ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា

ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​ ២០១៩​ ហើយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែមករា​ ឆ្នាំ​ ២០២០​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ប្រកាស​ថា​វា​ជា​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​នូវ​ភាព​អាសន្ន​ទៅ​លើ​ផ្នែក​សុខភាព​សាធារណៈ​(PHEIC)​។1​ ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ពិភពលោក​ ហើយ​ការ​កើនឡើង​នៃ​វិបត្តិ​នេះ​កំពុង​ប៉ះពាល់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​ត្រឹមតែ​ទៅ​លើ​ភាព​អាសន្ន​ផ្នែក​សុខភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​បំផ្លាញ​ដល់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​ដល់​ប្រទេស​ទាំងនោះ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។​2 ដូច​គ្នា​នេះ​ដែរ​ បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​កំពុង​រង​នូវ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ពី​ជំងឺ​កូ​វី​ដ​-១៩​។3 ខណៈ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ជាស​កល​ បាន​នាំ​ឱ្យ​មានការ​រំខាន​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ និង​បង្ក​ជា​ការ​រាំងស្ទះ​ទៅ​ដល់​តម្រូវការ​ ព្រមទាំង​លំហូរ​នៃ​ការ​ធ្វើ​ដំណើរ​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ដែល​ជា​ហេតុ​បាន​នាំ​មក​នូវ​ការ​រំខាន​ទៅ​លើ​គ្រប់​វិស័យ​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ ក្នុង​នោះ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​4

ទិដ្ឋភាពនៃទីក្រុងភ្នំពេញ. រូបភាពដោយ: Chris Ellinger, ថតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​

​​ជំងឺ​កូ​វី​ដ​-១៩​ បាន​គម្រាមកំហែង​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​សេដ្ឋកិច្ច​ទៅ​លើ​វិស័យ​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ ខណៈ​ដែល​វិស័យ​ទេសចរ​ណ៏​ ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ​ និង​វិស័យ​សំណង់​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​វិស័យ​ដែល​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​។​ ជា​ការ​ពិត​ នៅ​ពេល​រួម​បញ្ចូល​គ្នា​វិស័យ​ទាំង​បី​ខាងលើ​នេះ​បាន​ចូលរួម​ចំណែក​ច្រើន​ជាង​ ៧០​ ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ និង​បង្កើត​ការងារ​ប្រហែលជា​ ៣៩,៥​ ភាគរយ​នៃ​ការងារ​សរុប​នៅ​ក្នុង​ឆ្នាំ​ ២០១៩​។​5 វិធាន​ការណ៍​ឆ្លើយ​តប​ជាស​កល​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ ជាក់ស្តែង​បាន​បង្ក​ឱ្យ​មានការ​ធ្លាក់​ចុះ​នៃ​សេវាកម្ម​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច​។​ បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ឆ្នាំ​ ២០២០​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​ខាតបង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​ជា​ ៣​ ពាន់​លាន​ដុល្លារ​។​ លោក​បាន​បន្ត​ទៀត​ថា​ ក្នុង​រយៈពេល​ ៤​ ខែ​ដំបូង​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​ជា​ ១,៦​ លាន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ដែល​ជា​តួលេខ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ ៥២​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ លើស​ពី​នេះ​ គោលដៅ​ទេសចរណ៍​ដែល​មាន​អ្នកទេសចរ​មក​ទស្សនា​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ខេត្តសៀមរាប​ ត្រូវ​បាន​កត់សំគាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ស្មើនឹង​ ៤៥,៦​ ភាគរយ​ និង​ការ​ធ្លាក់​ចុះ​រហូត​ដល់​ទៅ​ ៩៩,៦​ ភាគរយ​ សម្រាប់​ខែមេសា​ឆ្នាំ​ ២០២០​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ អាជីវកម្ម​ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ចំនួន​ ២.៩៥៦​ ត្រូវ​បាន​បិទទ្វារ​ ដែល​បណ្តាល​ឱ្យ​អត្រា​ភាព​គ្មាន​ការងារ​ធ្វើ​មាន​ចំនួន​ ៤៥.៤០៥​ នាក់6​ ខណៈ​ពេល​ដែល​ការ​ប៉ាន់ស្មាន​ពី​ធនាគារពិភពលោក​ (World​ Bank)​ បង្ហាញ​ថា​ ជា​សាកល​យ៉ាង​ហោច​ណាស់​មាន​ការងារ​ចំនួន​ ១,៧៦​ លាន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​។​7 យោង​តាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ រោងចក្រ​សរុប​ចំនួន​ ៤៣៣​ និង​អាជីវកម្ម​ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​។​8 ការ​បិទទ្វារ​ជា​បណ្តោះអាសន្ន​នេះ​ បាន​ធ្វើ​ឱ្យ​កម្មករ​កាត់ដេរ​ប្រមាណ​ជា​ ១៣៥.០០០​ នាក់​ និង​កម្មករ​ទេសចរណ៍​ ១៧.០០០​ នាក់​គ្មាន​ការងារ​ធ្វើ​។​9

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​លើ​វិស័យ​វាយ​ណ​ភ័​ណ្ឌ​ ស្បែកជើង​ និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​បាន​កើនឡើង​ត្រឹមតែ​ ៧,៥​ ភាគរយ​ប៉ុណ្ណោះ​ ក្នុង​រយៈពេល​ ៣​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០​ ដែល​ស្មើនឹង​ការ​ធ្លាក់​ចុះ​ ១៧,៧​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៩​។​ បើ​យោង​តាម​ធនាគារពិភពលោក​ ការ​ធ្លាក់​ចុះ​នេះ​កើតឡើង​ដោយសារ​ការ​ធ្លាក់​ចុះ​ ០,៥​ ភាគរយ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ ស្បែកជើង​ និង​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ (​រួម​ទាំង​ចក្រភព​អង់គ្លេស​)​ ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​ ២០០៨-២០០៩​។​10 ខណៈ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ ៦,៥​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០​ ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​សម្លៀក​បំពាក់​សម្រាប់​ការ​នាំ​ចេញ​ និង​សំណង់​ នេះ​បើ​យោង​តាម​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​។​ ការណ៍​នេះ​ជា​លទ្ធផល​នៃ​កំណើន​ដ៏​យឺតយ៉ាវ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ជឿនលឿន​ធំៗ​ និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ជា​ពិសេស​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា​ដែល​ចាប់ផ្តើម​នៅ​ដើមខែ​សីហា​ ឆ្នាំ​២០២០​។​11 ​ជា​ការ​ពិត​ណាស់​ លំហូរ​ចូល​នៃ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI)​ មាន​ជាង​ ៥០​ ភាគរយ​នៃ​វិនិយោគ​សរុប​នៅ​កម្ពុជា​ភាគច្រើន​ផ្តោត​លើ​វិស័យ​សំណង់​ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ (​រួម​ទាំង​ហុងកុង​)​ និង​តៃវ៉ាន់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​ប្រទេស​ចិន​មក​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេសនៅក្នុងវិស័យសំណង់​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។​12 ជាក់ស្តែង​កាលពី​ឆ្នាំ​ ២០១៩​ កំណើន​នៃ​ការ​វិនិយោគ​មាន​ប្រមាណ​ជា​ ១១​ ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ជិត​ទ្វេ​ដង​ពី​ ៥,៥​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ ២០១៨​។​ យ៉ាងណា​ក៏​ដោយ​ យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានប៉ាន់ប្រមាណ​ថា​ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​បាន​នាំ​ឱ្យ​ការ​វិនិយោគក្នុងវិស័យសំណង់​មាន​អត្រា​ធ្លាក់​ចុះ​ -៥,៣​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​ ដោយសារ​តែ​ការ​ថមថយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន​។​13

យោង​តាម​អង្គការ​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ (OECD)​ វិបត្តិ​សេដ្ឋកិច្ច​នេះ​នឹង​បន្ត​ឱ្យ​មាន​ផល​ប៉ះពាល់​រយៈពេល​មធ្យម​លើ​ភាព​ក្រីក្រ​ និង​សុខុមាលភាព​ ជា​ពិសេស​ក្នុង​ចំណោម​ជន​ងាយ​រង​គ្រោះ​នៅ​ក្នុង​សង្គម​ និង​អ្នក​ដែល​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។14 ដូចដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​អត្ថបទ​សង្ខេប​គោលនយោបាយ​របស់​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ពិភពលោក​ (FAO)​ បាន​បង្ហាញ​ថា​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​នឹង​ធ្វើ​ឱ្យ​ក្រុម​ជន​ងាយ​រង​គ្រោះ​ជាក់លាក់​មួយ​ចំនួន​ រួម​មាន​ស្ត្រី​ កុមារ​ ជនជាតិ​ដើម​ភាគតិច​ និង​ពលករ​ចំណាកស្រុក​រង​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ភាព​អត់​ការងារ​ធ្វើ​ និង​កង្វះ​ការងារ​សម្រាប់​អ្នក​ប្រកប​របរ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។15​ យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ បាន​ប៉ាន់​ប្រមាណ​ថា​ កម្មករ​ធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជិត​ ១,៦​ ពាន់​លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​រក​ចំណូល​។​ នេះ​ដោយសារ​តែ​ការ​វិធាន​ការណ៍​បិទ​ប្រទេស​ និង​វិធាន​ការណ៍​ផ្សេងៗ​ទៀត​ក្នុង​ការ​បង្ការ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​/​ឬ​ ដោយសារ​តែ​ពួក​គេ​ធ្វើការ​នៅ​ក្នុង​វិស័យ​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​ស្រាប់​។16 ចំពោះ​ប្រទេស​កម្ពុជា​ ស្ថានភាព​កាន់តែ​មាន​លក្ខណៈ​ពិបាក​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ពីព្រោះ​កម្មករ​កាត់ដេរ​បាន​រួមចំណែក​ខ្លាំង​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ទៅ​ដល់​អ្នកលក់​អាហារ​តាម​ចិញ្ចើមថ្នល់​ ហាង​កាត់សក់​ និង​អ្នក​ផ្តល់​សេវា​ដឹក​ជញ្ជូន​។​ ឆ្លង​តាម​ការ​សិក្សា​កន្លង​មក​បាន​ប៉ាន់​ប្រមាណ​ថា​ ប្រាក់​ឈ្នួល​ដែល​កម្មករ​ទទួល​បាន​នៅ​ក្នុង​វិស័យ​កាត់ដេរ​អាច​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​មនុស្ស​ពី​ ៥​ ទៅ​ ៦​ នាក់​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាម​រយៈ​ការ​ជំរុញ​សេដ្ឋកិច្ច​ក្នុងស្រុក​។​ ដូច្នេះ​ភាព​អត់​ការងារ​ធ្វើ​របស់​កម្មករ​រោងចក្រ​ប៉ះពាល់​ដល់​អ្នក​ដែល​មាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។17​ ដូច្នេះ​ភាព​អត់​ការងារ​ធ្វើ​របស់​កម្មករ​រោងចក្រ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បន្ត​ដល់​អ្នក​ប្រកប​របរ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គួរ​ឱ្យ​កត់សម្គាល់​។​18 ស្រប​ពេល​គ្នា​នេះ​ដែរ​ ការ​ផ្ទេរ​ប្រាក់​ពី​បរទេស​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង​។​ យោង​តាម​ក្រុមហ៊ុន​ Emerging​ Markets​ Consulting​ (EMC)​ ប្រទេស​កម្ពុជា​អាច​ខាតបង់​ប្រហែលជា​ ៩០​ លាន​ដុល្លារ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​របស់​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ​ក្នុង​រយៈពេល​ ៦​ ខែ​។​ ខណៈ​ទិន្នន័យ​ត្រីមាស​ទី​ ១​ ឆ្នាំ​២០២០​ ពី​ធនាគារ​អេ​ស៊ី​លី​ដា​ភី​អិ​ល​ស៊ី​បង្ហាញ​ថា​ ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ចំនួន​ ៣,៥​ លាន​ដុល្លារ​ដោយ​មាន​ចំនួន​ប្រតិបត្តិការ​ ១.៣៧៣​ ក្នុង​ឆ្នាំ​២០២០​ ធ្លាក់​ចុះ​ជិត​ពាក់កណ្តាល​ពី​ ៦,២​ លាន​ដុល្លារ​ដោយ​មាន​ប្រតិបត្តិការ​ចំនួន​ ២.២៧០​ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។19​ បន្ទាប់​ពី​កំណើនសេដ្ឋកិច្ច​ល្អ​ក្នុង​រយៈពេល​ពីរ​ទស​វត្ស​ កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​វិញ​នៅ​ឆ្នាំ​២០២០​ នេះ​។​ ការ​ធ្លាក់​ចុះ​នេះ​ ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​មួយ​ផ្នែក​ទៀត​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បូក​រួម​ជាមួយនឹង​ការ​ធ្លាក់​ចុះ​សមត្ថភាព​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នាំ​ចេញ​ទៅ​អ៊ឺ​រ៉ុ​ប​ នេះ​បើ​យោង​តាម​ធនាគារអភិវឌ្ឍន៍អាស៊ី​។20 ជុំវិញ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​មុន​ពេល​ និង​ក្រោយ​ពេល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ភាព​ខុស​គ្នា​ទៅ​តាម​ស្ថាប័ន​ផ្សេងៗ​គ្នា​ រួម​មានការ​ព្យាករណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​សម្រាប់​ឆ្នាំ​២០២០​ និង​២០២១​ ដូចដែល​បាន​បង្ហាញ​ក្នុង​តារាង​ខាងក្រោម​។​

 
ការប៉ាន់ស្មាន និងព្យាករមកលើសេដ្ឋកិច្ចកម្ពុជា គិតជា(%) 
ស្ថាប័នមុនពេល កូវីដ-១៩ក្រោយពេល កូវីដ-១៩*
 ២០២០ប៉ាន់.២០២១ព្យា.២០២០ព្យា.២០២១ព្យា.
រាជរដ្ឋាភិបាលកម្ពុជា (RGC)៦.៥៧.០-១.៩៣.៥
ធនាគារអភិវឌ្ឍអាស៊ី (ADB)៦.៨N/A-៤.០៥.៩
ធនាគារពិភពលោក (WB)៦.៩៦.៨-២.០៤.៣
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៦.៧៦.៧-២.៨៦.៨

 (​ប៉ាន់​=​ការ​ប៉ាន់ស្មាន​,​ ព្យា​=​ការ​ព្យាករ​)

​កំណត់សម្គាល់​៖​ ទិន្នន័យ​ទាំងនេះ​ត្រូវ​បាន​ប្រមូល​ពី​ប្រភព​ផ្លូវការ​ ហើយ​ទិន្នន័យ​ (*)​ ដែល​បាន​បង្ហាញ​នៅ​ក្នុង​តារាង​ជា​ទិន្នន័យ​ថ្មី​បំផុត​ហើយ​ទំនងជា​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​បន្ត​។​

ផល​ប៉ះពាល់​ផ្នែក​សង្គម​

​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ បាន​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​ខ្លាំង​ និង​បាន​ជះ​ឥទ្ធិពល​លើ​គ្រប់​វិស័យ​ និង​គ្រប់​ផ្នែក​នៃ​ជីវិត​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​។​ ប្រទេស​កម្ពុជា​ក៏​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​នេះ​ដែរ​។​ ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​របស់​ជំងឺ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​គឺ​ធំធេង​ណាស់​។​ ផ្នែក​នេះ​វិញ​ នឹង​ធ្វើការ​ស្វែង​យល់​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​ដល់​ផ្នែក​សង្គម​ ជា​ពិសេស​នៅ​ក្នុង​វិស័យ​អប់រំ​ និង​ទៅ​លើ​ជនជាតិ​ដើម​ភាគតិច​។​ដើម្បី​ទទួល​បានការ​អប់រំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ សិស្ស​ត្រូវការ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ស្ថេ​រ​ភាព​និង​ឧបករណ៍​បច្ចេកវិទ្យា​។​ តម្រូវការ​ទាំងនេះ​បាន​ពង្រីក​គម្លាត​វិសមភាព​ក្នុង​ចំណោម​សិស្ស​នៅ​តំបន់​ជនបទ​និង​ទីក្រុង​។21 អ្នក​រស់នៅ​តំបន់​ទីក្រុង​ប្រហែលជា​អាច​នឹង​មាន​លទ្ធភាព​ទទួល​បានការ​អប់រំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រសើរ​ជាង​ និង​មានគុណ​ភាព​ជាង​អ្នក​រស់នៅ​តាម​តំបន់​ជនបទ​។​ សាលា​ឯកជន​ហាក់ដូចជា​មានកម្ម​វិធី​ និង​សម្ភារៈ​អប់រំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រសើរ​ជាង​ បើ​ប្រៀបធៀប​ទៅ​នឹង​សាលា​រដ្ឋ​ដែល​មិន​គិតថ្លៃ​សិក្សា​។22​ យោង​តាម​ក្រសួង​អប់រំ​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​ មាន​សិស្ស​ប្រមាណ​ចំនួន​ ២១០​ ០០០​ នាក់​បាន​សិក្សា​នៅ​តាម​សាលា​ឯកជន​ចំនួន​ ១​ ២២២​ បើ​ប្រៀបធៀប​នឹង​សិស្សសាលា​រដ្ឋ​វិញ​ មាន​ចំនួន​ ៣,២​ លាន​នាក់​។23​ ភាគច្រើន​នៃ​សាលា​ឯកជន​ចំនួន​ ១​ ២២២​ ផ្តោត​លើ​តំបន់​ទីប្រជុំជន​ -​ មាន​តែ​សិស្ស​រស់នៅ​តាម​ជនបទ​ស​ចំនួន​ ៣៥​ ៥១១​ នាក់​ប៉ុណ្ណោះ​ដែល​សិក្សា​នៅ​សាលា​ឯកជន​។​24​ ពាក់កណ្តាល​នៃ​សិស្ស​ដែល​មាន​លទ្ធភាព​ចូល​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ឬ​រៀន​ដោយ​ខ្លួនឯង​នៅផ្ទះ​ ចំណាយពេល​តិច​ជាង​ ១០​ ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ដើម្បី​សិក្សា​ ដែល​ចំនួន​នេះ​ស្មើនឹង​ប្រមាណ​តែ​ពាក់កណ្តាល​នៃ​ពេលវេលា​ធម្មតា​របស់​ពួក​គេ​ដែល​ធ្លាប់​សិក្សា​នៅ​ក្នុង​ថ្នាក់រៀន​តែ​ប៉ុណ្ណោះ​។​25​ នៅ​តំបន់​ខ្លះ​ដែល​មិន​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ ការ​អប់រំ​ក្រៅផ្លូវការ​ត្រូវ​បាន​អនុវត្ត​ក្នុង​កំឡុង​ពេល​បិទទ្វារ​សាលារៀន​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ។​ ជំងឺ​រាតត្បាត​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សិស្ស​ និស្សិត​ដែល​មាន​ពិការ​ភាព​ក្នុង​ការ​ទទួល​បានការ​អប់រំ​ស្មើៗ​គ្នា​ដោយសារ​កង្វះ​កម្មវិធី​គាំទ្រ​ពិការ​ភាព​នៅផ្ទះ​។​26

​ជនជាតិ​ដើម​ភាគតិច​ ដែល​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​ងាយ​រងគ្រោះថ្នាក់​បំផុត​ក៏​ប្រឈម​បញ្ហា​ និង​ផលវិបាក​ធំ​ ៗ​ ក្នុង​កំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ​ដែរ​។27​ ជា​ប្រពៃណី​ ជនជាតិ​ដើម​ភាគតិច​ប្រឈម​នឹង​ការ​ទទួល​បាន​សិទ្ធិ​តិចតួច​ក្នុង​សង្គម​រួម​មាន​ ការ​ចូលរួម​នយោបាយ​ ជីវភាព​សេដ្ឋកិច្ច​ និង​ការ​អប់រំ​ជាដើម​។​28​ នៅ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​ ប្រជាជន​ជនជាតិ​ដើម​នៅ​ទូ​ទាំង​ពិភពលោក​ រួម​ទាំង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤​ នៅ​កម្ពុជា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ​ជា​ពិសេស​ដោយសារ​អវត្តមាន​នៃ​សេវា​ថែទាំ​សុខភាព​ ​ និង​សេវាកម្ម​ និង​ការ​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​។​2930 ថ្លែង​នៅ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ Antonio​ Guterres​ បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ហើយ​បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​ទាំងអស់​បញ្ចូល​ក្រុម​ជនជាតិ​ដើម​នៅ​ក្នុង​យុទ្ធសាស្ត្រ​ការពារ​និង​ឆ្លើយ​តប​មេរោគ​កូ​វី​ដ​-១៩​ ។31

វិធាន​ការណ៍​ឆ្លើយ​តប​ផ្នែក​សេដ្ឋកិច្ច​

​រហូត​មក​ដល់​ពេល​នេះ​ការ​ឆ្លើយ​តប​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ហាក់​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ដោយ​កម្ពុជា​ពុំ​មាន​អត្រា​នៃ​ការ​ស្លាប់​ ឬ​ការ​ឆ្លង​កូ​វី​ដ​-១៩​ នៅ​ក្នុង​សហគមន៍​។​ ទោះជា​យ៉ាងណា​ ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ ក៏​ដូច​ជា​សង្គម​ផង​ដែរ32 រួម​ទាំង​ការ​ដក​ផ្នែក​ខ្លះ​នៃ​អត្ថប្រយោជន៍​ “​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​”​ (EBA)​។​ ដូចនេះ​កាលពី​ចុងខែ​កុម្ភៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​បន្ទាន់​ជា​ច្រើន​ទៅ​លើ​អាជីវកម្ម​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ ដូច​ជា​ឧស្សាហកម្ម​កាត់ដេរ​ និង​វិស័យ​ទេសចរណ៍​ជាដើម​ ដែល​វិស័យ​ទាំងនេះ​បាន​បង្កើត​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ ព្រមទាំង​បាន​បង្កើត​ការងារ​ដល់​កម្មករ​ដែល​ភាគច្រើន​ជា​ស្ត្រី​។33 34 យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្នុង​លិខិត​លេខ​ ១៣១៣​ អ្នក​បង់ពន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ខេត្តសៀមរាប​ហើយ​បើក​អាជីវកម្ម​ទាក់ទង​នឹង​សណ្ឋាគារ​ និង​ផ្ទះសំណាក់​នឹង​ត្រូវ​បាន​អនុគ្រោះ​ទៅ​លើ​ការ​បង់ពន្ធ​ប្រចាំខែ​ទាំងអស់​ក្នុង​រយៈពេល​ ៤​ ខែ​ គិត​ចាប់ពី​ខែកុម្ភៈ​ ឆ្នាំ​២០២០​ ដល់​ខែឧសភា​ ឆ្នាំ​ ២០២០​ ខណៈ​ដែល​ឧស្សាហកម្ម​នៅ​ក្នុង​វិស័យ​កាត់ដេរ​ សម្លៀក​បំពាក់​ ស្បែកជើង​ និង​កាបូប​ត្រូវ​បាន​លើកលែង​ពន្ធ​ក្នុង​រយៈពេល​ចាប់ពី​ ៦​ ខែ​ទៅ​ ១​ ឆ្នាំ​ នឹង​ត្រូវ​ផ្តល់​ជូន​សម្រាប់​រោងចក្រ​ដែល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​កង្វះខាត​នូវ​វត្ថុធាតុដើម​ដោយសារ​បញ្ហា​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ដែល​បណ្តាល​មក​ពី​កូ​វី​ដ​-១៩​ និង​/​ ឬ​ការ​ព្យួរ​ EBA​។​35 36 សម្រាប់​រោងចក្រ​ដែល​បិទទ្វារ​ រដ្ឋាភិបាល​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ៤០​ ដុល្លារ​សម្រាប់​កម្មករ​និ​យោ​ជិ​ក​ដែល​ត្រូវ​បាន​ព្យួរ​ពី​ការងារ​ ហើយ​ម្ចាស់​រោងចក្រ​នឹង​ត្រូវ​ផ្តល់​ប្រាក់​ ៣០​ ដុល្លារ​បន្ថែម​ទៀត​សរុប​ចំនួន​ ៧០​ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ម្នាក់ៗ​។​37

ជីវភាពប្រចាំថ្ងៃរបស់កម្មករកាត់ដេរកម្ពុជា, រូបភាពដោយ UN women, ថតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

​បន្ថែម​ពីលើ​វិធាន​ការណ៍​ទាំងនេះ​ នៅ​ថ្ងៃ​ទី​ ២៤​ ខែមិថុនា​ ឆ្នាំ​២០២០​ ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​កម្មវិធី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ចំនួន​ ៥៦២.៦៨៦​គ្រួសារ​ ដែល​មាន​ចំនួន​ជិត​ ២,៣​ លាន​នាក់​ ដោយ​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ប្រហែល​ ២៥​ លាន​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មវិធី​នេះ​។38​ រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​ដក​ប្រាក់​ចំនួន​ ១​ ពាន់​លាន​ដុល្លារ​ពី​ទុនបំរុង​របស់​ខ្លួន​ដើម្បី​គាំទ្រ​ដល់​ការ​ចំណាយ​ប្រឆាំង​ទៅ​នឹង​កូ​វី​ដ​-១៩​ និង​ដើម្បី​ទ្រទ្រង់​ ជំរុញ​ ព្រមទាំង​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ​។​39 រដ្ឋាភិបាល​កម្ពុជា​ និង​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ប្រកាស​ពី​វិធាន​ការណ៍​នានា​ដើម្បី​បន្ធូរបន្ថយ​បន្ទុក​របស់​ធនាគារ​ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ (MFIs)​ និង​អ្នក​ខ្ចីប្រាក់​ដែល​រង​គ្រោះ​ តាម​រយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​អត្រា​ការ​ប្រាក់​ទាប​ទៅ​ដល់​ស្ថាប័ន​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ក្នុង​គោលបំណង​ដើម្បី​ឱ្យ​ស្ថាប័ន​ទាំងនេះ​អាច​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ ធ្វើការ​ពន្យា​ពេល​ការ​ទូទាត់​សង​ប្រាក់​ និង​ជៀសវាង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​អ្នក​ខ្ចីប្រាក់​។​ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បាន​បង្កើនការផ្តល់​សន្ទនីយភាព​បន្ថែម​ទៀត​ដល់​ធនាគារ​ និង​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​-១៩​ លើ​សេដ្ឋកិច្ច​កម្ពុជា​។​40 ចាប់តាំងពី​ដើមខែ​មីនា​មក​ រដ្ឋាភិបាល​បាន​រៀបចំ​ប្រាក់​កម្ចី​ពិសេស​ចំនួន​ ៥០​ លាន​ដុល្លារ​ សម្រាប់​វិស័យ​កសិកម្ម​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​ (ARDB)​ ហើយ​ក៏​បាន​ចាក់​បញ្ចូល​ទឹកប្រាក់​ចំនួន​ ៥០​ លាន​ដុល្លារ​ទៀត​ចូល​ទៅ​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​របស់​ធនាគារ​ខ្នាត​តូច​ និង​មធ្យម​ (SME​ Bank)​ ខណៈ​ទឹកប្រាក់​ចំនួន​ ៥០​ លាន​ដុល្លារ​ទៀត​ត្រូវ​បាន​ចាក់​បញ្ចូល​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ចូលរួម​មាន​ចំនួន​ ៣៣​ ស្ថាប័ន​។​41

​រដ្ឋាភិបាល​ក៏​បាន​បម្រុង​ទុក​ទឹកប្រាក់​ចំនួន​ ៥០០​ លាន​ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​ទ្រទ្រង់​ដល់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​តាម​រយៈ​ការ​ផ្តល់​កញ្ចប់​ទឹកប្រាក់​ ២០០​ លាន​ដុល្លារ​ជា​គម្រោង​ធានា​ឥណទាន​ (CGSs)​ និង​ ៣០០​ លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ព្រមទាំង​ការ​ផ្តល់​ប្រាក់​កម្ចី​ពិសេស​របស់​រដ្ឋាភិបាល​ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​ (ARDB)​។42 នៅ​ថ្ងៃ​ទី​ ២៦​ ខែឧសភា​ ឆ្នាំ​២០២០​ រដ្ឋាភិបាល​បាន​បន្ត​កំណត់​វិធានការ​ដំណាក់កាល​ទី​ ៤​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩​ ប្រឈម​ខ្លាំង​ដោយ​អាជីវកម្ម​ ក្នុង​នោះ​រួម​មានការ​ពន្យារ​សុពលភាព​នៃ​វិធាន​ការណ៍​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ និង​កំណត់​វិធាន​ការណ៍​ថ្មីៗ​។43​ លើស​ពី​វិធាន​ការណ៍​ដែល​មាន​ស្រាប់​រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ដំណាក់កាល​ទី​ ៥​ ដែល​តំណាង​ឱ្យ​ការ​រួម​បញ្ចូល​គ្នា​នៃ​វិធាន​ការណ៍​ថ្មី​ និង​ដែល​មាន​ស្រាប់​ដែល​នឹង​គាំទ្រ​បន្ថែម​ទៀត​ទៅ​លើ​៖
១.​ វិស័យ​សម្លៀក​បំពាក់​វាយនភ័ណ្ឌ​ ស្បែកជើង​ ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប​
២.​ វិស័យ​សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយដ្ឋាន​ និង​ភ្នាក់ងារទេសចរណ៍​
៣.​ វិស័យ​ទេសចរណ៍​ និង​អាកាសចរណ៍​
៤.​ កម្មវិធី​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​គ្រួសារ​ក្រីក្រ​ និង​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​។​44

នៅ​ថ្ងៃ​ទី​ ៣០​ ខែកញ្ញា​ ឆ្នាំ​ ២០២០​ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ទ្រទ្រង់​ និង​ស្តារ​នូវ​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​សង្គម​ តាម​រយៈ​ការ​ចេញ​នូវ​វិធាន​ការណ៍​ជុំ​ទី​ ៦​ បន្ថែម​ទៀត​។​ ជុំ​ទី​ ៦​ នេះ​ដាក់​ឡើង​ក្នុង​គោលបំណង​ដើម្បី​បន្តសកម្មភាព​ដែល​បាន​អនុវត្ត​កាលពី​ជុំ​មុន​កន្លង​មក​។45

វិធាន​ការណ៍​ឆ្លើយ​តប​ផ្នែក​សុខភាព​សង្គម​ និង​សាធារណៈ​

​ជំហាន​ដំបូង​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​ គឺ​ការ​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​មួយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​ នៅ​ដើម​ខែមេសា​។​46 ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល​ គណៈកម្មាធិការ​នេះ​ទទួលខុសត្រូវ​រាល់​បញ្ហា​ទាំងអស់​ដែល​ទាក់ទង​នឹង​កូ​វី​ដ​-១៩​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ដូចដែល​បាន​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ នា​ពេល​បច្ចុប្បន្ន​ គម្លាត​សង្គម​គឺជា​វិធានការ​ជួរ​មុខ​ដ៏​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩​ ក្ន​ង​កំឡុង​ពេល​វ៉ាក់សាំង​ស្ថិត​ក្នុង​ដំណាក់កាល​កំពុង​អភិវឌ្ឍន៍​។​47​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​តាម​អនុសាសន៍​របស់​អ្នកជំនាញ​ហើយ​បាន​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស​ចំពោះ​បញ្ហា​ទាំងនោះ​។​ សេចក្តីណែនាំ​ និង​គោលការណ៍​ជា​ច្រើន​អំពី​វិធានការ​ការពារ​កូ​វី​ដ​-១៩​ រួម​មាន​វិធានការ​បង្ការ​ ការ​អនុវត្ត​អនាម័យ​ ការ​រក្សា​គម្លាត​សង្គម​ ការ​ធ្វើ​ចត្ត​លឺ​ស័ក​ និង​វិធានការ​ធ្វើ​ដំណើរ​បរទេស​ផ្សេង​ទៀត​ត្រូវ​បាន​ចេញ​ដោយ​គណៈកម្មាធិការ​អន្តរក្រសួង​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​ ការ​យល់​ដឹង​អំពី​ជំងឺ​រាតត្បាត​ត្រូវ​បាន​លើក​ឡើង​ពាសពេញ​ប្រទេស​ តាម​រយៈ​ការ​ផ្សាយ​តាម​បណ្តាញ​សង្គម​ទូរទស្សន៍​ វិទ្យុ​ និង​បដា​តាម​ផ្លូវ​។​ មាន​សំភារៈ​ផ្សព្វផ្សាយ​ផ្សេងៗ​គ្នា​រួម​មាន​វី​ដេ​អូ​ណែនាំ​ខ្លីៗ​។​ គម្រោង​ទាំងនោះ​ភាគច្រើន​ផលិត​ឡើង​ក្រោម​ភាព​ជា​ដៃគូ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដូច​ជា​អង្គការក្រៅរដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ក៏​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ​។​ 

​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ពង្រីក​វិសាលភាព​នៃ​ការ​អនុវត្ត​គម្លាត​សង្គម​ដើម្បី​ទប់ស្កាត់​ការ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ ឧទាហរណ៍​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​មាន​វិស្សមកាល​តូច​មុន​កំណត់​ សម្រេចចិត្ត​ពន្យារ​ការ​ប្រឡង​ថ្នាក់​ជាតិ​ថ្នាក់​ទី​ ៩​ និង​ទី​ ១២​ ឆ្នាំ​ ២០១៩​ -២០២០​ និង​បញ្ឈប់​រាល់​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ចាប់ពី​ថ្ងៃ​ទី​ ១៦​ ខែមីនា​។​ សាលា​ប្រមាណ​ ១៣,​ ៣០០​ ត្រូវ​បាន​បិទ​ទ្ទា​ដោយ​ការ​សម្រេចចិត្ត​នេះ​។​48​ លើស​ពី​នេះ​ កន្លែង​កម្សាន្ត​ដូច​ជា​ កាស៊ីណូ​ រោងកុន​ និង​កន្លែង​ហាត់​កាយសម្ព័ន្ធ​សាធារណៈ​ក៏​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។​ រដ្ឋាភិបាល​ក៏​បាន​ពន្យា​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​ ២០២០​ (​តាម​ប្រពៃណី​នៅ​ពាក់កណ្តាល​ខែមេសា​)​ ដើម្បី​ការពារ​ការ​ប្រាស្រ័យ​សង្គម​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​ -១៩​ ។​ ទោះបី​មានការ​រិះគន់​ជា​សាធារណៈ​ក៏​ដោយ​ រដ្ឋាភិបាល​បាន​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ក្នុង​គោល​ល​បំណង​ទប់ស្កាត់​កូ​វី​ដ​-១៩​ ក្នុង​ករណី​មានការ​រាតត្បាត​មិន​អាច​គ្រប់គ្រង​បាន​។​ លើស​ពី​នេះ​ ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចូល​ស្រុក​ពី​បណ្តា​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ត្រូវ​បាន​ហាមឃាត់​ ដើម្បី​បញ្ឈប់​រាល់​ការ​ចម្លង​មេរោគ​នានា​ដែល​អាច​កើតឡើង​ក្នុង​ប្រទេស​។​

​ការ​អនុវត្ត​គម្លាត​សង្គម​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ផ្ទុះ​មេរោគ​កូ​វី​ដ​-១៩​ បាន​បង្ក​ឱ្យ​មាន​ផល​អវិជ្ជមាន​សម្រាប់​វិស័យ​អប់រំ​ព្រោះថា​សិស្ស​មិន​អាច​រៀន​នៅ​ក្នុង​សាលា​បាន​ទេ​។​ ក្រសួង​អប់រំ​បាន​ប្រ​មើ​ឃើញ​ពី​បញ្ហា​នេះ​ហើយ​បាន​ឆ្លើយ​តប​ជាមួយនឹង​កម្មវិធី​អប់រំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ ក្រសួង​អប់រំ​ ដោយ​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​បាន​ផ្តួចផ្តើម​កម្មវិធី​សិក្សា​ពី​ចម្ងាយ​ និង​សិក្សា​តាម​អេ​ឡិច​ត្រូ​និក​ដើម្បី​ផ្តល់​ការ​អប់​រំជា​មូលដ្ឋាន​ដល់​សិស្ស​គ្រប់​ជាន់ថ្នាក់​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ​ដែល​ពួក​គេ​មិន​អាច​ទទួល​បានការ​ភ្ជាប់​អ៊ីនធឺណិត​។​49​ រដ្ឋាភិបាល​ក៏​បាន​សហការ​ជាមួយ​សង្គម​ស៊ី​វិល​ និង​អង្គការក្រៅរដ្ឋាភិបាល​ដូច​ជា​មូលនិធិ​អាស៊ី​ និង​យូ​ណេ​ស្កូ​ដើម្បី​អនុវត្ត​កម្មវិធី​រៀន​តាម​អេ​ឡិច​ត្រូ​និ​ច​ និង​បង្កើត​គំនិត​ផ្តួចផ្តើម​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រៀនសូត្រ​របស់​សិស្ស​នៅផ្ទះ​។​

​ទាក់​ទង​នឹង​​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fYbXe
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!