អង្គការ​សិទ្ធិ​មនុស្ស​ថា​មេ​ប៉ូលិស ទាហាន​បំភ័យ​អ្នក​បោះឆ្នោត

ភ្នំពេញៈ មន្រ្តី​យោធា​និង​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​បាន​និង​កំពុង​បំភិត​បំភ័យ អ្នក​បោះឆ្នោត តាម​រយៈ​ការ​ឃោសនា​យ៉ាង​ចំហ ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត។ នេះ​បើ​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (HRW) អះអាង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ម្សិលមិញ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ប្រចាំ​អាស៊ី លោក ប្រេដ អាដាម ដែល​គេ​ស្គាល់​ច្រើន និង​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​ទៅ​លើ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​លោក​បាន​ថ្លែង​ថា កម្លាំង​ចម្រុះ​ដែល​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង បង្កើត​«បរិយាកាស​បំភិត​បំភ័យ​» ទៅ​លើ​អ្នក​បោះឆ្នោត​នៅ​កម្ពុជា។ លោក ប្រេដ អាដាម បន្ត​ថា​៖ «កម្លាំង​ប្រដាប់​អាវុធ​និង​នគរបាល​នៅ​កម្ពុជា គួរ​ជា​ស្ថាប័ន​រដ្ឋ​មិន​នៅ​ក្នុង​បក្ស​នយោបាយ​ប៉ុន្តែ ក្នុង​ពេល​មុន​ការ​បោះឆ្នោត​នេះ​ពួក​គេ​បាន​ធ្វើ​យុទ្ធនាការ​សម្រាប់​លោក​ នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច»។ អង្គការ HRW បាន​ចោទ​ប្រកាន់​ថា យុទ្ធនាការ​ដែល​កំពុង​បន្ត​នេះ​បាន​អនុវត្ត​ជា​ចម្បង​នៅ​តាម​ខេត្ត និង​បាន​ពាក់​ព័ន្ធ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​នានា ដូចជា អគ្គ​មេ​បញ្ជាការ​កំពូល​កងទ័ព លោក ប៉ុល សារឿន អគ្គ​មេ​បញ្ជាការ​រង​លោក គន់ គីម កូន​ប្រុស​នាយក​រដ្ឋ​មន្ត្រី​លោក ហ៊ុន ម៉ាណែត និង​អគ្គ​មេ​បញ្ជាការ​រង​កងទ័ព លោក ហ៊ីង ប៊ុនហៀង។ សេចក្តី​ថ្លែង​ការណ៍​របស់ HRW បន្ថែម​ថា​៖«តួនាទី​បក្ស​របស់​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​មិន​ត្រឹម​តែ​ ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ទេ ប៉ុន្តែ ថែម​ទាំង​ប៉ះពាល់​ទៅ​ដល់​ក្រោយ​ពេល​បោះឆ្នោត​នៅ​ពេល​គណបក្ស​ប្រឆាំង​និង​ អ្នក​គាំទ្រ​ឯ​ទៀត ដែល​ងាយ​នឹង​ទទួល​រង​ការ​សង​សឹក និង​ការ​បំពាន​ផ្សេងៗ»។ បន្ថែម​ទៅ​លើ​បរិយាកាស​តានតឹង​អង្គការ​នេះ​បន្ត​ថា ការ​ព្រមាន​របស់​គណបក្ស​ប្រជាជន​ថា នឹង​មាន​សង្គ្រាម​ផ្ទុះ​ឡើង ប្រសិន​ខ្លួន​ចាញ់​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺជា​ការ​រំឭក​អំពី​សម្តី«​ហិង្សា​»​របស់​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្រ្តី។…

Shane Worrell និង ជាង សុខា
http://www.postkhmer.com/index.php/national/1-national-news/101251-2013-07-24-02-23-35