គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

Photo: European Commissions, Creative Commons Attribution 2.0

ទឹកជំនន់​នៅ​កម្ពុជា​ ឆ្នាំ​២០១១​។ រូបភាព ថត​ដោយ​ គណៈកម្មការ​អឺរ៉ុប​,​ ១១​ តុលា​ ២០១១​។ ក្រោម​អាជ្ញាប័ណ្ណ​ CC BY 2.0

នៅ​ប្រទេស​កម្ពុជា​ ព្យុះ​ ទឹកជំនន់​ និង​រន្ទះបាញ់​ គឺជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ចម្បង​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​សត្វ​ និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ខណៈ​ដែល​ គ្រោះ​រាំង​ស្ងួត​ បង្ក​ឱ្យ​មានទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ ជា​ពិសេស​សម្រាប់​កសិករ​។​ នៅ​ក្នុង​របាយការណ៍​មួយ​កាលពី​ចុងឆ្នាំ​២០១៥​ អង្គការសហប្រជាជាតិ​ បាន​រក​ឃើញ​ថា​ កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ខ្ពស់​ទី​៧​ នៅ​ក្នុង​ពិភពលោក​ ជា​ប្រទេស​ដែល​មានការ​បាត់បង់​ជីវិត​មនុស្ស​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ​អាកាសធាតុ​។​ ក្នុង​ចំណោម​មនុស្ស​ ១០០,០០០​ នាក់​ មាន​មនុស្ស​ជា​មធ្យម​ ៨,៤០០​ នាក់​ ទទួល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ ជា​រៀង​រាល់​ឆ្នាំ​។​1

ទឹកជំនន់​ គឺជា​គ្រោះ​មហន្តរាយ​ដែល​កើតឡើង​ញឹកញាប់​បំផុត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បណ្ដាល​ឱ្យ​មាន​ចំនួន​ជាង​ ៩៧​ ភាគរយ​នៃ​ការ​ស្លាប់​បាត់បង់​ជីវិត​ និង​ជាង​ ៩១​ ភាគរយ​នៃ​ការ​បាត់បង់​សេដ្ឋកិច្ច​។2

នៅ​ក្នុង​ស​ន្ទ​ស្សន៍​ហានិភ័យ​ INFORM​ ឆ្នាំ​២០១៨​ (​ដែល​គិត​ពី​ការ​ប៉ះពាល់​រូប​វន្ត​ និង​ភាព​ងាយ​រង​គ្រោះ​រូប​វន្ត​ ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​សង្គម​ និង​កង្វះ​ភាព​ភាព​ធន់​ក្នុង​ការ​ទប់ទល់​ និង​ការ​ស្ដារ​ឡើង​វិញ​)​ ប្រទេស​កម្ពុជា​ មាន​អត្រា​ហានិភ័យ​ខ្ពស់​ជាង​ប្រទេស​ថៃ​ ឡាវ​ ឬ​វៀតណាម​។3

ការ​ប្រែប្រួល​អាកាសធាតុ​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។4;5

ការគ្រប់គ្រងគ្រោះមហន្តរាយ

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ គឺជា​ស្ថាប័ន​ដ៏​សំខាន់​ ដែល​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ នៅ​កម្ពុជា​។​ នៅ​កម្រិត​ថ្នាក់​ជាតិ​ គណៈកម្មាធិការ​នេះ​ មាន​សមាជិក​ចំនួន​ ២២​ រូប​ មក​ពី​ក្រសួង​នានា​ កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ អាជ្ញាធរ​អាកាស​ចរ​ស៊ី​វិល​ និង​ កាកបាទក្រហមកម្ពុជា​6 គណៈកម្មាធិការ​នេះ​ ជួយ​ទ្រទ្រង់​គណៈកម្មាធិការ​ថ្នាក់​ខេត្ត​ ស្រុក​ និង​ឃុំ​។​ ក្រុម​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ភូមិ​ គឺជា​ស្ថាប័ន​ថ្នាក់ទាប​ជាងគេ​។

គម្រោង​រយៈពេល​ ៤​ឆ្នាំ​ (២០១៥-២០១៩)​ កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ (MOWRAM)​ ដោយ​មាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (​យូ​អិន​ឌី​ភី​)​។7​ គម្រោង​នេះ​ក៏​មានការ​ចូលរួម​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ (MAFF)​ និង​គ​.​ជ​.​គ​.​ម​.​ ហើយ​កំពុង​កាត់​បន្ថយ​គំលាត​ក្នុង​សមត្ថភាព​ស្ថាប័ន​សម្របសម្រួល​អន្តរក្រសួង​ និង​ហេដ្ឋារចនាសម្ព័ន្ធ​។​ ធាតុ​សំខាន់​នៃ​គម្រោង​នេះ​ គឺ​ស្ថានីយ​តាមដាន​អាកាសធាតុ​ដោយ​ស្វ័យប្រវត្តិ​ កំពុង​ត្រូវ​បាន​តំឡើង​ដើម្បី​ផ្តល់សារប្រកាសឱ្យដឹងមុន​។​

​ប្រទេស​កម្ពុជា​ ក៏​កំពុង​ចូលរួម​ក្នុង​គម្រោង​ «​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ ដើម្បី​ធានា​ដល់​សង្គម​ដែល​ធន់​ទ្រាំ​នឹង​អាកាសធាតុ​»​ ជា​គម្រោង​ដែល​អង្គការ​ UN​ Women​ កំពុងធ្វើការ​សម្របសម្រួល​ជាមួយ​អង្គការ​ UN​ Environment​ នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។8 គម្រោង​នេះ​នឹង​ដំណើរការ​ចាប់ពី​ឆ្នាំ​ ២០១៨-២០២២​ ដោយ​ផ្តោត​យ៉ាង​សំខាន់​លើ​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​។​

ប្រទេស​កម្ពុជា​ បាន​បង្កើត​ផែនការ​សកម្មភាព​ជា​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​។​

​ក្រសួង​នីមួយៗ​ ក៏​ពង្រឹង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​ ដូច​ជា​ ផែនការ​សកម្មភាព​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ក្នុង​វិស័យ​កសិកម្ម​ ឆ្នាំ​២០១៤-២០១៨​ របស់​ក្រសួង​ កសិកម្ម​ និង​រុក្ខា​ប្រមាញ់​ ជាដើម​។9

ផលប៉ះពាល់

ទិន្នន័យ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បង្ហាញ​ថា​ គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៧​ បាន​បណ្ដាល​ឱ្យ​មាន​ ១០៣​នាក់​បាត់បង់​ជីវិត​ ១២០​នាក់​រង​របួស​ និង​ប៉ះពាល់​ជាង​ ២០០០​ គ្រួសារ​។​10 តួលេខ​នេះ​ គឺជា​ការ​ធ្លាក់​ចុះ​ បើ​ធៀប​ទៅ​ឆ្នាំ​២០១៦​ ដែល​កាលនោះ​មាន​មនុស្ស​ចំនួន​ ១៣០​ នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​។​11

ខ្យល់ព្យុះ​ និងទឹកជំនន់

ជា​ធម្មតា​ ព្យុះ​ទី​ហ្វុ​ង​ មិន​វាយប្រហារ​មក​លើ​ប្រទេស​កម្ពុជា​ពេញលេញ​ទេ​។​ ប៉ុន្តែ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ង​ ដែល​បាន​វាយប្រហារ​ប្រទេស​ចិន​ និង​វៀតណាម​ ដែល​អាច​បង្ក​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ និង​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​ដោយសារ​ទឹកទន្លេ​ឡើង​។​ ការ​បាក់​ច្រាំង​ទន្លេ​ ក៏ជា​មូលហេតុ​​មួយ​ ដែល​បណ្ដាល​ឱ្យ​ខូចខាត​ដល់​ផ្ទះសម្បែង​។​

នៅ​ឆ្នាំ​២០១៧​ ខ្យល់ព្យុះ​បាន​បង្ក​ឱ្យ​មនុស្ស​ចំនួន​ ៦​នាក់​បាន​បាត់បង់​ជីវិត​ ៥៥​នាក់​រង​របួស​ ផ្ទះ​ ៥៧៩​ខ្នង​ត្រូវ​បាន​បំផ្លាញ​ និង​៤០២៧​ខ្នង​ទៀត​រង​ការ​ខូចខាត។12 នេះ​គឺជា​តួលេខ​ទាប​ជាង​ឆ្នាំ​២០១៦​ ដែល​ពេល​នោះ​ ខ្យល់ព្យុះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ ២១​ នាក់​ស្លាប់​ និង​១៩៣​ នាក់​រង​របួស​ និង​បំផ្លាញ​ផ្ទះ​អស់​ ១៩៩៧​ ខ្នង​។13

ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ឆ្នាំ​២០១៣​ បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ ១៦៨​នាក់​ និង​បាន​បង្ខំ​ឲ្យ​គ្រួសារ​ចំនួន​ ៣១,០០០​គ្រួសារ​ បោះបង់​ចោលផ្ទះ​សម្បែង​របស់​ខ្លួន​14 ព្រមទាំង​បាន​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ អស់​ចំនួន​ ៣៥៦​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​15 ធនាគារអភិវឌ្ឍន៍អាស៊ី​ បាន​ផ្តល់​ទឹកប្រាក់​ចំនួន​ ៨១,៧​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​ការ​សាងសង់​ផ្លូវ​ឡើង​វិញ​ប្រវែង​ជិត​ ៤០០​ គីឡូម៉ែត្រ​ ស្ពាន​ចំនួន​៣​ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​៩​ ក្នុង​ខេត្ត​ចំនួន​៦​។16

ចាប់តាំងពី​ឆ្នាំ​២០០០​ មក​ ទឹកជំនន់​នៅ​ឆ្នាំ​២០១១​ គឺជា​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ នៅ​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ហើយ​បាន​បណ្តាល​ឱ្យ​មានការ​ខូចខាត​ និង​ការ​ស្លាប់​ច្រើន​ជាង​ គ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេង​ទៀត​ នៅ​ពេល​ដែល​ទន្លេសាប​ និង​ទន្លេមេគង្គ​បាន​ជន់​លិច​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ ខ្ពស់​ជាង​កម្រិត​ទឹកភ្លៀង​ធម្មតា​។​ ចំនួន​អ្នក​ស្លាប់មាន​ ២៤៧​ នាក់17 ហើយ​ប្រមាណ​ ៥០,០០០​ គ្រួសារ​ បាន​ផ្លាស់​ទីលំនៅ​ និង​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ ២៧០,០០០​ ហិ​កតា​ រង​ការ​បំផ្លិចបំផ្លាញ​។18 វា​គឺជា​គ្រោះ​មហន្តរាយ​ ដែល​មាន​ទំហំ​ធំ​ និង​ការ​ខាតបង់​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។​

រន្ទះបាញ់

ខណៈ​ដែល​ ប្រទេស​ភាគច្រើន​ដែល​ស្ថិត​នៅ​ជិត​នឹង​ខ្សែ​អេក្វាទ័រ​ មាន​អត្រា​ខ្ពស់​ក្នុង​ការ​វាយប្រហារ​ដោយ​រន្ទះ19 ប្រជាជន​នៅ​តាម​ជនបទ​ភាគច្រើន​នៅ​ប្រទេស​កម្ពុជា​ មាន​កម្រិត​ការ​ស្លាប់​ និង​ការ​រង​របួស​ខ្ពស់​ ដោយសារ​រន្ទះបាញ់​ ដោយហេតុ​ថា​ ប្រជាជន​មួយ​ចំនួន​ធំ​ ភាគច្រើន​ធ្វើ​ការងារ​នៅ​កណ្តាលវាល​។​ ក្នុង​ឆ្នាំ​២០១៦​ រន្ទះ​បាន​សម្លាប់​មនុស្ស​ ១០៨​នាក់​ របួស​ ១០៥​នាក់​ បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសម្បែង​ ៩​ខ្នង​ និង​សម្លាប់សត្វ​ ៨០​ក្បាល​។20 តួលេខ​នៃ​ការ​បាត់​បង់ជីវិត​ គឺ​ទាប​ជាង​ឆ្នាំ​ ២០១៧​ ដែល​រន្ទះ​បាន​សម្លាប់​មនុស្ស​ ៨០​នាក់​ និង​បាន​ធ្វើ​ឱ្យ​របួស​ ៦៣​នាក់​។21

គ្រោះរាំងស្ងួត

​ទឹកជំនន់​ អាច​កើត​មាន​ឡើង​ប៉ុន្មាន​ខែ​ បន្ទាប់​ពី​មាន​គ្រោះ​រាំង​ស្ងួត​ (​ភ្លៀង​ធ្លាក់​ពន្យា​ដល់​ ដើម​ ឬ​ចុងរដូវ​)​។​ ឧទាហរណ៍​ នៅ​ឆ្នាំ​២០១២​ មាន​គ្រោះ​រាំង​ស្ងួត​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​មនុស្ស​រាប់​លាន​នាក់​ ហើយ​ក្រោយមក​ក៏​មាន​ទឹកជំនន់​កើតឡើង​បន្ត​ ដែល​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងច្រើន​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ រយៈពេល​រាំង​ស្ងួត​ ២០​ថ្ងៃ​ ក្នុង​កំឡុង​រដូវវស្សា​ (​ខែឧសភា​ ដល់​ ខែវិច្ឆិកា​)​ ក៏​អាច​បង្ក​ឲ្យ​មានការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​ផលដំណាំ​ដែរ​។​ គ្រោះ​រាំង​ស្ងួត​ គឺជា​គ្រោះ​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដោយឡែក​ ដោយសារ​តែ​កង្វះ​នូវ​ប្រព័ន្ធ​ស្រោចស្រព​ ដែល​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​ត្រឹម​ប្រហែល​ ២០​ ភាគរយ​ ប៉ុណ្ណោះ​។​22 កន្លង​មក​ ភ្លើង​ឆេះ​ព្រៃ​ មិនមែន​ជា​ការ​ព្រួយបារម្ភ​យ៉ាង​សំខាន់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ប៉ុន្តែ​ការ​ប្រមើល​មើល​នៃ​ការ​រាំង​ស្ងួត​ដែល​មាន​រយៈពេល​វែង​ និង​ធ្ងន់ធ្ងរ​ ហើយ​ផ្សា​ភ្ជាប់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ទៀត​នោះ​ វា​អាច​នឹង​បង្កើន​ហានិភ័យ​សម្រាប់​ប្រទេស​កម្ពុជា​ លើ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​។23

ជំងឺរាតត្បាត

ការ​ប្រែប្រួល​អាកាសធាតុ​ អាច​ធ្វើ​ឱ្យ​កម្ពុជា​ងាយ​រង​នូវ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ និង​ការ​រាតត្បាត​ដែល​បង្ក​ឡើង​ដោយ​ទឹក​ ដូច​ជា​ ជំងឺគ្រុនចាញ់​ និង​ជំងឺគ្រុនឈាម​។24 ក្នុង​រយៈពេល​កន្លង​មកនេះ​ ប្រទេស​កម្ពុជា​ បាន​ដោះស្រាយ​បញ្ហា​ជំងឺឆ្លង​ជាស​កល​បាន​យ៉ាង​ល្អ​ ក្នុង​នោះ​រួម​មាន​ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺផ្តាសាយបក្សី​ H5N1​ តាម​រយៈ​ការ​ហាមឃាត់​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​។25 ប្រសិទ្ធភាព​ អាច​អាស្រ័យ​លើ​កម្រិត​ខ្ពស់​នៃ​កម្មវិធី​អភិវឌ្ឍន៍​ និង​ការ​ផ្តល់​មូលនិធិ​សុខភាព​ និង​វត្តមាន​ដ៏​រឹង​មាំ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ ដូច​ជា​អង្គការ​សុខភាព​ពិភពលោក​ជាដើម​។26

បាន​ធ្វើ​បច្ចុប្បន្នភាព​៖​ ១៦​ ឧសភា​ ២០១៩

ឯកសារយោង

  1. 1. ការិយាល័យ​អង្គការសហប្រជាជាតិ​ សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​។​ ២០១៥​។​ តម្លៃ​មនុស្ស​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ​ដែល​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​ ១៩៩៥-២០១៥​។​ UNISDR​ និង​មជ្ឈមណ្ឌល​សម្រាប់​ការ​ស្រាវជ្រាវ​ស្តី​ពី​រោគរាតត្បាត​បង្ក​ឡើង​ដោយ​គ្រោះ​មហន្តរាយ​។ http://www.unisdr.org/2015/docs/climatechange/COP21_WeatherDisastersReport_2015_FINAL.pdf ចូល​អាន​ ២៨​ វិច្ឆិកា​ ២០១៥​។
  2. 2. គេហទំព័រ​ Prevention​ Web,​ ប្រវត្តិ​គ្រោះ​មហន្តរាយ​ និង​ហានិភ័យ​នៃ​ប្រទេស​កម្ពុជា​។​ https://www.preventionweb.net/countries/khm/data​ ចូល​អាន​ ២៦​ មក​រា​ ២០១៩​។​
  3. 3. ដូច​ឯកសារយោង​ខាង​ដើម​។​
  4. 4. រាជរដ្ឋាភិបាល​កម្ពុជា​។​ “​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ២០១៤-២០១៣​។​”​ ចូល​អាន​ ៣០​ តុលា​ ២០១៥​។ http://www.kh.undp.org/content/dam/cambodia/docs/EnvEnergy/CCCAProjects/Cambodia%20climate%20change%20strategic%20plan%202014-2023.pdf
  5. 5. មុំ​ ចាន់​តារា​សូឡី​។​ “​ការ​គ្រោង​ធ្វើ​ផែនការ​ ដើម្បី​លើកកម្ពស់​ភាព​ធន់​នឹង​អាកាសធាតុ​ នៅ​ក្នុង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។​”​ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា,​ ចេញផ្សាយ​ថ្ងៃ​ទី​៩​ កក្កដា​ ២០១៥​។​ ចូល​អាន​ ៣០​ តុលា​ ២០១៥​។​ http://www.akp.gov.kh/?p=65560
  6. 6. គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​ ចូល​អាន​ ២៥​ តុលា​ ២០១៥​។​ ជា​ភាសា​ខ្មែរ​ http://www.ncdm.gov.kh
  7. 7. យូ​អិន​ឌី​ភី​ កម្ពុជា​ ឆ្នាំ​២០១៩​។​ ពង្រឹង​ព័ត៌មាន​អាកាសធាតុ​ និង​ប្រព័ន្ធ​ប្រកាស​អាសន្ន​ជា​មុន​ នៅ​កម្ពុជា​។ http://www.kh.undp.org/content/cambodia/en/home/operations/projects/build-resilience/early-warning-systems.html​ ចូល​អាន​ ២៦​ មក​រា​ ២០១៩​។​
  8. 8. អង្គការ​ UN​ Women​ ២០១៨​។​ ចាប់ផ្ដើម​គម្រោង​ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ ក្នុង​ការ​សម្រេចចិត្ត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​កម្ពុជា​។​ http://asiapacific.unwomen.org/en/news-and-events/stories/2018/12/project-to-empower-women-in-climate-change-decisions​ ចូល​អាន​ ២៦​ មក​រា​ ២០១៩​។​
  9. 9. អគ្គនាយកដ្ឋាន​កសិកម្ម​។​ ផែនការ​សកម្មភាព​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ក្នុង​វិស័យ​កសិកម្ម​ ឆ្នាំ​២០១៤-២០១៨​។​ ភ្នំពេញ​៖​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​,​ ខែធ្នូ​ ឆ្នាំ​២០១៣។​ ចូល​អាន​ ២៦​ មក​រា​ ២០១៥​។​ https://coin.fao.org/coin-static/cms/media/21/14109270844140/etfinal_national_poa_drr_gda_main_eng.pdf
  10. 10. ប៉ិច​ សុធា​រី​ ឆ្នាំ​២០១៧​។​ “​តួលេខ​នៃ​ការ​ស្លាប់​ដោយសារ​គ្រោះ​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​ មានការ​ធ្លាក់​ចុះ​”​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចេញផ្សាយ​ថ្ងៃ​ទី​២៦​ ធ្នូ​ ២០១៧​។​ http://www.khmertimeskh.com/5098124/kingdom-sees-drop-natural-disaster-deaths​ ចូល​អាន​ ២៩​ ធ្នូ​ ២០១៧​។
  11. 11. មុំ​ គ​ន្ធា​ ឆ្នាំ​២០១៦,​ “​ទិដ្ឋភាព​ទូទៅ​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ឆ្នាំ​២០១៦”​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចេញផ្សាយ​ថ្ងៃ​ទី​២៣​ ធ្នូ​ ២០១៦​។​ http://www.khmertimeskh.com/news/33516/overview-of-2016-natural-disasters​ ចូល​អាន​ ២៣​ កក្កដា​ ២០១៧​។​
  12. 12. ប៉ិច​ សុធា​រី​ ឆ្នាំ​២០១៧។
  13. 13. មុំ​ គ​ន្ធា​ ឆ្នាំ​២០១៦។
  14. 14. ឡេ​ង​,​ ហេង​អាន​។​ របាយការណ៍​របស់​ប្រទេស​កម្ពុជា​ ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​ ទីក្រុង​កូ​បេ​៖​ មជ្ឈមណ្ឌល​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ (ADRC),​ កុម្ភៈ​ ២០១៤​។​ ដកស្រង់​ ៣០​ មក​រា​ ២០១៥​។ http://www.adrc.asia/countryreport/KHM/2013/KHM_CR2013B.pdf
  15. 15. ប៉ិច​ សុធា​រី​។​ “​រដ្ឋាភិបាល​និយាយ​ថា​ ខ្លួន​ត្រៀមខ្លួន​រួចរាល់​ទប់ទល់​នឹង​ទឹកជំនន់​ហើយ​។​”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចេញផ្សាយ​ថ្ងៃ​ទី​១០​ កក្កដា​ ២០១៤​។​ ចូល​អាន​ ៣០​ មក​រា​ ២០១៥​។​ https://www.phnompenhpost.com/national/gov%E2%80%99t-says-it%E2%80%99s-ready-floods
  16. 16. កាសែត​ Xinhua​។​ “​ធនាគារអភិវឌ្ឍន៍អាស៊ី​ ផ្តល់​ទឹកប្រាក់​ ៨១,៧​ លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា​ សម្រាប់​ការ​ស្តារ​ឡើង​វិញ​ក្រោយ​ទឹកជំនន់​។​”​ កាសែត​ Global​ Times,​ ចេញផ្សាយ​ថ្ងៃ​ទី​២៣​ មេ​សា​ ២០១៤​។​ ចូល​អាន​ ៣០​ មក​រា​ ២០១៥​។​ http://www.globaltimes.cn/content/856315.shtml
  17. 17. គេហទំព័រ​ Relief​ Web​។​ “​ប្រទេស​កម្ពុជា​៖​ ទឹកជំនន់​ –​ កញ្ញា​ ២០១១​។​”​ ចូល​អាន​ ៣០​ តុលា​ ២០១៥​។​ http://reliefweb.int/disaster/fl-2011-000148-khm
  18. 18. អង្គការកម្មវិធីស្បៀងអាហារពិភពលោក។​ “​របាយការណ៍​អង្កេត​ អំពី​ការ​ស្តារ​ឡើង​វិញ​ ក្រោយ​គ្រោះ​ទឹកជំនន់​ នៅ​ប្រទេស​កម្ពុជា​៖​ ឧសភា​ ២០១២​។​”​ ដកស្រង់​ ៣០​ តុលា​ ២០១៥​។​ https://opendevelopmentcambodia.net/dataset/?id=cambodia-post-flood-relief-and-recovery-survey
  19. 19. អង្គការ​ណា​សា​ឃ្លាំមើល​ភព​ផែនដី​។​ “​អត្រា​នៃ​ផ្លេកបន្ទោរ​។​”​ ដកស្រង់​ ២៥​ តុលា​ ២០១៥​។​ http://earthobservatory.nasa.gov/IOTD/view.php?id=85600&eocn=home&eoci=iotd_previous
  20. 20. មុំ​ គ​ន្ធា​ ឆ្នាំ​២០១៦​។​
  21. 21. ប៉ិច​ សុធា​រី​ ឆ្នាំ​២០១៧​។
  22. 22. ឡេ​ង​,​ ហេង​អាន​។​ របាយការណ៍​របស់​ប្រទេស​កម្ពុជា​ ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​ ទីក្រុង​កូ​បេ​៖​ មជ្ឈមណ្ឌល​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ (ADRC),​ កុម្ភៈ​ ២០១៤​។​ ដកស្រង់​ ៣០​ មក​រា​ ២០១៥​។​ http://www.adrc.asia/countryreport/KHM/2013/KHM_CR2013B.pdf
  23. 23. មុំ​ ចាន់​តារា​សូឡី​។​ “​ការ​គ្រោង​ធ្វើ​ផែនការ​ ដើម្បី​លើកកម្ពស់​ភាព​ធន់​នឹង​អាកាសធាតុ​ នៅ​ក្នុង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។​”​ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​,​ ចេញផ្សាយ​ថ្ងៃ​ទី​៩​ កក្កដា​ ២០១៥​។​ ចូល​អាន​ ៣០​ តុលា​ ២០១៥​។​ http://www.akp.gov.kh/?p=65560
  24. 24. Emily​ Wight​។​ “​គ្រោះ​រាំង​ស្ងួត​ ទឹកជំនន់​ ជំងឺ​៖​ ស្ថានភាព​ពិត​នៃ​កម្ពុជា​ ដែល​ត្រូវ​បាន​វាយប្រហារ​ ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​។​”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចេញផ្សាយ​ថ្ងៃ​ទី​១១​ មេ​សា​ ២០១៤​។​ ដកស្រង់​ ៣០​ តុលា​ ២០១៥​។​ http://www.phnompenhpost.com/7days/droughts-flooding-disease-reality-cambodia-has-been-hit-climate-change
  25. 25. Thomas​ Miller​។​ “​អ្នកជំនាញ​និយាយ​ថា​ នៅ​កម្ពុជា​ ជំងឺផ្តាសាយបក្សី​នៅ​តែ​ជា​កត្តា​គំរាមកំហែង​មួយ​។​”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចេញផ្សាយ​ថ្ងៃ​ទី​១៧​ កញ្ញា​ ២០១០​។​ ដកស្រង់​ ៣០​ តុលា​ ២០១៥​។​ https://www.phnompenhpost.com/national/experts-say-bird-flu-cambodia-still-threat
  26. 26. អង្គការ​សុខភាព​ពិភពលោក​។​ “​ប្រទេស​កម្ពុជា​៖​ យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​។​”​ ដកស្រង់​ ៣០​ តុលា​ ២០១៥​។​ http://www.who.int/countryfocus/cooperation_strategy/ccsbrief_khm_en.pdf?ua=1
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TRKws
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!