គោលដៅទី១៥ ជីវិតលើដី

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ ផ្តោត​លើ​ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​ ជីវចម្រុះ​នៅ​លើ​ដែន​គោក​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ ដូច​ជា​ព្រៃឈើ​ វាលស្មៅ​ វាល​ខ្សាច់​ និង​តំបន់​ភ្នំ​ ព្រមទាំង​ទំនាក់ទំនង​របស់​វា​ជាមួយ​ប្រព័ន្ធ​ទឹកសាប​។​ គោលដៅ​ទី​១៥​នេះ​ មាន​គោលបំណង​ការពារ​ និង​ជួសជុល​ មុខងារ​អេកូឡូស៊ី​ ដោយ​រួម​បញ្ចូល​ការ​អនុវត្ត​ការ​គ្រប់គ្រង​ ដី​និង​ព្រៃឈើ​ប្រកបដោយ​ចីរភាព​ និង​ការ​កាត់​បន្ថយ​ការ​បាត់បង់​អេកូឡូស៊ី​ ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជីវចម្រុះ​បន្ត​ទៀត​។​1

















ចំណុច​ដៅ​ចំនួន​១២​ នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទី​១៥​ ត្រូវ​បាន​តាង​ក្នុង​រូប​ខាងលើ​។​ ចំណុច​ដៅ​ទាំងនេះ​ បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​សម្ពាធ​ ដែល​មាន​លើ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ដែន​គោក​ ដោយ​ធ្វើការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​គ្រប់គ្រង​កសិកម្ម​ និង​ឧស្សាហកម្ម​ ដែល​កាន់តែ​មាន​និរន្តរភាព​។​

​ដំណើរ​ឆ្ពោះទៅ​រក​ចំណុច​ដៅ​ទាំងនេះ​ នឹង​ត្រូវ​វាស់វែង​ដោយ​សូចនាករ​ចំនួន​១៤​ ផ្សេង​ទៀត​។​ ក្នុង​នោះ​ សូចនាករ​ចំនួន​៣​ ទាក់ទង​នឹង​ “​មធ្យោបាយ​នៃ​ការ​អនុវត្ត​”​ ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ ដែល​មាន​គោលបំណង​ដើម្បី​ធានា​ថា​មាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ (​ចំណុច​ដៅ​ ១៥.A)​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​ទាំងនេះ​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ (​ចំណុច​ដៅ​ ១៥.B)​។​ មាន​គោលបំណង​មួយទៀត​ គឺ​កិច្ចសហការ​ជាស​កល​ ដើម្បី​ផ្តល់​នូវ​ឱកាស​និរន្តរភាព​ជីវភាព​ និង​ការពារ​រុក្ខជាតិ​ និង​សត្វ​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ (​ចំណុច​ដៅ​១៥.C)​។​ ​2

​ការ​ផ្លាស់​ប្តូរ​ពី​ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​ជា​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទី​១៥​ នៅ​កម្ពុជា​

​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ (MDGs)​ ដែល​បង្កើត​មុន​ គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (SDGs)​ ផ្តោត​លើ​ការ​អភិវឌ្ឍ​សង្គម​។​  មាន​គោលដៅ​តែ​មួយ​គត់​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​  (MDG​7)​ ដែល​ផ្តោត​លើ​ការ​ធានា​និរន្តរភាព​បរិស្ថាន​3​ ហើយ​មាន​តែ​សូចនាករ​ទាក់ទង​នឹង​បរិស្ថាន​ចំនួន​១០​ ស្ថិត​ក្នុង​គោលដៅ​តែ​១​។​ ចំណែក​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​(SDGs)​វិញ​ មាន​សូចនាករ​ចំនួន​ ៨៦​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គោលដៅ​ទាំង​១៧។​ មាន​សូចនាករ​ចំនួន​៣​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ត្រូវ​បាន​យក​មក​ប្រើប្រាស់​ម្តងទៀត​ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​(SDGs)​។​ សូចនាករ​ទាំងនេះ​រួម​មាន​ សមាមាត្រ​នៃ​ដី​ព្រៃ​ សមាមាត្រ​នៃ​តំបន់​ការពារ​ដែន​គោក​ និង​សមាមាត្រ​នៃ​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ និង​ជិត​ផុត​ពូជ​។​​4

​ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (SDGs)​ ទាក់ទង​នឹង​ប្រព័ន្ធ​អេកូឡូស៊ី​លើ​ដីគោក​ មាន​ចំនួន​ច្រើន​ និង​មាន​ភាព​ជាក់លាក់​ជាង​ លើ​តម្រូវការ​ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (​ចំណុច​ដៅ​ ៧.A​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ MDGs)​ និង​ជា​ពិសេស​កាត់​បន្ថយ​ការ​បាត់បង់​ជីវចម្រុះ​ (​គោលដៅ​ ៧.B​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ MDGs)​។​ ​5

គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (SDGs)​ ក៏​ទទួលស្គាល់​ផង​ដែរ​ថា​ ប្រព័ន្ធ​អេកូឡូស៊ី​លើ​ដីគោក​ គួរតែ​ទទួល​បានការ​ការពារ​ជា​សាកល​ ជា​ពិសេស​រួម​បញ្ចូល​អ្នក​ដែល​ទន់ខ្សោយ​ លើ​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ពួក​គេ​ ដើម្បី​បែងចែក​ផលប្រយោជន៍​ នៃ​ការ​ប្រើប្រាស់​ដោយ​និរន្ត​ភាព​ និង​មាន​តម្លាភាព​។​ ​6

​ជា​ឧទាហរណ៍​ ដើម្បី​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​នៃ​ការ​បាត់បង់​បរិស្ថាន​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​ (CMDGs)​ បាន​កំណត់​បង្កើន​គម្រប​ព្រៃឈើ​ចំនួន​៦០%​ នៅ​ឆ្នាំ​២០១៥​។​ សូចនាករ​មួយ​ចំនួន​ សំដៅលើ​ការ​ប្រើប្រាស់​តំបន់​ការពារ​ ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជីវចម្រុះ​ ដែល​រួម​មាន​តំបន់​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ ទំហំ​៣,៣​លាន​ហិ​កតា​ និង​ព្រៃ​ការពារ​ថ្មី​ ទំហំ​ ១,៣៥​ លាន​ហិ​កតា​។​7

 

យ៉ាងណា​ក៏​ដោយ​ ក្រៅពី​ចំណុច​ដៅ​ទាំងនេះ​ ប្រទេស​កម្ពុជា​ធ្លាប់​បាត់បង់​គម្រប​ព្រៃឈើ​កម្រិត​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​ ក្នុង​រយៈពេល​ ១៤​ឆ្នាំ​កន្លង​មកនេះ​។​8​ គម្រប​ព្រៃឈើ​ពេល​នោះ​ធ្លាក់​ចុះ​ដល់​ ៤៨%​ នៅ​ឆ្នាំ​២០១៤​ ​9​  ដែល​ទាប​ជាង​ការ​កំណត់​ខ្លាំង​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ (MDGs)​។​ ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​កម្ពុជា​(CSDGs)​ នៅ​មិន​ទាន់​បាន​ចេញផ្សាយ​នៅឡើយ​ទេ​ ប៉ុន្តែ​ការ​បាត់បង់​គម្រប​ព្រៃឈើ​គឺជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អនុវត្ត​គោលដៅ​នេះ​។​

​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ឆ្នាំ​ ២០១៦​ ការ​វាយតម្លៃ​ឆាប់រហ័ស​រួម​នៃ​ផែនការ​ និង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ស្វែង​យល់​ថា​តើ​ប្រទេស​នេះ​ ត្រៀម​រៀបចំ​អនុវត្ត​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ បាន​ល្អ​កម្រិត​ណា​ រួម​ទាំង​គោលដៅ​ដទៃ​ទៀត​ផង​ដែរ​។​ ការ​វាយតម្លៃ​នេះ​ បាន​រក​ឃើញ​ថា​ កម្ពុជា​បាន​ត្រៀម​ការ​អនុវត្ត​លើ​គោលដៅ​ភាគច្រើន​  ប៉ុន្តែ​វា​ចាំបាច់​ត្រូវ​បង្កើត​យុទ្ធសាស្ត្រ​បន្ថែម​ទៀត​ដើម្បី​សម្រេច​ចំណុច​ដៅ​ ១៥.៤​ (​ធានា​នូវ​ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​ភ្នំ​)​។​ ជា​ឧទាហរណ៍​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​ សំដៅលើ​គម្រោង​អភិរក្ស​សត្វ​ដំរី​នៅ​ភ្នំក្រវាញ​ ប៉ុន្តែ​ផែនការ​ជាក់លាក់​ដែល​អាច​ឆ្លើយ​តប​ចំណុច​ដៅ​ទី​១៥.៤​ មិន​បាន​ដាក់​បញ្ចូល​ក្នុង​ ផែនការ​នេះ​ ឬ​ក្នុង​ផែនការ​សកម្មភាព​ និង​យុទ្ធសាស្ត្រ​ជីវចម្រុះ​ជាតិ​ទេ​ (NBSAP,​ ២០១៦)​។​10​ ផែនការ​សកម្មភាព​ និង​យុទ្ធសាស្ត្រ​ជីវចម្រុះ​ជាតិ​ (NBSAP)​ បាន​បង្ហាញ​ថា​ ចំណេះដឹង​ទាក់ទង​នឹង​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​ភ្នំ​នៅ​កម្ពុជា​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​។​​11

​ផែនការ​នៃ​ចំណុច​ដៅ​ទី​១៥.៤​ របស់​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទី​១៥​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ក្នុង​ការ​ជួយ​សម្រេច​ ចំណុច​ដៅ​ និង​សូចនាករ​ របស់​គោលដៅ​មួយ​នេះ​៖

  • ​ ​កម្មវិធី​ព្រៃឈើ​ជាតិ​ឆ្នាំ​ ២០១០-២០២៩​។​12​ ដែល​ស្រប​ទៅ​នឹង​ចំណុច​ដៅ​រយៈពេល​វែង​នៃ​ផែនការ​ផ្សេង​ទៀត​ មាន​បំណង​ពង្រីក​គម្រប​ព្រៃឈើ​ដល់​ទៅ​ ៦០%​ ឬ​ ១០,៩​ លាន​ហិ​កតា​ នៅ​ឆ្នាំ​២០២៩​។​ នៅ​ក្នុង​ផែនការ​នេះ​ដែរ​ ដី​ព្រៃ​មួយ​ចំនួន​ដែល​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ ត្រូវ​បាន​ក្លាយជា​ព្រៃ​ផ្តល់​ផល​របស់​រដ្ឋ​ ឬ​ស្ថិត​ក្នុង​ព្រៃ​ការពារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​។​ ផែនការ​យុទ្ធសាស្ត្រ​ព្រៃឈើ​ផលិតកម្ម​ជាតិ​ថ្មី​ (​ឆ្នាំ​២០១៨​ ២០៣២)​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ចេញផ្សាយ​នៅ​ឆ្នាំ​ ២០១៨​ ផង​ដែរ​។​13

  • ​​សេចក្តី​ព្រាង​ ផែនការ​សកម្មភាព​ជាតិ​កម្ពុជា​ ដែល​មាន​ថវិកា​ចំនួន​ ៤៣​លាន​ដុល្លារ​អា​មេ​រិច​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រិច​រិល​ដី​(២០១៧-២០២៦)​ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​ដីធ្លី​ ហើយ​កម្មវិធី​ជា​ច្រើន​ក៏​បាន​ស្នើរ​ឡើង​ផង​ដែរ​។​14​ ជា​ឧទាហរណ៍​ ផែនការ​យន្តការ​ស្តារ​ព្រៃឈើ​ និង​ទេសភាព​របស់​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ (FAO)​ សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៦-២០១៨​ ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ឆ្នាំ​ ២០១៦​។​15​ យន្តការ​នេះ​មាន​គោលបំណង​ដើម្បី​វាយតម្លៃ​អំពី​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​ ដែល​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​អភិបាលកិច្ច​។​ ជាមួយ​គ្នា​នេះ​ដែរ​ វា​មាន​បំណង​វិធីសាស្ត្រ​សម​ស្រប​ក្នុង​ការ​ប្រើប្រាស់​ធនធាន​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ដែល​ស្រប​ជាមួយនឹង​គោលដៅ​ជីវៈចម្រុះ​ Aichi​ ទី​១៥​ ដែល​បញ្ចូល​ទាំង​ផ្នែក​ឯកជន​។​16 វិធីសាស្ត្រ​មួយទៀត​ គឺ​ការ​គ្រប់គ្រង​រួម​ដើម្បី​ការ​ស្តារ​ឡើង​វិញ​ និង​គ្រប់គ្រង​ ប្រព័ន្ធ​អេកូឡូស៊ី​ តំបន់​ទី​ជម្រាល​។​ វិធីសាស្ត្រ​នេះ​មាន​បំណង​ បង្ហាញ​អំពី​ថា​តើ​ ដី​រិច​រិល​ អាច​ស្តារ​ឡើង​វិញ​បាន​យ៉ាងណា​ នៅ​ព្រែក​ត្នោត​ ខេត្តកំពង់ស្ពឺ​ ដោយ​ការ​អនុវត្ត​គ្រប់គ្រង​ទី​ជម្រាល​រួម​គ្នា​។ ​​17
  • ​​នៅ​ឆ្នាំ​២០១៦​ ផែនការ​សកម្មភាព​ និង​យុទ្ធសាស្ត្រ​ជីវចម្រុះ​ជាតិ​ បានជា​លើក​ទី​០២​។ ​18​ ដើម្បី​សម្រួល​ក្នុង​ការ​សម្រេច​ បាន​ចំណុច​ដៅ​១៥.៥​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ផែនការ​នេះ​បង្ហាញ​ពី​របៀប​ដែល​ប្រទេស​កម្ពុជា​ នឹង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ ទៅ​មធ្យម​ (SMEs)​ នៅ​ក្នុង​តំបន់​ព្រៃឈើ​ផលិតកម្ម​ ដើម្បី​បន្ថែម​តម្លៃ​ ដល់​ផលិតផល​ព្រៃឈើ​ និង​ឈើ​ ដែល​មាន​ស្រាប់​ និង​កាត់​បន្ថយ​ការ​បំផ្លាញ​ជម្រក​នៅ​ក្នុង​តំបន់​អភិរក្ស​។ ​19 ផែនការ​នេះ​ ក៏​មាន​យុទ្ធសាស្ត្រ​ ដើម្បី​ឆ្លើយ​តប​នឹង​ ការ​ប្រ​ម៉ា​ញ់​ រុក្ខជាតិ​និង​សត្វ​ខុសច្បាប់​ និង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ តាម​រយៈ​ការ​បង្កើត​បណ្តាញ​នៅ​ជុំវិញ​តំបន់​ការពារ​សំខាន់ៗ​ (​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥.៧)​។​

សមាជិក​ម្នាក់​ នៃ​សហគមន៍​យក​ជ័រ​នៅ​ស្រុក​សំឡូត​ ខេត្តក្រចេះ​ កំពុង​ធ្វើ​ដំណើរ​ទៅ​យក​ជ័រ​ពី​ព្រៃ​សហគមន៍​ នៅ​ស្រុក​សំបូរ​ ខេត្តក្រចេះ​។​ រូបថត​របស់​អង្គការ​អុក​ស្វា​ម​ ជី​ប៊ី​។​ អាជ្ញាប័ណ្ណ​ក្រោម​  CC BY NC-ND 2.0.

  • នៅ​ឆ្នាំ​ ២០១៥​ ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក​ ពិធីសារ​ណា​ហ្គោ​យ៉ា​ ស្ដី​ពី​លទ្ធ​ ភាព​ទទួល​បាន​ធនធាន​សេនេទិច​ និង​ការ​ចែករំលែក​ផលប្រយោជន៍​ដោយ​យុត្តិធម៌​ និង​សមធម៌​ពី​ការ​ប្រើប្រាស់​។​20 ប្រទេស​កម្ពុជា​ អាច​ចូលរួម​ចំណែក​ក្នុង​ការ​ប្រើប្រាស់​ធនធាន​ជីវៈ​ចម្រុះ​ពិ​ភព​លោក​ និង​អាច​សម្រេច​ចំណុច​ដៅ​ទី​១៥.៦​ នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ដោយ​អនុវត្ត​តាម​តម្រូវការ​នៃ​ក្របខ័ណ្ឌ​ច្បាប់​នេះ​។​​21
  • ​​នៅ​ខែឧសភា​ ឆ្នាំ​២០១៦​ ក្រសួងបរិស្ថាន​បាន​បង្កើត​ និង​ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​បង្កើត​ យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ប្រភេទ​រាតត្បាត​ (NISSAP)​ ស្រប​ជាមួយនឹង​យុទ្ធសាស្ត្រ​ និង​សកម្មភាព​ជីវចម្រុះ​ជាតិ​ (NBSAP)​។​22 ដើម្បី​សម្រេច​បាន​នូវ​ចំណុច​ដៅ​ទី​១៥.៨​ នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ផែនការ​នេះ​ចាំបាច់​ត្រូវ​តែ​មាន​ធនធាន​គ្រប់គ្រាន់​។​
  • ​​ឆ្នាំ​២០១៥​ ប្រទេស​កម្ពុជា​បាន​ចេញផ្សាយ​ចំណុច​ដៅ​ និង​សូចនាករ​ជីវៈចម្រុះ​ថ្មី​ ដែល​ជាប់​ទាក់ទង​នឹង​ចំណុច​ដៅ​ជីវចម្រុះ​ Aichi​ (២)​ ដើម្បី​បញ្ចូល​ពី​គុណ​តម្លៃ​ជីវៈចម្រុះ​ទៅ​ក្នុង​ផែនការអភិវឌ្ឍន៍​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ព្រម​ជាមួយនឹង​ការ​គៀងគរ​ថវិកា​សម្រាប់​គ្រប់គ្រង​ជីវៈចម្រុះ​។​ ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ផែនការ​ទាំងនេះ​ គឺ​អាច​ជួយ​សម្រេច​ ចំណុច​ដៅ​ទី​ ១៥.៩​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​បាន​។​23

មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​មធ្យោបាយ​នាំមុខ​ពីរ​ នៃ​ការ​អនុវត្ត​ចំណុច​ដៅ​ (១៥A​ និង​ ១៥B)​ គឺ​សំដៅលើ​ការ​បង្កើន​ការ​គៀងគរ​ធនធាន​ហិរញ្ញវត្ថុ​ សម្រាប់​ការ​អភិរក្ស​ និង​និរន្តរភាព​នៃ​ការ​ប្រើប្រាស់​ជីវៈចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​។​ ចំណុច​ដៅ​ទី​ ១៥.B​ មាន​ភាព​ច្បាស់​ និង​សំដៅលើ​ការ​ធានា​យន្ដការ​ហិរញ្ញវត្ថុ​ទាំងនេះ​ដើម្បី​ ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ប​ណា្ត​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូច​ជា​កម្ពុជា​ ដើម្បី​អនុវត្ដ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​។​

​កម្មវិធី​ព្រៃឈើ​ជាតិ​របស់​កម្ពុជា​ឆ្នាំ​ ២០១០-២០១៩​ បាន​កំណត់​កម្មវិធី​ចំនួន​៦​ សម្រាប់​ផ្តល់​កម្មវិធី​ហិរញ្ញវត្ថុ​ តាម​រយៈ​កម្មវិធី​ហិរញ្ញវត្ថុ​ព្រៃឈើ​ប្រកបដោយ​ចីរភាព​។​ ប្រភព​ហិរញ្ញវត្ថុ​សំខាន់ៗ​ចំនួន​៥​ បាន​កំណត់​ក្នុង​កម្មវិធី​នេះ​៖

  • ​ថវិកា​របស់​រដ្ឋាភិបាល​
  • ​ប្រាក់​ចំណូល​ពី​ព្រៃឈើ​ជាតិ​ ដូច​ជាតា​មរយៈ​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​
  • ​ចំណូល​ពី​វិស័យ​ឯកជន​ និង​សហគមន៍​ព្រៃឈើ​
  • ​ការ​ផ្តល់​ហិរញ្ញប្បទាន​តាម​រយៈ​ដៃគូរ​អភិវឌ្ឍន៍​
  • ​ប្រភព​ហិរញ្ញប្បទាន​ថ្មីៗ​ ដូច​ជា​អេកូ​ទេសចរណ៍​ និង​ឥណទាន​កាបូន​ជាដើម​។​24

​ប្រទេស​កម្ពុជា​ ពឹងផ្អែក​ពេញទំហឹង​លើក​ ការ​ផ្តល់​មូលនិធិ​ពី​ម្ចាស់​ជំនួយ​ ដើម្បី​គាំទ្រ​ដល់​កម្មវិធី​នេះ​ ហើយ​វា​អាច​នឹង​មិន​គ្រប់គ្រាន់​ ក្នុង​ការ​អនុវត្ត​បាន​រហូត​ដល់​ឆ្នាំ​ ២០២៩​ និង​មិន​អាច​ឆ្លើយ​តប​នឹង​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​។​ មាន​យន្តការ​តិចតួច​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​ សម្រាប់​ទាញ​យក​ចំណូល​ពី​វិស័យ​ព្រៃឈើ​ នេះ​មាន​ន័យ​ថា​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ សម្រាប់​និរន្ត​ភាព​ព្រៃឈើ​ នៅ​មាន​កម្រិត​ទាប​នៅឡើយ​។​​25

​កម្មវិធី​ព្រៃឈើ​ជាតិ​ បាន​កំណត់​ផែនការ​ សម្រាប់​ផ្តល់​ថវិកា​និរន្ត​ភាព​ព្រៃឈើ​ដោយ​ខ្លួនឯង​ ដែល​ដើម​ឡើយ​គឺ​ពឹងផ្អែក​លើ​ម្ចាស់​ជំនួយ​ និង​រដ្ឋាភិបាល​ មុន​នឹង​អាច​រក​ចំណូល​បាន​ពី​ទីផ្សារ​កាបូន​ និង​ពី​ការ​បញ្ជាក់​ពី​ការ​រ​កាប់​ឈើ​តិច​បំផុត​ និង​ការ​នាំ​ចេញ​។

 

ក្នុង​រយៈពេល​វែង​ ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​ និង​ការពារ​តំបន់​ព្រៃរបស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ទទួល​បាន​ប្រភព​មូលនិធិ​ជា​ច្រើន​ដោយ​ពឹងផ្អែក​តិចតួច​ លើ​ម្ចាស់​ជំនួយ​និង​មូលនិធិ​របស់​រដ្ឋាភិបាល​។​ នេះ​មាន​ន័យ​ថា​ ព្រៃឈើ​អាច​ត្រូវ​បានការ​ពារ​ ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ក៏​ដោយ​។​

​រដ្ឋបាល​ព្រៃឈើ​កំពុង​ពិចារណា​លើ​ជម្រើស​ជា​ច្រើន​សម្រាប់​បញ្ហា​នេះ​ ដែល​មាន​ដូច​ជា​៖

  • ​ពន្ធ​លើ​អាជីវកម្ម​ផលិតផល​ឈើ​សម្រេច​
  • ​ភាព​ជា​ដៃគូរ​រវាង​វិស័យ​រដ្ឋ​ និង​ឯកជន​ ពាក់ព័ន្ធ​នឹង​ចំណូល​ពី​សកម្មភាព​ការ​អភិរក្ស​ តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​
  • ​ការ​វិនិយោគ​លើ​ផល​ប៉ះពាល់​ពី​ម្ចាស់​ជំនួយ​
  • ​ការ​ទូទាត់​ចំណាយ​លើ​សេវា​បរិស្ថាន​ (PES)​ ទាក់ទង​ទៅ​នឹង​វិស័យ​ទេសចរណ៍​ ការ​គ្រប់គ្រង​ទី​ជម្រាល​ និង​ការ​ទាញ​យក​កាបូន​
  • ​ការ​ដោះ​ដូរ​បំណុល​សម្រាប់​ធម្មជាតិ​
  • ​មូលនិធិ​ សម្រាប់​វិនិយោគ​និរន្តរភាព​ព្រៃឈើ​ និង​អភិរក្ស​ព្រៃឈើ​
  • ​ ​ឧស្សាហកម្ម​ជីវៈចម្រុះ​ និង​បរិមាណ​ព្រៃឈើ​។​​26

​ចំណុច​ដៅ​ទី​១៥.C​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ មាន​សមាសធាតុ​ពីរ​គឺ​ ផ្តល់​ការ​គាំទ្រ​ជា​សកល​បន្ថែម​ សម្រាប់​ការ​ការពារ​ ការ​បរបាញ់​និង​ការ​ជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ​ ព្រមទាំង​ផ្តល់​សហគមន៍​មូលដ្ឋាន​នូវ​ឱកាស​ប្រកប​របរ​ដែល​មាន​និរន្ត​ភាព​។​27​ នេះ​ជា​រឿង​សំខាន់​ ដែល​ក្នុង​ករណី​មួយ​ចំនួន​ យន្តការ​ច្បាប់​ដែល​មាន​គោលបំណង​បញ្ឈប់​ការ​ប្រ​ម៉ា​ញ់​ និង​ការ​ជួញដូរ​ត្រូវ​បាន​គេ​ សង្កេត​ឃើញ​មាន​ឥទ្ធិពល​លើ​ការ​អនុវត្ដ​ការ​គ្រប់គ្រង​ល្អៗ​ របស់​ជនជាតិ​ដើម​ភាគតិច​ និង​ការ​ជួញដូរ​ ដែល​ត្រូវ​បាន​អនុវត្ត​ពី​បុរាណ​មក​ដើម្បី​អភិរក្ស​ជីវៈចម្រុះ​។​​28

​បញ្ហា​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ មិនមែន​ជា​រឿង​ងាយស្រួល​ដោះស្រាយ​នោះ​ទេ​ ហើយ​វា​ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ ពី​អន្តរក្រសួង​រដ្ឋាភិបាល​នៅ​តាម​ព្រំដែន​អន្តរជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​។​ នេះ​ជា​គោលការណ៍​ ដែល​មាន​ផល​ចំណេញ​ខ្ពស់​ តែ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​ទាប​ ដោយសារ​តែ​ធនធាន​មាន​កម្រិត​។​ មក​ទល់​ពេល​នេះ​ កិច្ច​សហប្រតិបត្ដិការ​ លើ​បញ្ហា​នេះ​ ត្រូវ​បាន​ណែនាំ​ឱ្យ​មាន​ក្រប​ខណ្ឌ​ច្បាប់​ ច្បាស់លាស់​ជាង​មុន​ និង​កំណត់​ភ្នាក់ងារ​ទទួលខុសត្រូវ​លើ​បទល្មើស​សត្វព្រៃ​។​ កិច្ចព្រមព្រៀង​ជំនួយ​ទៅ​វិញ​ទៅ​មក​ ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ ត្រូវ​តែ​គិត​គួរ​ផង​ដែរ​។​29​     

​ការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ នៅ​ក្នុង​ប្រទេស​កម្ពុជា

​សូចនាករ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ នៅ​កម្ពុជា​ជា​ច្រើន​បាន​វាយតម្លៃ​រួចរាល់​អស់ហើយ​។​ វឌ្ឍនភាព​បច្ចុប្បន្ន​ ផ្សារ​ភ្ជាប់​នឹង​ការ​បង្កើត​ និង​ការ​វាស់វែង​សូចនាករ​ទាំងនេះ​ មាន​បង្ហាញ​នៅ​ក្នុង​តារាង​ខាងក្រោម​៖

សូចនាករ​

អាច​រក​បាន​

មតិយោបល់​

១៥.១.១

បរិមាណ​គម្រប​ព្រៃឈើ ​បាន​ថយ​ចុះ​ជា​លំដាប់​ពី​ ៧៣,៣%​ ក្នុង​ឆ្នាំ​១៩៩០​ ទៅ​ ៥៣,៦%​ នៅ​ឆ្នាំ​២០១៥​ (​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​)​។​ ​30

ការ​តាមដាន​ឯករាជ្យ​ដោយ ​ប្រើ​ទិន្នន័យ​ផ្កាយ​រណប​បង្ហាញ​ថា​តួលេខ​នេះ អាច​ទាប​ជាង​នេះ​ទៅ​ទៀត​ (៤៨%​ ក្នុង​ឆ្នាំ​២០១៤)​។​31

១៥.១.២

២៦,០៣%​ នៃ​តំបន់​ដីគោក​នៅ​កម្ពុជា​ ត្រូវ​បាន​គ្របដណ្តប់​ដោយ​តំបន់​ការពារ​។​​32

ទិន្នន័យ​សម្រាប់​ប្រទេស​កម្ពុជា​ មិន​ទាន់​ត្រូវ​បាន​បែងចែក​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី ​ដីគោក​ជាក់លាក់ នៅឡើយ​ទេ​។​

១៥.២.១

ប្រទេស​កម្ពុជា ​នឹង​ធ្វើ​របាយការណ៍​លម្អិត​ពី​សូចនាករ​នេះ ​លើ​ការ​វាយតម្លៃ​ធនធាន​ព្រៃឈើ​​ជាស​កល​ ឆ្នាំ​២០២០​។​33

នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ផ្អែក​លើ​ ៥​ អនុ​សូចនាករ​៖​ (1)​ ការ​ផ្លាស់​ប្តូរ​ទាំងស្រុង​នៅ​ក្នុង​តំបន់​ព្រៃឈើ​។​ (ii)​ ជីវម៉ាស​លើ​ដី​នៅ​ក្នុង​ព្រៃ​ និង​សមាមាត្រ​ព្រៃឈើ​ (iii)​ នៅ​ក្នុង​តំបន់​ការពារ​ស្របច្បាប់​។​ (iv)​ ក្រោម​ផែនការ​គ្រប់គ្រង​រយៈពេល​វែង​ និង​ (v)​ ស្ថិត​នៅ​ក្រោម​ការ​បញ្ជាក់​ទទួលស្គាល់​។​34

១៥.៤.១

មិន​មាន​ទិន្នន័យ​ច្បាស់លាស់​ ណាមួយ​សម្រាប់​ប្រទេស​កម្ពុជា​ ។​35

ទិន្នន័យ​សម្រាប់​ប្រទេស​កម្ពុជា ​មិន​ទាន់​ត្រូវ​បាន​បែងចែក​សម្រាប់​ ប្រព័ន្ធ​អេកូឡូស៊ី​ដីគោក​ជាក់លាក់​នៅឡើយ​ទេ​។​

១៥.៤.២

មូលដ្ឋាន​សម្រាប់​តំបន់​នេះ ​ត្រូវ​បាន​កំណត់​ដោយ​ផែនទី​ភ្នំ​ពិភពលោក​ឆ្នាំ​ ២០១៥​ របស់​អង្គការ​ FAO​​36​ ទោះជា​យ៉ាងណា​​ការ​វិភាគម៉តចត់​​នឹងធ្វើ​ឡើង​ ​ដើម្បីទទួ​ល​បាន​​លទ្ធផល​ជាក់លាក់​សម្រាប់​​ប្រទេស​កម្ពុជា​។

ស​ន្ទ​ស្សន៍​ភ្នំ​បៃតង​ គ្របដណ្ដប់​នៅ​ក្នុង​តំបន់​ភ្នំ​សំបូរ​ទៅ​ដោយ​ព្រៃឈើ​ វាលស្មៅ​ និង​ដំណាំ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្ទៃដី​សរុប​នៃ​ភ្នំ​។​37

១៥.៥.១

ស​ន្ទ​ស្សន៍​បញ្ជី​ក្រហម​គឺជា ​សូចនាករ​ជាស​កល​ ឬ​តំបន់​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​សត្វ​សំខាន់ៗ​ ដែល​មិន​កំណត់ព្រំដែន​ប្រទេស​។

មាន​តែ​ទិន្នន័យ​ប្រភេទ​សត្វ​ ដែល​ទទួល​រង​ការ​គំរាមកំហែង​តាម​ក្រុម​ខុសៗ​គ្នា​ ក៏​ដូច​ចំនួន​សត្វ​ និង​រុក្ខជាតិ​សរុប​សម្រាប់​ប្រភេទ​បញ្ជី​ក្រហម​នីមួយៗ​ មាន​តាម​ប្រទេស​។​38

១៥.៦.១

ប្រទេស​កម្ពុជា​ មាន​ចេតនា​ចែករំលែក​ប្រយោជន៍ ​ពាក់ព័ន្ធ​ធនធាន​សេនេទិច​ (សូចនាករ​ ១៥.៦.១)​ ហើយ​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ណា​ហ្គោ​យ៉ា​។​ ទិន្នន័យ​សាកល​គឺ​អាច​រកបាន​នៅ​លើ​គេហទំព័រ​អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​39

អនុ​សូចនាករ​ដទៃ​ទៀត​រួម​មាន​ ការ​រាយការណ៍​នៃ​គោលការណ៍​ច្បាប់​ និង​នយោបាយ​តាម​ប្រទេស​ ទៅ​កាន់​អនុសញ្ញា​ជីវៈចម្រុះ​ និង​ការ​ចងក្រង​ និង​ចែករំលែក​សារធាតុ​សេនេទិច​ជាមួយ​ប្រទេស​ដទៃ​ទៀត​។​40

សូចនាករ​ចំនួន​ប្រាំពីរ​ដែល​នៅ​សេសសល់​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា​លំដាប់ថ្នាក់​ទី​ ២​ ឬ​ថ្នាក់​ទី​ ៣​ ដែល​កំណត់​ដោយ​ស្ថិតិ​របស់​អង្គការសហប្រជាជាតិ​ (UNSD)​ ដែល​មាន​ន័យ​ថា​ មិន​អាច​រកបាន​តាម​ប្រទេស​ទាំងអស់​ (​សូចនាករ​ ១៥.៣.១,​ ១៥.៧.១,​ ១៥.៨.១​ និង​ ១៥.C.១)​ ឬ​ក៏​វិធីសាស្ត្រ​សម្រាប់​ប្រមូល​ទិន្នន័យ​នៅ​មិន​ទាន់​បាន​បង្កើត​ (​សូចនាករ​ ១៥.A.១,​ ១៥.B.១​ និង​ ១៥.៩.១)​។​41​ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​សូចនាករ​ទាំងនេះ​ ដែល​នឹង​អាច​ចេញផ្សាយ​បន្ទាប់​ពី​វេទិកា​កិច្ចប្រជុំ​នយោបាយ​ជាន់ខ្ពស់​ នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដែល​ជា​ពេលវេលា​ដែល​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​។​ ​42

ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. «​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទី​១៥,»​ វេទិកា​ចំណេះដឹង​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​,​ ចូល​អាន​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៨​។​
  2. 2. Ibid.
  3. 3. «​ទិស​ដៅ​ និង​សូចនាករ​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​,»​ UN​ NGLS​ ២០១០,​ ចូល​អាន​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៨​។​
  4. 4. «​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​វេទិកា​នយោបាយ​ជាន់ខ្ពស់​,»​ មហា​ស​និ្ន​បាទ​បរិស្ថាន​ នៃ​អង្គការសហប្រជាជាតិ​ នៃ​UNEP​ ឆ្នាំ​ ២០១៦,​ ចូល​អាន​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​ ២០១៨​។​​
  5. 5. «​ចំណុច​ដៅ​ និ​ស​សូចនាករ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រិ៍​,»​ UN​ NGLS,​ ចូល​អាន​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៨​។
  6. 6. «​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទី​១៥,»​ វេទិកា​ចំណេះដឹង​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​,​ ចូល​អាន​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៨​។​
  7. 7. រាជរដ្ឋាភិបាល​កម្ពុជា​,​ «​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​ឆ្នាំ​២០០៣,»​ ឆ្នាំ​ ២០០៣​។​
  8. 8. ​​ ស៊ីវ​ហួច​ និង​ ស្រេង​ ២០១៥​។​ ការ​វិភាគ​ពី​ការ​ត្រៀម​រៀបចំ​សម្រាប់​ការ​អនុវត្ត​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​៖​ បញ្ហា​ប្រឈម​ ឱកាស​ និង​ហិរញ្ញប្បទាន​។​ ភ្នំពេញ​៖​ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​,​ ឆ្នាំ​ ២០១៥​។
  9. 9. ​«“​គម្រប​ព្រៃឈើ​”,»​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ ចូល​អាន​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៨​។​
  10. 10. ​«​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​យ៉ាង​រហ័ស​ -​ ទម្រង់​ទិដ្ឋភាព​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​កម្ពុជា​,»​ អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​(UNDP)​ ២០១៦,​ ចូល​អាន​ថ្ងៃ​ទី​ ២៩​ ខែឧសភា​ ឆ្នាំ​២០១៨​។​
  11. 11. ​រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៦,​ យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ជាតិ​ជីវចម្រុះ​ (​ភ្នំពេញ​ ឆ្នាំ​២០១៦),២២៧
  12. 12. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ កម្មវិធី​ព្រៃឈើ​ជាតិ​ឆ្នាំ​ ២០១០-២០២៩​ (​ភ្នំពេញ​ ឆ្នាំ​២០១០),​ ២២៧
  13. 13. ​បឺ​រេស​ហ្វ​ត​ និង​ សៃ​តុ​ ជេ​សិន​,​ «​ហេតុ​អ្វី​ត្រូវ​ខ្វល់ខ្វាយ​ពី​ព្រៃឈើ​កម្ពុជា​,»​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​  ២២​ ខែមីនា​ ឆ្នាំ​២០១៨​។​
  14. 14. កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ ឆ្នាំ​២០១៧,​ «​ការ​គ្រប់គ្រង​រួម​ ដើម្បី​ការពារ​និង​ជួសជុល​សេវាកម្ម​អេកូឡូស៊ី​ និង​តំបន់​ទី​ជម្រាល​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ នៃ​អាង​ទឹក​ព្រែក​ត្នោត​ (CoWES)»​។​ ចូល​អាន​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១៨​។​
  15. 15. ​«​យន្តការ​នៃ​ការ​ស្តារ​ព្រៃឈើ​ និង​តំបន់​ទេសភាព​នៅ​ប្រទេស​កម្ពុជា​,»​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ (FAO)​ នៃ​អង្គការសហប្រជាជាតិ​,​ ចូល​អាន​ថ្ងៃ​ទី​ ២៩​ ខែឧសភា​ ឆ្នាំ​២០១៨​។​
  16. 16. ​បៀរ​ស៊ី​,​ គ្រី​ស្តុ​ប​ និង​ ម៉ក់​ហ្គឺ​រ​,​ ដូ​គ្លា​ស​។​ «​យន្តការ​ស្តារ​ឡើង​វិញ​នៃ​តំបន់​ទេសភាព​ព្រៃ​៖​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ គាំទ្រ​ការ​ចូលរួម​បញ្ហា​ប្រឈម​ Bonn​ នៅ​ក្នុង​បរិបទ​នៃ​ ដៃគូរ​សហ​ការណ៍​សកល​ ស្តី​ពី​ ការ​ស្តារ​ព្រៃឈើ​ និង​តំបន់​ទេសភាព​ (GPFLR),»​។​ បទ​បង្ហាញ​ នៅ​ទីក្រុង​ អង់កា​រា​ ឆ្នាំ​២០១៥។​ ចូល​អាន​ថ្ងៃ​ទី​០១​ ខែមិថុនា​ ២០១៨​។
  17. 17. ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ ឆ្នាំ​២០១៧,​ «​ការ​គ្រប់គ្រង​រួម​ ដើម្បី​ការពារ​និង​ជួសជុល​សេវាកម្ម​អេកូឡូស៊ី​ និង​តំបន់​ទី​ជម្រាល​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ នៃ​អាង​ទឹក​ព្រែក​ត្នោត​ (CoWES)»​។​ ចូល​អាន​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១៨​។​
  18. 18. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​ជាតិ​ជីវចម្រុះ​ (​ភ្នំពេញ​,​ ឆ្នាំ​២០១៦),​ ២២៧​។​
  19. 19. ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​(UNDP)​។​ ផែនការ​សកម្មភាព​ និង​យុទ្ធសាស្ត្រ​ជីវសាស្ត្រ​ចម្រុះ​ជាតិ​៖​កត្តា​ធម្មជាតិ​សម្រាប់​ព​ន្លឿ​ន​សកម្មភាព​ឆ្ពោះទៅ​កាន់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ទីក្រុង​ញូ​វ​យ៉​ក​៖​ UNDP​ ២០១៦​។​
  20. 20. «​ភាគី​នៃ​ពិធីសារ​ណា​ហ្គោ​យ៉ា​,»​ អនុសញ្ញា​ស្តី​ពី​ជីវចម្រុះ​,​ ចូល​អាន​ថ្ងៃ​ទី​០១​ ខែមិថុនា ​ឆ្នាំ​២០១៨​។
  21. 21. ​«​អំពី​ពិធីសារ​ណា​ហ្គោ​យ៉ា​,»​ អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​,​ ចូល​អាន​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១៨​។​
  22. 22. ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (NCSD)​ និង​ ក្រសួងបរិស្ថាន​,​ យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ប្រភេទ​រាតត្បាត​,​ (​ភ្នំពេញ​,​ ឆ្នាំ​២០១៦​។​ ចូល​អាន​ថ្ងៃ​ទី​ ១២​ ខែមិថុនា​ ឆ្នាំ​២០១៨​។​​
  23. 23. «​ទិស​ដៅ​ និង​សូចនាករ​ជីវៈចម្រុះ​កម្ពុជា​,»​ Cambodia​ Clearing​ House​ Mechanism,​ ចូល​អាន​ថ្ងៃ​ទី​៣០​ មិថុនា​ ឆ្នាំ​២០១៨
  24. 24. ​​រាជរដ្ឋាភិបាល​កម្ពុជា​,​ កម្មវិធី​ព្រៃឈើ​ជាតិ​ឆ្នាំ​ ២០១០-២០២៩ (​ភ្នំពេញ​ ឆ្នាំ​២០១០),១៤៦​។​
  25. 25. ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​,​ យន្តការ​ហិរញ្ញវត្ថុ​និរន្ត​ភាព​សម្រាប់​ព្រៃឈើ​និង​តំបន់​ការពារ​នៅ​កម្ពុជា​៖​ របាយការណ៍​វាយតម្លៃ​ជម្រើស​ហិរញ្ញវត្ថុ​ (​ភ្នំពេញ​,​ ឆ្នាំ​២០១៦),​ ៩០​។
  26. 26. Ibid
  27. 27. «​សហភាព​អឺរ៉ុប​និង​អង្គការ​ មូល​និ​ធី​សត្វព្រៃ​ពិភពលោក​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថវិកា​ ២,៣​ លាន​អឺ​រ៉ូ​ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​,»​ មូលនិធិ​សត្វព្រៃ​ពិភពលោក​ (WWF),​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែឧសភា​ឆ្នាំ​ ២០១៨​។​
  28. 28. ​អេ​ន​ដ្រូ​វ​,​ ដេ​ល​។​ ជំនួញ​ និង​ គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទី​១៥៖​ ការ​លើកកម្ពស់​ “​ជីវិត​លើ​ដី​”​ តាម​រយៈ​វិធីសាស្ត្រ​ចាំបាច់​ និង​ដោយ​ស្ម័គ្រចិត្ត​។​ ទីក្រុង​តូ​ក្យូ​៖​ ស្ថាប័ន​ធនាគារអភិវឌ្ឍន៍អាស៊ី​លេខ​ ឆ្នាំ​ ២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមិថុនា​ឆ្នាំ​ ២០១៨​។​
  29. 29. ​«​ក្រសួង​នានា​នៃ​ប្រទេស​កម្ពុជា​ សហ​ការណ៍​គ្នា​ដោះស្រាយ​បញ្ហា​ជួញដូរ​សត្វព្រៃ​,»​ WCS​ Newsroom​ (​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​),​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៨​។​
  30. 30. ​«​តំបន់​ព្រៃឈើ​ (%​ នៃ​ផ្ទៃដី​),»​ ទិន្នន័យ​ធនាគារពិភពលោក (World Bank Open Data) ២០១៥​,​ ចូល​អាន​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១៨​។​
  31. 31. ​«​របាយការណ៍​គម្រប​ព្រៃឈើ​,»​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៨
  32. 32. ​«ស្ថានភាព​តំបន់​ការពារ​ សម្រាប់​កម្ពុជា​ ដែល​ដកស្រង់​ពី​ប្រព័ន្ធ​ទិន្នន័យ​ពិភពលោក​ស្តី​ពី​តំបន់​ការពារ​,»​ Protected​ planet,​ ចូល​អាន​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៨​។​
  33. 33. អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ (FAO)​ នៃ​អង្គការសហប្រជាជាតិ​។​ ការ​វាយតម្លៃ​ព្រៃឈើ​ និង​ធនធាន​ពិភពលោក​៖​ គោលការណ៍​ណែនាំ​ និង​ ការ​កំណត់​ FRA​ 2020​។​ កំណែប្រែ​ទី​១.០​។​ ទីក្រុង​រ៉ូ​ម​៖​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ ឆ្នាំ​២០១៨​
  34. 34. «​សូចនាករ​ទី​១៥.២.១​ នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​៖​ វឌ្ឍនភាព​ឆ្ពោះទៅ​កាន់ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព​,»​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ (FAO)​ នៃ​អង្គការសហប្រជាជាតិ​។​ ចូល​អាន​ថ្ងៃ​ទី​០១​ ខែមិថុនា​ឆ្នាំ​ ២០១៨
  35. 35. «​ស្ថានភាព​តំបន់​ការពារ​ សម្រាប់​កម្ពុជា​ ដែល​ដកស្រង់​ពី​ប្រព័ន្ធ​ទិន្នន័យ​ពិភពលោក​ស្តី​ពី​តំបន់​ការពារ​,»​ Protected​ planet,​ ចូល​អាន​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៨​។​​
  36. 36. ​ វី​តា​,​ អា​លេ​ស៊ៀ​។​  «​ការ​ធ្វើ​ផែនទី​ និង​ការ​យល់​ដឹង​ពី​តំបន់​ភ្នំ​ ដើម្បី​សម្រេច​បាន​នូវ​របៀបវារៈ​ឆ្នាំ​ 2030,»​ បទ​បង្ហាញ​ ស្នាក់​ការ​កណ្តាល​នៃ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ នៅ​ទីក្រុង​រ៉ូ​ម​ ឆ្នាំ​ ២០១៦​។
  37. 37. ​«​ការ​តាមដាន​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១៥៖​ ការ​វាស់វែង​សូចនាករ​សម្រាប់​ព្រៃឈើ​ និង​តំបន់​ភ្នំ​ តាម​ប្រទេស​នីមួយៗ​,»​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ (FAO)​ នៃ​អង្គការសហប្រជាជាតិ​,​ ចូល​អាន​ ខែមិថុនា​ ឆ្នាំ​២០១៨​។
  38. 38. ​«​ស្ថិតិ​សង្ខេប​,» The​ IUCN​ Red​ List​ of​ Threatened​ Species,​ ចូល​អាន​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៨​។​
  39. 39. «​ការ​ប្រើប្រាស់​ និង​ការ​ចែករំលែក​ផល​ចំនេញ​,»​  ABSCH,​ ចូល​អាន​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៨​។​​
  40. 40. «​សូចនាករ​ទី​១៥.៦.១​ នៃ​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​ទី​១៥៖​ គោលការណ៍​  សម្រាប់​ការ​ចែករំលែក​ផល​ចំនេញ​ធនធាន​សេនេទិច​ដោយ​សមភាព​ និង​សមធម៌​,»​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ (FAO)​ នៃ​អង្គការសហប្រជាជាតិ​,​ ចូល​អាន​ថ្ងៃ​ទី​០២​ ខែមិថុនា​ ២០១៨​។​​
  41. 41. ​«​ចំណាត់ថ្នាក់​សូចនាករ​នៃ​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព,»​ បំណែងចែក​ស្ថិតិ​របស់​អង្គការសហប្រជាជាតិ​ (UNSD),​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​ ២០១៨​។​
  42. 42. «​វេទិកា​នយោបាយ​ជាន់ខ្ពស់​ ស្តី​ពី​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​,»​ ទម្រង់ការ​យល់​ដឹង​ពី​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​,​ ចូល​អាន​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៨​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rgR2E
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!