បុគ្គលិក

ធី ទ្រី
នាយកប្រតិបត្តិ/និពន្ធនាយក
ធី ទ្រី ជានាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកបានចូលបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ២០១១ និងបានបន្តក្លាយខ្លួនជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ក្នុងនាមជានាយកប្រតិបត្តិ/និពន្ធនាយក លោកដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពដែលអាចទទួលបានព័ត៌មានជាសាធារណៈ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងថ្មីៗ អំពីនិន្នាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នៅក្នុងវេទិកាអនឡាញ ដែលគេហៅថា “ទិន្នន័យបើកទូលាយ” ជាវេទិកាចងក្រងទិន្នន័យដែលមានស្រាប់ និងមិនគិតថ្លៃ ពីប្រភពសាធារណៈ។ មុនពេលចាប់ផ្តើមការងារជាមួយអង្គការអូឌីស៊ី លោកបានធ្វើការឱ្យ បណ្តាញផលប៉ះពាល់សង្គម និងបរិស្ថាន និស្សារណកម្មឧស្សាហកម្ម (EISEI) ក្នុងតួនាទីជាអ្នកសម្របសម្រួល នៅក្នុងអង្គការ ការអភិវឌ្ឍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) អស់រយៈពេល៤ឆ្នាំ។ លោក មានបទពិសោធន៏ចំនួន២ឆ្នាំ ក្នុងតួនាទីជាអ្នកអង្កេតសិទ្ធិមនុស្ស ជាមួយអង្គការ អាដហុក និងបទពិសោធន៍ការងារ២ឆ្នាំផ្សេងទៀត ជាមួយនឹងក្រុមហ៊ុន ឥណ្ឌូឆាយណា លីមីតធីត (IRL) ដែលធ្វើលើការស្រាវជ្រាវសង្គម និងពាណិជ្ជកម្ម។ លើសពីនេះទៀត លោក ក៏បានទទួលការអប់រំ និងការបណ្តុះបណ្តាលនានា យ៉ាងច្រើនបន្ថែមទៀតដែរ។

ហេង ហ៊ុយអេង
អ្នកប្រឹក្សាផ្នែក ព័ត៌មានវិទ្យា/គេហទំព័រ
ហ៊ុយអេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង ផ្នែកសិក្សាអន្តរជាតិ ពីវិទ្យាស្ថានភាសាបរទេស (IFL)។ នាង បានធ្វើការលើគម្រោងរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់តាំងពីគម្រោងនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១១។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអភិវឌ្ឍបណ្ដាញគហទំព័រ នាងទទួល បន្ទុកដឹកនាំលើការអភិវឌ្ឍធនធានព័ត៌មានលើបណ្តាញ សម្រាប់សហគមន៍ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត នាងផ្តល់ការណែនាំ ត្រួតពិនិត្យ និងគ្រប់គ្រងរាល់ការងាររបស់ក្រុមព័ត៌មានវិទ្យា ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ និងសមត្ថភាពបច្ចេកទេស។ បន្ថែមពីនេះ នាងក៏បានផ្តល់ការណែនាំ និង ការគាំទ្របច្ចេកទេសដល់សមាជិកក្រុមការងារ ដើម្បីដោះស្រាយបញ្ហាបច្ចេកវិទ្យាផ្សេងៗផងដែរ។

សំអាន ម៉ារឌី
ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រ
ទំនួលខុសត្រូវចំបងរបស់ម៉ារឌីគឺ គ្រប់គ្រង និងពិនិត្យជារួមទៅលើគេហទំព័រ និងប្រព័ន្ធបណ្តាញរបស់អូឌីស៊ី។ គាត់ទទួលខុសត្រូវក្នុងការចូលរួម និងការពិនិត្យតាមដានលើការអភិវឌ្ឍ និងតំហែទាំគេហទំព័ររបស់អូឌីស៊ី ដោយមានកិច្ចសហការពីសំណាក់ក្រុមការងារផ្នែកនានារបស់អូឌីស៊ី។ លើសពីនេះ គាត់ក៏មានទំនួលខុសត្រូវក្នុងការផ្តល់នូវការណែនាំ និងជំនួយបច្ចេកទេស ក៏ដូចជាកំណត់ បង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាបច្ចេកវិទ្យានានានៅលើប្រព័ន្ធបណ្តាញ និងការអនុវត្តគម្រោងរបស់អូឌីស៊ី។
ម៉ារឌី ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបរិញ្ញាបត្រអក្សរសាស្ត្រភាសាអង់គ្លេសផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស ។

ស៊ឺន វិជ្ជរ៉ា
មន្ត្រីផ្នែកអភិវឌ្ឍន៍គេហទំព័រ និងព័ត៌មានវិទ្យា
លោកវិជ្ជរ៉ាទទួលបន្ទុកជាចម្បងក្នុងការធានាឱ្យមានដំណើរការល្អនៃប្រព័ន្ធបណ្តាញព័ត៌មានវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធរួមទាំងឧបករណ៍និងកម្មវិធី។ លើសពីនេះទៅទៀតការទទួលខុសត្រូវចម្បងរបស់លោក គឺការត្រួតពិនិត្យសន្តិសុខឌីជីថល ការតំឡើងប្រព័ន្ធ និងការគាំទ្រដែលទាក់ទងនឹងព័ត៌មានវិទ្យា។ លើសពីនេះទៀតលោកជួយគាំទ្រការអភិវឌ្ឍ និងថែរក្សាគេហទំព័រផងដែរ។
លោកវិជ្ជរ៉ាទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យួទ័រពីសាកលវិទ្យាល័យកម្ពុជាក្នុងឆ្នាំ ២០១៨។ លោកវិជ្ជរ៉ាមានបទពិសោធន៍ផ្តល់ការគាំទ្រផ្នែកព័ត៌មានវិទ្យាទាំងក្នុងវិស័យឯកជន និងសាធារណៈអស់រយៈពេលជាងប្រាំឆ្នាំមកហើយ មុនពេលលោកចូលរួមជាមួយអូឌីស៊ី។

ស៊ីវ វឌ្ឍនា
ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ
វឌ្ឍនាបានធ្វើការយ៉ាងសកម្មសម្រាប់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ចាប់តាំងពីឆ្នាំ ២០១៦ ក្នុងតួនាទីជា បណ្ណាធិការ-អ្នកស្រាវជ្រាវ និងជាមន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ វឌ្ឍនាត្រូវបានទទួលស្គាល់ពីតួនាទីនាំមុខក្នុងការសម្របសម្រួលនិងចាត់ចែងក្រុមការងារមាតិកានិងក្រុមអភិវឌ្ឍន៍គេហទំព័រក្នុងការពង្រីកធនធានលើអ៊ីនធឺណិត។ នៅចុងឆ្នាំ ២០២០ នាងត្រូវបានតំឡើងមុខតំណែងជាប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ។
ជាមួយនឹងតួនាទីបច្ចុប្បន្ននាងមានការទទួលខុសត្រូវជាច្រើន ដើម្បីធានាថាផែនការការងារ និងគោលដៅនៃគម្រោងនឹងត្រូវបានសម្រេចដោយជោគជ័យ។ នាងដឹកនាំការងាររចនានិងអភិវឌ្ឍគេហទំព័រ ត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមការងារផ្នែកមាតិកានិងគេហទំព័រ និងផ្តោតជាអាទិភាពលើផែនការសកម្មភាពគម្រោង។ វឌ្ឍនាក៏ធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រុមការងារអូឌីស៊ីផ្សេងទៀតក្នុងការតាមដានចរាចរណ៍គេហទំព័រ (Web Traffic) និងរក្សាអោយបាននូវគុណភាពនៃមាតិកាដោយឆ្លើយតបឱ្យបានទាន់ពេលវេលា ភាពត្រឹមត្រូវបំពេញទៅតាមស្តង់ដារដែលបានតម្រូវ ទាំងភាពត្រឹមត្រូវ និងពេញលេញ។
មុនពេលចូលបម្រើការងារនៅអូឌីស៊ី វឌ្ឍនាបានធ្វើជាជំនួយការស្រាវជ្រាវក្រោមគម្រោង (LWR-ID/2009/046) របស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងគម្រោងស្រាវជ្រាវផ្សេងទៀតនៅសាកលវិទ្យាល័យ។ វឌ្ឍនាបានបញ្ចប់បរិញ្ញាបត្រវិស្វករ ជំនាញវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ២០១៤។

អ៊ួន វិមល
ប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ
វិមល ជាប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ នាងជាអ្នកផ្តល់នូវយុទ្ធសាស្ត្រក្នុងការត្រួតពិនិត្យ និងការគ្រប់គ្រងសម្រាប់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC) និងចូលរួមក្នុងការស្រាវជ្រាវសម្រាប់បង្កើតជាមាតិកានៅលើគេហទំព័រអូឌីស៊ី ព្រមទាំងសម្របសម្រួលលើគ្រប់ផ្នែកនៃគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC)។ នាងក៏ទទួលខុសត្រូវផងដែរក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្តល់ការបណ្តុះបណ្តាលក្រុមគោលដៅអំពីរបៀបប្រើប្រាស់គេហទំព័រអូឌីស៊ី។
នាងបញ្ចប់ការសិក្សាជាមួយបរិញ្ញាបត្រពីរ ផ្នែកការអភិវឌ្ឍសេដ្ឋកិច្ច និងភាសាអង់គ្លេសសម្រាប់ការបកប្រែ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបរិស្ថាន ការអភិវឌ្ឍ និងនិរន្តរភាព ពីសាកលវិទ្យាល័យជូឡាឡុងកន។ មុនមកបម្រើការងារនៅអូឌីស៊ី នាងគឺជាជំនួយការកម្មវិធីនៅ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងជាជំនួយការនាយកគ្រប់គ្រងក្រុមហ៊ុនឯកជន។

បាន ចន្ទផល្លា
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គម
លោកចន្ទផល្លាជា បណ្ណាធិការ- អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គមនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ការងារ និងការទទួលខុសត្រូវចម្បងរបស់លោកមានដូចជា ការសង្ខេបព័ត៌មានប្រចាំថ្ងៃ ការស្រាវជ្រាវ ការផលិតមាតិកាដែលទាក់ទងនឹងការអភិវឌ្ឍន៍សង្គម ការបកប្រែ ការកែសម្រួល និងធ្វើរបាយការណ៏ពីការងារផ្សេងៗ។
លោកចន្ទផល្លា ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ (IR) នៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ ២០១៧ ។ មុនពេលចូលរួមជាមួយអូឌីស៊ី លោកចន្ទផល្លាធ្វើការ ជាអ្នកស្រាវជ្រាវនៅអង្គការវេទិកាអនាគត ដែលនៅទីនោះ លោកបានធ្វើគម្រោងស្រាវជ្រាវជាច្រើន។ គម្រោងស្រាវជ្រាវចុងក្រោយរបស់លោកផ្តោតទៅលើការអប់រំតាមបែបស្តែម(STEM)ក្នុងប្រទេសកម្ពុជា។

គឹម ឈួនវួច
បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកធនធានធម្មជាតិ និងដីធ្លី
ឈួនវួច ជាបណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកធនធានធម្មជាតិ និងដីធ្លី នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ ការងារទទួលខុសត្រូវចម្បងរបស់នាងមានដូចជា សង្ខេបព័ត៌មានប្រចាំថ្ងៃ និងប្រកាសផ្សេងៗ សហការលើការរចនាគេហទំព័រ និងអភិវឌ្ឍមាតិកា ធ្វើការស្រាវជ្រាវ ចងក្រងឯកសារច្បាប់ គោលនយោបាយ និងឯកសារបោះពុម្ពផ្សេងៗដែលទាក់ទងនឹងការអភិវឌ្ឍធនធានធម្មជាតិ បកប្រែប្រធានបទស្រាវជ្រាវ ធ្វើសកម្មភាពផ្សព្វផ្សាយ ណែនាំដល់សមាជិកស្រាវជ្រាវ សរសេរអត្ថបទ ប្លក់ ព្រមទាំងចែករំលែកមាតិកាក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។
ឈួនវួច បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្របរិស្ថាន ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៨ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ (កម្មវិធីអន្តរជាតិ) ពីសាកលវិទ្យាល័យណារេសួន ព្រះរាជាណាចក្រថៃក្នុងឆ្នាំ២០២១។ មុនពេលចូលរួមជាមួយអូឌីស៊ី នាងបានបោះពុម្ពកិច្ចការស្រាវជ្រាវនៅក្នុងសន្និសីទ និងវេទិកាស្រាវជ្រាវផ្សេងៗ ក៏ដូចជាធ្វើជាប្រធានក្រុមរងនៅក្នុងក្រុមហ៊ុនវាយតម្លៃហេតុប៉ះពាល់បរិស្ថានផងដែរ។

គួច ឡាយហេង
បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច
ឡាយហេងជា បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ការងារ និងការទទួលខុសត្រូវចម្បងរបស់នាងមានដូចជា សង្ខេបព័ត៌មានប្រចាំថ្ងៃ និងប្រកាសផ្សេងៗ ចងក្រងឯកសារផ្សេងៗ ធ្វើការស្រាវជ្រាវ បកប្រែឯកសារផ្ទៃក្នុងនិងក្រៅ ជួយសមាជិកក្រុមអូឌីស៊ី និងធ្វើរបាយការណ៏ពីការងារផ្សេងៗ។
ឡាយហេង គឺជានិស្សិតបញ្ចប់ការសិក្សានៃបរិញ្ញាបត្រសិក្សាអន្តរជាតិ (សេដ្ឋកិច្ចអន្តរជាតិ) និងបរិញ្ញាបត្រអប់រំភាសាអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាងបានចូលរួមក្នុងការពិភាក្សាដេញដោល និងស្រាវជ្រាវជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិ។ តាមរយៈបទពិសោធន៍សង្គម នាងបានបង្កើនជំនាញទាក់ទងនឹងបទបង្ហាញ ការសរសេរ ការចរចា និងការវិភាគរបស់នាង។ នាងក៏បានបង្កើនសមត្ថភាពក្នុងការកែសម្រួលនិងបកប្រែឯកសារតាមរយៈយូធូបរបស់នាងផងដែរ។ នាងមានជំនឿយ៉ាងមុតមាំថានាងមានសក្តានុពលគ្រប់គ្រាន់ក្នុងការជួយចូលរួមចំណែកដល់សមាជិកក្រុមនិងអូឌីស៊ីដោយការប្តេជ្ញា ការសិក្សា និងជំនាញដែលនាងទទួលបាន។

ជី លីម៉េង
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច
លីម៉េងបានទទួលបរិញ្ញាប័ត្រផ្នែកសិក្សាអន្ដរជាតិ ជំនាញសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានធ្វើការនៅក្នុងវិស័យសង្គមស៊ីវិលអស់រយៈពេល ៣ ឆ្នាំហើយ ដែលបទពិសោធន៍ការងារទាំងនេះបានបង្កើនចំណង់ចំណូលចិត្ត និងការចាប់អារម្មណ៍របស់លោកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
បច្ចុប្បន្ននេះលីម៉េងកំពុងធ្វើការជា បណ្ណាធិការ និងអ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ក្រៅពីការសិក្សា និងវិជ្ជាជីវៈ លីម៉េងក៏បានពង្រីកសមត្ថភាពខ្លួនតាមរយៈការចូលរួមព្រឹត្តិការណ៍អន្តរជាតិនិងក្នុងស្រុកជាច្រើនដែលអនុញ្ញាតឱ្យគាត់កាន់តែមានការយល់ដឹង និងមានចំណេះដឹងលើកិច្ចការជាតិ កម្រិតតំបន់ និងកម្រិតអន្តរជាតិផងដែរ។ តាមរយៈការចូលរួមក្នុងកម្មវិធីយុវជនអន្តរជាតិជាច្រើន លីម៉េងបានមានឱកាសប្រមែប្រមូលបទពិសោធន៍ និងពង្រឹងជំនាញនៃភាពជាអ្នកដឹកនាំ ការត្រិះរិះពិចារណា និងការវិភាគសម្រាប់បញ្ហាដែលទាក់ទងនឹងការអភិវឌ្ឍ។

គ្រី សូរសិរីបុត្រ
អ្នកគ្រប់គ្រងភាពជាដៃគូ និងទំនាក់ទំនង
សិរីបុត្របានបញ្ចប់បរិញ្ញាប័ត្រផ្នែកទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេស។ លោកមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការងារអភិវឌ្ឍសង្គម និងវិស័យអប់រំ ហើយបានខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងនៅក្នុងវិស័យទាំងនេះ។ មុនចូលរួមជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ លោកធ្លាប់ជាមន្ត្រីផ្នែកទំនាក់ទំនងនៅឯអង្គការហ្វ្រេនអ៊ិនធឺណាសស៊ិនណល ជាអ្នករចនាក្រាហ្វិកឱ្យក្រុមហ៊ុនឯកជនមួយ និងធ្លាប់ជាអ្នកហាត់ការផ្នែកទំនាក់ទំនងនៅអង្គការតម្លាភាពកម្ពុជាផងដែរ។
ការទទួលខុសត្រូវចម្បងរបស់លោកនៅក្នុងអង្គការទិន្នន័យអំពីការអភិវឌ្ឍនេះ គឺផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនង និងគុណភាពវេទិកាបណ្តាញផ្សព្វផ្សាយសង្គម និងការចែករំលែកមាតិកាឱ្យបានទូលំទូលាយទៅកាន់ដៃគូសហការ ក៏ដូចជាសាធារណៈជន។

ង៉ូវ ជីហ័រ
ប្រធានគ្រប់គ្រងកម្មវិធី កម្ពុជា អាយស៊ីធីខែម
ជីហ័រ បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មុនចូលបម្រើការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ជីហ័រ ធ្លាប់ធ្វើជាបុគ្គលិកហាត់ការនៅមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) និងអង្គការឃែរ (CARE Deutschland) ប្រទេសអាល្លឺម៉ង់។ បន្ថែមពីនេះ ជីហ័រក៏ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្ត ផ្នែកទំនាក់ទំនងសាធារណៈ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ផងដែរ។ ជីហ័រចូលរួមជាមួយអូឌីស៊ីនៅឆ្នាំ២០២០ក្នុងនាមជាមន្ត្រីផ្នែកទំនាក់ទំនង។
ជីហ័រ ទទួលខុសត្រូវលើការរៀបចំផែនការនិងសម្របសម្រួលកម្មវិធី កម្ពុជា អាយស៊ីធីខែម។

ឡុច កល្យាណ
អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
កល្យាណ គឺជាអ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ លោកធ្លាប់បានធ្វើការជាមួយគម្រោងអង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៥។ ក្រោយមកគាត់បានដើរតួជាអ្នកដឹកនាំបច្ចេកទេសក្នុងគម្រោងព័ត៌មានភូមិសាស្ត្រនៃប្រព័ន្ធ GPS Navigation នៅក្នុងវិស័យឯកជន។ លោកបានចូលបម្រើការងារជាថ្មីជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍនៅក្នុងឆ្នាំ ២០១៩។
លោកទទួលបន្ទុកដឹកនាំក្រុមក្នុងគ្រប់សកម្មភាពស្រាវជ្រាវទាក់ទងទៅនឹងទិន្នន័យដោយផ្តោតលើការ ប្រមូលផ្តុំ រៀបចំ និងបង្ហាញទិន្នន័យអំពីទីតាំងជាក់លាក់មួយនៅក្នុងទម្រង់ជាឌីជីថល។ លោកក៏ប្រើបច្ចេកវិទ្យា ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីចងក្រង រក្សាទុក និងធ្វើបច្ចុប្បន្នភាពព័ត៌មានពីប្រភពផ្សេងៗគ្នាសម្រាប់ការប្រើប្រាស់ជាសាធារណៈ និងធានាថាទិន្នន័យនៅលើគ្រប់ប្រធានបទទាំងអស់មានលក្ខណៈពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ លោកបានបញ្ចប់ការសិក្សា ជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លីនៅក្នុងឆ្នាំ២០១១ និងបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធនធានធម្មជាតិនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្នុងឆ្នាំ២០២០។

វង្ស ពិសិទ្ធ
មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
ពិសិទ្ធធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងGIS នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានបញ្ចប់ការសិក្សាថ្នាក់វិស្វករឯកទេសធនធានរ៉ែ និងភូគភ្ពសាស្ត្រ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ២០១៩។ ក្នុងឆ្នាំបញ្ចប់ការសិក្សា លោកបានទទួលអាហារូបករណ៍ទៅសិក្សាមួយឆមាសនៅសកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃជាទីដែលលោកបានបញ្ចប់និក្ខេបទសម្រាប់ការបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍការងាររបស់លោក គឺផ្ដោតទៅលើការស្រាវជ្រាវទិន្នន័យភូមិសាស្ត្រ ស្ដីពីវិស័យជាច្រើនទាក់ទងនឹងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដែលបានមកពីគ្រប់ប្រភពដែលផ្ដល់ទិន្នន័យបើកទូលាយ សម្រាប់ការគ្រប់គ្រង ប្រមូលផ្ដុំ កែសម្រួល និងធ្វើទស្សនីយ៍កម្ម ដោយប្រើប្រាស់GIS សម្រាប់ដាក់អោយប្រើជាសាធារណៈនៅលើគេហទំព័ររបស់អង្គការ។ ក្រៅពីការងារតួនាទីផលិតទិន្នន័យ ជាពិសេសទិន្នន័យភូមិសាស្ត្រ លោកចូលរួមនៅក្នុងការធ្វើការបណ្ដុះបណ្ដាល និងតាក់តែងកម្មវិធីបណ្ដុះបណ្ដាលដែលទាក់ទងនឹងទិន្នន័យ និងGISផងដែរ សម្រាប់គម្រោងដែលពាក់ព័ន្ធ។

អុី ពុទ្ធាលី
មន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
លោក ពុទ្ធាលី ជាមន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដែលទទួលខុសត្រូវស្រាវជ្រាវពីប្រភពទិន្នន័យសាធារណៈស្តីពីការអភិវឌ្ឍ បញ្ហាសេដ្ឋកិច្ច និងបរិស្ថានសម្រាប់ការបោះពុម្ពផ្សាយក្នុងស្ថាប័ន និងជាសាធារណៈរួមជាមួយការវិភាគទិន្នន័យ និងទិដ្ឋភាពសំខាន់ៗបន្ថែមទៀត។
ទាក់ទងនឹងបទពិសោធន៍ការងារ លោក ពុទ្ធាលី ធ្លាប់ជាអ្នកឯកទេសជំនាញផ្នែកវិស្វកម្មធនធានទឹក និងបរិស្ថាន។ លោក មានបទពិសោធន៍ការងារស្រាវជ្រាវ និងគម្រោងពាក់ព័ន្ធលើវិស័យធនធានទឹក និងបរិស្ថាន ការរៀបចំចាត់ចែងធនធានទឹកដោយប្រើប្រាស់បច្ចេកទេសវិភាគតាមដានតាមរយៈផ្កាយរណប និងបានចូលរួមជាអ្នកបណ្តុះបណ្តាលផ្នែកបច្ចេកទេសលើកម្មវិធី QGIS។
លោក ពុទ្ធាលី ធ្លាប់ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើផ្នែកវិស្វកម្មធនធានទឹក និងបរិស្ថានក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបានចូលរួមកម្មវីធីសិក្សាផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិអំឡុងពេលការសិក្សាថ្នាក់អនុបណ្ឌិតក្នុងឆ្នាំ ២០១៩ នៅសាលា École Nationale Supérieure De Chimie De Rennes (ENSCR)។ លោក ពុទ្ធាលី ក៏បានបញ្ចប់បរិញ្ញាបត្រវិស្វករ ជំនាញវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។

ហាង វិសិដ្ឋ
អ្នកស្រាវជ្រាវទិន្នន័យការវិនិយោគ
វិសិដ្ឋជាអ្នកស្រាវជ្រាវទិន្នន័យនៅក្នុងអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ នៅអូឌីស៊ី លោកទទួលខុសត្រូវក្នុងការស្រាវជ្រាវ និងប្រមូលទិន្នន័យអំពីការវិនិយោគបរទេសពីប្រភពពហុភាសា និងធ្វើការបកប្រែ។ ក្រោមការត្រួតពិនិត្យផ្ទាល់របស់អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និង ប្រធានគ្រប់គ្រង និងស្រាវជ្រាវមាតិកាគេហទំព័រ វិសិដ្ឋនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផ្សេងទៀតរបស់អូឌីស៊ីក្នុងការអភិវឌ្ឍធនធាននៅលើគេហទំព័រអំពីការវិនិយោគបរទេស និងផលប៉ះពាល់នានាទៅលើការអភិវឌ្ឍប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកក៏មានការងារដែលទទួលខុសត្រូវក្នុងការផ្តល់របាយការណ៍ជាអក្សរ និងរាយការណ៍ផ្ទាល់មាត់ទៅកាន់នាយកប្រតិបត្តិ និងជួយសម្រួលលើការបកប្រែផ្សេងៗទៅកាន់សមាជិកក្រុម។
វិសិដ្ឋជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL) និងអនុបណ្ឌិតផ្នែកបកប្រែភាសាអង់គ្លេសចិនពីសាកលវិទ្យាល័យភាសានិងវប្បធម៌នៃទីក្រុងប៉េកាំង (BLCU) ។ មុនពេលក្លាយជាសមាជិករបស់អូឌីស៊ី លោកធ្លាប់បានប្រលូកនិងឆ្លងកាត់លើវិស័យបកប្រែជាច្រើន។

ភី សាខឿន
ប្រធានហិរញ្ញវត្ថុ និង រដ្ឋបាល
លោក ភី សាខឿន បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យធនធានមនុស្សក្នុងឆ្នាំ២០១២, បញ្ចប់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស ពីសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០០៩ និង បញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៣។ ទាក់ទងនឹងបទពិសោធន៍ការងារ លោក សាខឿន មានបទពិសោធន៍ជាង១៣ឆ្នាំផ្នែកហិរញ្ញវត្ថុ រដ្ឋបាល និងធនធានមនុស្ស ពីអង្គការជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។
លោក សាខឿន ជាប្រធានហិរញ្ញវត្ថុ និងរដ្ឋបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកបានចូលរួមបម្រើការងារជាមួយអង្គការ អូឌីស៊ី នៅដើមឆ្នាំ២០១៨ ដោយធ្វើការយ៉ាងជិតស្និទជាមួយនាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងទទួលខុសត្រូវលើការងារសំខាន់ៗមួយចំនួនដូចជា៖ ពិនិត្យមើលរាល់ឯកសារចំណាយ និងប្រតិបត្តិការគណនេយ្យអោយបានត្រឹមត្រូវមុននឹងបញ្ជូលក្នុងប្រព័ន្ធគណនេយ្យ, ធ្វើរបាយការណ៍ហិរញ្ញវត្ថុជូននាយកប្រតិបត្តិ និងម្ចាស់ជំនួយអោយទាន់ពេលវេលា, រៀបចំគម្រោងថវិកាដើម្បីស្នើសុំទៅម្ចាស់ជំនួយ, រៀបចំរបាយការណ៍តាមដានការចំណាយគ្រប់គម្រោងទាំងអស់ និងដាក់ជូននាយកប្រតិបត្តិជារៀងរាល់ខែ, សម្របសម្រួលការងារសាវនកម្មអោយបានរលូន, ត្រួតពិនិត្យមើលការប្រើប្រាស់ថវិកាក្នុងដៃអោយមានប្រសិទ្ធិភាព, ផ្តល់ការគាំទ្រផែ្នកបច្ចេកទេសដល់មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាល, សម្របសម្រួលដំណើរការនៃការជ្រើសរើសបុគ្គលិក និងតម្រង់ទិសបុគ្គលិក, ពិនិត្យមើលការបើកប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗរបស់បុគ្គលិក, ពិនិត្យមើលឯកសារនៃការបង់ពន្ធផ្សេងៗ និង របបសន្តិសុខសង្គម, ពិនិត្យមើលគោលនយោបាយ និងនីតិវិធីរបស់អង្គការ និងធ្វើការកែសម្រួលប្រសិនបើនៅមានភាពខ្វះចន្លោះ និងបំពេញការងារផ្សេងៗទៀតដែលចែងនៅក្នុងឯកសារពិពណ៌រនាការងារ។

យ៉ា សុម៉ារី
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាល
នៅអូឌីស៊ីសុម៉ារីធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានហិរញ្ញវត្ថុនិងរដ្ឋបាល ដើម្បីធានាឱ្យនូវការបញ្ចូលទិន្នន័យត្រឹមត្រូវទៅក្នុងប្រព័ន្ធ QuickBooks ការរៀបចំរបាយការណ៍ម្ចាស់ជំនួយ ការរៀបចំសាច់ប្រាក់ ការទូទាត់ទាន់ពេលវេលាដល់អ្នកផ្គត់ផ្គង់ ប្រាក់ខែ និងបេឡាជាតិរបបសន្តិសុខសង្គម និងការបង់ពន្ធ ការតាមដានថវិកាប្រចាំខែ។ លើសពីនេះសុម៉ារីក៏ទទួលខុសត្រូវចំពោះរាល់ប្រតិបត្តិការធនាគារពាក់ព័ន្ធ ការងាររដ្ឋបាល និងធនធានមនុស្ស។
សុម៉ារីបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)ក្នុងឆ្នាំ ២០១១។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី សុម៉ារីមានបទពិសោធន៍ ១០ ឆ្នាំមកហើយលើការងារផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ។

លៀង គីមហួយ
បុគ្គលិកផ្នែកអនាម័យការិយាល័យ
បងស្រីគីមហួយមានទំនួលខុសត្រូវជាចម្បងក្នុងការថែរក្សាឱ្យបាននូវបរិស្ថានស្អាត អនាម័យ និងមានរបៀបរៀបរយនៅក្នុងការិយាល័យអូឌីស៊ី។ គាត់ក៏ទទួលខុសត្រូវរៀបចំភេសជ្ជៈ និងអាហារសម្រន់សម្រាប់ភ្ញៀវ និងបុគ្គលិកតាមតម្រូវការក្នុងពេលប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ព្រមទាំងមើលថែទាំរាល់សម្ភារៈផ្ទះបាយ។ មុនចូលបម្រើការងារនៅអូឌីស៊ី បងគីមហួយធ្លាប់បម្រើការជាអ្នករៀបចំអាហារនៅក្រុមហ៊ុនអាកាសចរណ៍បាយ័នអ៊ែរឡាញរយៈពេលប្រាំពីរឆ្នាំ។