២.០០០នាក់ នៅទូទាំង ២៤រាជធានី-ខេត្ត សម្រាប់ឃ្លាំមើលស្ថានការណ៍បោះឆ្នោត។ លោកថា ជាង ៣សប្ដាហ៍មកនេះ អង្គការ ដ្រាក រកឃើញថា ក្បួនឃោសនារបស់បក្សកាន់អំណាចបានធ្វើសកម្មភាពរំខានការឃោសនា ឬយាយីបង្អាក់ក្បួនឃោសនា និងប៉ុនប៉ងបំបែកក្បួនឃោសនាបក្សប្រឆាំងកើតមានច្រើនករណី។ លោក គាន ពន្លក ឲ្យដឹងទៀតថា ចំពោះសកម្មភាពបំផ្លាញស្លាកសញ្ញាគណបក្ស ឬហែក និងដកហូតខិត្តប័ណ្ណពីអ្នកបោះឆ្នោត ព្រមទាំងដកហូតអត្តសញ្ញាណប័ណ្ណពីអ្នកបោះឆ្នោត និងការកាន់កាប់ទីធ្លាសាធារណៈផ្តាច់មុខសម្រាប់ធ្វើការឃោសនា គឺបក្សកាន់អំណាចបានក្ដោបក្ដាប់ភាគច្រើន៖ «ទន្ទឹមគ្នានោះ អ្វីដែលអង្គការ ដ្រាក រកឃើញថា ក្នុងមូលដ្ឋានប្រជាពលរដ្ឋនៅមូលដ្ឋាន មានការរើសអើងគ្នាទៅវិញទៅមកពាក់ព័ន្ធទៅនឹងគំនាបនៃការគាំទ្រ នយោបាយនេះ»។…
ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/dhrac-found-ugly-atmosphere-during-election-campaign-07242013082433.html