សម រង្ស៊ី វិលមកវិញដោយមានការការពារនិងស្វាគមន៍ពីមនុស្សរាប់ម៉ឺននាក់
ភ្នំពេញៈ កងកម្លាំងនគរបាលនឹងត្រូវដាក់ពង្រាយជាពិសេស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅជុំវិញរាជធានី នៅថ្ងៃសុក្រ ដើម្បីរក្សាសណ្តាប់ធ្នាប់ ដោយសារមានមនុស្សប្រមាណ៤ម៉ឺននាក់នឹងទៅទទួលស្វាគមន៍ ការវិលត្រឡប់របស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួន។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក សម រង្ស៊ី បានទទួលការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលលើកទោសជាប់ពន្ធនាគាររយៈពេលជាងមួយទសវត្សរ៍ និងដែលបានត្រួសត្រាយផ្លូវឲ្យប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ វិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅមុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។ មួយថ្ងៃក្រោយមក លោកសម រង្ស៊ី បានប្រកាសតាម Facebook ថា លោកនឹងមកដល់កម្ពុជានៅថ្ងៃសុក្រ វេលាម៉ោង ៩ និង ០៥ នាទីព្រឹក តាមជើងយន្តហោះ Thai Airways។
យោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា អ្នកគាំទ្រ ២ ម៉ឺន នាក់ ត្រូវបានរំពឹងថា នឹងទៅទទួលស្វាគមន៍លោក សម រង្ស៊ី នៅអាកាសយានដ្ឋាន នៅពេលលោកមកដល់ ដោយ ២ ម៉ឺននាក់ទៀត នឹងរង់ចាំជួបលោកនៅសួនសេរីភាព។…
ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលព្រះមហាក្សត្រលើកលែងទោស លោក សម រង្ស៊ី លោក យឹម សុវណ្ណ បានថ្លែងថា គណបក្សសង្គ្រោះជាតិ បានធ្វើការដើម្បីធានាថា រយៈពេល ៩ ថ្ងៃក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលនៅសល់ ត្រូវធ្វើឲ្យមានប្រសិទ្ធភាពបំផុតនៅពេលមានវត្តមានលោក សម រង្ស៊ី។ លោកបានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី២០ ដល់២៦ ខែកក្កដា យើងនឹងធ្វើដំណើរទៅតាមខេត្ត … មាន ២៤ ខេត្ត ប៉ុន្តែផ្តោតលើ១៥ ខេត្ត»។ លោកបានបន្ថែមថា គណបក្សមានបំណងផ្តោតលើរាជធានីភ្នំពេញ និងខេត្តជុំវិញព្រមទាំងខេត្តនៅភាគខាងលិច។…
មាស សុខជា Shane Worrell និង វង្ស សុខេង
http://www.postkhmer.com/index.php/national/1-national-news/100760-2013-07-15-03-42-27