គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ

ចំណងជើង​ពេញ​របស់​គោលដៅ​ទី​១៦​ គឺ​ “​លើកកម្ពស់​សង្គម​ដែល​មាន​សន្តិភាព​ និង​ប្រកបដោយ​បរិ​យា​ប័ន្ន​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ផ្តល់​នូវ​ការ​ទទួល​បាន​យុត្តិធម៌​សម្រាប់​ប្រជាជន​គ្រប់​រូប​ នឹង​ កសាង​ស្ថាប័ន​ដែល​មាន​ប្រសិទ្ធភាព​ គណនេយ្យ​ភាព​ និង​បរិ​យា​ប័ន្ន​នៅ​គ្រប់​កម្រិត​”​។​ គោលដៅ​នេះ​ មាន​ក្របខ័ណ្ឌ​ត្រួតពិនិត្យ​មួយ សម្រាប់​ចំណុចដៅ​​ចំនួន​១២​ ក្នុង​នោះ​រួម​មាន​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​​ចំនួន​ ២​ និង​សូចនាករ​ចំនួន​ ២៣​។​




ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ នៅ​ក្នុង​ប្រទេស​កម្ពុជា

គ្មាន​គោលដៅ​ណាមួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ពី​មុន​ ដែល​អាច​ប្រៀប​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​នោះ​ទេ​។​

​ដំណើរ​ឈាន​ទៅ​រក​គោលដៅ​ទី​១៦​ គឺ​កើត​ចេញពី​កំណើន​នៃ​ការ​យល់​ដឹង​ពី​ ភាព​អយុត្តិធម៌​ អសន្តិសុខ​ និង​អំពើ​ហឹ​ង្សា​ ដែល​អាច​រារាំងដល់​​ការ​អភិវឌ្ឍ​។​

អង្គការ​អន្តរជាតិ​ International​ Bridges​ to​ Justice​ បង្ហាញ​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​នេះ​ “…​ គឺ​តំណាង​ឱ្យ​ផ្នែក​ដ៏​ធំ​មួយ​នៃ​មេរៀន​ជា​ច្រើន​ ដែល​ទទួល​បាន​ពី​ភាព​ជោគជ័យ​ នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​…​។​ ​​មូលដ្ឋាន​គ្រឹះ​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ ​ពិពណ៌នា​ អំពី​គោលបំណង​មូលដ្ឋាន​ ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៃ​គោលដៅ​ទាំងអស់​។​ 1

ការ​វាយតម្លៃ​ចំណុចដៅ​​សម្រាប់​ប្រទេស​កម្ពុជា​ រវាង​ចំណុច​ដៅ​​សកល​

ធនាគារអភិវឌ្ឍន៍អាស៊ី​ បាន​បង្ហាញ​ទិន្នន័យ​មួយ​ចំនួន​ជុំវិញ​សូចនាករ​សកល​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ គោលដៅ​ទី​១៦​នៅ​ក្នុង​តំបន់​អាស៊ី​។​ 2​ ស្ថិតិ​សម្រាប់​ប្រទេស​កម្ពុជា​មាន​និន្នាការ​ធ្ងន់ធ្ងរ​៖

  • ចំ​ណុច​ដៅ ១៦.១
    – ១៦.១.១​ ចំនួន​ជន​រង​គ្រោះ​ដោយអំពើ​មនុស្សឃាត​ដោយ​ចេតនា​ (​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​ ១០០.០០០​ នាក់​)

ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ពី​ចំនួន​៤,៧​ នាក់​ (​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​ ១០០.០០០​ នាក់​)​ ក្នុង​ឆ្នាំ​២០០០​ ទៅ​ ១,៨​នាក់​ នៅ​ឆ្នាំ​២០១១​ ដែល​ជា​ការ​ថយ​ចុះ​យ៉ាង​ច្រើន​ ប្រៀបធៀប​នឹង​ មធ្យមភាគ​នៃ​ប្រទេស​ជា​ដៃគូរ​នៅ​អាស៊ី​អាគ្នេយ៍​ទាំង​៩​។​ នេះ​តួលេខ​ថ្មី​បំផុត​ ដែល​ទាប​ជាង​ កម្រិត​មធ្យម​ និង​ម៉េ​ដ្យា​ន​ នៃ​បណ្តា​ប្រទេស​ដៃគូរបស់កម្ពុជា​​។​

  • ចំ​ណុច​ដៅ​ ១៦.៣
    – ១៦.៣.២​ សមាមា្រតនៃ​ជនជាប់ឃុំ​ដែលមិនបានកាត់ក្តី ធៀបនឹងអ្នកជាប់ឃុំសរុប​

​ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ពី​ចំនួន​ ២៩,៨​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៥​ មក​ចំនួន​ ៥៩,២​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៤​ ។​ តួលេខ​នេះ​បាន​កើនឡើង​ទ្វេរ​ដង​។​ តួលេខ​ថ្មី​នេះ​ គឺ​ខ្ពស់​បំផុត​ នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំងអស់​ ក្រៅពី​ប្រទេស​ហ្វី​លី​ពី​ន​។​ (​ការ​វិភាគ​ដាច់​ដោយឡែក​មួយ​បាន​រក​ឃើញ​ថា​ ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ដែល​មានការ​កម្រិត​ប្រតិបត្តិ​អន់​បំផុត​ទី​៤​ នៅ​លើ​ពិភពលោក​ ចំពោះ​ការ​រីក​ចំរើន​ក្នុង​វិស័យ​នេះ​។​ 3

  • ចំ​ណុច​ដៅ​ ១៦.៥
    – ១៦.៥.២​ សមាមាត្រ​នៃ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សំណើរ​សុំ​ទូទាត់​សំណូក​យ៉ាង​ហោច​ណាស់​មួយ​

នៅ​ឆ្នាំ​ ២០១៦​ ប្រទេស​កម្ពុជា​ មាន​តួលេខ​អំពើ​ពុក​រលួយ​ប្រភេទ​នេះ​ ៦៤,៧​ ភាគរយ​ ដែល​ខ្ពស់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​មាន​ទិន្នន័យ​ ហើយ​ច្រើន​ជាង​ពីរ​ដង​ នៃ​ប្រទេស​ក្នុង​តំបន់​របស់​ខ្លួន​។​ (​ការ​វិភាគ​ដាច់​ដោយឡែក​មួយ​បាន​រក​ឃើញ​ថា​ប្រទេស​កម្ពុជា​ ស្ថិត​ក្នុង​លំដាប់​ទី​២​ ក្នុង​ចំណោម​ប្រទេស​ប្រតិបត្តិ​ដ៏​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក​ សម្រាប់​វិធានការ​ដូច​គ្នា​នៃ​អំពើ​ពុក​រលួយ​)​។​[​ដូច​ឯកសារយោង​ខាងលើ​។​]

  • ចំ​ណុច​ដៅ​ ១៦.៩
    – ១៦.៩.១​ សមាមាត្រ​នៃ​កុមារ​អាយុ​ក្រោម​ ៥​ឆ្នាំ​ ដែល​បាន​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​ស៊ី​វិល​

​នៅ​ឆ្នាំ​ ២០១៤​ ប្រទេស​កម្ពុជា​ មាន​អត្រា​ ៧៣,៣​ ភាគរយ​ ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទាប​បំផុត​ទី​ពីរ​ទី​២​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ បើ​តាម​ទិន្នន័យ​ដែល​មាន​ស្រាប់​។​

​មាន​តែ​​ចំ​ណុច​ដៅ​ចុង​ក្រោយ​តែ​មួយ​ប៉ុណ្ណោះ​នៃ​គោលដៅ​ទាំងនេះ​ ដែល​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចូល​ក្នុង​ពង្រាង​នៃ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។​ (​ពន្យល់​ខាងក្រោម​)

​របាយការណ៍​វឌ្ឍនភាព​ ស្តី​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ ដោយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ និង​ សន្តិភាព​ (Institute​ for​ Economics​ and​ Peace)​ បាន​រក​ឃើញ​ថា​ ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៣​ ដែល​បាន​អនុវត្ត​មិន​បាន​ល្អ​ នៅ​លើ​ពិភពលោក​ សម្រាប់​ផ្នែក​ សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ជា​សាធារណៈ​ (​ចំ​ណុច​ដៅ​ទី​ ១៦.១០)​។​ 4​ តែ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែល​ល្អ​បំផុត​លំដាប់​លេខ​ ២​ នៅ​លើ​ពិភពលោក​ មាន​អំពើ​ហិង្សា​ផ្លូវភេទ​តិច​លើ​កុមារ​។​ (​ចំ​ណុច​ដៅ​ទី​ ១៦.២)

​អង្គការ​ International​ Bridges​ to​ Justice​ បាន​អភិវឌ្ឍ​គម្រោង​ ទាក់ទង​នឹង​ការ​ទទួល​បាន​យុត្តិធម៌​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។​ របាយការណ៍​នេះ​ បាន​លើក​ឡើង​ថា​កម្មវិធី​របស់​ខ្លួន​នៅ​កម្ពុជា​ បាន​នាំ​ឱ្យ​មាន​អត្រា​ធ្លាក់​ចុះ​នៃ​ការ​ធ្វើ​ទារុណកម្ម​ស៊ើបអង្កេត​ នៅ​តាម​ខេត្ត​មួយ​ចំនួន​ ដែល​បណ្តាល​មក​ពី​ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​នៅ​ក្នុង​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់​ អោយ​ថយ​ចុះ​តិច​ជាង​ ៥​ភាគរយ​ នៃ​ករណី​ទាំងអស់​។​ 5​​ វា​ស្ថិត​នៅ​ក្រោម​ចំ​ណុច​ដៅទី​ ១៦.១​។​

​យោង​តាម​ស​ន្ទ​ស្សន៍​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​របាយការណ៍​ស្តី​ពី​កិច្ចព្រមព្រៀង​ឆ្នាំ​ ២០១៨​ នៅ​ក្នុង​ចំណុច​ចំនួន​បួន​នៃ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ របស់​កម្ពុជា​ ដែល​និន្នាការ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​ដើរ​ថយក្រោយ​វិញ​។​ 6​ មាន​តែ​ចំណុច​ពីរ​ប៉ុណ្ណោះ​ ដែល​កម្ពុជា​វាយតម្លៃ​បាន​ល្អ​ គឺ​ចំនួន​ប្រជាជន​ជាប់​ពន្ធនាគារ​ ម្នាក់​ក្នុង​ចំណោម​ប្រជាជន​ ១០០.០០០​ នាក់​ និង​ការ​ផ្ទេរ​អាវុធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​

​វា​មិនមែន​ជា​រឿង​ចំលែក​ទេ​ ដែល​អ្នក​សង្កេតការណ៍​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយ​សម្រាប់​កម្ពុជា​។​ ការ​វិភាគ​មួយ​ អំពី​ការ​ត្រៀមខ្លួន​របស់​ប្រទេស​កម្ពុជា​ សម្រាប់​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ បាន​រក​ឃើញ​ថា​ “​គោលដៅ​របស់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៦…​ នឹង​ក្លាយជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​កម្ពុជា​”​។​ 7​ សេចក្តី​អត្ថាធិប្បាយ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​គោលដៅ​ និង​សូចនាករ​តាម​តំបន់​ត្រូវ​បាន​ប្រកាស​ នៅ​ចុងឆ្នាំ​ ២០១៨​។

​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​ទី​១៦​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

នៅ​ឆ្នាំ​ ២០១៦​ យូ​អិន​ឌី​ភី​ (UNDP)​ បាន​ធ្វើការ​វាយតម្លៃ​រួម​បញ្ចូល​យ៉ាង​ឆាប់រហ័ស​ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤​ -​ ២០១៨​ របស់​កម្ពុជា​ និង​ផែនការ​និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នានា​ ដោយ​ធៀប​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​។​ 8​ ការ​វាយតម្លៃ​នេះ​ បាន​ផ្តល់​ការ​វិភាគ​ពី​ចំណុច​ខ្វះខាត​ របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ដែល​មិន​ត្រូវ​បាន​លើក​ឡើង​ ឬ​ត្រូវ​បាន​លើក​ឡើង​ដោយ​ផ្នែក​នៅ​ក្នុង​ផែនការ​បច្ចុប្បន្ន​ និង​គោលដៅ​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​វិស័យ​ជា​ច្រើន​។​

ជាលទ្ធផល​រួម​ គឺថាចំ​ណុច​ដៅចំនួន​ ៨៥​ ក្នុង​ចំណោម​ចំ​ណុច​ដៅនៃ​គោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំង​ ១០៩​ ត្រូវ​បាន​លើក​ឡើង​យ៉ាង​ពេញលេញ​។ ក្នុង​ចំណោម​នោះ ១៧ចំណុចដៅ​​ ត្រូវ​បាន​ដោះ​ស្រាយ​​ដោយ​ផ្នែក​ និង​ គោលដៅ​ចំនួន​ ៧ ​ដែល​មិន​ត្រូវ​បានដោះ​ស្រាយ​​។​

“​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ដល់​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន​។​ ចំ​ណុច​ដៅប្រមាណ​ ៧០​ ភាគរយ​ នៃ​ចំ​ណុច​ដៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ដែល​ទាក់ទង​នឹង​សន្តិភាព​ (​គោលដៅ​ទី​១៦)​ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ដោយ​ផ្តោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ កំណែទម្រង់​ច្បាប់​ និង​តុលាការ​ កំណែទម្រង់រដ្ឋបាល​សាធារណៈ​ (​រួម​ទាំង​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​)​ និង​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​ …”​ 9

​យូ​អិន​ឌី​ភី​ បាន​កត់​សំគាល់ថា​ ចំ​ណុច​ដៅ​សកល​ចំនួន៣​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ គួរ​មានការ​យកចិត្តទុកដាក់​៖

  • ​១៦.៤​ (“​កាត់បន្ថយឱ្យបានច្រើន​នូវលំហូរហិរញ្ញវត្ថុ និងគ្រឿង​សព្វា​វុធខុស​ច្បាប់​ ពង្រឹង​ការបានដូច​ដើមវិញ និងការទទួល បានមកវិញនូវអចលទ្រព្យ​ ដែល​ត្រូវ​បានលួច និងប្រ​​យុទ្ធ្របឆាំងនឹងអង្គការឧក្រឹដ្ឋកម្មគ្រប់​ទម្រង់ ​”)  “​បើ​ទោះជា​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ លើក​ឡើង​លើ​បញ្ហា​លំហូរ​ហិរញ្ញវត្ថុ​មិន​ត្រឹមត្រូវ​ក៏​ដោយ​ តែ​វា​មិន​មាន​និយាយ​ពី​ការ​កាត់​បន្ថយ​លំហូរ​អាវុធ​ ដែល​មាន​ដូច​ជា​ការ​ស្ដារ​ឡើង​វិញ​ នឹង​ ការ​ប្រគល់​ទ្រព្យសម្បត្តិ​ដែល​លួច​បាន​ទេ​។​”
  • ១៦.៧​ (“​ធានា​នូវ​ការ​ធ្វើ​សេចក្ដី​សម្រេច​ ដោយ​មានការ​ចូលរួម​ពី​គ្រប់​តំណាង​ ដោយ​មានការ​ទទួលខុសត្រូវ​ប្រកបដោយ​បរិ​យា​ប័ន្ន​ នៅ​គ្រប់​កម្រិត​​”)​ “​ចំណុច​ដៅ​នៃ​ការ​បញ្ចូល​ និង​ការ​ចូលរួម​របស់​ក្រុម​ដែល​ទន់ខ្សោយ​ផ្សេង​ទៀត​ ទៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ (​ឧទាហរណ៍​ ជន​ពិការ​ ជនជាតិ​ដើម​ភាគតិច​)​ កំពុង​មាន​ចន្លោះ​ប្រហោង​។​ …​ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពិចារណា​ លើ​ការ​ដាក់​បញ្ចូល​ក្រុម​ដែល​ទន់ខ្សោយ​ទាំងអស់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ពេល​ដែល​កំពុង​អភិវឌ្ឍ​ NSDP​ បន្ទាប់​។​”
  • ១៦.៩​ (“​ត្រឹម​ឆ្នាំ​២០៣០​ ផ្ដល់​អត្តសញ្ញាណ​ស្របច្បាប់​ដល់​ប្រជាជន​គ្រប់​រូប​ រួម​ទាំង​ការ​ចុះបញ្ជី​កំណើត​​”)​ “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ បញ្ចូល​ចំណុច​ដៅ​លើ​ការ​ចុះ​អត្រានុកូលដ្ឋាន​។​ ប៉ុន្តែ​ អត្តសញ្ញាណ​ស្របច្បាប់​ គឺ​មាន​ភាព​ទូលំទូលាយ​ជាង​ការ​ចុះ​អត្រានុកូលដ្ឋាន​។​ វា​ក៏​រួម​បញ្ចូល​ទាំង​ការ​ផ្តល់​អត្តសញ្ញាណ​ស្របច្បាប់​ ដល់​ក្រុម​ដែល​ជួប​ការ​លំបាក​ផង​ដែរ​។​”

ភាព​ខុស​គ្នា​រវាង​ចំណុច​ដៅ​/​សូចនាករ​សកល​ និង​ចំណុច​ដៅ​/​សូចនាករ​ជាតិ​របស់​កម្ពុជា​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី១៦​ គឺ​មាន​ភាព​ខុស​គ្នា​ធំធេង​ណាស់​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​សកល​ មាន​ចំណុច​ដៅ​ចំនួន​១២​ ហើយ​សម្រាប់​កម្ពុជា​វិញ​ មាន​តែ​ ៣​ចំណុច​ដៅ​ប៉ុណ្ណោះ​។​ រីឯ​សូចនាករ​វិញ​ សម្រាប់​សកល​ មាន​២២​ តែសម្រាប់​កម្ពុជា​មាន​តែ​៣​ទេ​ (​ភាព​ខុស​គ្នា​ច្រើន​ជាងគេ​បំផុត​ សម្រាប់​ចំនួន​សូចនាករ​នៃ​គោលដៅ​ទាំងអស់​)​។​ 10

ចំណុច​ដៅ​ និង​សូចនាករ​នៃ​ គ​.​អ​.​ច​.​ក​ ទី​១៦​​11

ចំណុច​ដៅ​នៃ​គ​.​អ​.​ច​.​ក​

សូចនាករ​នៃ​ គ​.​អ​.​ច​.​ក

ឆ្នាំមូលដ្ឋាន​​ និង​ចំណុច​ដៅ​

១៦.៣​ លើកកម្ពស់​វិធានការ​ច្បាប់​ នៅ​កម្រិត​ជាតិ​ និង​អន្តរជាតិ​ និង​ធានា​ការ​ទទួល​បាន​យុត្តិធម៌​ស្មើភាព​គ្នា​ សម្រាប់​ប្រជាជន​គ្រប់​រូប​។​

១៦.៣.១​ សមាមាត្រ​នៃ​ប្រជាជន​ដែល​ចូលរួម​ នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ច្បាប់

ឆ្នាំមូលដ្ឋាន​ (​ឆ្នាំ​២០១៥)​ ១,៤៨​ នាក់​ ក្នុង​ចំណោម​ ១០០.០០០​ នាក់​។​

ចំណុច​ដៅ​ ឆ្នាំ​២០២៥៖​ មនុស្ស​ ៤​ នាក់​ ក្នុង​ចំណោម​ ១០០.០០០​ នាក់​។​

ចំណុច​ដៅ​ ឆ្នាំ​២០៣០៖​ មនុស្ស​ ៤,១៤​ នាក់​ ក្នុង​ចំណោម​ ១០០.០០០​ នាក់​។​

១៦.៧​ ធានា​នូវ​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ ដោយ​មានការ​ចូលរួម​ពី​គ្រប់​តំណាង​ ដោយ​មានការ​ទទួលខុសត្រូវ​ប្រកបដោយ​បរិ​យា​ប័ន្ន​ នៅ​គ្រប់​កម្រិត​។​

១៦.៧.១​ “​សមាមាត្រ​នៃ​មន្ត្រី​រាជរដ្ឋាភិបាល​ជានា​រី​ នៅ​តាម​បណ្ដា​ក្រសួង​ ឬ​ស្ថាប័ន​នានា​”​

ឆ្នាំ​មូលដ្ឋាន​ (​ឆ្នាំ​២០១៦)៖​ ៤០ ភាគរយ

ចំណុច​ដៅ​ ឆ្នាំ​២០២៥៖​ ៤៩ភាគរយ

ចំណុច​ដៅ​ ឆ្នាំ​២០៣០៖​ ៥០ភាគរយ

១៦.៩​ ត្រឹម​ឆ្នាំ​២០៣០​ ផ្ដល់​អត្តសញ្ញាណស្រប​ច្បាប់​ដល់​ប្រជាជន​គ្រប់​រូប​ រួម​ទាំង​ការ​ចុះបញ្ជី​កំណើត​។​

១៦.៩.៤​ “​ភាគរយ​នៃ​កំណើត​ដែល​បាន​ចុះបញ្ជី​ និង​ទទួល​បាន​សំបុត្រ​កំណើត​ (​យ៉ាង​ហោច​ណាស់​ ៩០ ភាគរយ​ ត្រឹម​ឆ្នាំ​២០២៤)​

មិន​មាន​ឆ្នាំ​មូលដ្ឋាន

ចំណុច​ដៅ​ ឆ្នាំ​២០២៥៖​ ៩០ ភាគរយ

ចំណុច​ដៅ​ ឆ្នាំ​២០៣០៖​ ៩៥ ភាគរយ

ប្រភព៖ រាជរដ្ឋាភិបាល​កម្ពុជា​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​ “​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ឆ្នាំ​២០១៦-២០៣០”​។​ បាន​ទទួល​ការ​ឯកភាព​ពី​គណៈរដ្ឋមន្ត្រី​ នា​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។ ទំព័រ៤២។

ឯកសារ​ចេញផ្សាយ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ បាន​កត់​សម្គាល់ថា​ “ក្របខ័ណ្ឌ​ដែល​បាន​បង្ហាញ​នៅ​ទី​នេះ​ នឹង​ត្រូវ​មានការ​ពិគ្រោះ​យោបល់​បន្ថែម​ទៀត​ និង​ការ​អនុម័ត​ចុង​ក្រោយ​ដោយ​រាជរដ្ឋាភិបាល​។​”​ មានការ​លើក​ឡើង​ថា​ យុទ្ធសាស្ត្រ​ចតុកោណ​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នឹង​បន្ស៊ី​គ្នា​ជាមួយនឹង​ក្របខ័ណ្ឌ​ គ​.​អ​.​ច​.​ក​។​

​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​យ៉ាង​ល្អិតល្អន់​ នៅ​ឯ​វេទិកា​នយោបាយ​ជាន់ខ្ពស់​ស្តី​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ នៅ​ថ្ងៃ​ទី​ ៩-១៩​ ខែកក្កដា​ ឆ្នាំ​២០១៩​។​

​ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ ដែល​នឹង​ចូលរួម​ក្នុង​ការ​ត្រួតពិនិត្យ​ដោយ​ស្ម័គ្រចិត្ត​ នៅ​ក្នុង​វេទិកា​នេះ​។​ ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR)​ “​មាន​គោលបំណង​សម្រួល​ដល់​ការ​ចែករំលែក​បទ​ពិសោធន៍​ រួម​ទាំង​ភាព​ជោគជ័យ​ បញ្ហា​ប្រឈម​ និង​មេរៀន​ ដើម្បី​ព​ន្លឿ​ន​ការ​អនុវត្ត​នៃ​របៀបវារៈ​ ឆ្នាំ​២០៣០​។​ ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត ​ក៏​បាន​ស្វែងរក​ការ​ពង្រឹង​គោលនយោបាយ​ និង​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​ និង​ដើម្បី​ប្រមូល​ការ​គាំទ្រ​ និង​ភាព​ជា​ដៃគូ​ជាមួយ​ពហុភាគី​។​”​ 12​ អង្គការ​សង្គម​ស៊ី​វិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ក្នុង​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​នេះ​។​

គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (CCC)​ បាន​ផ្តល់​នូវ​មតិយោបល់​មួយ​ចំនួន​ ស្តី​អំពី​ការ​ពិនិត្យ​ឡើង​វិញ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ ដែលរួម​មាន​វឌ្ឍនភាព​ បញ្ហា​ប្រឈម​ ឯកសារ​ទិន្នន័យ​/​ឯកសារ​ផែនការ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​ ដែល​អាច​ទទួល​បាននូវ​​ ការ​វាយតម្លៃ​/​ការ​ឆ្លុះ​បញ្ចាំង​ និង​ជំហាន​បន្ទាប់​/​អនុសាសន៍​ សម្រាប់​ដាក់​ជូន​ក្រសួងផែនការ​ នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​ សម្រាប់ព័ត៌មានបន្ថែមអំពីធាតុចូលទាំងនេះ​ អ្នកអាចរកបាន​នៅទីនេះ។

មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ មាន​មធ្យោបាយ​នៃ​ការ​អនុវត្ត​ចំណុច​ដៅ​ ចំនួន​ ២​ (​ដែល​មាន​សូចនាករ​រៀងៗ​គ្នា​)៖

  • ចំណុច​ដៅ​ ១៦.A៖​ “​ពង្រឹង​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ​ រួម​ទាំង​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​កសាង​សមត្ថភាព​នៅ​គ្រប់​កម្រិត​ជា​ពិសេស​ នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​សម្រាប់​ទប់ស្កាត់​អំពើ​ហិង្សា​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភាវរ​កម្ម​ និង​ឧក្រឹដ្ឋ​កម្ម​​”
    – សូចនាករ​ ១៦.A.១៖​ “​បង្កើត​ឱ្យ​មាន​ស្ថាប័ន​ជាតិពីសិទ្ធិ​មនុស្ស​ឯករាជ្យ​ ដោយ​អនុឡោម​​តាម​គោលការណ៍​ក្រុងប៉ារីស​។”
  • ចំណុច​ដៅ​ ១៦.B៖​ “​លើកកម្ពស់​ និង​ជម្រុញ​ការ​អនុវត្ត​ច្បាប់​ និង​គោលនយោបាយ​ស្ដី​ពី​ការ​មិន​រើសអើង​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​”
    – សូចនាករ​ ១៦.B.១៖​ “​សមាមាត្រ​នៃ​ចំនួន​ប្រជាជន​ដែល​បាន​រាយការណ៍​ថា​ មាន​អារម្មណ៍​ត្រូវ​បាន​គេ​រើសអើង​ ឬ​បៀតបៀនផ្លូវ​ភេទ​ (ដោយ​ផ្អែក​លើការ​រើសអើង​ត្រូវបាន​ហាម​ឃាត់​ក្នុង​ច្បាប់​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​)​ ក្នុង​រយៈពេល​ ១២​ ខែ​ចុង​ក្រោ​យ​”

គ្មាន​ចំណុច​ដៅ​/​សូចនាករ​ណាមួយ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គ​.​អ​.​ច​.​ក​ ឡើយ​។​

​មាន​ព័ត៌មាន​លម្អិត​តិចតួច​ណាស់​ ត្រូវ​បាន​ចេញផ្សាយ​អំពី​ជំហាន​ជាក់លាក់​ ដែល​រាជរដ្ឋាភិបាល​នឹង​ធ្វើ​ ដើម្បី​ធានា​ឱ្យ​មាន​វឌ្ឍនភាព​នៃ​ចំណុច​ដៅ​បី​ នៅ​ក្នុង​គ​.​អ​.​ច​.​ក​ទី​១៦​។​ ក្រសួង​ និង​ស្ថាប័ន​ នឹង​ត្រូវ​បាន​ផ្តល់​ការ​គាំទ្រ​ ដើម្បី​ពង្រឹងសមត្ថភាព​ និង​ប្រព័ន្ធ​ទិន្នន័យ​របស់​ពួក​គេ​ ជុំវិញ​ការ​វាស់វែង​ និង​ការ​ធ្វើ​របាយការណ៍​នៃ​វឌ្ឍនភាព​។​

ការ​តាមដាន​ត្រួតពិនិត្យ​ និង​វាយតម្លៃ​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

ក្រសួងផែនការ​ មាន​ភារកិច្ច​ទទួលខុសត្រូវ​រួម​ សម្រាប់​ដំណើរការ​តាមដាន​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ថ្នាក់​ជាតិ​ និង​ផ្ដល់​ទិន្នន័យ​មូលដ្ឋាន​នៃ​គ​.​អ​.​ច​.​ក​។​ ការ​ទទួលខុសត្រូវ​ចំពោះ​សូចនាករ​ជាក់លាក់​របស់​ខ្លួន​ គឺ​ស្ថិត​នៅ​ក្រោម​ក្រសួង​ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ដែល​ត្រូវ​ផ្ដល់​ការ​វាយតម្លៃ​ពី​វឌ្ឍនភាព​នៃ​ដំណើរការ​ ក៏​ដូច​ជា​ស្ថិតិ​។​

វឌ្ឍនភាព​នឹង​ត្រូវ​បាន​វាយតម្លៃ​ដូច​ខាងក្រោម​៖

  • លើស​ការ​កំណត់​៖​ លើស​ពី​អ្វី​ដែល​ដែល​បាន​កំណត់​ យ៉ាងតិច ​១០ភាគរយ
  • ដូចដែល​បាន​កំណត់​៖​ ស្ថិត​ក្នុង​តម្លៃ​លើ​ ឬ​តិច​ជាង​ពី​ ១០ ភាគរយ ​នៃ​អ្វី​ដែល​បាន​គ្រោង​
  • យឺត​ជាង​ការ​កំណត់​៖​ យ៉ាង​ហោច​ណាស់​ ១០ ភាគរយ ​ទាប​ជាង​អ្វី​ដែល​បាន​កំណត់​។​

​នៅ​ក្នុងឯកសារ​ដែលបង្ហាញពី​ក្របខ័ណ្ឌ​គោលនយោបាយ​របស់​ប្រទេស​កម្ពុជា​ នៃ​​ផ្នែក​ “​តួនាទី​របស់​ គ​.​អ​.​ច​.​ក​”​ មាន​ឃ្លា​មួយ​លើក​ឡើង​ថា​ “​គោលដៅ​ទាំងអស់​របស់​គ​.​អ​.​ច​.​ក​ ផ្ដល់​ជា​ការ​ណែនាំ​ផ្នែក​គោលនយោបាយ​ និង​មធ្យោបាយ​សម្រាប់​តាមដាន​ត្រួតពិនិត្យ​ការ​អនុវត្ត​…”​ 13​ ប៉ុន្តែ​មិន​មាន​ខ្លឹមសារ​ស្រ​ដៀង​គ្នា​ណាមួយ​ បញ្ជាក់​ពី​ការ​តាមដាន​ពិនិត្យ​ការ​អនុវត្ត​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សកល​នោះ​ទេ​។​ ឯកសារ​នេះ​ក៏​បាន​លើក​ឡើង​វិញ​ពី​ដំណើរការ​របស់​កម្ពុជា​ ធៀប​នឹង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​កម្ពុជា​ មិនមែន​ផ្អែក​លើ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​សកល​ឡើយ​។​ នេះ​សបញ្ជាក់​ថា​ វឌ្ឍនភាព​របស់​កម្ពុជា​ រហូត​ដល់​ឆ្នាំ​២០៣០​ នឹង​ត្រូវ​វាស់វែង​ធៀប​នឹង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​កម្ពុជា​ ជា​ជាង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​សកល​។​

​ជាមួយនឹង​ការ​ត្រួតពិនិត្យ​ រដ្ឋ​ដែល​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​ តម្រូវ​ឱ្យ​ដើរតួ​នាទី​ដឹកនាំ​ឈានមុខ​ដោយ​ “​មានការ​សម្រេចចិត្ត​យ៉ាង​ទូលំទូលាយ​លើ​ក្របខ័ណ្ឌ​នេះ​ ប៉ុន្តែ​ត្រូវ​ពឹងផ្អែក​លើ​ប្រព័ន្ធ​ស្ថិតិ​ និង​ទិន្នន័យ​រដ្ឋបាល​ និង​ប្រព័ន្ធ​ជាតិ​»​។​14

​សូចនាករ​ ១៦.៣.១​ “​សមាមាត្រ​នៃ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ច្បាប់​”​ នឹង​ត្រូវ​បាន​វាស់​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ (MONASRI)​។​ វិធានការ​ជាក់លាក់​គឺ​ “​ចំនួន​ប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​ចាប់ពី១៥​ ឆ្នាំ​ និង​អ្នកមាន​អាយុ​លើស​ពី​នេះ​ បាន​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ច្បាប់​ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មាន​ក្រុម​អាយុ​ទាំងនោះ​”​។​

​សូចនាករ​ ១៦.៧.១​ “​សមាមាត្រ​នៃ​មន្ត្រី​រាជរដ្ឋាភិបាល​ជានា​រី​ នៅ​តាម​បណ្ដា​ក្រសួង​ ឬ​ស្ថាប័ន​នានា​”​ នឹង​ត្រូវ​បាន​វាស់​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​ក្រសួង​មុខងារសាធារណៈ​។​ វិធានការ​ជាក់លាក់​គឺ​ “​ចំនួន​តំណែង​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ជានា​រី​ ក្នុង​ស្ថាប័ន​សាធារណៈ​ ក្នុង​ចំណោម​មន្ត្រី​រាជរដ្ឋាភិបាល​សរុប​ នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​”​។​

​សូចនាករ​ ១៦.៩.១​ “​ភាគរយ​នៃ​កំណើត​ដែល​បាន​ចុះបញ្ជី​ និង​ទទួល​បាន​សំបុត្រ​កំណើត​ (​យ៉ាង​ហោច​ណាស់​ ៩០ ភាគរយ​ ត្រឹម​ឆ្នាំ​២០២៤)”​ នឹង​ត្រូវ​បាន​វាស់​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ នៃ​ក្រសួងមហាផ្ទៃ​។​ វិធានការ​ជាក់លាក់​ គឺ​ “​សមាមាត្រ​នៃ​ការ​ចុះ​ឈ្មោះ​បញ្ជី​កំណើត​ ក្នុង​ចំណោម​ប្រជាជន​សរុប​។​”

ឯកសារយោង

  1. 1. ​International​ Bridges​ to​ Justice​ ២០១៨។ “​អង្គការសហប្រជាជាតិ៖​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៦“​។ ចូល​អាន​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៩។
  2. 2. ​ធនាគារអភិវឌ្ឍន៍អាស៊ី​ ២០១៧.”​លើកកម្ពស់​សង្គម​ដែល​មាន​សន្តិភាព​ប្រកបដោយ​បរិ​យា​ប័ន្ន​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ផ្តល់​នូវ​ការ​ទទួល​បាន​យុត្តិធម៌​សម្រាប់​ប្រជាជន​គ្រប់​រូប​ នឹង​ កសាង​ស្ថាប័ន​ដែល​មាន​ប្រសិទ្ធភាព​ គណនេយ្យ​ភាព​ និង​បរិ​យា​ប័ន្ន​នៅ​គ្រប់​កម្រិត​”។​ ចូល​អាន​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៩​។​
  3. 3. ​ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ និង​សន្តិភាព​ ២០១៧​។​ “​របាយការណ៍​វឌ្ឍនភាព​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦”​។​ ចូល​អាន​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៩​។​
  4. 4. ​ដូច​ឯកសារយោង​ខាងលើ​
  5. 5. ​International​ Bridges​ to​ Justice​ ២០១៨។​ “​អង្គការសហប្រជាជាតិ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៦“។​ ចូល​អាន​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៩
  6. 6. ​ Bertelsmann​ Stiftung​ ២០១៨។​ “​ស​ន្ទ​ស្សន៍​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​របាយការណ៍​ឆ្នាំ​ ២០១៨“។​ ចូល​អាន​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១៩​។​
  7. 7. ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ ២០១៥​។​ “​ការ​វិភាគ​សម្រាប់​ការ​ត្រៀមខ្លួន​សម្រាប់​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចរី​ភាព​របស់​ប្រទេស​កម្ពុជា​ -​ ឱកាស​ ប្រឈម​ និង​ហិរញ្ញប្បទាន​”។​ ចូល​អាន​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៩​។​
  8. 8. ​ យូ​អិន​ឌី​ភី​ ២០១៦​។​ “​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​ឆាប់រហ័ស​ -​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​”​។​ ចូល​អាន​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១៩​។​
  9. 9. ​ដូច​ឯកសារយោង​ខាងលើ​
  10. 10. ​​ដូច​ឯកសារយោង​ខាងលើ​​
  11. 11. ​ដូច​ឯកសារយោង​ខាងលើ​
  12. 12. ​វេទិកា​ចំណេះដឹង​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​,​ ឆ្នាំ​២០១៩​។​ “​មូលដ្ឋាន​ទិន្នន័យ​នៃ​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​”​។​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៩​។​
  13. 13. ​រាជរដ្ឋាភិបាល​កម្ពុជា​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​ “​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ឆ្នាំ​២០១៦-២០៣០”​។​ បាន​ទទួល​ការ​ឯកភាព​ពី​គណៈរដ្ឋមន្ត្រី​ នា​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​
  14. 14. ​​ដូច​ឯកសារយោង​ខាងលើ​​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

N9EsK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!