ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា

ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​លើក​ដំបូង​​៖ ថ្ងៃ​ទី​១២​​ ខែមករា​ ​ឆ្នាំ​២០២២​

តើ​ការ​វិនិយោគ​បរទេស​គឺជា​អ្វី​?

ការ​វិនិយោគ​បរទេស​ គឺ​សំដៅ​ទៅ​លើ​ការ​វិនិយោគ​ដោយ​ជនបរទេស​នៅ​ក្នុង​ប្រទេស​មួយ​ផ្សេង​ទៀត​ ហើយ​អនុញ្ញាត​ឱ្យ​វិនិយោគិន​មាន​សិទ្ធិ​គ្រប់គ្រង​ទៅ​លើ​ទ្រព្យសម្បត្តិ​ ឬ​ក្រុមហ៊ុន​ក្នុង​ប្រទេស​នោះ​។​ វិនិយោគិន​ក៏​មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការងារ​គ្រប់គ្រង​ និង​ការ​រៀបចំ​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ខ្លួន​។​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ដែល​ជា​ប្រភេទ​នៃ​ការ​វិនិយោគ​បរទេស​ គឺជា​ការ​វិនិយោគ​រូប​វន្ត​រយៈពេល​វែង​ និង​មានការ​ទិញ​នៅ​បរទេស​ដោយ​ក្រុមហ៊ុន​មួយ​។​ សកម្មភាព​នៃ​ការ​វិនិយោគ​ប្រភេទ​នេះ​ជា​ទូទៅ​ រួម​មាន​ ការ​បើក​សហគ្រាស​ឧស្សាហកម្ម​ ការ​ទិញ​សំណង់​អគារ​ ការ​បើក​រោងចក្រ​ ការ​ទិញ​ម៉ាស៊ីន​ ហើយ​ឧបករណ៍​ផ្សេងៗ​ទៀត​។​

ហេតុ​អ្វី​បានជា​វិនិយោគិន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​?

​ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ ព្រោះ​ប្រទេស​កម្ពុជា​បាន​រក្សា​កំណើន​ជា​មធ្យម​ ៧,៧%​ ចន្លោះ​ពី​ឆ្នាំ​១៩៩៨​ ដល់​ឆ្នាំ​២០១៩​។ ទោះបីជា​កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​ដោយសារ​ជំងឺ​រាតត្បាត​នៅ​ឆ្នាំ​២០២០​ ក៏​ដោយ​ កម្ពុជា​នៅ​តែ​បាន​បង្កើត​ការងារ​ជាង​ ១៥០,០០០​ កន្លែង​តាម​រយៈ​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ១៩៥​ និង​សំណើ​ពង្រីក​ផលិតកម្ម​ចំនួន​ ៤៣​ ផង​ដែរ​។​ ប្រទេស​កម្ពុជា​ជួយ​ឱ្យ​ការ​វិនិយោគ​មាន​ភាព​រីក​ចម្រើន​ដោយសារ​ហេតុផល​សំខាន់ៗ​ចំនួន​បួន​៖​

  • ​បរិយាកាស​វិនិយោគ​មាន​អំណោយផល​៖​ សេដ្ឋកិច្ច​បើក​ទូលាយ​ ការ​លើកទឹកចិត្ត​វិនិយោគ​មាន​ភាព​ទាក់ទាញ​ និង​ដំណើរការ​អនុម័ត​មាន​ភាព​ងាយស្រួល​
  • កម្លាំង​ពលកម្ម​មាន​ភាព​ប្រកួតប្រជែង​៖​ កម្លាំង​ពលកម្ម​វ័យក្មេង​ដែល​សកម្ម​ និង​ជំនាញ​ និង​ប្រាក់​ឈ្នួល​មាន​ភាព​ប្រកួតប្រជែង​
  • ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​៖​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​សក្តានុពល​ ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ និង​ទីផ្សារ​សំខាន់ៗ​
  • ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​៖​ កំណើនសេដ្ឋកិច្ច​រឹង​មាំ​ បរិយាកាស​ជំនួញ​មាន​ស្ថិរភាព​ និង​ការ​យកចិត្តទុកដាក់​ទៅ​លើ​ចីរភាព​។​

ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM)

នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​វេទិកា​ចុះបញ្ជី​វិនិយោគ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា​ (cdcIPM)​។​ ប្រព័ន្ធ​ cdcIPM​ នេះ​ផ្ដល់​លទ្ធភាព​ឱ្យ​វិនិយោគិន​ដាក់​ពាក្យ​ដោយ​ផ្ទាល់​ពី​គ្រប់​ទីកន្លែង​ និង​គ្រប់ពេលវេលា​ ដើម្បី​សម្រួល​កិច្ច​វិនិយោគ​ឱ្យ​ កាន់តែ​មាន​ភាព​ងាយស្រួល​ កាត់​បន្ថយ​ពេលវេលា​ ធានា​បាន​នូវ​តម្លាភាព​ សុក្រឹតភាព​ និង​ប្រសិទ្ធភាព​ ព្រមទាំង​ ចូលរួម​កសាង​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​ និង​រដ្ឋាភិបាល​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ លើស​ពី​នេះ​ វា​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ និង​សង្គម​ និង​រដ្ឋាភិបាល​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​៖​ https://ipm.cdc.gov.kh/​ ។​

តើ​ប្រទេស​កម្ពុជា​មាន​វិស័យ​អាទិភាព​អ្វីខ្លះ​?

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចុះបញ្ជី​វិស័យ​អាទិភាព​ចំនួន​ប្រាំមួយ​ ដែល​ជា​ផ្នែក​ដ៏​រឹង​មាំ​នៃ​សេដ្ឋកិច្ច​ និង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៖

  • ​ក​សិ​-​ចំណីអាហារ​
  • យានយន្ត​
  • ​អេ​ឡិច​ត្រូ​និ​ច​
  • ​វាយនភ័ណ្ឌ​ និង​សំលៀក​បំពាក់​
  • ​កង់​ និង​គ្រឿង​បង្គុំ​
  • ​គ្រឿងសង្ហារិម​ និង​ឧស្សាហកម្ម​ឈើ​ដាំ​

តើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​រួមចំណែក​ដល់​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​ប៉ុន្មាន​?

តើ​និន្នាការ​នៃ​ការ​វិនិយោគ​តាម​ប្រទេស​ និង​វិស័យ​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​បែប​ណា​?

​ក្នុង​ឆ្នាំ​២០១៨​ ប្រទេស​ចិន​ គឺជា​ប្រទេស​វិនិយោគ​បរទេស​កំពូល​នៅ​ក្នុង​កម្ពុជា​ ដែល​មានបាន​វិនិយោគ​ចំនួន​ ៣​ ១៧៩​ លាន​ដុល្លារ​ និង​ប្រទេស​វិនិយោគ​បរទេស​កំពូល​បន្ទាប់​គឺ​ប្រទេស​ជប៉ុន​ (៨៨២​ លាន​ដុល្លារ​)​។​ ខណៈ​ពេល​ដែល​ការ​វិនិយោគ​របស់​ចិន​បាន​បន្ត​ធ្លាក់​ចុះ​ពី​ ២​ ៧៤៦​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ មក​ ១​ ៣៩៣​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​ អ្នក​វិនិយោគ​បរទេស​ថ្មី​មក​ពី​តំបន់​អា​មេ​រិ​កបាន​មក​វិនិយោគ​។​ កោះ​ British​ Virgin​ បាន​បង្ហាញ​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​២០១៩​ ជាមួយនឹង​ទុន​វិនិយោគ​ចំនួន​ ៥៤៦​ លាន​ដុល្លារ​ ហើយ​កោះ​ Cayman​ បាន​ក្លាយជា​អ្នក​វិនិយោគ​បរទេស​កំពូល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​ ជាមួយនឹង​ទុន​វិនិយោគ​ចំនួន​ ១​ ៧២២​ លាន​ដុល្លារ​។​

ក្រាប​បន្ទាត់​ខាងក្រោម​បង្ហាញ​ពី​ការ​ប្រែប្រួល​នៃ​ការ​វិនិយោគ​តាម​វិស័យ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​២០២០​។​ ប៉ុន្តែ​វា​បាន​បង្ហាញ​ពី​និន្នាការ​ធ្លាក់​ចុះ​ក្នុងអំឡុងពេល​ឆ្នាំ​២០១៩​ -​ ២០២០​ លើកលែងតែ​វិស័យ​ថាមពល​ដែល​បាន​កើនឡើង​ពី​ ១៥៨​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ ដល់​ ១​ ៧៦៣​ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​បន្ទាប់​។​ វិស័យ​ទេសចរណ៍​បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​បំផុត​ ដោយសារ​តែ​វា​បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​ ១​ ៥០៨​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​ ដល់​ ៦​ ០៥១​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ មុន​ពេល​ធ្លាក់​ចុះ​មក​ត្រឹម​ ៣​ ៨៤០​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។​ គួរ​ឱ្យ​យ​កត់​សំគាល់ថា​ ការ​វិនិយោគ​ក្នុង​វិស័យ​សេវាកម្ម​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ ៣​ ១៧២​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​ ដល់​ ១​ ០២១​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ ដល់​ ៣២១​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។​

​តើ​ច្បាប់​ថ្មី​និង​ច្បាប់​ចាស់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ភាព​ស្រ​ដៀង​គ្នា​និង​ភាព​ខុស​គ្នា​យ៉ាងដូចម្តេច​ ?

​ភាព​ស្រ​ដៀង​គ្នា​:​

  1. ​ការ​លើកទឹកចិត្ត​វិនិយោគ​៖​ គ្រប់​គម្រោង​វិនិយោគ​ណាមួយ​ ដែល​មាន​បំណង​ចង់​ទទួល​បាន​ឈ្មោះ​ជា​គម្រោង​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ (​គ​.​ល​.​គ​)​ មិន​ត្រូវ​ដាក់​ក្នុង​បញ្ជី​អវិជ្ជមាន​ទេ​។​
  2. ​ការ​ធានា​វិនិយោគ​៖​ ច្បាប់​ចាស់​និង​ច្បាប់​ថ្មី​បាន​ផ្តោត​សំខាន់​លើ​បួន​ចំនុច​សំខាន់ៗ​ទាក់ទង​នឹង​ការ​ធានា​វិនិយោគ​ ដែល​មាន​ ដូច​ជា​ រដ្ឋ​មិន​ត្រូវ​មាន​ភាព​មិន​រើសអើង​ចំពោះ​វិនិយោគិន​បរទេស​ រដ្ឋ​មិន​ត្រូវធ្វើ​ជាតូបនីយកម្ម​ រដ្ឋ​មិន​ត្រូវ​កំណត់​ថ្លៃ​ផលិតផល​ឬ​សេវាកម្ម​ ហើយ​រដ្ឋ​ត្រូវ​ឱ្យ​សិទ្ធិ​ក្នុង​ការ​ទិញ​រូបិយប័ណ្ណ​បរទេស​។​
  3. ​ការ​លើកទឹកចិត្ត​ដែល​ត្រូវ​បាន​អនុម័ត​៖​ ការ​លើកទឹកចិត្ត​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (​ក​.​អ​.​ក​)​ អាច​ត្រូវ​បាន​ផ្ទេរ​តាម​រយៈ​ការ​ទិញ​ ការ​លក់​ ឬ​ការ​រួម​បញ្ចូល​នៃ​គម្រោង​វិនិយោគ​ ប៉ុន្តែ​មិន​អាច​ផ្ទេ​ទៅ​តតិយជន​ណាមួយ​បាន​ទេ​។​
  4. ​វិវាទ​ និង​ការ​ដោះស្រាយ​វិវាទ​៖​ ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​រវាង​វិនិយោគិន​គឺ​ធ្វើ​ឡើង​តាម​យន្តការ​សម្របសម្រួល​ដោយ​ ក​.​អ​.​ក​ ឬ​ដោយ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​ ខេត្ត​ ស្រប​តាម​នីតិវិធី​នៃ​សំណើ​ជា​លាយលក្ខណ៍អក្សរ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​រយៈពេល​៣០​ថ្ងៃ​។​

​តើ​ព្រឹត្តិការណ៍​អ្វីខ្លះ​ដែល​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា​?

​ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ ហើយ​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ដែល​មាន​អត្រាកំណើន​ប្រហែល​ ៧%​ ចាប់តាំងពី​ឆ្នាំ​២០១១​។​ សេដ្ឋកិច្ច​ និង​ការ​វិនិយោគ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ច្បាប់​ បទ​ប្បញ្ញត្តិ​ និង​ព្រឹត្តិការណ៍​ដូច​ខាងក្រោម​។​