រដ្ឋាភិបាល

ព្រះរាជាណាចក្រ​កម្ពុជា​ ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ស្រប​តាម​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​ ព្រះមហាក្សត្រ​ ជា​ព្រះ​ប្រមុខរដ្ឋ​ ហើយ​នាយក​រដ្ឋមន្ត្រី​ ជា​ប្រមុខ​រាជរ​ដ្ឋា​ភិ​បា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ព្រះមហាក្សត្រ​ ព្រះករុណា​ព្រះបាទ​ នរោត្ដម​ សីហ​មុនី​1 ទ្រង់​យាង​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​២០០៤​ ក្រោយ​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​ ព្រះបាទ​ នរោត្ដម​ សីហ​នុ2​  ទ្រង់​ដាក់រាជ្យ​សម្បត្តិ​។​ រីឯ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន3​  បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ តាំងពី​ឆ្នាំ​១៩៨៥​ មក​ម្ល៉េះ​។​

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Jeffdkennel កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 3.0

នៅ​ក្រោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ប្រទេស​កម្ពុជា​បាន​អនុម័ត​ទម្រង់​រដ្ឋាភិបាល​ ថ្មី​នេះ​ នៅ​ឆ្នាំ​១៩៩៣​។​4  តារាង​ខាងក្រោម​នេះ​ បង្ហាញ​ពី​របប​នយោបាយ​ផ្សេងៗ​គ្នា​នៅ​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​ជាង​ ១៥០​ឆ្នាំ​ កន្លង​មកនេះ​។​

ឆ្នាំ១៩៩៣-បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព​ ទីក្រុងប៉ារីស
ឆ្នាំ១៩៩១-ឆ្នាំ១៩៩៣រដ្ឋកម្ពុជាអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)
ឆ្នាំ១៩៨៩-ឆ្នាំ១៩៩១សាធារណរដ្ឋកម្ពុជារដ្ឋាភិបាលនៃរដ្ឋកម្ពុជា
ឆ្នាំ១៩៧៩-ឆ្នាំ១៩៨៩សាធារណរដ្ឋប្រជាមានិតកម្ពុជា បន្ទាប់ពីការត្រួតត្រារបស់ប្រទេសវៀតណាម
ឆ្នាំ១៩៧៥-ឆ្នាំ១៩៧៩កម្ពុជាប្រជាធិបតេយ្យ សម័យខ្មែរក្រហម
ឆ្នាំ១៩៧០-ឆ្នាំ១៩៧៥សាធារណរដ្ឋខ្មែរ សង្គ្រាមសុីវិលបន្ទាប់ពីរដ្ឋប្រហារយោធា ដោយ លន់ នល់
ឆ្នាំ១៩៥៣-ឆ្នាំ១៩៧០ព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរបស់ នរោត្តម សីហនុ
ឆ្នាំ១៩៤១-ឆ្នាំ១៩៤៥ក្រោមការត្រួតត្រារបស់ប្រទេសជប៉ុន អំឡុងសង្គ្រាមលោកលើកទី២
ឆ្នាំ១៨៦៣-ឆ្នាំ១៩៥៣អាណាព្យាបាលបារាំងនៃកម្ពុជាផ្នែកនៃសហព័ន្ធឥណ្ឌូចិនបារាំង

យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ អំណាច​រដ្ឋាភិបាល​ ត្រូវ​បាន​បែងចែក​ដាច់​ពី​គ្នា​រវាង​អំណាចនីតិប្រតិបត្តិ​ អំណាចនីតិប្បញ្ញត្តិ​ និង​ អំណាចតុលាការ​។​ គណៈរដ្ឋមន្ត្រី មាន​អំណាច នីតិប្រតិបត្តិ រួម​មាន​ នាយក​រដ្ឋមន្ត្រី​ និង​គ្រប់​ក្រសួង​ទាំងអស់​។​ សភា មាន​អំណាចនីតិប្បញ្ញត្តិ​ ខណៈ​ដែល​អំណាចតុលាការ​ជា​របស់​តុលាការ​កំពូល​ សាលាឧទ្ធរណ៍​ និង​សាលា​ជម្រះក្តី​រាជធានី​-​ខេត្ត​។​ សភា​ ដែល​កើត​ពី​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រធាន​មួយ​រូប​ និង​អនុប្រធាន​២​រូប​ ជ្រើសតាំង​ដោយ​ការ​បោះ​ឆ្នោត​យក​សំឡេង​ភាគច្រើន​ដាច់ខាត​ នៃ​សមាជិក​សភា​ នៅ​មុន​សម័យប្រជុំ​នៃ​នីតិកាល​នីមួយៗ​។​ 

យោង​ទៅ​តាម​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ៥១​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ អំណាច​នីមួយៗ​ នៃ​រដ្ឋាភិបាល​ ត្រូវ​ឯករាជ្យ​ពី​គ្នា​ ដើម្បី​ធានា​ថា​ ស្ថាប័ន​មួយ​ មិន​អាច​អនុវត្ត​អំណាច​ដាច់ខាត​លើ​ច្បាប់​។​ យ៉ាងណា​ក៏​ដោយ​ ការ​បែងចែក​អំណាច​នេះ​ ស្ថិត​នៅ​ជាមួយនឹង​ “ប្រព័ន្ធ​នៃ​ការ​ពិនិត្យ​និង​តុល្យភាព​” ដូចដែល​មាន​តម្រូវ​ដោយ​រដ្ឋធម្មនុញ្ញ​ (​មាត្រា​ ៧៨​ និង​មាត្រា​ ៩៨)​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អំណាចនីតិប្រតិបត្តិ​មាន​ទំនាក់ទំនង​ ជិត​ស្និត​ជាមួយនឹង​សភា​។​

ប្រទេស​កម្ពុជា​ គឺជា​រដ្ឋ​មិន​អាច​បំបែក​បាន​ មាន​ន័យ​ថា​ អធិបតេយ្យភាព​នៃ​ប្រទេស​ មិន​ស្ថិត​នៅ​ក្រោម​ប្រទេស​ណា​ផ្សេង​ទេ​។​ ខណៈ​ដែលការគ្រប់គ្រង ប្រទេស​នេះ​ ត្រូវ​បាន​បែងចែក​ជា​រាជធានី​ (​ដែល​មាន​រចនាសម្ព័ន្ធ​រដ្ឋបាល​ ដូចនឹង​ខេត្ត​ដែរ​)​ ខេត្ត​ ក្រុង​ ស្រុក​/​ខណ្ឌ​ និង​ឃុំ​/​សង្កាត់​5  ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃរដ្ឋាភិបាល​មូលដ្ឋាន​ នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​ថ្នាក់​ជាតិ​។​ ស្វ័យភាព​ខាង​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ របស់​រដ្ឋាភិបាល​ក្រោម​ជាតិ​ គឺ​អាស្រ័យ​ទៅ​នឹង​កម្រិត​នៃ​ការ​ធ្វើ​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ យល់ព្រម​ដោយ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​6  ហេតុ​ដូច្នេះ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ អនុវត្ត​សិទ្ធិ​អំណាច​ ក្នុង​នាម​រដ្ឋាភិបាល​ថ្នាក់​ជាតិ​។​

គុណភាពនៃនិន្នាកាអភិបាលកិច្ច

សូចនាករ​អភិបាលកិច្ច​ទូ​ទាំង​ពិភពលោក (WGI)​ ​ចេញផ្សាយដោយ​ធនាគារពិភពលោក​ បង្ហាញ​ថា​ ចំណាត់ថ្នាក់​សម្រាប់​រង្វាស់​អភិបាលកិច្ច​នយោបាយ​នៃ​ប្រទេស​កម្ពុជា​ នៅ​តែ​ស្ថិត​​ក្នុង​កម្រិត​ទាប​នៅឡើយ​ នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។​7 រង្វាស់​សម្រាប់​ស្ថេ​រ​ភាព​នយោបាយ​ និង​អវត្តមាន​នៃ​ហិង្សា​/​ភេរវកម្ម​ គឺជា​រង្វាស់​តែ​មួយ​គត់​ ដែល​បង្ហាញ​ពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ចាប់តាំងពី​ឆ្នាំ​១៩៩៦​។​ នេះ​ ប្រហែលជា​ដោយសារ​ការ​កាន់​អំណាច​យូរអង្វែង​ របស់​គណបក្សកាន់អំណាច​ និង​នាយក​រដ្ឋមន្ត្រី​ នា​ពេល​បច្ចុប្បន្ន​។​ 

សំគាល់: ការ​ប៉ាន់​ប្រមាណ​ពិន្ទុអភិបាលកិច្ច​ប្រែប្រួល​រវាង​-២.៥​ (​ខ្សោយ​)​ ទៅ​ ២.៥​ (​ល្អ​ខ្លាំង​)​។​ សូចនាករ​អភិបាលកិច្ច​ទូ​ទាំង​ពិភពលោក​ គឺជា​សំណុំ​ទិន្នន័យ​សិក្សា​ស្រាវជ្រាវ​ ដែល​សង្ខេប​ពី​មតិយោបល់​លើ​គុណភាព​អភិបាលកិច្ច​ផ្តល់​ឱ្យ​ដោយ​អ្នកឆ្លើយ​តប​ជា​ច្រើន​ជា​ សហគ្រាស​ ប្រជាពលរដ្ឋ​ និង​អ្នកជំនាញ​ ក្នុង​បណ្តា​ប្រទេស​ឧស្សាហកម្ម​ និង​កំពុង​អភិវឌ្ឍន៍​.8

វិមជ្ឈការ

រាជរដ្ឋាភិបាល​ មាន​យុទ្ធសាស្ត្រវិមជ្ឈការ​សំខាន់​មួយ​ដែល​កំពុង​តែ​អនុវត្ត​ តាម​រយៈ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​កម្រិត​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០១០-២០១៩​។​  កិច្ច​ខិតខំ​ធ្វើ​កំ​ណែទម្រង់រដ្ឋបាល​មូលដ្ឋាន​ ផ្តោត​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ប្រតិបត្តិការ​របស់​ស្រុក​ ខណ្ឌ​ និង​ក្រុង​ នៅ​ក្រោម​ក្រប​ខណ្ឌ​នៃ​ការ​ត្រួតពិនិត្យ​ ដោយ​អាជ្ញាធរ​ជាតិ​ ជាមួយនឹង​សមត្ថភាព​ពង្រឹង​រដ្ឋបាល​ដែនដី​ទាំង​នោះ​។​9

រហូត​មក​ដល់​ឆ្នាំ​ ២០១៨​ បាន​រាយការណ៍​ថា​មាន​ ២.៤​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​រដ្ឋបាល​ថ្នាក់​កណ្តាល​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​ 10​ក្នុង​នោះ​ថវិកា​ប្រហែល​ ១៥២​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ផ្តល់​ឱ្យ​ជា​មូលនិធិ​ក្រុង​/​ស្រុក​/​ខណ្ឌ​ (​ពី​ឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ​ ២០១៨)​ ហើយ​ថវិកា​ជាង​ ៧១៦​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​មូលនិធិ​ឃុំ​/​សង្កាត់​ (​ពី​ឆ្នាំ​ ២០០២​ ដល់​ឆ្នាំ​ ២០១៨)​ និង​ថវិកា​ ១.៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ ជា​មូលនិធិ​មូលធន​សម្រាប់​ខេត្ត​/​រាជធានី​ (​ពី​ឆ្នាំ​ ២០០៩​ ដល់​ឆ្នាំ​ ២០១៨)​ ។​ 11

ភារកិច្ច​សំខាន់ៗរបស់​រដ្ឋាភិបាល​កណ្តាល​​ ព្រម​ជាមួយ​ធនធាន​ (​ចំណូល​,​ បុគ្គលិក​,​ កម្មសិទ្ធិ​ និង​សមត្ថភាព​គ្រប់គ្រង​)​ អំណាច​ និង​ ការ​ទទួលខុសត្រូវ​ នឹង​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​។​ ធនាគារអភិវឌ្ឍន៍អាស៊ី​ គាំទ្រ​គម្រោង​សម្រាប់​វិមជ្ឈការ​ជា​ច្រើន​ (​នៅ​ក្នុង​បណ្តា​ទិស​ដៅ​ផ្សេង​ទៀត​)​ ក្នុង​គោលបំណង​ផ្តល់​ឱ្យ​ប្រជាជន​នៅ​ជនបទ​ នូវ​លទ្ធភាព​កាន់តែ​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រើប្រាស់​សេវា​សាធារណៈ​។​12

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ០៥ ខែ​​មិថុនា​​ ឆ្នាំ២០១៩​

ឯកសារយោង

  • 1. ព្រះរាជខុទ្ទកាល័យ នៃព្រះរាជាណាចក្រកម្ពុជា. “ព្រះមហាក្សត្រ នរោត្ដម សីហមុនី”។ ចូលអាននៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៥។ http://norodomsihamoni.org/en/
  • 2. ព្រះរាជខុទ្ទកាល័យ នៃព្រះរាជាណាចក្រកម្ពុជា. “គេហទំព័រផ្លូវការរបស់ព្រះបាទ នរោត្ដម សីហនុ ព្រះវររាជ្យបិតា នៃព្រះរាជាណាចក្រកម្ពុជា”។ ចូលអាននៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៥។ http://www.norodomsihanouk.info/
  • 3. កម្ពុជាទស្សនៈថ្មី. “សម្តេច ហ៊ុន សែន”។ ចូលអាននៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៥។ http://cnv.org.kh/samdech-hun-sen/
  • 4. “​កិច្ចព្រមព្រៀង​ស្តី​ពី​ដំណោះស្រាយ​នយោបាយ​រួម​នៃ​ជម្លោះ​នៅ​កម្ពុជា​”​ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទី​ក្រុងប៉ារីស​ នៅ​ថ្ងៃ​ទី​ ២៣​ ខែតុលា​ ឆ្នាំ​១៩៩៣​ ដោយ​តំណាង​មក​ពី​ ១៩​ ប្រទេស​ និង​ អង្គការសហប្រជាជាតិ​ ដើម្បី​បញ្ចប់​ជម្លោះ​ ២០​ឆ្នាំ​ នៅ​ប្រទេស​កម្ពុជា​។​ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ “​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​”​ ។​ អាច​ចូល​មើល​បាន​នៅ​ https://peacemaker.un.org/cambodiaparisagreement91
  • 5. មាត្រា ១៤៦ ថ្មី (១) នៃ រដ្ឋធម្មនុញ្ញ (ឆ្នាំ១៩៩៣ ហើយត្រូវបានធ្វើវិសោធនកម្មចុងក្រោយឆ្នាំ២០១៤)។
  • 6. ច្បាប់ស្តីពីរដ្ឋបាលឃុំ-សង្កាត់ និង ច្បាប់ស្តីពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ http://www.cdc-crdb.gov.kh/cdc/twg_network/country_systems_cambodia/strengthening_national_systems/documents_for_reform/sndd/organic_law_2008_en.pdf ។ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី (ឆ្នាំ១៩៩៤ ហើយត្រូវធ្វើវិសោធនកម្មចុងក្រោយឆ្នាំ២០១៣)។
  • 7. ធនាគារពិភពលោក. “សូចនាករអភិបាលកិច្ចទូទាំងពិភពលោក”។ ចូលអាន នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥។ http://info.worldbank.org/governance/wgi/index.aspx#reports
  • 8. ធនាគារពិភព​លោក​. “សូចនាករ​អភិបាលកិច្ច​ទូ​ទាំង​ពិភពលោក”. ចូលអាននៅថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៩​. http://bit.ly/1JzSmiJ
  • 9. រាជរដ្ឋាភិបាលកម្ពុជា. “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨.” ចូលអាននៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៥. http://ncdd.gov.kh/images/National_Program/NP-SNDD%20Final%2028-05-2010%20_En_.pdf
  • 10. ​ក្រសួង​ព័ត៌មាន​.​ “​ថវិកាជាតិ​ ២​ ពាន់​លាន​ដុល្លារ​ជាង​ត្រូវ​បាន​បែង​ចែង​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​”,​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ ចូល​អាន​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៩​។​ https://information.gov.kh/detail/252342
  • 11. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  • 12. ធនា​គារអភិវឌ្ឍន៍អាស៊ី. “កម្ពុជា៖ វិមជ្ឈការសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ SP2 (វិមជ្ឈការហេដ្ឋារចនាសម្ព័ន្ធជនបទ).” ចូលអាននៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៥. http://www.adb.org/projects/41392-023/main
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

sNxFd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!