គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ

គោលដៅ​ទី​១៧​ “​ពង្រឹង​មធ្យោបាយ​អនុវត្ត​នានា​ និង​បង្កើត​ភាព​រស់​រវើក​នៃ​ភាព​ជា​ដៃគូ​សកល​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​ គឺ​ស្តី​អំពី​ការ​សហការ​គ្នា​រវាង​ រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ សា្ថ​ប័ន​ឯកជន​ និង​ ភាគី​ផ្សេងៗ​ ដើម្បី​សម្រេច​បាន​នូវ​ក្រប​ខណ្ឌ​អភិវឌ្ឍ​ឆ្នាំ​២០៣០​។​ គោលដៅ​នេះ​មាន​ ចំណុច​ដៅ​សកល​ចំនួន​១៩​ និង​សូចនាករ​ចំនួន​២៥​។​

​ចំណុច​ដៅ​ទាំងនេះ​ ត្រូវ​បាន​បែង​ចែង​តាម​វិស័យ​ស្តី​ពី​ ហិរញ្ញវត្ថុ​ (៥​ដំបូង​)​ បច្ចេកវិទ្យា​ (​ទី​៦​ ដល់​ ទី​៩)​ ការ​កសាង​សមត្ថ​ភាព​ (​ទី​៩)​ ពាណិជ្ជកម្ម​ (​ទី​១០​ ដល់​ ទី​១២)​ និង​បញ្ហា​ជា​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ (​ទី​១៣​ ដល់​ ទី​១៩)​។​ ចំណុច​ដៅ​ខ្លះ​ ទាមទារ​ឲ្យ​មានការ​សម្របសម្រួល​ពី​ប្រទេស​អភិវឌ្ឍ​ ព្រោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ជា​ កម្ពុជា​ មិន​អាច​អនុវត្ត​ចំណុច​ដៅ​ទាំងនោះ​បាន​ដោយ​ខ្លួនឯង​នោះ​ទេ​។​

​ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១៧​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​៨​ ស្តី​ពី​ ភាព​ជា​ដៃគូ​ជា​សកល​សម្រាប់​ការ​អភិវឌ្ឍ​ គឺជា​គោលដៅ​ ដែល​ស្រ​ដៀង​នឹង​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១៧​ ជាងគេ​។​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​៨​ មាន​ចំណុច​ដៅ​ចំនួន​៦​ ដែល​គ្របដណ្តប់​វិស័យ​ដូច​ជា​ ពាណិជ្ជកម្ម​ តម្រូវការ​ពិសេស​របស់​ប្រទេស​អភិវឌ្ឍ​តិចតួច​ ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ រដ្ឋ​ដែន​មាន​កោះ​តូចៗ​ បញ្ហា​បំណុល​ ឱស​ថ​ស្របច្បាប់​ដែល​អាច​រកបាន​ និង​បច្ចេកវិទ្យា​ថ្មីៗ​។​

​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ដែល​កម្ពុជា​បាន​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ មិន​មាន​សូចនាករ​សម្រាប់​គោលដៅ​ទី​៨​ ទេ​។​ រដ្ឋាភិបាល​ ចាត់​ទុក​គោលដៅ​នោះ​ថា​ ផ្តោត​ទៅ​លើ​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ និង​ប្រទេស​ម្ចាស់​ជំនួយ​។​ ទោះជា​យ៉ាងណា​ កម្ពុជា​ បាន​តាមដាន​លំហូរ​ធនធាន​ ជំនួយ​អភិវឌ្ឍ​ផ្លូវការ​។​ ការ​បែងចែក​ ជំនួយ​អភិវឌ្ឍ​ផ្លូវការ​ សរុប​ បាន​កើនឡើង​រហូត​ដល់​ ១,៤៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ឆ្នាំ​២០១៤​។​1​ កម្ពុជា​ក៏​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​ជា​អន្តរជាតិ​។​

​ការ​ឃ្លាំមើល​គោលនយោបាយ​សកល​ (Global​ Policy​ Watch)​ បាន​កត់សម្គាល់​ក្នុង​ឆ្នាំ​២០១៨​នេះ​ថា​  គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១៧​ “​មាន​សូចនាករ​បន្ថែម​ បើ​ប្រៀបធៀប​ទៅ​នឹង​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ហើយ​សូចនាករ​ចំនួន​៣​ ត្រូវ​បាន​ប្រើ​សម្រាប់​វាស់វែង​ការ​គាំទ្រ​ដល់​ ការិយាល័យ​ស្ថិតិ​ជាតិ​”។​2​ យ៉ាងណា​ក៏​ដោយនៅ​ចំនុច​ខ្លះ​ហាក់ដូចជា​មាន​ជំហាន​ថយក្រោយ​នៅឡើយ​។​ “​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ បាន​វាយតម្លៃ​ការ​អនុវត្ត​ ដោយ​មាន​សូចនាករ​គោលនយោបាយ​សំខាន់ៗ​ ដែល​មិន​បាន​បញ្ចូល​ក្នុង​គោលដៅ​អភិវឌ្ឍដោយ​ចីរភាព​បច្ចុប្បន្ន​។​ ជា​ឧទាហរណ៍​ ការ​វាស់វែង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​លែង​មាន​ទៀត​ហើយ​។​ ចំពោះ​សូចនាករ​ចំនួន​៣​  ដែល​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ (​លើ​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​របស់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ និង​ការ​ឧបត្ថម្ភ​ធន​កសិកម្ម​របស់​បណ្តា​ប្រទេស​ជា​សមាជិក​ អង្គការ​សម្រាប់​ការ​អភិវឌ្ឍ​ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ (OECD))​ ក៏​លែង​មាន​ទៀត​ដែរ​នៅ​ក្នុង​ការ​កំណត់​ថ្មី​នេះ​។​”​3

​មានការ​ងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ សម្រាប់​សូចនាករ​សកល​របស់​គោលដៅ​ទី​១៧​។​ មក​ដល់​ដើមខែ​មីនា​ ឆ្នាំ​២០១៩​ នៅ​មាន​ សូចនាករ​លំដាប់​ទី​៣​ ចំនួន​៦​ ទៀត​ដែល​មិន​ទាន់​បាន​ត្រួតពិនិត្យ​នៅឡើយ​។​4​ (“​មិន​មាន​មធ្យោបាយ​ ឬ​ ស្តង់ដា​អន្តរជាតិ​ណា​សម្រាប់​សូចនាករ​នេះ​ទេ​ តែ​មធ្យោបាយ​ និង​ស្តង់ដា​ទាំងនេះ​កំពុង​ត្រូវ​បាន​បង្កើត​ និង​សាកល្បង​”​។​)5

​បើ​ក្រឡេក​មើល​ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សកល​ឲ្យ​លម្អិត​ កម្ពុជា​ បាន​សម្រេច​ជោគជ័យ​ខ្លះៗ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ ដូច​ជា​ចំណុច​ដៅ​ទី​១៧.១​ ស្តី​ពី​ការ​ពង្រឹង​សមត្ថ​ភាព​ក្នុងស្រុក​សម្រាប់​ការ​ប្រមូល​ពន្ធ​ និង​ចំណូល​ថវិកា​ផ្សេងៗ​ទៀត​។​ យុទ្ធសាស្ត្រ​ប្រមូល​ចំណូល​របស់​កម្ពុជា​ ពី​ឆ្នាំ​២០១៤​ ដល់​ ២០១៨​ បាន​បង្កើន​ការ​ប្រមូល​ពន្ធ​ និង​ចំណូល​ថវិកា​បាន​យ៉ាង​ជោគជ័យ​។​ ជាក់ស្តែង​ កម្ពុជា​ ប្រមូល​បាន​ ៣,៨៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​គ្រប់​ប្រភព​ពន្ធ​ក្នុង​ ឆ្នាំ​២០១៧​ ដែល​កើនឡើង​១៨,៥%​ ពី​ចំនួន​ ៣,៣២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ ឆ្នាំ​២០១៦​។​6​ កម្ពុជា​មិន​បាន​ជ្រើសរើស​ចំណុច​ដៅ​នេះ​ ដាក់​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ឡើយ​។​

​ចំណុច​ដៅ​ផ្សេង​ទៀត​ ដូច​ជា​ចំណុច​ទី​១៧.៨​ ដែល​គ្របដណ្តប់​លើ​ការ​កសាង​សមត្ថភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ជា​ពិសេស​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ គឺជា​បញ្ហា​ប្រឈម​មួយ​។​ ជាក់ស្តែង​ នៅ​ក្នុង​ស​ន្ទ​ស្សន៍​នៃ​ការ​ច្នៃប្រឌិត​សកល​ ឆ្នាំ​២០១៨​ កម្ពុជា​ ជាប់​ចំណាត់ថ្នាក់​លេខ​៩៨​ ក្នុង​ចំណោម​ ១២៦​ប្រទេស​។​7

​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​ទី​១៧​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​កម្ពុជា​នឹង​វាស់វែង​ការងារ​របស់​ខ្លួន​នៅ​ក្រោម​របៀបវារៈ​ឆ្នាំ​២០៣០​ ទៅ​នឹង​ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ហើយ​នៅ​ចុងឆ្នាំ​២០១៨​ រដ្ឋាភិបាល​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នូវ​ ចំណុច​ដៅ​ និង​សូចនាករ​ ដែល​បាន​ដាក់​បញ្ចូល​ក្នុង​គោលដៅ​របស់​ខ្លួន​។​8

​ចំណុច​ដៅ​ ដែល​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ មាន​ដូច​ជា​៖

១៧.១​ ពង្រឹង​ការ​កៀរគរ​ធនធាន​ក្នុងស្រុក​ រួម​ទាំង​ការ​ប្រមូល​ចំណូល​ថវិកា​

១៧.២​ ប្រទេស​អភិវឌ្ឍ អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ជំនួយ​អភិវឌ្ឍន៍​

១៧.៤​ ជួយ​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍដើម្បី​ទទួល​បាន​និរន្ត​ភាព​បំណុល​យូរអង្វែង​

១៧.៥​ អនុវត្ត​ការ​ផ្សព្វផ្សាយ​ការ​វិនិយោគ​សម្រាប់​ប្រទេស​អភិវឌ្ឍ​តិចតួច​

១៧.៧​ ចែក​ចាក​បច្ចេកវិទ្យា​ដែល​មាន​សុវត្ថិភាព​សម្រាប់​បរិស្ថាន​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍ​

១៧.១១​ បង្កើន​ការ​នាំ​ចេញ​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​

១៧.១២​ អនុវត្ត​ការ​ទទួល​បាន​ទីផ្សារ​រួច​ពន្ធ​សម្រាប់​ប្រទេស​អភិវឌ្ឍ​តិចតួច​

១៧.១៣​ ពង្រឹង​សេ្ថ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​សកល​

១៧.១៤​ ពង្រឹង​គោលនយោបាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​

១៧.១៥​ គោរព​មធ្យោបាយ​របស់​ប្រទេស​នីមួយៗ​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ និង​ការ​អភិវឌ្ឍ​

១៧.១៦​ ពង្រឹង​ភាព​ជា​ដៃគូ​ជា​សកល​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​

​មាន​ករណី​ជា​ច្រើន​ ទាមទារ​ឲ្យ​មានការ​ចាត់វិធានការ​ពី​សំណាក់​រដ្ឋាភិបាល​ នៃ​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ការ​មិន​ដាក់​បញ្ចូល​ចំណុច​ដៅ​ទាំងនេះ​ គឺ​ស្របគ្នា​នឹង​មធ្យោបាយ​របស់​កម្ពុជា​ក្នុង​ការ​មិន​ដាក់​បញ្ចូល​ចំណុច​ដៅ​ណា​ ដែល​មិន​ត្រូវការ​វិធានការ​របស់​ខ្លួន​។​

​ចំណុច​ដៅ​ និង​សូចនាករ​ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​រដ្ឋាភិបាល​កម្ពុជា​ បាន​បង្ហាញ​ក្នុង​តារាង​ខាងក្រោម​។​

​ចំណុច​ដៅ​ និង​សូចនាករ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោ​ចីរភាព​កម្ពុ​ជាទី​១៧​ រួម​ទាំង​ភ្នាក់ងារ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​គោលដៅ​ទាំងនេះ​៖9

ចំណុច​ដៅ​

​សូចនាករ​ និង​ស្ថាប័ន​ទទួលខុសត្រូវ​ផ្នែក​ទិន្នន័យ​

​ឆ្នាំ​គោល​ និង​សូចនាករ​

១៧.៣​ កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ពី​ប្រភព​ចម្រុះ​ សម្រាប់​ផ្តល់​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។​

១៧.៣.១​  សមាមាត្រ​នៃ​ហិរញ្ញប្បទាន​ចម្រុះ​ធៀប​នឹង​ ផលិតផល​ក្នុងស្រុក​សរុប​ (​ផ​.​ស​.​ស​)

(​គណៈកម្មាធិការ​នីតិ​សម្បទាន​ និង​អភិវឌ្ឍន៍​កម្ពុជា​)​

​ឆ្នាំ​គោល​ (២០១៦)​ ៧,៣៥%​ នៃ​ ផ​.​ស​.​ស​

​ចំណុច​ដៅ​ ២០២៥​ ៤,០៩%

​ចំណុច​ដៅ​ ២០៣០​ ៣,០៣%

១៧.៦​ លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជើង​-​ត្បូង​ កិច្ច​សហប្រតិបត្តិការ​ត្បូង​-​ត្បូង​ កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ការ​ទទួល​បាន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ និង​លើកកម្ពស់​ការ​ចែករំលែក​ការ​យល់​ដឹង​ស្តី​ពី​ទម្រង់​នៃ​ការ​ឯកភាព​ទាំង​សងខាង​ រូ​ម​ទាំង​តាម​រយៈ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ការ​សម្របសម្រួល​ក្នុង​ចំណោម​យន្តការ​ដែល​មាន​ស្រាប់​ ជា​ពិសេស​ក្នុង​កម្រិត​សហប្រជាជាតិ​ និង​តាម​រយៈ​យន្តការ​សម្របសម្រួល​បច្ចេកវិទ្យា​សកល​។

១៧.៦.១​  ភាគរយ​នៃ​ប្រជាជន​ដែល​បាន​ជាវ​អ៊ិ​ន​ធើ​ណែ​ត​អ​ច​ល័ត​ ជា​ប្រចាំ​ក្នុង​ចំណោម​ប្រជាជន​សរុប​ បែងចែក​តាម​ល្បឿន​នៃ​អ៊ិ​ន​ធើ​ណែ​ត​

(​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​)​

ឆ្នាំ​គោល​ (២០១៥)​ ០,៥៥%​

​ចំណុច​ដៅ​ ២០២៥​ ៦,០២%

​ចំណុច​ដៅ​ ២០៣០​ ២២,៣៧%

១៧.៨​ ត្រឹម​ឆ្នាំ​២០១៧​ ធ្វើ​ប្រតិបត្តិការ​ពេញលេញ​ ធនាគារ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​ និង​យន្តការ​កសាង​សមត្ថភាព​ពី​បច្ចេកវិទ្យា​និង​នាវា​នុ​វត្ត​ន៍​សម្រាប់​បណ្តា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ និង​លើ​កម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មាន​សមត្ថភាព​ ជា​ពិសេស​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​។

​១៧.៨.១​ សមាមាត្រ​នៃ​ប្រជាជន​ដែល​ប្រើប្រាស់​អ៊ិ​ន​ធើ​ណែ​ត​

(​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​)​

ឆ្នាំ​គោល​ (២០១៥)​ ៤៤,១១%​

​ចំណុច​ដៅ​ ២០២៥​ ៦១,៥១%

​ចំណុច​ដៅ​ ២០៣០​ ៦៤,៦៥%

១៧.៩​ លើកកម្ពស់​ការ​គាំទ្រ​ពី​អន្តរជាតិ​ សម្រាប់​ការ​អនុវត្ត​ការ​កសាង​សមត្ថភាព​ដែល​បាន​កំណត់​ចំណុច​ដៅ​ និង​មាន​ប្រសិទ្ធភាព​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ ដើម្បី​គាំទ្រ​ផែនការ​ជាតិ​ ក្នុង​ការ​អនុវត្ត​នូវ​គ្រប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ រួម​ទាំង​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជើង​-​ត្បូង​ កិច្ច​សហប្រតិបត្តិការ​ត្បូង​-​ត្បូង​ និង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​។​

​១៧.៩.១​ ទំហំ​ហិរញ្ញប្បទាន​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ (​រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​ជើង​-​ត្បូង​ ត្បូង​-​ត្បូង​ និង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​)​ ដែល​បាន​សន្យា​ផ្តល់​កម្ពុជា​

 

(​គណៈកម្មាធិការ​នីតិ​សម្បទាន​ និង​អភិវឌ្ឍន៍​កម្ពុជា​)​

ឆ្នាំ​គោល​ (២០១៦)​ ១,៣១%​ នៃ​ ផ​.​ស​.​ស​

​ចំណុច​ដៅ​ ២០២៥​ ០,៧៣%

​ចំណុច​ដៅ​ ២០៣០​ ០,៥៤%

១៧.៩.២​ ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ ដែល​គាំទ្រ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​ដែល​បាន​ប្តេជ្ញា​ផ្តល់​ឲ្យ​កម្ពុជា​ធៀប​នឹង​ ផ​.​ស​.​ស

(​គណៈកម្មាធិការ​នីតិ​សម្បទាន​ និង​អភិវឌ្ឍន៍​កម្ពុជា​)​

ឆ្នាំ​គោល​ (២០១៦)​ ០,០៣%​ នៃ​ ផ​.​ស​.​ស​

​ចំណុច​ដៅ​ ២០២៥​ ០,០១%

​ចំណុច​ដៅ​ ២០៣០​ ០,០១%

​១៧.១០​ លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ចម្រុះ​ដែល​មាន​លក្ខណៈ​ជាស​កល​មាន​មូលដ្ឋាន​ច្បាប់​ បើក​ទូលាយ​និង​សមធម៌​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រួម​ទាំង​តាម​រយៈ​ការ​សន្និដ្ឋាន​នៃ​ការ​ចរចារ​ក្រោម​របៀបវារៈ​ទីក្រុង​ដា​ហា​ស្តី​ពី​ការ​អភិវឌ្ឍ​។

១៧.១០.១​ ចំនួន​ច្បាប់​និង​បទដ្ឋាន​គតិ​យុ​ត្ត​ពាណិជ្ជកម្ម​ ដែល​បាន​រៀបចំ​ឡើង​ដើម្បី​សម្រួល​ដល់​អ្នក​វិនិយោគ​និង​ធុរជន​ក្នុងស្រុក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​

(​ក្រសួងពាណិជ្ជកម្ម​)​

ឆ្នាំ​គោល​ (២០១៥)​ ៧

​ចំណុច​ដៅ​ ២០២៥​ ១០

​ចំណុច​ដៅ​ ២០៣០​ ១២

​១៧.១៧​ លើកទឹកចិត្ត​ និង​លើកកម្ពស់​ភាព​ជា​ដៃគូ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ផ្នែក​សាធារណៈ​និង​ផែ្ន​ក​ឯកជន​ និង​ជាមួយ​សង្គម​ស៊ី​វិល​ កសាង​ភាព​ជា​ដៃគូ​ផ្អែក​លើ​បទ​ពិសោធ​និង​យុទ្ធសាស្ត្រ​ផ្តល់​ធនធាន​នៃ​ភាព​ជា​ដៃគូ​។

១៧.១៧.១​ ទំហំ​ហិរញ្ញប្បទាន​សហ​ប្រ​តិ្ត​ការ​ដែល​ត្រូវ​បាន​សន្យារ​ផ្តល់​ដល់​ភាព​ជា​ដៃគូ​សង្គម​ស៊ី​វិល​ធៀប​នឹង​ ផ​.​ស​.​ស​

(​គណៈកម្មាធិការ​នីតិ​សម្បទាន​ និង​អភិវឌ្ឍន៍​កម្ពុជា​)​

ឆ្នាំ​គោល​ (២០១៦)​ ០,០១%​ នៃ​ ផ​.​ស​.​ស​

​ចំណុច​ដៅ​ ២០២៥​ ០,០០៨%

​ចំណុច​ដៅ​ ២០៣០​ ០,០០៦%

​១៧.១៨​ ត្រឹម​ឆ្នាំ​២០២០​ លើកកម្ពស់​ការ​គាំទ្រ​ការ​កសាង​សមត្ថភាព​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​រួម​ទាំង​ដល់​បណ្តា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ និង​បណ្តា​រដ្ឋ​ដែន​កោះ​តូចៗ​កំពុង​អភិវឌ្ឍ​ដើម្បី​បង្កើន​ឲ្យ​បាន​ច្រើន​ ភាព​អាច​រកបាន​ទាន់​ពេល​នៃ​ទិន្នន័យ​ដែល​មានគុណ​ភាព​ខ្ពស់​និង​ជឿជាក់​បាន​ បំបែក​តាម​ចំណូល​ យេ​ន​ឌ័​រ​ អាយុ​ ជាតិ​សាសន៍​ ជនជាតិភាគតិច​ ស្ថានភាព​នៃ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ការ​បាត់បង់​សមត្ថភាព​ពលកម្ម​ ទីតាំង​ភូមិសាស្ត្រ​ និង​លក្ខណៈ​ ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​ក្នុង​បរិការណ៍​ជាតិ​។​

​១៧.១៨.១​ សមាមាត្រ​នៃ​សូចនាករ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដែល​បាន​បង្កើត​ឡើង​នៅ​ថ្នាក់​ជាតិ​ តាម​ចំណុច​ដៅ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​សិ្ថ​តិ​ផ្លូវការ​។​

(​ក្រសួងផែនការ​)

២០១៨​ ៩៤

១៧.១៨.២​ សមាមាត្រ​នៃ​ចំណាយ​ថវិកា​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​អភិវឌ្ឍ​សិ្ថ​តិ​

(​ក្រសួងផែនការ​)​

ឆ្នាំ​គោល​ (២០១៥)​ ០,២%​

​ចំណុច​ដៅ​ ២០២៥​ ០,៧%

​ចំណុច​ដៅ​ ២០៣០​ ០,២%

១៧.១៩​ ត្រឹម​ឆ្នាំ​២០៣០​ កសាង​ដោយ​ផ្អែក​លើ​ការ​ផ្តួចផ្តើម​ដែល​មាន​ស្រាប់​ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​វាស់វែង​ពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដែល​បំពេញ​ផលិតផល​ក្នុងស្រុក​សរុប​និង​គាំទ្រ​ការ​កសាង​សមត្ថភាព​សិ្ថ​តិ​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។​

១៧.១៩.១​ ជំរឿន​ប្រជាជន​ រៀង​រាល់​១០​ឆ្នាំ​ម្តង​

 

(​ក្រសួងផែនការ​)

២០១៩ ១

២០២៩ ១

មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១៧​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​មធ្យោបាយ​នៃ​ការ​អនុវត្ត​សំដៅ​ទៅ​លើ​ធនធាន​ ដែល​ត្រូវការ​សម្រាប់​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ក្រៅពី​ហិរ​ញ្ញ​វត្ថុ​ មធ្យោបាយ​ទាំងនេះ​ក៏​រួម​មាន​ បច្ចេកវិទ្យា​ ការ​កសាង​សមត្ថ​ភាព​ ពាណិជ្ជកម្ម​ និង​ការ​កែខៃ​បញ្ហា​ជា​ប្រព័ន្ធ។10

​ដោយសារតែ​គោលដៅ​ទី​១៧​ទាំងមូល​ គឺ​ផ្តោត​លើ​មធ្យោបាយ​នៃ​ការ​អនុវត្ត ដូចនេះវា​មិន​មាន​គោលដៅ​អនុវត្ត​ដោយឡែក​នោះ​ទេ​។​

​ស្រប​ពេល​ដែល​ក្រសួង​ និង​ស្ថាប័ន​ដទៃ​ទៀត​នៅ​កម្ពុជា​ មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រាយការណ៍​សូចនាករ​ក្នុង​តារាង​ខាងលើ​ ការ​អនុវត្ត​ជាក់ស្តែង​នៃ​ចំណុច​ដៅ​ គឺ​មិនមែន​ជា​អ្វី​ដែល​អាស្រ័យ​តែ​លើ​កម្ពុជា​ទាំង​អស់នោះ​ទេ​។​ ឧទាហរណ៍​ដ៏​ល្អ​មួយ​ គឺ​ចំណុច​ដៅ​១៧.៩.១​ ដែល​ស្តី​ពី​ជំនួយ​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​សរុប​ ដែល​ត្រូវ​បាន​កំណត់​សម្រាប់​កម្ពុជា​។​ ជំនួយ​ទាំងនេះ​ពឹងផ្អែកលើ​ដៃគូ​ដទៃ​ទៀត​។​

​សម្រាប់​ចំណុច​ដៅ​១៧.៨​ ដែល​ផ្តោត​លើ​បច្ចេកវិទ្យា​ សូចនាករ​តែ​មួយ​ ដែល​កម្ពុជា​ជ្រើសរើស​ ស្តី​ពី​ភាគរយ​នៃ​អ្នក​ប្រើប្រាស់​អ៊ិ​ន​ធើ​ណែ​ត​ គឺ​វាយតម្លៃ​តែ​ផ្នែក​មួយ​ដ៏​តូច​ប៉ុណ្ណោះ​នៃ​ប្រធានបទ​នេះ​។​ ក្រុម​សង្គម​ស៊ី​វិល​ គិត​ថា​មាន​អ្វី​ជា​ច្រើន​ដែល​អាច​ធ្វើ​បាន​ ដើម្បី​អនុវត្ត​ចំណុច​ដៅ​នេះ​ ដែល​រួម​មាន​ ការ​គាំទ្រ​ការ​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​នៅ​តាម​សាលារៀន​ ការ​លើកកម្ពស់​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​ រួម​ទាំង​គំរូស្រាវជ្រាវ​ ដែល​ផ្សារ​ភ្ជាប់​សាកលវិទ្យាល័យ​ ស្ថាប័ន​ និង​ឧស្សាហកម្ម​ និង​ការ​លើកកម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​ការ​ការពារ​កម្មសិទ្ធិបញ្ញា​។​11

​ការ​ត្រួតពិនិត្យ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១៧​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ក្រសួងផែនការ​ មាន​ទំនួល​ខុស​ត្រូវជា​រួម​សម្រាប់​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​នៃ​ក្រប​ខណ្ឌ​អភិវឌ្ឍ​នេះ​ ហើយ​ក្រសួង​នឹង​រក្សា​ទុក​នូវ​មូលដ្ឋាន​ទិន្នន័យ​នៃ​សូចនាករ​។​ ក្រសួង​នេះ​ ក៏​នឹង​ត្រូវ​ផ្តល់​ឲ្យ​នូវ​ទិន្នន័យ​ ដែល​ពាក់ព័ន្ធ​ ពី​សំណាក់​ក្រសួង​ និង​ស្ថាប័នរដ្ឋ​នានា​នៅ​រៀង​រាល់​ចុងឆ្នាំ​ ដែល​ត្រូវ​រាយការណ៍​ហើយ​ក្រសួង​ស្ថាប័ន​ទាំងនេះ​ ត្រូវ​តែ​ផ្តល់​ឲ្យ​នូវ​ការ​វាយតម្លៃ​សម្អិត​ សម្រាប់​ដំណើរការ​នៃ​ការ​អនុវត្ត​គោលដៅ​និ​មួយៗ​។​ ចំណុច​ដៅ​ នឹង​ត្រូវ​បាន​វាយតម្លៃ​យ៉ាង​ហោច​ណាស់​ ១០%​ លើ​ការ​សម្រេច​បាន​លើស​ចំណុច​ដៅ​ (​លើស​ ឬ​ ក្រោម​ ១០%​ នៃ​ការ​សម្រេច​បាន​)​ និង​ស្ថិត​ក្នុង​គន្លង​ខុស​ពី​ទិស​ដៅ​ដែល​បាន​កំណត់​ (​យ៉ាង​ហោច​ណាស់​ តិច​ជាង​១០%​ នៃ​ការ​សម្រេច​បាន​)​។​

​សូចនាករ​មួយ​ចំនួន​ នឹង​ត្រូវ​វាស់វែង​បាន​យ៉ាង​ងាយស្រួល​។​ ឧទាហរណ៍​ ចំណុច​ដៅ​១៧.១៩​ គឺ​គ្រាន់តែ​ជា​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ជំរឿន​ឲ្យ​បាន​រៀង​រាល់​១០​ឆ្នាំ​ម្តង​ ហើយ​វា​ជា​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​រួច​ហើយ​។​ សូចនាករ​ផ្សេង​ទៀត​ នឹង​អាច​ទាមទារ​ឲ្យ​មាន​កិច្ច​ខំប្រឹង​ប្រែង​ ដើម្បី​អាច​ផ្តល់​នូវ​តួលេខ​ ដែល​ទូលំទូលាយ​ ទាន់​ពេល​ និង​អាច​ទុកចិត្ត​បាន​ ដូច​ជា​ចំណុច​ដៅ​១៧.១៧​ “​ចំនួន​នៃ​ការ​បែងចែក​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ទៅ​ឱ្យ​សង្គម​ស៊ី​វិល​ដែល​ជា​ដៃគូ​”​ (​គិច​ជា​ភាគរយ​នៃ​ ផ​.​ស​.​ស​)​។​

​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ បាន​កត់​សម្គាល់ថា​ “…​សមត្ថភាព​ក្នុង​ការ​វាយតម្លៃ​មាន​ភាព​ខុស​គ្នា​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ ហើយ​វា​អាច​ប៉ះពាល់​ការ​វាយតម្លៃ​ទាំងមូល​ នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​”​។​12​ “…​ក្រសួង​នីមួយៗ​មាន​មធ្យោបាយ​ ដើម្បី​ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​ជាតិ​ត្រូវ​នឹង​បរិបទ​នៃ​ការងារ​ និង​រចនាសម្ព័ន្ធ​របស់​គេ​។​ ជា​លទ្ធផល​ ប្រព័ន្ធ​នៃ​ការ​រាយការណ៍​រវាង​ក្រសួង​ទាំងនោះ​ នឹង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​”​។​13

​គោលដៅ​ទី​១៧​ នឹង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ស៊ីជម្រៅ​នៅ​ក្នុង​វេទិកា​នយោបាយ​ជាន់ខ្ពស់​ ទៅ​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ នៅ​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​ ដែល​នឹង​ធ្វើការ​រាយការណ៍​ការ​ត្រួតពិនិត្យ​ដោយ​ស្ម័គ្រចិត្ត​នៅ​វេទិកា​នោះ​។​

ឯកសារយោង

  1. 1. ​រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៨​។​ “​ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ (២០១៦-២០៣០)”​។​ ចូល​អាន​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៩​។​
  2. 2. ​ការ​ឃ្លាំមើល​គោលនយោបាយ​សកល​(Global​ Policy​ Watch),​ ឆ្នាំ​២០១៨​។​ “​សូចនាករ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៖​ ព្រៃឈើ​កំពុង​បាត់បង់​”​។​ ចូល​អាន​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៩​។​
  3. 3. ​ដូច​ឯកសារយោង​ខាងលើ​
  4. 4. ​ការ​ឃ្លាំមើល​គោលនយោបាយ​សកល​ ឆ្នាំ​២០១៩​។​ ការ​វាស់វែង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៖​ “​អ្នក​ណា​ជា​អ្នកគ្រប់គ្រង​ដំណើរការ​ អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង់​លទ្ធផល​?”​ចូល​អាន​ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០១៩​។​
  5. 5. ​សិ្ថ​តិ​អង្គការសហប្រជាជាតិ​ ឆ្នាំ​២០១៨​។​ “​ចំណាត់ថ្នាក់​នៃ​លំដាប់​របស់​សូចនាករ​នៃ​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សកល​”​។​ ចូល​អាន​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៩​។​
  6. 6. Xinhuanet​ ឆ្នាំ​២០១៨​។​ “​កម្ពុជា​ប្រមូល​ពន្ធ​បាន​ ៣,៨៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ ឆ្នាំ​២០១៧”​។​ ចូល​អាន​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៩​។​
  7. 7. Cornell​ University​ INSEAD​ និង​WIPO​ ឆ្នាំ​២០១៨​។​ “​ស​ន្ទ​ស្សន៍​នៃ​ការ​ច្នៃប្រឌិត​សកល​ ឆ្នាំ​២០១៨”​។​ ចូល​អាន​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៩​។​
  8. 8. ​រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៨​។​ “​ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ (២០១៦-២០៣០)”​។​ ចូល​អាន​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៩​។​
  9. 9. ដូចឯកសារយោងខាងលើ
  10. 10. ​ Bhattacharya​ Debapriya​ និង​ Mohammad​ Afshar​ Ali​ ឆ្នាំ​២០១៤​។​ “គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៖​ អ្វី​ជា​មធ្យោបាយ​នៃ​ការ​អនុវត្ត​?”​។​ ចូល​អាន​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៩​។​
  11. 11. ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ ឆ្នាំ​២០១៩​។​ “​ការ​ផ្តល់​អំណាច​ដល់​ប្រជាពលរដ្ឋ​ និង​ធានា​នូវ​បរិ​យា​បន្ន​និង​សមភាព​”​។​ ចូល​អាន​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៩​។​
  12. 12. ​ដូច​ឯកសារយោង​ខាងលើ​
  13. 13. ​ដូច​ឯកសារយោង​ខាងលើ​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

s7cEy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!