គោលដៅ​ទី​ ១៨​ កម្ពុជា​គ្មាន​គ្រាប់​មីន​ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

​ប្រទេស​កម្ពុជា​បាន​បន្ថែម​គោលដៅ​ទី​ ១៨​ លើ​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដែល​បាន​ខ្លួន​បាន​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ចប់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​របស់​គ្រាប់​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ និង​ជំរុញ​ការ​សង្គ្រោះ​ជន​រង​គ្រោះ​។​1 គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សកល​ (​គ​.​អ​.​ច​)​ ត្រូវ​បាន​អនុម័ត​ដោយ​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​វា​ជា​ការ​អំពាវនាវ​ជាស​កល​ទៅ​លើ​ការ​ធ្វើ​សកម្មភាព​ដើម្បី​បញ្ចប់​ភាព​ក្រីក្រ​ ការពារ​ភព​ផែនដី​ និង​ធានា​ថា​ប្រជាជន​ទាំងអស់​ទទួល​បាន​សន្តិភាព​ និង​វិបុលភាព​នៅ​ត្រឹម​ឆ្នាំ​ ២០៣០​។​ ជា​ការ​ពិត​ណាស់​ គោលដៅ​ទាំង​ ១៧​ ត្រូវ​បាន​រួម​បញ្ចូល​គ្នា​ដោយ​ផ្អែក​លើ​ការ​ទទួលស្គាល់​ជា​រួម​ថា​ សកម្មភាព​នៅ​ក្នុង​តំបន់​ណាមួយ​នឹង​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​ ហើយ​ដូច្នេះ​ការ​អភិវឌ្ឍន៍​ទាំងអស់​ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​និរន្តរភាព​សង្គម​ សេដ្ឋកិច្ច​ ក៏​ដូច​ជា​បរិស្ថាន​។​2

បន្ទាប់​ពី​ការ​យល់ព្រម​ទទួលយក​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​(​គ​.​អ​.​ច​)​ នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ចុងឆ្នាំ​ ២០១៥​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​សម្រប​នូវ​គោលដៅ​ទាំងនោះ​ទៅ​នឹង​បរិការណ៍​កម្ពុជា​ និង​បាន​បង្កើត​ក្របខ័ណ្ឌ​មួយ​ដែល​មាន​មូល​ដ្ឋា​នី​យ​កម្ម​ពេញលេញ​របស់​ប្រទេស​ខ្លួន​គឺ​ ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ២០១៦-២០៣០​ ឬ​ (​គ​.​អ​.​ច​.​ក​)​។​3​ ប្រទេស​កម្ពុជា​បាន​ជ្រើសរើស​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សកល​ SDGs​ ទាំង​ ១៧​ ហើយ​បន្ថែម​គោលដៅ​មួយទៀត​គឺ​គោលដៅ​ទី​១៨​ (​គ​.​អ​.​ច​.​ក​ ទី​១៨)​ទាក់ទង​នឹង​ការ​បោសសម្អាត​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​(ERW)​។​ ទ​ង្វើ​នេះ​ឆ្លុះ​បញ្ចាំង​ពី​អាទិភាព​ជាតិ​ក្នុង​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។​ ជា​លទ្ធផល​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​មាន​ចំនួន​ ១៨​ ដែល​មាន​ចំណុច​ដៅ​ចំនួន​ ៨៨​ និង​សូចនាករ​សរុប​ចំនួន​ ១៤៨​ ក្នុង​នោះ​សូចនាករ​ជាតិ​មាន​ចំនួន​ ៩៦​។​4

​ហេតុ​អ្វី​បានជា​ប្រទេស​កម្ពុជា​មាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៨?

ជា​ការ​ពិត​ណាស់​ ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ជុំវិញ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ដែល​បាន​បន្សល់​ទុក​បន្ទាប់​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ដែល​បាន​អូស​បន្លាយ​ ហើយ​ដែល​បាន​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ជាតិ​កំឡុង​ទស​វត្ស​ឆ្នាំ​ ១៩៦០​ ដល់​ចុងឆ្នាំ​ ១៩៩៨​។​5 ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​គ្រាប់​មីន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។​6 គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង​ ដោយសារ​តែ​សង្គ្រាមស៊ីវិល​ ជម្លោះ​ប្រដាប់​អាវុធ​មាន​សភាព​ខ្លាំង​ខ្លា​ដោយ​មាន​លក្ខណៈ​បើកចំហ​ និង​សម្ងាត់​ ព្រមទាំង​ការ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋអាមេរិក​ បូក​រួម​នឹង​កង្វះ​កំណត់​ត្រា​ព័ត៌មាន​អំពី​កន្លែង​ដែល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​គ្រាប់​មីន​។​7

ចាប់ពី​ឆ្នាំ​ ១៩៧៩​ ដល់​ឆ្នាំ​ ២០១៩​ មាន​ប្រជាជន​ចំនួន​ ៦៤,៨៤៣​ នាក់​ត្រូវ​បាន​ស្លាប់​ឬ​ពិការ​ ការ​ប្រកប​របរ​ និង​សកម្មភាព​របស់​សហគមន៍​ត្រូវ​បាន​រឹតត្បិត​ ហើយ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​អភិវឌ្ឍ​ជា​ច្រើន​ត្រូវ​បាន​រាំងស្ទះ​ដោយសារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​8 ឧទាហរណ៍​ជាក់ស្តែង​ គ្រួសារ​ក្រីក្រ​ជា​ច្រើន​បាន​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ ឬ​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​បណ្តាល​ពី​គ្រាប់​មីន​។​ ពួក​គេ​ត្រូវ​បង្ខំចិត្ត​ប្រថុយប្រថាន​គ្រោះថ្នាក់​ជាមួយនឹង​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ដោយសារ​តែ​ភាព​ចាំបាច់​ផ្នែក​សេដ្ឋកិច្ច​ ឬ​ពួក​គេ​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ប្រសិនបើ​ពួក​គេ​មិន​ហ៊ាន​ប្រថុយប្រថាន​ធ្វើស្រែ​នៅ​លើ​ដី​និង​/​ឬ​ប្រមូល​អនុ​ផល​ព្រៃឈើ​នៅ​តំបន់​ដែល​អាច​មាន​គ្រាប់​មីន​។​ ការ​ស្រាវជ្រាវ​មួយ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា​នៅ​ឆ្នាំ​ ២០០៥​ មាន​ភូមិ​ប្រមាណ​ជា​ ២,៣០០​ ត្រូវ​បាន​រាយការណ៍​អំពី​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហគមន៍​ជិតខាង​ ខណៈ​ដែល​ភូមិ​ចំនួន​ ១៤៨៧​ បាន​រាយការណ៍​អំពី​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​អារាម​ ភូមិ​ចំនួន​ ១៣៣៤​ ទោ​កាន់​ផ្សារ​ ភូមិ​ចំនួន​ ១៣១២​ ទៅ​កាន់​មណ្ឌល​សុខភាព​ និង​សាលារៀន​ (​ប៉ះពាល់​ដល់​សិស្ស​ចំនួន​ ៤,៤០០០​ នាក់​)​។​9 ជា​លទ្ធផល​ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​ការ​ខាតបង់​ទៅ​លើ​សេដ្ឋកិច្ច​-​សង្គម​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ក៏​បាន​ជួប​ប្រទះ​នូវ​បញ្ហា​មនុស្សធម៌​យ៉ាង​ខ្លាំង​ផង​ដែរ​។​10

អ្នករស់រានមានជីវិតពីគ្រាប់មីនពីរនាក់បានដាក់អវយវៈសិប្បនិម្មិតនៅមជ្ឈមណ្ឌលស្តារនីតិសម្បទានៃអង្គការកម្ពុជាត្រាស្ត រាជធានីភ្នំពេញ។ រូបភាព ថតដោយ Roseanne Pennella ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០០៧។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0

​ដោយ​ទទួលស្គាល់​ថា​ឧបសគ្គ​ចំបង​មួយ​ចំពោះ​ការ​អភិវឌ្ឍ​គឺ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ រដ្ឋាភិបាល​កម្ពុជា​បាន​បន្ថែម​ថា​ “​ ការ​បោសសម្អាត​មីន​ និង​ជំនួយ​សង្គ្រោះ​ជន​រង​គ្រោះ​”​ ជា​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​ ៩​ (CMDG​ 9)​ ។​ គោលដៅ​ស្រ​ដៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​បន្ថែម​ទៅ​លើ​ SDGs​ ដូចដែល​ប្រទេស​កម្ពុជា​មាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៨​។​ សកម្មភាព​បោសសម្អាត​មីន​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ចម្បង​ផ្សេង​ទៀត​ សម្រាប់​ការ​ស្តារ​ និង​អភិវឌ្ឍន៍​ប្រទេស​។​11​ ជាក់ស្តែង​ រដ្ឋាភិបាល​បាន​សម្របសម្រួល​ឱ្យ​មាន​គោលដៅ​ទី​ ១៨​ និង​រៀបចំ​ឱ្យ​មានការ​ដាក់​បញ្ចូល​សកម្មភាព​បោសសម្អាត​មីន​នៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ជាតិ​ផ្សេងៗ​របស់​ខ្លួន​តួយ៉ាង​ដូច​ជា​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​ (NPRS)​។​12

ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​ ៩​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​ ១៨​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ជាមួយនឹង​ការ​បន្ថែម​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​ ៩​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​សហគមន៍​មូលដ្ឋាន​។​ គោលដៅ​ចំនួន​ ២​ ត្រូវ​បាន​គូសបញ្ជាក់​នៅ​ក្រោម​គោលដៅ​នេះ​មាន​ដូច​ជា​៖​ កាត់​បន្ថយ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មីន​ និង​ដើម្បី​ព​ន្លឿ​ន​ទៅ​រក​ការ​បោសសម្អាត​ផ្ទៃដី​ដែល​មាន​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ឱ្យ​បាន​រួចរាល់​។​13

តារាង​ទី​ ១​ សូចនាករ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​ ៩

ល.រ

សូចនាករ

ឯកតា

២០០០

២០០៥

២០១០

២០១៥ ជាក់ស្តែង

ចំនួននៃជនរងគ្រោះដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស្លាប់និងរបួស)

ចំណុចដៅ

នាក់

៥៧៥

៣៥៧

២២០

១៣០

លទ្ធផល

នាក់

៨៥៨

៨៧៥

២៨៦

៧៩

ផ្ទៃដីដែលបានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

ចំណុចដៅ

ហ.ត.

១,៥៦២

៤,៤៦៦

៥,៣៧៤

៥,៩០៩

លទ្ធផល

ហ.ត.

៣,២០៨

៤,០៦៥

១១,៩៥០

១៦,១០៤

ប្រភព​៖​ ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​ ២០១៦-២០៣០

ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​ ៩​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​ ១៨​ កម្ពុជា​បាន​អនុម័ត​ទៅ​លើ​គោលដៅ​ចំនួន​ ៣​ និង​មាន​សូចនាករ​ចំនួន​ ៦​ ដើម្បី​សម្រេច​ឱ្យ​បាន​នៅ​ឆ្នាំ​ ២០៣០​ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​ខ្លួន​។​14​ គោលដៅ​ទី​ ១៨​ មិន​ត្រឹមតែ​មាន​គោលបំណង​បោសសម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​គោលបំណង​ដើម្បី​ជំរុញ​ជំនួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដូចដែល​តារាង​ទី​ ២​ បង្ហាញ​នៅ​ខាងក្រោម​។​15

​តារាង​ទី​ ២​ គោលដៅ​និង​សូចនាករ​សំរាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​ ១៨

ចំណុចដៅ គោលដៅទី ១៨

សូចនាករ

ឯកតា

២០១៥ ឆ្នាំគោល

២០២០

២០២៥

២០៣០

១៨.១ បោសសម្អាតផ្ទៃដីចម្ការមីន/ស.ផ.ស.ដែលបានដឹងឱ្យអស់ត្រឹមឆ្នាំ២០៣០

១៨.១.១ ផ្ទៃដីសរុបនៃការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រចាំឆ្នាំ

ហ.ត.

១៨,៥៣១

២១,៤៨២

២៤,៩០៤

២៨,៨៧០

១៨.២ កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស. ឱ្យមកនៅតិចជាង ១០ នាក់/ឆ្នាំ ត្រឹមឆ្នាំ ២០៣០

១៨.២.១ ចំនួននៃជនរងគ្រោះថ្នាក់ (ស្លាប់ និងរបួស) ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

នាក់

១១១

៦៦

៣៩

២៣

១៨.២.២ ចំនួនភូមិដែលរងការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសារអប់រំគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម

ភូមិ

៣០០

៣៨២

១៤០

៤៦

១៨.៣ លើកកម្ពស់សិទ្ធ និងគុណភាពជិវិតរបស់ជនពិការដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានកាន់តែប្រសើរឡើង

១៨.៣.១​ ចំនួនជនពិការដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានការលើកកម្ពស់សិទ្ធនិងគុណភាពជិវិត

នាក់

២៨០

៣៥៧

៤៥៧

៥៨៣

១៨.៣.២ ចំនួនជនរងគ្រោះដោយសារមីណ/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសេវាស្តារលទ្ធភាពពលកម្ម

នាក់

១,៥០០

៣,៧៨៥

៤,១៨៩

៤,៥៣៦

១៨.៣.៣ ចំនួនជនរងគ្រោះដោយសារមីណ/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសេវាឆ្លើយតបបន្ទាន់និងឆាប់រហ័សពីអាជ្ញាធរមីន

នាក់

១០១

១៤៤

១៥៤

១៦៩

ប្រភព​៖​ ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​ ២០១៦-២០៣០

មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១៨​ នៅ​ក្នុង​ប្រទេស​កម្ពុជា

​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​សកម្មភាព​បោសសម្អាត​មីន​របស់​ខ្លួន​ក្នុង​កំឡុង​ពេល​នៃ​ការ​មក​ដល់​របស់​អាជ្ញាធរ​បណ្តោះអាសន្ន​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា​ អ៊ុ​ន​តាក់​ (UNTAC)​។​16 នៅ​ចន្លោះ​ឆ្នាំ​ ១៩៩១-១៩៩២​ បេសកកម្ម​ជំរុញ​ជា​មុន​របស់​អង្គការសហប្រជាជាតិ​ (UNAMIC)​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​អង្គការ​ HALO​ Trust​ ដើម្បី​វាស់​ស្ទង់​ផ្ទៃដី​ចំនួន​ ៧០០​ គីឡូ​ម៉ែត្រការ៉េ​ ក្នុង​ខេត្តបាត់ដំបង​។​ នៅ​ខែមីនា​ឆ្នាំ​ ១៩៩២​ អ៊ុ​នតា​ក់បាន​គ្រប់គ្រង​បេសកកម្ម​ និង​មុខងារ​ជំនួស​ UNAMIC​ ដែល​ក្នុង​នោះ​រួម​មានការ​ជួយ​បោសសម្អាត​មីន​ និង​សកម្មភាព​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​គ្រាប់​មីន​។​ ក្រោយមក​នៅ​ខែកក្កដា​ ឆ្នាំ​១៩៩២​ អ៊ុ​នតា​ក់បាន​បង្កើត​អង្គភាព​បណ្តុះបណ្តាល​ការ​បោសសម្អាត​មីន​ (MCTU)​ និង​បាន​ចាប់ផ្តើម​បង្រៀន​ជនជាតិ​ខ្មែរ​ឱ្យ​ចេះ​កំណត់​សណ្ឋាន​របស់​មីន​ ទីតាំង​មីន​ និង​ការ​កម្ទេច​មីន​ ព្រមទាំង​ការ​ដាក់​សម្គាល់​ទីតាំង​ដែល​មាន​មីន​។​17

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ ក៏​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩២​ ដែល​មាន​អាណត្តិ​ដឹកនាំ​ការងារ​បោសសម្អាត​មីន​ និង​អប់រំ​អំពី​គ្រោះថ្នាក់​របស់​មីន​។​ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (​យូ​អិន​ឌី​ភី​)​ និង​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង​ (UNOPS)​ បាន​ចាប់ផ្តើម​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ដល់​ស៊ី​ម៉ាក់​តាម​រយៈ​មូលនិធិ​ជឿ​ទុកចិត្ត​របស់​អង្គការសហប្រជាជាតិ​ (UN​ Trust​ Fund)​ សម្រាប់​ការ​ដោះ​មីន​នៅ​កម្ពុជា​ បន្ទាប់​ពី​ការ​ដក​ទៅ​វិញ​នូវ​កងកម្លាំង​របស់​អ៊ុ​ន​តាក់​នៅ​ឆ្នាំ​ ១៩៩៣​។​ នៅ​ឆ្នាំ​ ១៩៩៥​ ស៊ី​ម៉ាក់​បាន​ក្លាយជា​អង្គការ​ស្វយ័ត​មួយ​ដែល​មាន​អាជ្ញាធរ​ និង​ស្វ័យភាព​ ដោយ​តួនាទី​សម្របសម្រួល​របស់​ស៊ី​ម៉ាក់​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រកួតប្រជែង​រវាង​ប្រតិបត្តិ​ករ​ផ្សេង​ទៀត​ និង​កិច្ច​សហ​ប្រតិបត្តិ​ជិត​ស្និទ្ធ​ការ​រវាង​អង្គការ​ទាំងអស់​ដែល​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ដោះ​មីន​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ គំរូ​នៃ​ការ​គ្រប់គ្រង​របស់​ស៊ី​ម៉ាក់​ដែល​មាន​លក្ខណៈ​ជា​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​ និង​ជា​អាជ្ញាធរ​សកម្មភាព​មីន​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ភាព​ច្របូកច្របល់​ និង​មិន​អាច​គ្រប់គ្រង​បាន​។​ មានការ​ចោទប្រកាន់​ជា​ច្រើន​អំពី​អំពើ​ពុក​រលួយ​ការ​គ្រប់គ្រង​ ភាព​មិន​ត្រឹមត្រូវ​ និង​បក្ខពួក​និយម​ ដែល​បាន​លេច​ចេញ​ជា​រូបរាង​ក្នុង​ឆ្នាំ​ ១៩៩៩​។​ ជា​លទ្ធផល​អ្នកគ្រប់គ្រង​ និង​បុគ្គលិក​មួយ​ចំនួន​របស់​ស៊ី​ម៉ាក់​ត្រូវ​បាន​បណ្តេញចេញ​ ខ្លះ​ផ្លាស់​ប្តូរ​ទៅ​តំណែង​ផ្សេង​ ខណៈ​អ្នកខ្លះ​ទៀត​លាលែង​ពី​តំណែង​។​18

ក្រុមការងារស៊ីម៉ាក់កំពុងប្រតិបត្តិការការងារ។ រូបភាព ថតដោយ Kevin Evans ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៥។ ក្រោមអាជ្ញាបណ្ណ CC BY 2.0

​ដើម្បី​ធានា​ឱ្យ​មានការ​គ្រប់គ្រង​ និង​គណនេយ្យ​ភាព​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​លើ​សកម្មភាព​មីន​ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (CMAA)​ ក្រោម​ប្រកាស​លេខ​ ១៧៧​ អន​ក្រ​បក​ ចុះ​ថ្ងៃ​ទី​ ៦​ ខែកញ្ញា​ ឆ្នាំ​ ២០០០​។​19​ អាជ្ញាធរ​មីន​នេះ​តួនាទី​គ្រប់គ្រង​ សម្របសម្រួល​ និង​តាមដាន​សកម្មភាព​ដោះ​មីន​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ នៅ​ក្រោម​អាជ្ញាធរ​មីន​នេះ​មាន​ប្រតិបត្តិ​ករ​ជាតិ​ចំនួន​ពីរ​ដែល​ដឹកនាំ​ដោយ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ និង​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព​ បោសសម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ព្រមទាំង​ប្រតិបត្តិ​ករ​អន្ដរជាតិ​ផ្សេង​ទៀត​រួម​មាន​៖​ អង្គការ​ Mines​ Advisory​ Group​ (MAG),​ អង្គការ​ HALO​ Trust,​ ជំនួយ​របស់​ប្រជាជន​ន័​រវេ​ស​ (NPA),​ អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​ (JMAS),​ អង្គការ​ APOPO,​ អង្គការ​ដោះ​មីន​កម្ពុជា​ (CSHD)​ ក្នុង​នោះ​ក៏​បូក​រួម​ជាមួយនឹង​ការ​អប់រំ​ផ្សេងៗ​អំពី​គ្រោះថ្នាក់​របស់​មីន​ និង​ភ្នាក់ងារ​ជំនួយ​ជន​រង​គ្រោះ​ដ៏​ទៃ​ផ្សេង​ទៀត​។​ ប្រទេស​កម្ពុជា​ក៏​បាន​បញ្ជូន​អ្នក​ដោះ​មីន​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​មីន​ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ និង​បាន​ជួយ​ទៅ​ដល់​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រាប់​មីន​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។​20

​ប្រទេស​កម្ពុជា​ទទួល​បាន​វឌ្ឍនភាព​នៃ​ការ​បោសសម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ (​ស​.​ផ​.​ស​)​ បើ​ទោះជា​លទ្ធផល​ជាក់ស្តែង​នៅ​ទាប​ជាង​ការ​គ្រោងទុក​យ៉ាងណា​ក្តី​។​ តារាង​ទី​ ៣​ ខាងក្រោម​បង្ហាញ​ពី​វឌ្ឍនភាព​ដែល​បាន​សម្រេច​បាន​នៅ​ចន្លោះ​ឆ្នាំ​ ២០១៥​ និង​ ២០១៩​។​21

​តារាង​ទី​ ៣​ ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១៨​ និង​តួលេខ​ជាក់ស្តែង​

ចំណុចដៅ/សូចនាករ

ឯកតា

២០១៥

ចំណុចដៅ គ.អ.ច.ក

ជាក់ស្តែង

វឌ្ឍនភាព

២០១៦

២០១៧

២០១៨

២០១៩

២០១៦

២០១៧

២០១៨

២០១៩

១៨.១. បោសសម្អាតផ្ទៃដីចម្ការមីន/ស.ផ.ស.ដែលបានដឹងឱ្យអស់ត្រឹមឆ្នាំ២០៣០

ទាបជាងចំណុចដៅ

១៨.១.១.​​ ផ្ទៃដីសរុបនៃការ​បោស​សម្អាត​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រចាំ​ឆ្នាំ​

ហ.ត.

១៨,៥៣១

១៩,០៨៧

១៩,៦៥៩

២០,០៤៩

២០,៨៥៧

១៣,២២៨

១៤,៦៧២

១២,៤៣២

១៣,០០៨

ទាបជាងចំណុចដៅ

១៨.២. កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស. ឱ្យមកនៅតិចជាង ១០ នាក់/ឆ្នាំ ត្រឹមឆ្នាំ ២០៣០

ស្ថិតលើគន្លង ទៅសម្រេចបាន

១៨.២.១. ចំនួននៃជនរងគ្រោះថ្នាក់ (ស្លាប់ និងរបួស) ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

នាក់

១១១

១០០

៩០

៨១

៧៣

៨៣

៥៨

៥៨

៧៧

ស្ថិតលើគន្លង ទៅសម្រេចបាន

១៨.២.២. ចំនួនភូមិដែលរងការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសារអប់រំគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម

ភូមិ

៣០០

៣១៥

៣៣០

៣៤៧

៣៦៤

៣១៥

៣៣០

៣៤៧

៣៦៤

ស្ថិតលើគន្លង ទៅសម្រេចបាន

១៨.៣.លើកកម្ពស់សិទ្ធ និងគុណភាពជិវិតរបស់ជនពិការដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានកាន់តែប្រសើរឡើង

ស្ថិតលើគន្លង ទៅសម្រេចបាន

១៨.៣.១. ចំនួនជនពិការដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានការលើកកម្ពស់សិទ្ធនិងគុណភាពជិវិត

នាក់

២៨០

២៩៦

៣០៩

៣២៤

៣៤០

២៩៦

៣១៤

៣២០

៣៣៧

ស្ថិតលើគន្លង ទៅសម្រេចបាន

១៨.៣.២. ចំនួនជនរងគ្រោះដោយសារមីណ/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសេវាស្តារលទ្ធភាពពលកម្ម

នាក់

១,៥០០

២,៣០០

៣,៥៧៧

៣,៦៤៨

៣,៧៣១

២,៣០០

៣,២៤៦

៣,៥៨២

៣,៤០៩

ស្ថិតលើគន្លង ទៅសម្រេចបាន

១៨.៣.៣. ចំនួនជនរងគ្រោះដោយសារមីណ/សំណល់ជាតិផ្ទុះពីសង្គ្រាមទទួលបានសេវាឆ្លើយតបបន្ទាន់និងឆាប់រហ័សពីអាជ្ញាធរមីន

នាក់

១០១

១២៣

១៣៧

១៣៩

១៤២

១២៣

១២៨

១២៤

១៥៦

ស្ថិតលើគន្លង ទៅសម្រេចបាន

ប្រភព៖ របាយការណ៍វឌ្ឍនភាពឆ្នាំ ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០, ក្រសួងផែនការ (ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០)

តារាង​ទី​ ៤​ បង្ហាញ​ពី​គម្រោង​យុទ្ធសាស្ត្រ​សកម្មភាព​កម្ចាត់​មីន​ថ្នាក់​ជាតិ​ ដែល​មាន​គោលដៅ​សម្រេច​ឱ្យ​បាន​នៅ​ត្រឹម​ឆ្នាំ​ ២០២៥​។​ ទោះជា​យ៉ាងណា​ បន្ថែម​លើ​ចំនួន​បុគ្គលិក​ដោះ​មីន​ ២៥០០​ នាក់​ដែល​មាន​ស្រាប់​ កម្ពុជា​នៅ​ត្រូវការ​អ្នក​ដោះ​មីន​ចំនួន​ ២០០០​ នាក់​ផ្សេង​ទៀត​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ដោះ​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​22​ ដូចនេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាតិ​ផ្តល់​ឱ្យ​អាជ្ញាធរ​មីន​ និង​ភ្នាក់ងារ​ជួយ​ជន​រង​គ្រោះ​ដោយសារ​មីន​ (CMAA)​ ទទួល​បាន​មូលនិធិ​ដើម្បី​ដាក់​ពង្រាយ​បុគ្គលិក​កង​យោធពលខេមរភូមិន្ទ​ចំនួន​ ២០០០​ នាក់​ នៅ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មនុស្សធម៌​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០២០-២០២៥​។​23​ ក្នុង​លក្ខ​ណ្ឌ​ថវិកា​ តម្រូវការ​ហិរញ្ញវត្ថុ​សរុប​សម្រាប់​ផែនការ​បោសសម្អាត​មីន​នៅ​ឆ្នាំ​ ២០១៨-២០២៥​ ត្រូវការ​ប្រមាណ​ជា​ ៤០៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ផ្ទៃដី​ដែល​មាន​គ្រាប់​មីន​នៅ​សេសសល់​ប្រហែលជា​ ១៧០៩​ គីឡូ​ម៉ែត្រការ៉េ​។​​24

តារាង​ទី​ ៤​ គោលដៅ​ដោះ​មីន​សម្រាប់​ឆ្នាំ​ ២០១៨–២០២៥

តំបន់គ្រោះថ្នាក់

ទំហំសន្មត់នៅឆ្នាំ ២០១៧

ទំហំសរុប (បន្ទាប់ពីដកចេញទំហំសន្មត់នៅឆ្នាំ ២០១៧)

អទិភាព (សម្រាប់ ៨ ឆ្នាំ)

ទំហំបោសសម្អាតសរុបឆ្នាំ (២០១៨-២០២៥)

គម្រោងបោសសម្អាតមីនឆ្នាំ (២០១៨-២០២៥)

២០១៨

២០១៩

២០២០

២០២១

២០២២

២០២៣

២០២៤

២០២៥

គម

គម

%

គម

គម

គម

គម

គម

គម

គម

គម

គម

ផ្ទៃដីចម្ការមីន

៦៩

៨៧៧

១០០

៨៧៧

១០៩.៦

១០៩.៦

១០៩.៦

១០៩.៦

១០៩.៦

១០៩.៦

១០៩.៦

១០៩.៦

ផ្ទៃដីគ្រាប់បែកចង្កោម

២១

៦២៤

៨០

៤៩៩

៦២

៦២

៦២

៦២

៦២

៦២

៦២

៦២

សំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗ

៤៦

៣៣៣

១០០

៣៣៣

៤២

៤២

៤២

៤២

៤២

៤២

៤២

៤២

​ប្រភព​៖​ គម្រោង​សកម្មភាព​បោសសម្អាត​មីន​របស់​យុទ្ធសាស្ត្រ​ជាតិ​ដែល​នឹង​ស​ម្រ​ច​ឱ្យ​បាន​នៅ​ឆ្នាំ​ ២០២៥

លើស​ពី​ការ​បោសសម្អាត​មីន​

​ដូចដែល​មាន​ចែង​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ (២០១៩-២០២៣)​ ការ​អប់រំ​ចំណេះដឹង​អំពី​គ្រោះថ្នាក់​របស់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ក៏​ជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​ប្រាំ​នៃ​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា​។​25​ សកម្មភាព​ដំបូង​នៃ​ការ​អប់រំ​ចំណេះដឹង​អំពី​មីន​បាន​ចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩៣​។​ សកម្មភាព​ដំបូង​នោះ​ ផ្តោត​សំខាន់​ទៅ​លើ​ជន​ដែល​ត្រលប់​មក​ទីតាំង​ដើម​របស់​ខ្លួន​វិញ​ និង​ជនភៀសខ្លួន​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​មាន​មីន​នៅ​សល់​ច្រើន​។​ គោលបំណង​នៃ​សកម្មភាព​នោះ​គឺ​វិធីសាស្ត្រ​ដែល​មាន​មូលដ្ឋាន​នៅ​តាម​សហគមន៍​ និង​ពហុ​វិន័យ​ចំពោះ​សកម្មភាព​មីន​ និង​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ ដោយ​ជួយ​ឱ្យ​ប្រជាជន​រស់នៅ​បាន​កាន់តែ​មាន​សុវត្ថិភាព​នៅ​ក្នុង​ទីតាំង​ដែល​មាន​មីន​នៅ​សល់​។​ ស៊ី​ម៉ាក់​បាន​អនុវត្ត​គម្រោង​នេះ​នៅ​ខែតុលា​ ឆ្នាំ​២០០១​ ដោយ​មាន​ជំនួយ​បច្ចេកទេស​ពី​អង្គការ​ជន​ពិការ​អន្តរជាតិ​(HI)​ និង​ថវិកា​ពី​យូ​នី​សេ​ហ្វ​ (UNICEF)​។​26 លើស​ពី​នេះ​ទៀត​ ជំនួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយសារ​មីន​ក៏​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ពិការ​ភាព​និង​ស្តារ​នីតិសម្បទា​សំខាន់ៗ​របស់​ប្រទេស​ផង​ដែរ​។​ ការងារ​ជួយ​សង្គ្រោះ​នេះ​ស្ថិត​នៅ​ក្រោម​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ដែល​មាន​តួរ​នាទី​ផ្តល់​នូវ​ការ​ស្តារ​សម្បទា​ និង​សេវាកម្ម​សមាហរណកម្ម​ជំនួយ​សង្គម​ដល់​ជន​ពិការ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ប្រព័ន្ធ​តាមដាន​ព័ត៌មាន​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​/​សំណល់​ជាតិ​ផ្ទុះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ​ដោយសារ​មីន​/​សំណល់​ជាតិ​ផ្ទុះ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (CMAA)​។27

​ក្របខ័ណ្ឌ​ច្បាប់​ពាក់ព័ន្ធ​នានា

  • យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (២០១៩-២០២៣)​ ៖​ បន្ត​ជំរុញ​ការ​បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ និង​បន្ត​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជា​ពិសេស​ដល់​គ្រួសារ​ក្រីក្រ​សម្រាប់​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​។2829
  • យុទ្ធសាស្ត្រ​សកម្មភាព​កម្ចាត់​មីន​ថ្នាក់​ជាតិ​ (២០១៨-២០២៥)​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​យុទ្ធសាស្ត្រ​សកម្មភាព​មីន​ថ្នាក់​ជាតិ​ថ្មី​ឆ្នាំ​ ២០១៨-២០២៥​ (NMAS​ 2018-25)​ ដែល​មាន​គោលបំណង​ដើម្បី​សំរេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​ “​ក្នុង​ការ​បោសសម្អាត​ផ្ទៃដី​ដែល​មាន​មីន​ និង​ផ្តល់​អាទិភាព​ដល់​តំបន់​ដែល​មាន​គ្រាប់​មីន​ចង្កោម​ កាត់​បន្ថយ​ហានិភ័យ​ដែល​បណ្តាល​មក​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ​ ២០២៥​ ព្រមទាំង​ការ​តស៊ូ​មតិ​ទៅ​លើ​សិទ្ធិ​ និង​សេវាកម្ម​សម្រាប់​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ ក៏​ដូច​ជា​ជន​រង​គ្រោះ​ដោយ​ប្រយោល​ផង​ដែរ​។​30
  • គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​ (២០១៦-២០៣០)​ ៖​ ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​មាននៅ​ក្នុង​សហគមន៍​មូលដ្ឋាន​ និង​ការ​ធ្វើ​សមា​ហ័​រណកម្ម​ទៅ​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ទាំងអស់​។​31
  • ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ទៅ​លើ​ការ​អនុវត្ត​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ ៖​ ដំណើរការ​គាំទ្រ​ដល់​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​លើក​ដំបូង​ (VNR)​ របស់​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​ ២០១៨​ ដោយ​មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ បន្ទាប់​ពី​ការ​យល់ព្រម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទទួលយក​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សកល​ (SDGs)​ នៅ​អង្គការសហប្រជាជាតិ​។​ ការ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​ដោយ​ក្រសួងផែនការ​។​32
  • អនុសញ្ញា​ស្តី​ពី​ការ​ហាមឃាត់​ ឬ​ការ​រឹតត្បិត​លើ​ការ​ប្រើប្រាស់​សព្វាវុធ​ធម្មតា​ (CCW)​ ៖​ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ មីនា​ ឆ្នាំ​ ១៩៩៧​។​33
  • អនុសញ្ញា​ស្តី​ពី​ការ​ហាម​ប្រើប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ (APMBC) ៖​ ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​នៅ​ខែ​ ធ្នូ​ ឆ្នាំ​១៩៩៧​ និង​បាន​ផ្តល់​សច្ចាប័ន​នៅ​ខែ​ កក្កដា​ ឆ្នាំ​ ១៩៩៩​ ហើយ​វា​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​ ១​ ខែ​ មក​រា​ ឆ្នាំ​ ២០០០​។​34 កម្ពុជា​បាន​ស្នើ​សុំ​ និង​ការ​រក្សា​បាន​នូវ​ការ​ផ្តល់​ជូន​រយៈពេល​ ១០​ ឆ្នាំ​បន្ថែម​ទៀត​ទៅ​លើ​ការ​បោសសម្អាត​មីន​ស្ថិត​នៅ​ក្រោម​មាត្រ​ ៥​ នៃ​សិទ្ធិ​សញ្ញា​ស្តី​ពី​ការ​ហាម​ប្រើ​ប្រាប់​គ្រាប់​មីន​។ សំណើរ​នេះ​ត្រូវ​បាន​យល់ព្រម​ នៅ​ក្នុង​សន្និសីទ​ត្រួតពិនិត្យ​លើក​ទី​ ២​ ហើយ​កាលបរិច្ឆេទ​ចុង​ក្រោយ​ត្រូវ​បាន​កំណត់​នៅ​ថ្ងៃ​ទី​ ០១​ ខែ​ មក​រា​ ឆ្នាំ​ ២០២០​។​35
  • ព្រះរាជក្រឹត្យ​លេខ​ ១៧៧​ ចុះ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ឆ្នាំ​ ២០០០​ ស្តី​ពី​ការ​បង្កើត​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (CMAA)​ ៖​ អាជ្ញាធរ​នេះ​មាន​កាតព្វកិច្ច​គ្រប់គ្រង​ ត្រួតពិនិត្យ​ និង​សម្របសម្រួល​សកម្មភាព​មីន​នៅ​កម្ពុជា​។​ អាជ្ញាធរ​នេះ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​នាយក​រដ្ឋមន្ត្រី​ និង​អនុប្រធាន​ CMAA​ ខណៈ​អគ្គលេខាធិការ​ CMAA​ គ្រប់គ្រង​លើ​ប្រតិបត្តិការ​ដែល​ទាក់ទង​នឹង​អាណត្តិ​របស់​ខ្លួន​។​36
  • ច្បាប់​ស្តី​ពី​ការ​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​ (​ឆ្នាំ​ ២០០៩)​ ៖​ ច្បាប់​នេះ​អនុវត្ត​ទៅ​តាម​អនុសញ្ញា​ស្តី​ពី​សិទ្ធជន​ពិការ​ និង​លើកកម្ពស់​សិទ្ធិ​ជន​ដែល​មាន​ពិការ​ភាព​ ទប់ស្កាត់​ការ​រើសអើង​ និង​ផែនការ​សម្រាប់​ការ​ផ្តល់​សេវា​ស្តារ​នីតិសម្បទា​ដោយ​ឥត​គិតថ្លៃ​។​37
  • ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ជន​ពិការ​ឆ្នាំ​ (២០០៨-២០១១)​ (NPA-PWD)​ ៖​ ផែនការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ដៃគូ​ជាមួយ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ (DAC)​។​ ផែនការ​នេះ​គ្របដណ្តប់​លើ​សមាសធាតុ​ទាំងអស់​នៃ​ជំនួយ​ទៅ​លើ​ជន​ពិការ​ រួម​មានការ​ថែទាំ​សុខភាព​បន្ទាន់​ ការ​គាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​នៃ​ការ​ស្តារ​នីតិសម្បទា​ និង​ការ​ធ្វើ​សមាហរណកម្ម​សង្គម​ទៅ​នឹង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ និង​ការ​បញ្ចូល​ទៅ​ក្នុង​ផ្នែក​ច្បាប់​ និង​គោលនយោបាយ​សាធារណៈ​ផ្សេងៗ​។​38
  • ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការ​ភាព​ឆ្នាំ​ (២០១៤-២០១៨)​ (NDSP)​ ៖​ វា​ចង្អុលបង្ហាញ​ពី​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​ ១០​ និង​ការ​ផ្តោត​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​សម្រាប់​ជន​ពិការ​។​39

ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ឆ្នាំ​ (២០១៦-២០៣០)»​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  2. 2. យូ​អិន​ឌី​នៅ​កម្ពុជា​(UNDP)​ «​សេចក្តី​សង្ខេប​ខ្លី​ពី​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​»​ មិន​មាន​ថ្ងៃ​បរិច្ឆេទ​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  3. 3. ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ «​ការ​ត្រួតពិនិត្យ​ជាតិ​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩​ ស្តី​ពី​ការ​អនុវត្ត​របៀបវារៈ​ឆ្នាំ​ ២០៣០​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​ ខែមិថុនា​ ឆ្នាំ​២០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  4. 4. ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ឆ្នាំ​ (២០១៦-២០៣០)»​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  5. 5. អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​យុទ្ធសាស្ត្រ​សកម្មភាព​ជាតិ​មីន​ឆ្នាំ​ ២០១៨-២០២៥»​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  6. 6. Gildestad,​ B.,​ «​ការ​វិភាគ​ចំណាយ​ និង​ផល​ចំណេញ​នៃ​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​កម្ពុជា​»​ ខែកុម្ភៈ​ ឆ្នាំ​២០០៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  7. 7. ​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​យុទ្ធសាស្ត្រ​សកម្មភាព​ជាតិ​មីន​ឆ្នាំ​ ២០១៨-២០២៥»​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  8. 8. អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​ឆ្ពោះទៅ​កាន់​ប្រទេស​កម្ពុជា​គ្មាន​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​នៅ​ត្រឹម​ឆ្នាំ​ ២០២៥»​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  9. 9. Gildestad,​ B.,​ «​ការ​វិភាគ​ចំណាយ​ និង​ផល​ចំណេញ​នៃ​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​កម្ពុជា​»​ ខែកុម្ភៈ​ ឆ្នាំ​២០០៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  10. 10. អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​យុទ្ធសាស្ត្រ​សកម្មភាព​ជាតិ​មីន​ឆ្នាំ​ ២០១៨-២០២៥»​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  11. 11. Gildestad,​ B.,​ «​ការ​វិភាគ​ចំណាយ​ និង​ផល​ចំណេញ​នៃ​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​កម្ពុជា​»​ ខែកុម្ភៈ​ ឆ្នាំ​២០០៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  12. 12. ​ដូច​ឯកសារយោង​ខាង​ដើម​
  13. 13. ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ឆ្នាំ​ (២០១៦-២០៣០)»​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  14. 14. ​ដូច​ឯកសារយោង​ខាង​ដើម​
  15. 15. ​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​យុទ្ធសាស្ត្រ​សកម្មភាព​ជាតិ​មីន​ឆ្នាំ​ ២០១៨-២០២៥»​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  16. 16. Gildestad,​ B.,​ «​ការ​វិភាគ​ចំណាយ​ និង​ផល​ចំណេញ​នៃ​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​កម្ពុជា​»​ ខែកុម្ភៈ​ ឆ្នាំ​២០០៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  17. 17. ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការ​ដោះ​មីន​មនុស្សធម៌​នៅ​ទីក្រុង​ហ្សឺ​ណែវ​ (GICHD)​ «​ការ​ផ្លាស់​ប្តូរ​កម្មវិធី​សកម្មភាព​កម្ចាត់​មីន​ទៅ​ជា​កម្មសិទ្ធិ​ជាតិ​៖​ ប្រទេស​កម្ពុជា​»​ ខែមីនា​ ឆ្នាំ​២០១២​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២០​។​
  18. 18. ​ដូច​ឯកសារយោង​ខាង​ដើម​
  19. 19. ​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​សេចក្តី​សង្ខេប​អំពី​សាវតា​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (CMAA)៖​ ក្របខ័ណ្ឌ​គតិ​យុ​ត្ត​ និង​អាណត្តិ​ទំនួល​ខុស​ត្រូវ​»​ មិន​មាន​ថ្ងៃ​បរិច្ឆេទ​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២០​។​
  20. 20. ​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​យុទ្ធសាស្ត្រ​សកម្មភាព​ជាតិ​មីន​ឆ្នាំ​ ២០១៨-២០២៥»​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  21. 21. ​ក្រសួងផែនការ​ «​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​ ២០១៩​ នៃ​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ (​គ​.​អ​.​ច​.​ក​)​ ឆ្នាំ​ ២០១៦-២០៣០»​ ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២០​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​។​
  22. 22. ​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​ឆ្ពោះទៅ​កាន់​ប្រទេស​កម្ពុជា​គ្មាន​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​នៅ​ត្រឹម​ឆ្នាំ​ ២០២៥»​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  23. 23. ​សុទ្ធ​ គឹ​ម​សឿ​ន​ «​រដ្ឋាភិបាល​បង្កើន​ការ​ឈាន​ដល់​គោលដៅ​គ្មាន​មីន​ឆ្នាំ​ ២០២៥»​ ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  24. 24. ​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​យុទ្ធសាស្ត្រ​សកម្មភាព​ជាតិ​មីន​ឆ្នាំ​ ២០១៨-២០២៥»​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  25. 25. ​រាជរដ្ឋាភិបាល​កម្ពុជា​ «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ឆ្នាំ​ ២០១៩-២០២៣»​ ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២០​។​
  26. 26. មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការដោះមីនមនុស្សធម៌នៅទីក្រុងហ្សឺណែវ (GICHD) «ការបញ្ចប់ភារកិច្ចដោះមីន៖ ការពិនិត្យបែបឯករាជ្យទៅលើសកម្មភាពដោះមីននៅកម្ពុជា» ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ ចូលអាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
  27. 27. ​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​យុទ្ធសាស្ត្រ​សកម្មភាព​ជាតិ​មីន​ឆ្នាំ​ ២០១៨-២០២៥»​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  28. 28. ​រាជរដ្ឋាភិបាល​កម្ពុជា​ «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ឆ្នាំ​ ២០១៩-២០២៣»​ ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២០​។​
  29. 29. ​រាជរដ្ឋាភិបាល​កម្ពុជា​ «​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​ ៦​ នៃ​រដ្ឋ​សភាជាតិ​»​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  30. 30. ​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​យុទ្ធសាស្ត្រ​សកម្មភាព​ជាតិ​មីន​ឆ្នាំ​ ២០១៨-២០២៥»​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  31. 31. រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ឆ្នាំ​ (២០១៦-២០៣០)»​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  32. 32. ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ «​ការ​ត្រួតពិនិត្យ​ជាតិ​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩​ ស្តី​ពី​ការ​អនុវត្ត​របៀបវារៈ​ឆ្នាំ​ ២០៣០​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​ ខែមិថុនា​ ឆ្នាំ​២០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  33. 33. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ «​អនុសញ្ញា​ស្តី​ពី​ការ​ហាមឃាត់​ ឬ​ការ​រឹតត្បិត​លើ​ការ​ប្រើប្រាស់​អាវុធ​ធម្មតា​»​ ខែមិថុនា​ ឆ្នាំ​២០០៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  34. 34. ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ «​ការ​ត្រួតពិនិត្យ​ជាតិ​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩​ ស្តី​ពី​ការ​អនុវត្ត​របៀបវារៈ​ឆ្នាំ​ ២០៣០​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​ ខែមិថុនា​ ឆ្នាំ​២០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  35. 35. ស​ន្និ​សិ​ទ​ត្រួតពិនិត្យ​នៅ​ទីក្រុង​អូ​ស្លូ​ប្រទេស​ណ័​រ​វ៉េ​ស​ «​សំណើសុំ​ពន្យារពេល​កំណត់​សម្រាប់​ការ​បញ្ចប់​ការ​ដោះ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ស្រប​តាម​មាត្រា​ ៥​ នៃ​ស​ទ្ធិ​សញ្ញា​ស្តី​ពី​ការ​ហាម​ប្រើ​ប្រាប់​គ្រាប់​មីន​»​ ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២០​។​
  36. 36. ​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​សេចក្តី​សង្ខេប​អំពី​សាវតា​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (CMAA)៖​ ក្របខ័ណ្ឌ​គតិ​យុ​ត្ត​ និង​អាណត្តិ​ទំនួល​ខុស​ត្រូវ​»​ មិន​មាន​ថ្ងៃ​បរិច្ឆេទ​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២០​។​
  37. 37. ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ (DAC)​ «​ច្បាប់​ស្តី​ពី​ការ​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​របស់​ជន​ពិការ​»​ ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០០៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២០​។​
  38. 38. ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​ស្តារ​យុវ​នីតិសម្បទា​ និង​អាជ្ញាធរ​កម្ពុជា​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ «​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ជន​ពិការ​ រួម​មាន​ជន​ពិការ​ និង​រស់រាន​មានជីវិត​ដោយសារ​គ្រាប់​មីន​»​ ខែវិច្ឆិការ​ ឆ្នាំ​២០០៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
  39. 39. ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ (DAC)​ «​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ពិការ​ភាព​នៅ​កម្ពុជា​ឆ្នាំ​ ២០១៤-២០១៨»​ ខែមិថុនា​ ឆ្នាំ​២០១៤​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២០​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3KXf4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!