សង្គម​ស៊ីវិល៖ បរិយាកាស​ឃោសនា​បោះឆ្នោត​មាន​ភាព​អាប់អួ

អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង បាន​រក​ឃើញ​ថា បរិយាកាស​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី៥ មាន​បរិយាកាស​អាប់អួ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ប៉ុន្តែ ការ​អះអាង​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ច្រាន​ចោល និង​វាយ​តម្លៃ​ថា សភាពការណ៍​ឃោសនា​បោះឆ្នោត​មាន​ដំណើរ​ការ​ល្អ និង​គ្មាន​ឃាតកម្ម​ទៅ​លើ​សកម្មជន​បក្ស​នយោបាយ​ណា​មួយ​ទេ។ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត មាន​ឈ្មោះ​ថា ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រតិបត្តិការ ដ្រាក (DHRAC) កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន បង្ហាញ​ថា យុទ្ធនាការ​ឃោសនា​រយៈពេល ២៦​ថ្ងៃ​កន្លង​ទៅ​នេះ មាន​បរិយាកាស​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា។ របាយការណ៍​អង្គការ ដ្រាក បញ្ជាក់​ថា បរិយាកាស​អាប់អួ​ទាំង​នោះ​មាន​ដូច​ជា គណបក្ស​ប្រកួត​ប្រជែង និង​អ្នក​គាំទ្រ​នយោបាយ​បក្ស​កាន់​អំណាច បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រម​សីលធម៌​នៃ​ការ​ឃោសនា​បោះឆ្នោត​ធ្ងន់ធ្ងរ ដូច​ជា​បាន​ធ្វើ​សកម្មភាព​រារាំង​អ្នក​បោះឆ្នោត​មិន​ឲ្យ​ចូលរួម​នយោបាយ គំរាម​ម្ចាស់​ឆ្នោត​មិន​ឲ្យ​ចូលរួម​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គំរាម​មិន​ឲ្យ​ដង្ហែ​ក្បួន​ឃោសនា​គាំទ្រ​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ ជាដើម។ អង្គការ ដ្រាក ឲ្យ​ដឹង​ថា គណបក្ស​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ​ចំពោះ​ទង្វើ និង​បញ្ហា​ផ្សេងៗ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត គឺ​គណបក្ស​ប្រឆាំង និង​គណបក្ស​តូចៗ​ដទៃ​ទៀត។ ហើយ​ថា គណបក្ស​នយោបាយ​ដែល​ប្រើ​គ្រប់​សកម្មភាព និង​គ្រប់​មធ្យោបាយ​ដើម្បី​យក​ឈ្នះ​ការ​បោះឆ្នោត​សភា​នីតិកាល​ទី៥ ខាង​មុខ គឺ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក គាន ពន្លក នាយក​ប្រតិបត្តិ​រង​អង្គការ ដ្រាក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី២៤ ខែ​កក្កដា ថា អង្គការ ដ្រាក បាន​ពង្រាយ​ភ្នាក់ងារ​សង្កេតការណ៍​ជាង ២.០០០​នាក់ នៅ​ទូទាំង ២៤​រាជធានី-ខេត្ត សម្រាប់​ឃ្លាំ​មើល​ស្ថានការណ៍​បោះឆ្នោត។ លោក​ថា ជាង ៣​សប្ដាហ៍​មក​នេះ អង្គការ ដ្រាក រក​ឃើញ​ថា ក្បួន​ឃោសនា​របស់​បក្ស​កាន់​អំណាច​បាន​ធ្វើ​សកម្មភាព​រំខាន​ការ​ឃោសនា ឬ​យាយី​បង្អាក់​ក្បួន​ឃោសនា និង​ប៉ុនប៉ង​បំបែក​ក្បួន​ឃោសនា​បក្ស​ប្រឆាំង​កើត​មាន​ច្រើន​ករណី។ លោក គាន ពន្លក ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សកម្មភាព​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស ឬ​ហែក និង​ដក​ហូត​ខិត្តប័ណ្ណ​ពី​អ្នក​បោះឆ្នោត ព្រម​ទាំង​ដក​ហូត​អត្តសញ្ញាណប័ណ្ណ​ពី​អ្នក​បោះឆ្នោត និង​ការ​កាន់​កាប់​ទីធ្លា​សាធារណៈ​ផ្តាច់​មុខ​សម្រាប់​ធ្វើ​ការ​ឃោសនា គឺ​បក្ស​កាន់​អំណាច​បាន​ក្ដោបក្ដាប់​ភាគ​ច្រើន៖ «ទន្ទឹម​គ្នា​នោះ អ្វី​ដែល​អង្គការ ដ្រាក រក​ឃើញ​ថា ក្នុង​មូលដ្ឋាន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន មាន​ការ​រើសអើង​គ្នា​ទៅ​វិញ​ទៅ​មក​ពាក់ព័ន្ធ​ទៅ​នឹង​គំនាប​នៃ​ការ​គាំទ្រ​ នយោបាយ​នេះ»។…

ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/dhrac-found-ugly-atmosphere-during-election-campaign-07242013082433.html