អង្គការតម្លាភាព​បង្ហាញ​ពី​ស្ថានភាព​មិន​ប្រក្រតីមួយ​ចំនួន​​​ក្នុង​​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

ក្នុងរយៈពេល​យុទ្ធនាការ​ប្រមាណ​ជាង​២៥​ថ្ងៃ​កន្លង​មក​នេះ អង្គការ​តម្លាភាព​បាន​សង្កេត​ឃើញ​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុនៗ មួយ​ចំនួន និង​ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​​បោះឆ្នោត ដែល ជា​ហេតុ​ធ្វើ​ឱ្យ​អង្គការ​ខាងលើ​មាន​ការព្រួយបារម្ភ​ក្នុង​ការប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី។ អង្គការ​តម្លាភាព​កម្ពុជា​បាន​សំដែង​ការព្រួយ​បារម្ភ​អំពី​ភាព​មិន​ប្រក្រតី ​មួយ​ចំនួន ជុំវិញ​យុទ្ទនាការ​ឃោសនា​បោះឆ្នោត និង​រឿង​លោក សម រង្ស៊ី មិនមាន​សិទ្ធិ​ចុះ​ឈ្មោះ និង​ឈរ​ឈ្មោះ​បោះឆ្នោត​បាន។ នៅ​ក្នុងសេចក្ដី​ថ្លែងការណ៍​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​​ទី​២៣ កក្កដា​នេះ បាន​បង្ហាញ​ថា​ស្ថានភាព​ក្នុង​កំឡុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​កំឡុង​ ពេលជាង​៤​សប្តាហ៍​កន្លង​មក​នេះ បាន​បង្ហាញ​ថា មាន​ភាព​មិន​ប្រក្រតី​ចំនួន​២ ដែល​អង្គការ​បាន​ចាត់ទុក​ថា​ជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​នៅ​តែ​បន្ត​ជា​ បញ្ហា​ប្រឈម​មុខ។ កាលពីថ្ងៃទី៥ កក្កដា​មាន​ការបាញ់​កាំភ្លើង​ឡើង​ទៅ​លើ​មួយ​ដោយ​មន្ត្រី​យោធា ទៅ​លើ​ក្បួន​ដង្ហែ​​របស់​គណបក្ស​ប្រឆាំង​ក្នុង​រាជធានី​ភ្នំពេញ។ ហើយ​កាលពី​ថ្ងៃ​ទី​២០ កក្កដា​កន្លង​ទៅ មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​ត្រូវ​បាន​គេ​ចោទ​ថា​បាន​បាញ់​ទៅ​លើ​ ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​ វិញ​របស់​លោក សម រង្ស៊ី។ ជាង​នេះ​ទៅ​ទៀត អង្គការ​ខាងលើ​បាន​លើក​ឡើងបន្ត​ថា ភាព​​មិន​ប្រក្រតី​បាន​កើតឡើង​មាន​មួយ​ចំនួន​ទៀត​ដែរ ដូចជា​ការ​រក​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ការទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រី​បក្ស​នយោបាយ​ផ្សេងៗ អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ មន្ត្រី​សាធារណៈ​ឃោសនា​បោះឆ្នោត​ក្នុង​ម៉ោង​ការងារ ការប្រើប្រាស់​សម្បត្តិ​រដ្ឋ ការ​បំផ្លាញ​ស្លាក​គណបក្ស និង​ការរំខាន​ដល់​យុទ្ធនាការ​បោះឆ្នោត​ជាដើម។…

ជា ប៊ុនធឿន
http://www.khmer.rfi.fr/transparency-report-compagn-election