អង្គការតម្លាភាពបង្ហាញពីស្ថានភាពមិនប្រក្រតីមួយចំនួនក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត
ក្នុងរយៈពេលយុទ្ធនាការប្រមាណជាង២៥ថ្ងៃកន្លងមកនេះ អង្គការតម្លាភាពបានសង្កេតឃើញថាមានភាពល្អប្រសើរជាងមុនៗ មួយចំនួន និងទន្ទឹមនឹងនេះដែរក៏មានភាពមិនប្រក្រតីមួយចំនួនបានកើតមានឡើងក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោត ដែល ជាហេតុធ្វើឱ្យអង្គការខាងលើមានការព្រួយបារម្ភក្នុងការប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី។ អង្គការតម្លាភាពកម្ពុជាបានសំដែងការព្រួយបារម្ភអំពីភាពមិនប្រក្រតី មួយចំនួន ជុំវិញយុទ្ទនាការឃោសនាបោះឆ្នោត និងរឿងលោក សម រង្ស៊ី មិនមានសិទ្ធិចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតបាន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់អង្គការតម្លាភាពកម្ពុជា ដែលបានចេញផ្សាយនាថ្ងៃអង្គារទី២៣ កក្កដានេះ បានបង្ហាញថាស្ថានភាពក្នុងកំឡុងយុទ្ធនាការបោះឆ្នោតក្នុងកំឡុង ពេលជាង៤សប្តាហ៍កន្លងមកនេះ បានបង្ហាញថា មានភាពមិនប្រក្រតីចំនួន២ ដែលអង្គការបានចាត់ទុកថាជាការគំរាមកំហែងផ្នែកនយោបាយនៅតែបន្តជា បញ្ហាប្រឈមមុខ។ កាលពីថ្ងៃទី៥ កក្កដាមានការបាញ់កាំភ្លើងឡើងទៅលើមួយដោយមន្ត្រីយោធា ទៅលើក្បួនដង្ហែរបស់គណបក្សប្រឆាំងក្នុងរាជធានីភ្នំពេញ។ ហើយកាលពីថ្ងៃទី២០ កក្កដាកន្លងទៅ មានជនមិនស្គាល់មុខម្នាក់ត្រូវបានគេចោទថាបានបាញ់ទៅលើ ទីស្នាក់ការគណបក្សសង្គ្រោះជាតិមួយថ្ងៃបន្ទាប់ពីការវិលត្រឡប់មក វិញរបស់លោក សម រង្ស៊ី។ ជាងនេះទៅទៀត អង្គការខាងលើបានលើកឡើងបន្តថា ភាពមិនប្រក្រតីបានកើតឡើងមានមួយចំនួនទៀតដែរ ដូចជាការរកមិនឃើញឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ការទិញទឹកចិត្តប្រជាពលរដ្ឋពីសំណាក់មន្ត្រីបក្សនយោបាយផ្សេងៗ អំពើហិង្សាលើសកម្មជនគណបក្សនយោបាយ និងប្រជាពលរដ្ឋ មន្ត្រីសាធារណៈឃោសនាបោះឆ្នោតក្នុងម៉ោងការងារ ការប្រើប្រាស់សម្បត្តិរដ្ឋ ការបំផ្លាញស្លាកគណបក្ស និងការរំខានដល់យុទ្ធនាការបោះឆ្នោតជាដើម។…
ជា ប៊ុនធឿន
http://www.khmer.rfi.fr/transparency-report-compagn-election